Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំហំ​នៃ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​របស់​កម្ពុជា នៅក្នុង​ឆ្នាំ​២០១៨ ជាមួយ​បណ្តា​ប្រទេស​នានា សម្រេចបាន​ទំហំ​ទឹកប្រាក់ ២៤.៩៨៥​លាន​ដុល្លារ​

spot_img

ភ្នំពេញ​ ៖ ​តាមរយៈ​កិច្ចប្រឹងប្រែង​របស់​ក្រសួងពាណិជ្ជកម្ម កម្ពុជា​បានទទួល​ជោគជ័យ​លើ​ការបើក​ទីផ្សារ និង​នាំចេញ​ទំនិញ​ទៅកាន់​ប្រទេស​ចំនួន ១៤៧ ក្នុង​ពិភពលោក​។ ជាមួយគ្នានេះ ទំហំ​នៃ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​របស់​កម្ពុជា នៅក្នុង​ឆ្នាំ​២០១៨ ជាមួយ​បណ្តា​ប្រទេស​នានា សម្រេចបាន​ទំហំ​ទឹកប្រាក់ ២៤.៩៨៥​លាន​ដុល្លារ​អាមេរិក គឺ​បាន​កើនឡើង​ប្រមាណ ៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ដែលមាន​ទឹកប្រាក់​ត្រឹម ២៣.៧៩៦​លាន​ដុល្លារ​អាមេរិក​។​

​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានបង្ហាញ​សុទិដ្ឋិនិយម​ខ្ពស់ ចំពោះ​សមិទ្ធផល​ការងារ​ឆ្នាំ​២០១៨ របស់​ក្រសួងពាណិជ្ជកម្ម ដែល​បានរួម​ចំណែក​ពង្រីក​វិស័យ​នាំចេញ​របស់​កម្ពុជា ឱ្យសម្រេចបាន​ទំហំ​ជាង ៦០% នៃ​ផលិតផល​ក្នុងស្រុក​សរុប (​ផ​.​ស​.​ស​)​។​

​ថ្លែង​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០១៨ និង​ទិសដៅ​អនុវត្តន៍​ការងារ​ឆ្នាំ​២០១៩ ដែល​រៀបចំឡើង​នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម កាលពី​រសៀល​ថ្ងៃ​អង្គារ ទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ លោក​ឧបនាយករដ្ឋមន្ត្រី បានបង្ហាញ​មោទនភាព​ខ្ពស់ ចំពោះ​វឌ្ឍនភាព​នៃ​ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា ដែលមាន​កំណើន​រៀងរាល់ឆ្នាំ ជាក់ស្តែង​នៅក្នុង​ឆ្នាំនេះ ទឹកប្រាក់​នាំចេញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មាន​ចំនួន ១៣​ពាន់​លាន​ដុល្លារ​អាមេរិក គឺ​បាន​កើនឡើង​ប្រមាណ ១៨% ធៀប​នឹង​ឆ្នាំ​២០១៧​។​

“​កំណើន​ពាណិជ្ជកម្ម​គួរឱ្យកត់សម្គាល់​នេះ មិនអាច​កាត់ផ្តាច់​បាន​ពី​ការរួមចំណែក​យ៉ាងសកម្ម​របស់​មន្ត្រី​គ្រប់​ជាន់ថ្នាក់​នៃ​ក្រសួងពាណិជ្ជកម្ម តាមរយៈ​ការខិតខំ​ធ្វើ​សកម្មភាព​ពាណិជ្ជកម្ម​ទាំង​នៅក្នុង​ប្រទេស និង​នៅលើ​ឆាក​អន្តរជាតិ​” លោក​ឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​។​

​នៅក្នុង​ឱកាស​នោះដែរ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ជម្រាបជូន​អង្គពិធី អំពី​ទិសដៅ​ការងារ​សំខាន់ៗ​មាន​លក្ខណៈ​ប្រទាក់ក្រឡា និង​គ្រប់​ជ្រុងជ្រោយ ដែល​ក្រសួង​ត្រូវ​បន្ត​អនុវត្តន៍ នៅក្នុង​ឆ្នាំ​២០១៩ សំដៅ​ប្រែក្លាយ​វិស័យ​ពាណិជ្ជកម្ម ទៅជា​វិស័យ​ឈានមុខ សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ស្របតាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៦ នៃ​រដ្ឋសភា​។​

​លោក​រដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រសួងពាណិជ្ជកម្ម​គ្រប់លំដាប់​ថ្នាក់ ដែល​បាន​ខិតខំ​បំពេញការងារ​យ៉ាងសកម្ម រហូត​ធ្វើឱ្យ​ក្រសួង​សម្រេចបាន​នូវ​សមិទ្ធិផល​គាប់ប្រសើរ​ក្នុង​ឆ្នាំ​២០១៨ និង​បាន​សំណូមពរ​ដល់​មន្ត្រីក្រោមឱវាទ បន្ត​យកចិត្តទុកដាក់​ថែមទៀត លើ​ការពង្រឹង​ប្រសិទ្ធភាព​ការងារ និង​ការចូលរួម​អនុវត្ត​កំណែទម្រង់​នានា ដូចជា​រចនាសម្ព័ន្ធ​គ្រប់គ្រង ការអភិវឌ្ឍ​ស្ថាប័ន និង​ធនធានមនុស្ស ព្រមទាំង​ការផ្តល់សេវា​សាធារណៈ​ជូន​វិស័យ​ឯកជន ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម និង​បច្ចេកវិទ្យា​ទំនើប​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×