Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​បញ្ចប់សង្គ្រាម មាន​ពាណិជ្ជករ និង​អ្នកវិនិយោគគិន​ជាច្រើន​មក​វិនិយោគ នៅក្នុង​ប្រទេស​កម្ពុជា

spot_img

​ភ្នំពេញ ​៖ ​នៅ​ថ្ងៃ​សៅរ៍ ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៨ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍ «​នយោបាយ ឈ្នះ ឈ្នះ​» និង​អបអរសាទរ​ខួប​២០​ឆ្នាំ​នៃ​ការបិទ​បញ្ចប់​ភ្លើងសង្គ្រាម​នៅក្នុង​ប្រទេស​កម្ពុជា​ក្រោម «​នយោបាយ ឈ្នះ ឈ្នះ​» របស់​សម្តេច​តេជោ ហ៊ុន សែន​។​

​ថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត មាន​មោទនភាព​រីករាយ​ចំពោះ​ការ​សម្ភោ​ធ វិមាន ឈ្នះ ឈ្នះ នាពេលនេះ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​ជនរួមជាតិ​ខ្មែរ និង​មិត្ត​ភ័ក្តិ​បរទេស​ទាំងអស់​ដែល​បាន​ចូលរួម​អបអរសាទរ​ក្នុង​ទិវា​ជា​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​អបអរសាទរ និង ឧទ្ទិស​នូវ​សមិទ្ធផល​នៃ​នយោបាយ ឈ្នះ ឈ្នះ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​ប្រឹងប្រែង​តស៊ូ​រស់​នៅលើ​ទឹកដី​ដ៏​កម្សត់​មួយ​នេះ​។​

​ទន្ទឹមនឹងនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​សមាជិក សមាជិកា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ចូលរួម​នៅក្នុង​ដំណើរការ​នៃ​នយោបាយ ឈ្នះ ឈ្នះ ដែល​យើង​សម្រច​បាន​មក​ទល់​ពេល​នេះ ហើយ​សម្តេច​តេជោ ក៏​បាន​ថ្លែង​អំណរ​​គុណ​ចំពោះ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​អរគុណ​ដល់​បងប្អូន​អតីត​កងកម្លាំង​ខ្មែរក្រហម ដែល​បាន​ផ្តល់ឱកាស និង​រួម​គ្នា​ចុះចូល​សមាហរណកម្ម ជាមួយ​រាជរដ្ឋាភិបាល ដែល​ចុងក្រោយ​គឺ​មេដឹកនាំ​ខ្មែរក្រហម ដែល​ជា​ក្បាលម៉ាស៊ីន​សំខាន់ៗ​ទាំងអស់​បាន​សម្រេច មក​ចុះ​ចូល​ដល់​ផ្ទះ​របស់​សម្តេច​តេជោដោយ​ផ្ទាល់​តែ​ម្តង ដែល​ធ្វើអោយ​កម្ពុជា​ទាំងមូល​ទទួលបាន​ជោគជ័យ​ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ បន្តថា ពិត​ណាស់​ប្រទេស​កម្ពុជា បាន​រំដោះ​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត នៅ​ថ្ងៃ​ទី ៧ មករា ឆ្នាំ​១៩៧៩ ក៏​ប៉ុន្តែ​ពេលនោះ កម្ពុជា​មិន​ទាន់​ទទួលបាន​នូវ​សុខ​សន្តិភាព​ពេញលេញ នៅឡើយ​ទេ គឺ​យើង​នៅ​មាន​ពួក​ខ្មែរក្រហម មាន​តំបន់​ត្រួតត្រា​ច្រើន និង​ពោរពេញ​ដោយ​គ្រោះថ្នាក់​ជាច្រើន​កន្លែង​ដូចជា តំបន់​ប៉ៃលិន សំឡូត ម៉ាឡៃ អន្លង់វែង ឱ​រ៉ាល់ តា​កែន​កោះស្លា និង​ភ្នំ​វល៌្ល​ជាដើម​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បញ្ជាក់​ពី​ហេតុផល សំខាន់​ចំនួន​៣ ដែល​បាន​ដាក់ចេញ​ក្នុង​ពេល​ធ្វើ​សមាហរណកម្ម​ខ្មែរក្រហម​ជា​មួយ​រាជរដ្ឋាភិបាល គឺៈ ១)​ធានា​ចំពោះ​អាយុជីវិត និង​រូប​កាយ​។ ២)​ធានា​ចំពោះ​អាជីព និង​មុខរបរ និង ៣) ធានា​ចំពោះ​កម្មសិទ្ធិ រួម​ទាំង​ចលនា​ទ​ព្យ និង​អចលនទ្រព្យ​។ ដោយសារ​ជំនឿ​ទុកចិត្ត និង​ការធានា​ចំពោះ​៣​ចំនុច​ខាងលើ​នេះ​ហើយ ដែល​បាន​ធ្វើឲ្យ​ប្រទេស​កម្ពុជា​បញ្ចប់​សង្គ្រាមដោ​យ​ជោគជ័យ និង​មាន​សុខ​សន្តិភាព​ពេញលេញ​ក្នុង​រយៈពេល ២០​ឆ្នាំ​កន្លងមកនេះ​។​

​នៅក្នុង​ឱកាស​នេះ​ដែរ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​អំពី​ផលប្រយោជន៍​ដែល​ទទួលបាន​ពី​នៃ​នយោបាយ ឈ្នះ ឈ្នះ ដែល​យើង​ទទួល​បាន​ដូច​ជា​៖

១) ​បាន​បញ្ចាប់សង្គ្រាម​ប្រដាប់អាវុ​ធ​ទាំងស្រុង​លែង​មាន​តទៅទៀត​ហើយ​នៅក្នុង​ប្រទេស​កម្ពុជា​។​

២)​ ដំណើរការ​នៃ​ការបញ្ចប់​សង្គ្រាម​នៅក្នុង​ប្រទេស​កម្ពុជា នៅ​តំបន់​គ្រប់គ្រង​ដោយ​អតីត​ខ្មែរ​ក្រហម ចាប់ពី​ដើម​ឆ្នាំ ១៩៩៦ ដល់​ចុង​ឆ្នាំ​១៩៩៨ គឺ​មិន​មាន​ការប្រើប្រាស់​អាវុធ ហើយក៏​មិន​មាន​មនុស្ស​ស្លាប់ ដោយ​គ្រាប់កាំភ្លើង​ដែរ​។​

៣)​ ជា​ប្រវត្តិសាស្ត្រ​នៃ​ការឯកភាព​ទឹកដី បញ្ចប់​នូវ​តំបន់​ត្រួតត្រា​ច្រើន​មកជា​តំបន់​ត្រួតត្រា​តែមួយ មាន​ព្រះមហាក្សត្រ​តែមួយ មាន​រដ្ឋធម្មនុញ្ញ​តែ​មួយ មាន​រាជរដ្ឋាភិបាល​តែមួយ និង​មាន​កងកម្លាំង​តែមួយ ដែល​បាន​ធ្វើឲ្យ​ប្រទេស​កម្ពុជា​ទទួលបាន​នូវ​ការបង្រួបបង្រួម​ជាតិ សន្តិភាព និង​ទទួលបាន​នូវ​ការអភិវឌ្ឍ​គ្រប់​វិស័យ​។

៤) ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​តំបន់​សមរភូមិ​ប្រយុទ្ធ និង​ទីកន្លែង​សមរភូមិ​ក្តៅ លែង​មាន​ការព្រួយបារម្ភ​រឿង​សង្គ្រាម និង​លែង​ព្រួយបារម្ភ​រស់នៅ​ព្រាត់ប្រាស់​គ្នា​រវាង​ប្តី ប្រពន្ធ និង​កូន​ទៀតហើយ​។

៥)​ កម្ពុជា គឺជា​ប្រទេស​ដែល​ទទួលបាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​គ្រប់​វិស័យ ដែល​បាន​ឈាន​ពី​ប្រទេស​ក្រីក្រ ទៅ​ជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប និង​ឆ្ពោះទៅកាន់​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ហើយ​នឹង​ឆ្ពោះទៅកាន់​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។

​ក្រោយពី​បញ្ចប់​សង្គ្រាម គឺ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ ២ សំខាន់ ក្នុង​ការអភិវឌ្ឍ​ប្រទេស​គឺ ១)​ប្រែក្លាយ​តំបន់​សមរភូមិ​ត​ក្តៅ ទៅជា​តំបន់​អភិវឌ្ឍន៍ និង​តំបន់​ទីផ្សារ និង ២) ប្រែក្លាយ​តំបន់​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​ឲ្យទៅជា​តំបន់​ដែល​មាន​សន្តិភា​ព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​។​

៦) ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​របស់ សម្តេច​តេជោ ហ៊ុន សែន គឺ​ប្រទេស​កម្ពុជា​ត្រូវបាន​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ តាមរយៈ​កិច្ចប្រជុំ​អន្តរជាតិ​សំខាន់ៗ ជាច្រើន​ដូចជា EMEC, CLMV និង CLV ជាដើម​។ ទន្ទឹមនឹងនេះ កម្ពុជា​ក៏​ធ្លាប់បាន​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​ត្រៀម​ខ្លួន​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ ក្នុង​កិច្ចប្រជុំ​កំពូល​អន្តរជាតិ​ជាច្រើន​ទៀត​។ ទន្ទឹមនឹងនេះ កម្ពុជា​ក៏​បាន​បញ្ជូន​កងទ័ព​ទៅ​ចូលរួម​រក្សា​សន្តិភាព​ជាមួយ​អង្គការ​សហ​ប្រជាតិ​ផងដែរ​។​

៧) ​ក្រោយ​ពេល​បញ្ចប់​សង្គ្រាម​ភ្លាម គឺ​មាន​ពាណិជ្ជករ និង​អ្នក​វិនិ​យោគគិ​ន​ជាច្រើន​មក​វិនិយោគ នៅក្នុង​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់ ជាពិសេស​ចំនួន​ភ្ញៀវទេសចរ គឺ​កើនឡើង​ជា​រៀងរាល់ឆ្នាំ​។​

​នៅក្នុង​ឱកាស​នេះ​ផងដែរ សម្តេច​តេជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រា​នី ហ៊ុន​សែន បាន​អញ្ជើញ​ផ្តល់​កិត្តិយស​បំពាក់​គ្រឿង​ឥស្សិ​រយ​យស ដល់​ឥស្សរជន​ដែល​មាន​ស្នាដៃ​មួយចំនួន​ដែល​បាន​ចូលរួម​កសាង វិមាន ឈ្នះ ឈ្នះ នេះ​។ ទន្ទឹមនឹងនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ​ផងដែរ​ដល់​ប្រតិបត្តិ​ករ​នយោបាយ ឈ្នះ ឈ្នះ ទាំងអស់ ជាពិសេស សម្តេច​តេ​ពិជ័យ​សេនា ទៀ បាញ់ និង​មន្ត្រី​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​មួយចំនួន​ទៀត​។ បន្ទាប់មក សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​អញ្ជើញ​កាត់​ខ្សែបូ​សម្ពោ ធ វិមាន ឈ្នះ ឈ្នះ និង​អញ្ជើញ​ទស្សនា​ចម្លាក់​នៅតាម​ជញ្ជាំង ទស្សនា​សារមន្ទី​ពិព័រណ៍​រូបថត នៅ​ខាងលើ​វិមាន និង​ពិព័រណ៍​ជាច្រើន​ទៀត នៅ​ខាងក្រោម​វិមាន នៅក្នុង​បរិយាកាស​សប្បាយរីករាយ​ក្រៃលែង​៕ ដោយ​ ៖ ​កូឡាប​

       

spot_img
×