Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​ជា​ប្រទេស​សម្បូរ​ប្រភពទឹក នៅតែ​ជា​ប្រទេស​ប្រឈម​នឹង​សន្តិសុខ​ទឹក ស្ទើរ​រៀងរាល់ឆ្នាំ​

spot_img

ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​កម្ពុជា បាន​លើកឡើង​ថា វត្តមាន​នៃ​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល ជា​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​ថ្មី​មួយទៀត ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង និង​សកម្មភាព​ជា​សកល ដើម្បី​រួមគ្នា​ធ្វើយ៉ាងណា ឲ្យមាន​សន្តិសុខ​ទឹក​សម្រាប់កា​រ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​តំបន់ ជាពិសេស​កម្ពុជា​នៅតែ​ជា​ប្រទេស​ប្រឈម​នឹង​សន្តិសុខ​ទឹក ស្ទើរ​រៀងរាល់ឆ្នាំ ពោល​គឺ សម្បូរ​ទឹក​នៅ​រដូវវស្សា រហូត​បង្ក​ជា​ជំនន់ និង​ខ្វះខាត​ទឹក​នៅ​រដូវប្រាំង ។​

​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​ផ្សាយ​ថា លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី ៣ ស្តីពី​បញ្ហា​ទឹក​ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ក្រោម​ប្រធានបទ “​សន្តិសុខ​ទឹក​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​”
​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ១១-១២ ខែ​ធ្នូ ឆ្នាំ ២០១៧ នា​ទីក្រុង​យ៉ាង​ហ្គូ​ន សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ។​

​ថ្លែង​ក្នុង​នាម​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក រដ្ឋមន្ត្រី បាន​លើកឡើង​ថា វត្តមាន​នៃ​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល និង​គណៈប្រតិភូ​ទាំងអស់​នៅក្នុង​កិច្ចប្រជុំ​នាពេលនេះ ជា​សក្ខីភាព ជា​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​ថ្មី​មួយទៀត ហើយក៏​ជា​ការបើក​នូវ​ជំពូក​ថ្មី​មួយ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង និង​សកម្មភាព​ជា​សកល ដើម្បី​រួមគ្នា​ធ្វើយ៉ាងណា ឲ្យមាន​សន្តិសុខ​ទឹក​សម្រាប់កា​រ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​តំបន់ ។

​លោក​បាន​បន្តថា ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព គឺ​ត្រូវតែ​ជា​ការអភិវឌ្ឍ​ដែល​ផ្តល់​ប្រយោជន៍​ដល់​ផ្នែក​សេដ្ឋកិច្ច​ផង សង្គម​ផង និង​ធានាបាន​នូវ​និរន្តរភាព​បរិស្ថាន​ផង ។ តាំងពី​អតីតកាល ក៏ដូចជា​បច្ចុប្បន្នកាល និង​ទៅ​អនាគត ទឹក គឺជា​កម្លាំងចលករ​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន សម្រាប់​ជម្រុញ​កំណើនសេដ្ឋកិច្ច និង​សង្គម ។ ទឹកជា​របៀបវារៈ​អាទិ​ភាព​ចម្បង ជា​សកល ដែល​តែងតែ​ទទួលបាន​នូវ​ការផ្តោត​ការយកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ជា​បន្តបន្ទាប់ ។ ក្នុងន័យនេះ ទោះបីជា​ក្នុង​លក្ខណៈ​ដោយឡែក ឬ​ជា​រួម​ក្តី ការធានា​ឲ្យមាន​សន្តិសុ​ខ​ទឹក ដើម្បី​គាំទ្រ ដល់​និរន្តរភាព​នៃ​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន គឺជា​កាតព្វកិច្ច​របស់​យើងទាំងអស់គ្នា ។

​លោក រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រទេស​ដែល​សម្បូរ​ដោយ​ធនធានទឹក ទាំង​ទឹក​លើ​ដី និង​ទឹក​ក្រោម​ដី ។ ទឹក​លើ​ដី ដែល​បានមកពី​ទន្លេមេគង្គ ព្រម​ទាំង​បឹង​ទន្លេសាប ដែល​ជា​បឹង​ទឹកសាប​ធំជាងគេ​នៅ​អាស៊ី​អ​គ្នេយ៍ រួមជាមួយ​នឹង​ស្ទឹង អូរ ដែល​ជា​ដៃ​នៃ​បឹង​នេះ មិន​ត្រឹមតែ​ជា​ប្រភព​ទឹក​ដ៏​សំខាន់​ប៉ុណ្ណោះ​ទេ តែ​វា​បាន​ក្លាយ​ជា​គោលដៅ​នៃ​ការប្រើប្រាស់​ប្រកបដោយ​សក្តានុពល​ច្រើន​វិស័យ ដូចជា វិស័យ​កសិកម្ម ធនធាន​ជលផល ជីវចម្រុះ នាវាចរណ៍ វា​រី​អគ្គិសនី អេកូ​-​ទេសចរណ៍ ។​ល​។ ប៉ុន្តែ​ទោះជា​បែប​នេះ​ក្តី មិនមែន​មានន័យថា ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រទេស​ដែល​មាន​សន្តិសុខ​ទឹក​រៀង​រហូត​មក​នោះ​ទេ ។ ផ្ទុយទៅវិញ សូម្បី​តែ​ជិត ២០ ឆ្នាំ កន្លងទៅនេះ កម្ពុជា​នៅតែ​ជា​ប្រទេស​ប្រឈម​នឹង​សន្តិសុខ​ទឹក ស្ទើរ​រៀងរាល់ឆ្នាំ ពោល​គឺ សម្បូរ​ទឹក​នៅ​រដូវវស្សា រហូត​បង្ក​ជា​ជំនន់ និង​ខ្វះខាត​ទឹក​នៅ​រដូវប្រាំង ។ ប្រឈម​នឹង​ស្ថានភាព​នេះ រាជរដ្ឋាភិបាល​កម្ពុជា ពិសេស សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផ្ទាល់ នា​ដើម​ទសវត្ស​ឆ្នាំ ១៩៩០ បាន​ដាក់ចេញ​នូវ​គោលនយោបាយ​អាទិភាព​សម្រាប់​ការអភិវឌ្ឍ គឺ ” ទឹក ផ្លូវ ភ្លើង មនុស្ស ” ហើយ​ដើម្បី​ជម្រុញ​ការអនុវត្ត​គោលនយោបាយ​ជា​អាទិភាព​នេះ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ១៩៩៨ បន្ថែម​ពីលើ​នេះ និង​ក្នុង​ចក្ខុវិស័យ​យូរអង្វែង​នៃ​សន្តិសុខ​ទឹក​សម្រាប់​ការរីកលូតលាស់ ព្រមទាំង​ការអភិវឌ្ឍ​នៃ​សេដ្ឋកិច្ច សង្គម ប្រកបដោយ​ចីរភាព ច្បាប់​ស្តីពី​ការគ្រប់គ្រង​ធនធាន​ទឹក នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ត្រូវបាន​រដ្ឋសភា​អនុម័ត និង​ប្រកាស​ដាក់ឲ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ ២០០៧ សំដៅ​ធានាបាន​ដល់​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ សម្រាប់​ជា​ប្រយោជន៍​ដល់​វិស័យ​ផ្សេងៗ ព្រម​ជាមួយ​នឹង​ការគិតគូរ​អំពី​តុល្យភាព​នៃ​ផ្នែក​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន​។

​មកដល់​បច្ចុប្បន្ន បើទោះបីជា​សន្តិសុខ​ទឹក នៅ​ព្រះរាជាណាចក្រ​កម្ពុជា មិនទាន់​ធានាបាន​ទាំងស្រុង ប៉ុន្តែ​ការ​ប្រឈម​នឹង​ហានិភ័យ​ដែល​បណ្តាល​មកពី​ទឹក ត្រូវបាន​កាត់បន្ថយ ។ ទន្ទឹម​នឹង​ការ​ប្រឈម​នៅតែមាន ព្រម​ជាមួយ​នឹង​បរិបទ​នៃ​ការប្រែប្រួល​អាកាសធាតុ រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​បន្ត​ចាត់ទុកថា ទឹក គឺជា​វិស័យ​អាទិភាព​មួយ ក្នុងចំណោម​វិស័យ​អាទិភាព​ទាំង​បួន ដែល​ត្រូវ​បន្ត​យកចិត្តទុកដាក់​អភិវឌ្ឍ​បន្ថែមទៀត ។​

​ក្នុង​បរិបទ​តំបន់ លោក រដ្ឋមន្ត្រី លើកឡើងថា ទន្លេមេគង្គ ត្រូវបាន​ពិភពលោក​ទទួលស្គាល់​ថា ជា​ទន្លេ​ដែលជា​ប្រភពទឹក​សំខាន់ សម្រាប់​ត​ភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន រវាង​ប្រទេស និង​ប្រទេស ទាំង​ក្នុង​អាង និង​ក្រៅ​អាង​ទន្លេមេគង្គ ។ ជា​ប្រភព​ស្បៀង និង​ការគាំទ្រ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន និង​សម្រាប់​ពាណិជ្ជកម្ម នាវាចរណ៌ វា​រី​អគ្គិសនី អេកូ​-​ទេសចរណ៍ ក៏ដូចជា​វប្បធម៌​ផ្សារភ្ជាប់​នឹង​ទឹក ។ ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព នៃ​អាង​ទន្លេមេគង្គ ទាមទារ​ត្រូវ​កាត់បន្ថយ​ហានិភ័យ និង​ត្រូវ​ក្តាប់​កា​លានុ​
​វត្ត​ភាព ដែល​ទន្លេ​នេះ បាន​ផ្តល់​ដល់​ប្រទេស និង​ប្រជាជន​តាម​ដង​ទន្លេមេគង្គ ក្នុង​លក្ខណៈ​មួយ​ដែល​ត្រូវ​អភិរក្ស​មុខងារ និង​សេវាកម្ម​នៃ​ទន្លេ ។ ក្នុងន័យនេះ ព្រះរាជាណាចក្រ​កម្ពុជា បាន​ចូលរួម​យ៉ាង​ពេញទំហឹង​ជាមួយ​អង្គការ​តំបន់​មួយ​នេះ ស្រប​តាម​ស្មារតី​មេគង្គ សំដៅ​ធ្វើ​យ៉ាងណា​ឲ្យ​ទន្លេ​មួយ​នេះ​នៅ​តែ​រក្សា​បាន​តួនាទី​ជា​ប្រយោជន៍ ប្រកបដោយ​ចីរភាព​នៃ​មនុស្សជាតិ ទាំង​ក្នុង​បច្ចុប្បន្ន និង​ទៅ​អនាគត ។

​លោក រដ្ឋមន្ត្រី បន្តទៀតថា ជា​ការពិត​ណាស់​ថា ទឹក និង​សន្តិសុខ​ទឹក គឺ​ត្រូវបាន​ចាត់ទុក​ថា​ជា​មូលដ្ឋាន​គន្លឹះ​សំខាន់ សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​វឌ្ឍនភាព​សង្គម តាំងពី​អតីតកាល ក៏ដូចជា​បច្ចុប្បន្ន និង​តទៅ​អនាគត ។ ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូចជា​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​ប្រទេស​ផ្សេងទៀត​ក្នុង​ពិភពលោក​ដែរ បាន និង​កំពុង​ប្រឈម​នឹង​តម្រូវការ​ប្រើប្រាស់​ទឹក​កាន់តែ​ខ្ពស់ ទន្ទឹម​នឹង​បរិបទ នៃ​ការប្រែប្រួល​អាកាសធាតុ ដែល​កត្តា​ទាំង​នេះ បាន​ជះឥទ្ធិពល និង​ដាក់​សំពាធ​មកលើ​សន្តិសុខ​ទឹក និង​សេដ្ឋកិច្ច​ជាតិ ។ មាន​តែ​ការទាមទារ​ឲ្យមាន​សុឆ​ន្ទៈ ការប្តេជ្ញា​ចិត្ត​ផ្នែក​នយោបាយ​កម្រិត​ខ្ពស់​ជា​និរន្ត កិច្ចសហប្រតិបត្តិការ​តំបន់​កាន់តែ​ជិតស្និត និង​ខ្លាំងក្លា​ថែម​ទៀត ព្រមទាំង​កិច្ចខិតខំ​ប្រឹងប្រែង និង​សកម្មភាព​ជា​សកល​ប្រកបដោយ​ចីរភាព​ទេ ទើប​អាច​ជំនះ និង​ដោះស្រាយ​បញ្ហា​ប្រឈម​ខាងលើនេះ​បាន ។ ក្នុងន័យនេះ ព្រះរាជាណាចក្រ​កម្ពុជា នឹង​នៅតែ​បន្ត​ចូលរួម​ឲ្យ​កាន់តែ​សកម្ម​ថែមទៀត ក្នុង​ក្របខ័ណ្ឌ​សកល និង​តំបន់ ដោយ​សហការ​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ ដើម្បី​រួមចំណែក​ធ្វើ​ឲ្យ​ការគ្រប់គ្រង និង​ការអភិវឌ្ឍ​ធនធានទឹក ប្រកប​ប្រសិទ្ធភាព​ខ្ពស់ និង​មាន​និរន្តរភាព សម្រាប់​ភាព​ចម្រុងចម្រើន​នៃ​សេដ្ឋកិច្ច សង្គម ទាំង​ក្នុង​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ។ យើង​មាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​នាពេលនេះ នឹង​ដាក់​ចេញ​នូវ​ការតម្រង់ទិស និង​ទិសដៅ​ជា​យុទ្ធសាស្ត្រ​ថ្មីៗ​បន្ថែមទៀត ដើម្បី​បង្កើតឲ្យមាន​កម្លាំងជម្រុញ​ថ្មី សំដៅ​ពង្រឹង​ការងារ និង​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា និង​សំដៅ​បន្ត​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ និង​ភាព​ជា​ដៃគូ​ឲ្យ​កាន់តែ​ជិតស្និត​ទ្វេរ​ឡើង ឆ្ពោះ​ទៅ​សម្រេច​ឲ្យបាន​នូវ​សន្តិសុ​ខទឹក សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព និង​ឈាន​ទៅ​អនាគត​រួម​គ្នា ប្រកប​ដោយ​ភាព​ចម្រុងចម្រើន ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×