Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម ស ខេង​៖ ជន​ដល់​ចង់បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ត្រូវធ្វើ​សំណើសុំ​សិទ្ធិ​

spot_img

​ភ្នំពេញ ​៖ សម្តេច​ស ខេង បាន​ថ្លែងថា ជន​ដល់​ចង់បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ត្រូវតែ​ធ្វើសំណើ​សុំ​សិទ្ធិ ហើយ​បើ​ពួកគេ​មិន​ធ្វើ​នោះទេ​នោះ​ក្រសួង​ក៏​មិន​រៀបចំ​ឈ្មោះ​ឱ្យ​នោះដែរ ហើយ​ថា ក្រសួងមហាផ្ទៃ កំពុង​រង់ចាំ​សេចក្តីស្នើច្បាប់​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ មាត្រា​៥​ថ្មី (​ស្ទួន​) ចូល​ជា​ធរមាន​។​

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែងប្រាប់​ដល់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​បិទ​បញ្ចប់​សិក្ខាសាលា ស្ដីពី​ការរៀបចំ​ផែនការ​សកម្មភាព និង​ថវិកា ឆ្នាំ​២០១៩ របស់​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) នៅ​រសៀល​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៨​នេះ ថា ​៖ “​អ្នក​ដែល​ចង់​វិល​មករក​ធ្វើ​នយោបាយ​វិញ លើក​បម្រាម គឺ​ពួកគាត់​ត្រូវដាក់​ពាក្យ ឥឡូវ​ច្បាប់​ហ្នឹង​មិនទាន់​ចូល​ជា​ធរមាន​ទេ ​ដូច្នេះ​ខ្ញុំ​មិនអាច​ថា​យ៉ាងម៉េច​បានទេ ប៉ុន្តែ​ក្នុង​សេចក្តីស្នើច្បាប់​ហ្នឹង​បញ្ជាក់​ហើយ​ថា គាត់​ត្រូវ​ដាក់ពាក្យ ​បើ​គាត់​មិន​សុំ​យើង​ទៅលើ​កលែង​អាហ្នឹង​អត់​ន័យ​”​។​

​សូមបញ្ជាក់ថា សេចក្តីស្នើច្បាប់​ស្តីពី វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ ​ដែល​អាច​បើកផ្លូវ​ឱ្យ​អ្នកនយោបាយ​ដែល​តុលាការ​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការធ្វើ​នយោបាយ​ឡើងវិញ​នោះ​បាន​ត្រូវបាន​ព្រឹទ្ធសភា​កម្ពុជា ឯកភាព​ទាំងស្រុង នៅក្នុង​សម័យប្រជុំ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨​។ សេចក្តីស្នើច្បាប់​នេះ​ត្រូវបាន​ចុះហត្ថលេខា ដោយ​តំណាងរាស្ត្រ​ចំនួន​៨៧​រូប​ដោយ​ធ្វើ​វិសោធនកម្ម ទៅលើ​មាត្រា​៤៥​ថ្មី (​ស្ទួន​) ​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដោយ​បន្ថែម​នូវ​វា​ក្ស​ខណ្ឌ​មួយ​ថ្មី​ក្នុង​មាត្រា​៤៥​ថ្មី (​ស្ទួន​មួយ​) ដូចតទៅ ​៖

“​បុគ្គល​ត្រូវបាន​តុលាការ​សម្រេច​ហាមឃាត់​ការ ធ្វើ​សកម្មភាព​នយោបាយ មិនអាច​បង្កើត​គណបក្ស​នយោបាយ ​ឬ​ចូលរួម​ក្នុង​គណបក្សនយោបាយ​ណាមួយ ឬ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត ឬ​ធ្វើ​សកម្មភាព​ណា មួយ​គាំទ្រ ​ឬ​ប្រឆាំង​គណបក្ស​ណាមួយ​បានឡើយ​។ បុគ្គល​ដែល​បាន​តុលាការ សម្រេច​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ​នេះ​នឹង​អាច​ទទួលបាន​វិញ​នូវ​សិទ្ធិ​នយោបាយ​ពេញលេញ​ដោយ​ពេញ​ច្បាប់ ​បន្ទាប់ពី​ផុត​រយៈពេល​នៃ​ការហាមឃាត់​ដែល​កំណត់ដោយ​សាលដីកា​របស់​តុលាការ​កំពូល​ឬ​ក្នុងករណី​ដែល​បុគ្គល​នោះ​ត្រូវ​បានផ្តល់​នីតិសម្បទា​ឡើងវិញ​ដោយ​ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី តាម​សេចក្តីស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​”៕ ដោយ​ ៖ ​រចនា​

spot_img
×