Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិនិត្យ​លទ្ធភាព​បញ្ចុះ​ថ្លៃ​លក់​ទឹកស្អាត ជូន​ប្រជាពលរដ្ឋ និង​ពិនិត្យ​សេចក្តីព្រាង​យុទ្ធសាស្ត្រ ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍ និង ភាពជា​ដៃគូ​ឆ្នាំ​២០១៩-២០២៣

spot_img

​ភ្នំពេញ ​៖​ លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (​គ​.​ស​.​ហ​) បាន​ដឹកនាំ​កិច្ចប្រជុំ គ​.​ស​.​ហ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង មន្ត្រី​បច្ចេកទេស​របស់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ពិភាក្សា​លើ​របៀបវារៈ​សំខាន់ៗ​ចំនួន​ពីរ នា​ព្រឹក​ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៨ នៅ​ទីស្ដីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹងថា របៀបវារៈ​សំខាន់ៗ​ចំនួន​ពីរ​ដូចខាងក្រោម ​៖

១៖ ពិនិត្យ​រៀបចំ​គោលការណ៍​កំណត់​ថ្លៃ​លក់​ទឹកស្អាត​តាម​បំពង់ របស់​សហគ្រាស​រដ្ឋ និង​ឯកជន​៖ ស្របគ្នា​នឹង​ការបញ្ចុះ​ថ្លៃ​អគ្គិសនី​, ដើម្បី​ជួយ​សម្រួល​ការលំបាក និង​លើកកម្ពស់​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ​ឱ្យ​កាន់តែ​ប្រសើរឡើង រាជរដ្ឋាភិបាល​បាន​ខិតខំ​យកចិត្តទុកដាក់​បន្ថែម ទៅក្នុង​ការពិនិត្យ​លទ្ធភាព​បញ្ចុះ​ថ្លៃ​លក់​ទឹកស្អាត ជូន​ប្រជាពលរដ្ឋ ដូចដែល​បានដាក់​ចេញ​នៅក្នុង​កម្មវិធី និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី​៦ ដោយ​ត្រូវ​ពង្រីក​វិសាលភាព នៃ​ការផ្គត់ផ្គង់​ទឹកស្អាត​នៅ​ទីក្រុង ទីប្រជុំជន ឱ្យបាន​៩០% នៅ​ឆ្នាំ ២០២៣ និង​១០០% នៅត្រឹម​ឆ្នាំ​២០២៥ ដោយ​ឈរលើ​បុ​រេ​លក្ខខណ្ឌ​បួន គឺ​៖ ទឹក​ត្រូវ​មានគុណ សុវត្ថិភាព និរន្តរភាព និង តម្លៃ​សមរម្យ ។​

​នាពេល​បច្ចុប្បន្ន វិស័យ​ផលិត និង​ផ្គត់ផ្គង់​ទឹកស្អាត ត្រូវបាន​ដំណើរការ និង​គ្រប់គ្រង​ដោយ​សហគ្រាស​សាធារណៈ និង​ឯកជន សរុប​ចំនួន​២៦៩ ក្នុងនោះ អង្គភាព​រដ្ឋាករទឹក​សាធារណៈ​មាន​១៣ (​ថ្នាក់​ខេត្ត​-​ក្រុង មាន​១១ និង​ថ្នាក់ស្រុក​មាន​២) និង​ប្រតិបត្តិ​ករ​ឯកជន​មាន ២៥៦ (​ថ្នាក់​ខេត្ត​-​ក្រុង មាន​១៤ និង​ទីប្រជុំជន ២៤២) ។ ការផ្គត់ផ្គង់​ទឹកស្អាត​មាន​លក្ខណៈ​មិន​ដូចនឹង​ការផ្គត់ផ្គង់​អគ្គិសនី ដែល​ការផលិត​មាន​លក្ខណៈ​ប្រមូលផ្តុំ ហើយ​ដែល​ការតភ្ជាប់​អគ្គិសនី​ទៅតាម​តំបន់​ជប​បទ (​ភូមិ​/​ឃុំ​) មាន​ភាព​ងាយ​ស្រួយ​ជាង ។​

​ចំណែកឯ​ការតភ្ជាប់ និង​ការបញ្ជូន​ទឹកស្អាត​ទៅ​តំបន់​ឆ្ងាយៗ នៅ​ជួប​ការលំបាក​ច្រើន ដែល​ទាមទារ​ទុនវិនិយោគ​បន្ថែម​ក្នុង​ទំហំ​ទឹកប្រាក់​ដ៏​ច្រើន​។ បច្ចុប្បន្ន ភាពខុសគ្នា​នៃ​ការកំណត់ថ្លៃ​លក់​ទឹកស្អាត ត្រូវបាន​កំណត់​តាម​មូលដ្ឋាន​ជាក់ស្តែង​នីមួយៗ ដោយ​ត្រូវ​រាប់បញ្ចូល​នូវ​កត្តា​ស្ថានភាព​ភូមិសាស្ត្រ គុណភាព ប្រភពទឹក​ឆៅ ស្ថានភាព​ជីវភាព​ប្រជាជន ស្ថានភាព​ពលកម្ម និង​កម្រិតយល់ដឹង​អំពី​ប្រសិទ្ធភាព សំអាត​ទឹក​របស់​ប្រតិបត្តិ​ករ​នីមួយៗ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​ថ្លៃ​ទឹកស្អាត​នេះ អង្គ​ប្រជុំបាន​ពិភាក្សា​យ៉ាង​យកចិត្តទុកដាក់ និង​បាន​គិតគូរ​ថ្លឹងថ្លែង​គ្រប់​ទិដ្ឋភាព ក្នុង​គោលបំណង​ធ្វើ​យ៉ាង​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​កម្រិត​មធ្យម និង​ទាប ទទួលបាន​ទឹកស្អាត​ប្រើប្រាស់​ក្នុងតម្លៃ​មួយ សមរម្យ​អាច​ទទួលយកបាន តាមរយៈ​ការ​រិះរក​វិធានការ​កាត់បន្ថយ​ចំណាយ​ថ្លៃដើម​នៃ​ការផលិត និង​ផ្គត់ផ្គង់​ទឹកស្អាត​របស់​ប្រតិបត្តិ​ករ​ទឹកស្អាត​ទាំងអស់ ទាំង​សហគ្រាស​សាធារណៈ និង​ឯកជន ក្នុងនោះ អង្គប្រជុំ បាន​ពិនិត្យ​លទ្ធភាព​មួយចំនួន​សំខាន់ៗ រួមមាន វិធានការ​គាំទ្រ​ផ្នែក​សារពើពន្ធ​, លទ្ធភាព​ជួយឧបត្ថម្ភ​ធន​របស់​រដ្ឋ ការបង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង និង​វិធានការ​រួមផ្សំ​ដទៃ​ផ្សេងទៀត ។​

២. សេចក្តីព្រាង​យុទ្ធសាស្ត្រ​ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍ និង ភាពជា​ដៃគូ​ឆ្នាំ ២០១៩-២០២៣៖​អង្គប្រជុំ​បាន​បន្ត​ពិនិត្យ និង​ពិភាក្សា​លើ “​សេចក្តីព្រាង​យុទ្ធសាស្ត្រ ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍ និង ភាពជា​ដៃគូ​ឆ្នាំ ២០១៩-២០២៣” ដែល​រៀបចំឡើង​ដោយ​គណៈកម្មាធិការ​នីតិសម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (​គជ​នា​/​កអក​) ។​

​អង្គ​ប្រជុំបាន​វាយតម្លៃ​ខ្ពស់​អំពី​សារសំខាន់ នៃ​យុទ្ធសាស្ត្រ​នេះ ដែលមាន​គោលដៅ​ចម្បង គឺ​ការបន្ត​កៀរគរ គ្រប់គ្រង និង​លើកកម្ពស់​ស័ក្តិ​សិទ្ធ​ភាព នៃ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​អភិវឌ្ឍន៍ ដើម្បី​រួមចំណែក​គាំទ្រ​ដល់​ការអនុវត្ត​គោលដៅ អាទិភាព​ជាតិ​ដែល​មានចែង​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​-​ដំណាក់កាល​ទី ៤ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​។ ដើម្បី​សម្រេច​គោលដៅ​នេះ យុទ្ធសាស្ត្រ​បានរៀបចំ​គោលការណ៍ យន្តការ និង​ឧបករណ៍​មួយចំនួន ក៏ដូចជា ក្របខណ្ឌ​លទ្ធផល​សម្រាប់​តាមដាន​ការអនុវត្ត ក្នុង​បរិការណ៍​នៃ​ការប្រែប្រួល​យ៉ាង​ឆាប់រហ័ស នៃ​និម្មាបនកម្ម​ក្នុងប្រទេស និង​សកល ។​

“​សេចក្តីព្រាង​យុទ្ធសាស្ត្រ​ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍ និង​ភាពជា​ដៃគូ​ឆ្នាំ ២០១៩-២០២៣” ត្រូវបាន​ពិភាក្សា ជាមួយ​ក្រសួង​-​ស្ថាប័ន ដៃគូ​អភិឌ្ឍន៍ និង​អង្គការក្រៅរដ្ឋាភិបាល យ៉ាង​ទូលំទូលាយ​រួចហើយ មុននឹង​យកមក​ដាក់​ឆ្លង​កិច្ចប្រជុំ គ​.​ស​.​ហ នាពេលនេះ ។​

​បន្ថែម​លើ​នេះ អង្គ​ប្រជុំបាន​ពិភាក្សា​លើ​ចំណុច​មួយចំនួន ក៏ដូចជា​ការឆ្លើយបំភ្លឺ​បន្ថែម​ពី​ក្រសួង​-​ស្ថាប័ន​សាមី ដែល​ធ្វើឱ្យ​សេចក្តីព្រាង​នេះ​កាន់​តែមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ មុននឹង​រាជរដ្ឋាភិបាល​អនុម័ត ដាក់ឱ្យអនុវត្ត​នាពេល​ខាងមុខនេះ​៕ ដោយ ​៖​ កូ​ឡាប​

spot_img
×