Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់​ឲ្យ​ដំណើរការ​យន្ដការ​ច្រកចេញចូល​តែមួយ បាន​ផ្ដល់នូវ​អត្ថប្រយោជន៍​ជាច្រើន ពង្រឹង​ការទទួលខុសត្រូវ​រប​ស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​

spot_img

​ភ្នំពេញ ​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធានគណៈកម្មា​ធិការ​​​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​បិទ​សិក្ខាសាលា​ជាតិ ស្តីពី​ការរៀបចំ​ផែនការ​សកម្មភាព និង​ថវិកា ឆ្នាំ​២០១៩ របស់​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) នៅ​រសៀល​ថ្ងៃ ព្រហស្បតិ៍ ទី​២៧ ខែធ្នូ ឆ្នាំ​២០១៨ នា​ទីស្តីការ​ក្រសួងមហាផ្ទៃ​។

​សូមបញ្ជាក់ថា សិក្ខាសាលា​ជាតិ​ស្តីពី ការរៀបចំ​ផែនការ​សកម្មភាព និង​ថវិកា ឆ្នាំ​២០១៩ ធ្វើឡើង​រយៈពេល​ពីរ​ថ្ងៃ ដែល​បានចាប់ផ្តើម​បើក​កាលពី​ថ្ងៃ​២៦ ខែធ្នូ ឆ្នាំ​២០១៨​ម្សិលមិញ​នេះ ក្រោម​អធិបតីភាព លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​ជំរុញ​ឲ្យ​លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ប និង​អគ្គនាយក​រដ្ឋបាល ក្រសួងមហាផ្ទៃ ត្រូវ​បន្ដ​សហការ​ជាមួយ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ព​ន្លឿ​ន​ការរៀបចំ ការផ្ដល់សេវា​រដ្ឋបាល តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា ឬ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម (​អន​ឡាញ​) ដែល​ធានា​ឲ្យ​បាន​ការផ្ដល់សេវា កាន់​តែមាន​ភាពងាយស្រួល ឆាប់រហ័ស និង​មាន​តម្លាភាព​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​គូសបញ្ជាក់ថា ការផ្ដល់សេវា​រដ្ឋបាល តាមរយៈ​យន្ដការ​ការិយាល័យ​ច្រកចេញចូល​តែមួយ ដែល​បាន​អនុវត្ត​នាពេល​កន្លងមក ទោះបី​មាន​ចំណុច​ខ្វះខាត​មួយចំនួន ក៏​ទទួលបាន​លទ្ធផល​វិជ្ជមាន និង​ទទួលបាន​ការគាំទ្រ និង​ការចូលរួម​យ៉ាងសកម្ម ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ពិសេស​បានទទួល​នូវ​ភាព​ពេញចិត្ត និង​ការជឿទុកចិត្ត​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ ដែលជា​អ្នកទទួល និង​ប្រើប្រាស់​សេវា​។​

​សម្ដេច​ក្រឡាហោម បាន​បន្ថែមទៀតថា ក្នុងន័យនេះ ខ្ញុំ​សូម​ស្នើ​ឲ្យ​លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ប អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ ត្រូវ​បន្ដ​កិច្ចសហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាល​រាជធានី​-​ខេត្ត ក្នុងការ​គាំទ្រ​ដល់​ការពង្រឹង និង​ពង្រីក​យន្ដការ​ច្រកចេញចូល​តែមួយ​នេះ ទៅ​រដ្ឋបាល​ស្រុក និង​ឃុំ សង្កាត់​ដែល​មិនទាន់មាន​យន្ដការ​នេះ​ឲ្យ​បាន​ឆាប់រហ័ស​។​

​សម្ដេច​ក្រឡាហោម ស ខេង ការរៀបចំ និង​ដាក់​ឲ្យ​ដំណើរការ​យន្ដការ​ច្រកចេញចូល​តែមួយ​នេះ បាន​ផ្ដល់នូវ​អត្ថប្រយោជន៍​សំខាន់ៗ ជាច្រើន​រួមមាន​៖ ទី​១៖ បាន​ពង្រឹង​ការទទួលខុសត្រូវ​រប​ស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុងការ​គ្រប់គ្រង ចាត់ចែង​ការផ្ដល់សេវា​រដ្ឋបាល​នានា ប្រកបដោយ​ប្រសិទ្ធភាព ឆ្លើយតប​ទាន់ពេលវេលា​ទៅនឹង​តម្រូវការ និង​សំណើ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​។ ទី​២៖ បាន​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ ក្នុងការ​មក​ទទួលយក​សេវា​រដ្ឋបាល​នៅ​កន្លែង​តែមួយ ដែល​ងាយស្រួល​រកឃើញ ព្រមទាំង​មានការ​កំណត់​ថេរវេលា និង​តម្លៃ​នៃ​ការផ្ដល់សេវា​នីមួយៗ​ច្បាស់លាស់​។ ទី​៣៖ បង្កលក្ខណៈ​ងាយស្រួល​ក្នុងការ​តាមដាន ត្រួតពិនិត្យ​របស់​ប្រជាពលរដ្ឋ​លើ​កិច្ចដំណើរការ នៃ​ការផ្ដល់សេវា​រដ្ឋបាលរ​បស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ និង​ទី​៤៖ ពង្រឹង​ការប្រមូល​ចំណូល​ពី​ការផ្ដល់សេវា​រដ្ឋបាល​ទាំងនេះ ប្រកបដោយ​តម្លាភាព និង​ទប់ស្កាត់​នូវ​អំពើពុករលួយ​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា បើទោះបី​សេវា​ទាំងនេះ​ត្រូវបាន​ប្រមូលផ្ដុំ​មក​ផ្ដល់ ក្នុង​អង្គភាព​ច្រកចេញចូល​តែមួយ របស់​រដ្ឋបាល​រាជធានី​-​ខេត្ត​ក៏ដោយ ក៏​មន្ទីរជំនាញ​នីមួយៗ​នៅតែមាន​តួនាទី​ស្នួល ក្នុងការ​ពិនិត្យ និង​ផ្ដល់យោបល់​ផ្នែក​បច្ចេកទេស លើ​ការផ្ដល់សេវា​ទាំងនេះ ព្រមទាំង​ការតាមដាន និង​ត្រួតពិនិត្យ​លើ​ការអនុវត្ត​ការផ្ដល់សេវា​ទាំងនោះ​ផងដែរ ​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×