Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាជន​កម្ពុជា​រស់នៅ​ក្រោម​បន្ទាត់ នៃ​ភាពក្រីក្រ បាន​ធ្លាក់​ចុះ​មកក្រោម​១៤% នៅក្នុង​ឆ្នាំ​២០១៤

spot_img

​ភ្នំពេញ​៖ លោក Samiuela Tukuafu ប្រធាន​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB)​ប្រចាំ​កម្ពុជា បាន​លើកឡើង​ថា ចំនួន​ប្រជាជន​ដែល​រស់នៅ​ក្រោម​បន្ទាត់ នៃ​ភាពក្រីក្រ ដែល​មាន​រហូត​ទៅ​ដល់​លើស​ពី​ពាក់កណ្តាល នៅក្នុង​ឆ្នាំ​១៩៩២ បាន​ធ្លាក់​ចុះ​មកក្រោម​១៤% ប៉ុណ្ណោះ​នៅក្នុង​ឆ្នាំ​២០១៤ បានធ្វើឱ្យ កម្ពុជា​ស្ថិត​ក្នុង​ចំណាត់ ថ្នាក់​ជា​ប្រទេស​ជោគជ័យ​បំផុត និង​ឈាន​មុខ​គេ​លើ​ពិភពលោក ក្នុង​ការកាត់បន្ថយ​អត្រា​នៃ​ភាពក្រីក្រ​។​

​កម្ពុជា និង​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៧ នេះ បានរួម​គ្នា​រៀបចំ​នូវ​សិក្ខាសាលា​ស្តីពី «​ការវាយតម្លៃ​យុទ្ធសាស្ត្រ ភាព​ជា​ដៃគូ​សម្រាប់​អភិវឌ្ឍន៍​កម្ពុជា ឆ្នាំ​២០១៤-២០១៨ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា​» នៅ​ស្ថាន​តំណាង​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំ​កម្ពុជា​ភ្នំពេញ​។​

​គោលបំណង​នៃ​ការរៀបចំ​សិក្ខាសាលា​នេះ គឺ​ដើម្បី​រួមគ្នា​ធ្វើ​ការពិនិត្យ និង​វាយតម្លៃ​លើ​ការអនុវត្ត​នូវ​យុទ្ធសាស្ត្រ​ភាព​ជា​ដៃគូ សម្រាប់​អភិវឌ្ឍន៍​កម្ពុជា​ឆ្នាំ​២០១៤-២០១៨ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ និង​ដើម្បី​ធ្វើការ​ពិភាក្សា និង​គិតគូរ​នូវ​អាទិភាព​គោល នយោបាយ និង​យុទ្ធសាស្ត្រ​នានា ដែល​មាន​លក្ខណៈ​សមស្រប ទៅនឹង​ស្ថានភាព​ជាក់ស្តែង និង​តម្រូវការ​អភិវឌ្ឍន៍រ​បស់​កម្ពុជា ជាពិសេស​ការឆ្លើយតប​ទៅនឹង​ការផ្លាស់ប្ដូរ ជា​រចនាសម្ព័ន្ធ​របស់​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា នៅក្នុង​បរិការណ៍​ថ្មី ទាំង​កម្រិត​ជាតិ និង​អន្តរជាតិ ដូចជា បញ្ហា​ភូមិសាស្ត្រ​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​បរិស្ថាន​ជាដើម ដើម្បី​ជា​ធាតុ​ចូល​ក្នុង​ការ រៀបចំ​នូវ​យុទ្ធសាស្ត្រ​ភាព​ជា​ដៃគូ​សម្រាប់​អភិវឌ្ឍន៍​កម្ពុជា​ឆ្នាំ​២០១៩-២០២៣ នៅក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិកា​រវាង​កម្ពុជា និង ADB​។​

​លោក Samiuela Tukuafu បាន​ថ្លែងថា ADB នឹង​បញ្ចប់​នូវ​ការវាយតម្លៃ​លើ​យុទ្ធសាស្ត្រ​ភាព​ជា​ដៃគូ​សម្រាប់​អភិវឌ្ឍន៍​កម្ពុជា​ឆ្នាំ ២០១៤-២០១៨ នៅក្នុង​ខែ​សីហា​ឆ្នាំ​២០១៨ ខាងមុខនេះ និង​បន្ទាប់មក យើង​នឹង​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ភាព​ជា​ដៃគូ​សម្រាប់​អភិវឌ្ឍន៍ កម្ពុជា​ថ្មី សម្រាប់​ពី​ឆ្នាំ​២០១៩-២០២៣ ត្រឹម​ពាក់កណ្តាល​ឆ្នាំ​២០១៩​។ លោក​បាន​បន្ត​លើកឡើង​ថា ការសម្រេចបាន​នូវ​កំណើន សេដ្ឋកិច្ច​ខ្ពស់​ជាង ៧% នៅក្នុង​រយៈពេល ២០ ឆ្នាំ​ចុងក្រោយ​នេះ បាន​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ស្ថិតនៅ​ក្នុង​ចំណោម​ប្រទេស​ឯកទត្ត​ក​រ កំណើន​សេដ្ឋកិច្ច​ទាំង​៦ នៅក្នុង​ពិភពលោក​។​

​លោក វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​អនុប្រធាន​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ បាន​ថ្លែងថា សិក្ខាសាលា​ថ្ងៃនេះ គឺ​ពិតជា​វេទិកា​នៃ​ការពិភាក្សា​ដ៏​មាន​សារសំខាន់ នៅ​ក្នុង​យន្តការ​នៃ​ភាព​ជា​ដៃគូ​រវាង​កម្ពុជា និង ADB ដែល​ជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​ពិតប្រាកដ និង​គួរឱ្យ​ទុកចិត្ត​។ លោក​បាន​បន្តថា ជារួម នៅក្នុង​រយៈពេល​៥​ឆ្នាំ​កន្លងមកនេះ រាជរដ្ឋាភិបាល​បាន​ឆ្លើយតប​ជា​សារវ័ន្ត​ទៅនឹង​ឆន្ទៈ និង​បំណងប្រាថ្នា​របស់​ប្រជាជន​កម្ពុជា ពិសេស រាជរដ្ឋាភិបាល​សម្រេច​បាន​ជា​អតិបរមា នូវ​អាទិភាព​គោលនយោបាយ​ទាំងឡាយ ដែល​បាន​ដាក់ចេញ​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ ដើម្បី កំណើន ការងារ សមធម៌ និង ប្រសិទ្ធភាព​នៅ​កម្ពុជា ក៏​ដូចជា​បាន​បង្កើត​បាន​នូវ​មូលដ្ឋាន សម្រាប់​ទ្រទ្រង់ នូវ​ដំណើរការ​វិវឌ្ឍន៍​ឈាន​ឡើង​របស់​កម្ពុជា​តទៅ​មុខ​ទៀត​។​

​ក្នុង​រយៈពេល​៥​ឆ្នាំ​មកនេះ រាជរដ្ឋាភិបាល​ធានា និង​រក្សាបាន​នូវ​សន្តិភាព សន្តិសុខ អធិបតេយ្យភាព ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច ជាពិសេស ការលើកកម្ពស់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​។ ក្នុង​ទិដ្ឋភាព​ខាង សេដ្ឋកិច្ច ការសម្រេចបាន​នូវ​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់ ៧% ក្នុង​បរិការណ៍ អត្រា​អតិផរណា​ទាប​និង​អត្រា​ប្តូរ​ប្រាក់​មាន​ស្ថិរភាព ក្នុង​រយៈ ពេល ៥​ឆ្នាំ កន្លងមកនេះ គឺជា​កំណើន​មួយ​ដ៏​ខ្ពស់​។ កំណើន​នេះ បាន​ជួយ​បង្កើត​ឱកាស​ការងារ​កាន់តែច្រើន និង​ឱកាស​រក​ប្រាក់ ចំណូល​កាន់តែ​សមរម្យ​ជូន​ប្រជាជន ដោយ​ក្នុង​នោះ កំណើន​នៃ​ប្រាក់ចំណូល​របស់​ប្រជាជន​បាន​កើនឡើង លឿន​ជាង​កំណើន​នៃ​សេដ្ឋកិច្ច (​កំណើន​នៃ ផ​សស តាម​ថ្លៃ​បច្ចុប្បន្ន​) ទៅ ទៀត​។​

​ជាក់ស្តែង ក្នុង​រយៈពេល​៥​ឆ្នាំនេះ ប្រាក់បៀវត្ស​អប្បបរមា​របស់​មន្ត្រីរាជកា​រ​បាន​កើនឡើង​បី​ដង ហើយ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ក​រ និយោជិត ក៏​បាន​កើន​ឡើង​ជាង​ពីរ​ដង​ផងដែរ​។ ក្រៅ​ពី​បាន​បង្កើត​ឱកាស​ការងារ និង​ប្រាក់ ចំណូល​ជូន​ប្រជាជន រាជរដ្ឋាភិបាល​ក៏​បាន​បន្ធូរបន្ថយ​ពន្ធ និង​អនុគ្រោះ​ពន្ធ​មួយ​ចំនួន​ទៀត ពិសេស សម្រាប់​អ្នកមាន​ចំណូល​ទាប និង​អ្នក​ប្រកប​អាជីវកម្ម​តូចតាច ដើម្បី​កាត់ បន្ថយ​បន្ទុក​ចំណាយ និង​លើកកម្ពស់​ជី​វជ​ភាព​របស់​ប្រជាជន​។ លើសពីនេះ​ទៀត រាជ រដ្ឋាភិបាល ក៏​លុបចោល​មិន​យក​កម្រៃ​ពី​សេវា​សាធារណៈ​ចាំបាច់​មួយ​ចំនួន​ថែមទៀត​។​

​ក្រៅពីនេះ រាជរដ្ឋាភិបាល​ក៏​បាន​បង្កើន​ចំណាយ​យ៉ាងច្រើន ទៅលើ​វិស័យ​អាទិភាព​នានា រួម​ទាំង​ការ លើកកម្ពស់​គុណភាព និង​ការពង្រីក​វិសាលភាព​នៃ​សេវា​សាធារណៈ​ជូន​ប្រជាជន​ផងដែរ​។ ជាក់ស្តែង ចំណាយ​សរុប​ថវិកាជាតិ​បាន​កើនឡើង​មិន​ដល់​ពីរដង​ផង តែ​ចំណាយ​ថវិកា​របស់​ក្រសួង​អប់រំ​វិញ ត្រូវបាន​បង្កើន​ឡើង​រហូត​ទៅ​ដល់​ជាង ៣ ឯណោះ ហើយ​ក្រសួង សុខាភិបាល រហូត​ទៅ​ដល់​ពីរដង​កន្លះ និង​ក្រសួង​កសិកម្ម​រហូតដល់​បី​ដង​។​

​ក្រៅពី​ការបង្កើន​ទំហំ​នៃ​ចំណាយ យើង​ក៏​បាន​ខិតខំ​បង្កើន​គុណភាព​ចំណាយ​ថែម​ទៀត តាមរយៈ​ការបន្ត​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​វិភា​ជ​ថវិកា និង​ការលើកកម្ពស់​ប្រសិទ្ធភាព ប្រតិបត្តិការ និង​បច្ចេកទេស​។ ដូច្នេះ​ជារួម​​ក្នុង​រយៈ ពេល ៥​ឆ្នាំ​មកនេះ រាជរដ្ឋាភិបាល បាន​បែង ចែក​ផ្លែផ្កា​នៃ​កំណើន​សេដ្ឋកិច្ច​ដែល​បាន សម្រេច ប្រកបដោយ​សមធម៌ និង​បានទៅ​ដល់​ដៃ​ប្រជាជន​យ៉ាង​ពិតប្រាកដ ជា ពិសេស អ្នក​មាន​ចំណូល​ទាប និង​ក្រុម​ជន ងាយ​រងគ្រោះ​។​

​ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល​ក៏​បាន​ចាប់ផ្តើម​អនុវត្ត ជា​បណ្តើរៗ នូវ​កម្មវិធី​គាំពារ​សង្គម​មួយចំនួន​ជា​បន្តបន្ទាប់ ក្នុង​ក្របខ័ណ្ឌ​គោល នយោបាយ​ជាតិ គាំពារ​សង្គម ២០១៦ -២០២៥ ផងដែរ​។​លោក វង្សី វិស្សុត បាន​លើកឡើង​ផង​ដែរ​ថា ទន្ទឹមគ្នា​នឹង​ការសម្រេចបាន​នូវ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​គួរឱ្យ​កត់ សម្គាល់​ខាងលើ កម្ពុជា​ក៏​ត្រូវ​ប្រឈម​នឹង​បញ្ហា មួយចំនួន​ផង​ដែរ ទាំង​ជា​បញ្ហា​ដែល​នៅ​សេសសល់ និង​ទាំង​បញ្ហា​ដែល​ទើប​លេច ចេញ​ថ្មី​។​

​ម្យ៉ាងវិញទៀត និន្នាការ​នៃ​ការផ្លាស់ប្តូរ​ថ្មី​នៅក្នុង​បរិការណ៍​ពិភពលោក ទាំង​ក្នុង​ទិដ្ឋភាព​ភូមិសាស្ត្រ​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ក៏​កាន់តែ​ស្មុគស្មាញ​ជាង​មុន​។ ដូចនេះ ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​នៃ​ភាព​ជា​ដៃគូ​រវាង​កម្ពុជា និង ADB ចាំបាច់​ត្រូវ​ឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​ទាំងនេះ ក៏ដូចជា​ដើម្បី​សម្រេចបាន​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​វិបុលភាព​ជូន​ប្រជាជន​។ ថ្វី​ត្បិត​តែ​ក្របខ័ណ្ឌ​នៃ​យុទ្ធសាស្ត្រ​ភាព​ជា​ដៃគូ​នេះ ត្រូវ​ដើរ​តាម​យុទ្ធសាស្ត្រ​ឆ្នាំ ២០៣០ (ADB Strategy 2030) របស់ ADB ក្តី តែ​យុទ្ធសាស្ត្រ​ភាព​ជា​ដៃគូ​នេះ ក៏​ត្រូវតែ​ឆ្លើយតប​ទៅនឹង​តម្រូវការ​អភិវឌ្ឍន៍ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ របស់​កម្ពុជា​ផង​ដែរ ជា ពិសេស ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត ដែល​រាជ រដ្ឋាភិបាល​នឹង​ដាក់​ចេញ​នៅក្នុង​ពេល​ខាងមុខ​។ ក្របខ័ណ្ឌ​នេះ ក៏​ត្រូវ​គិតគូរ​ផងដែរ​អំពី​ការអនុវត្ត​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​។​

​កម្ពុជា ផ្តោត​ការយកចិត្តទុកដាក់​ឱ្យ​កាន់តែ​ខ្លាំងក្លា​លើ​វិស័យ​អប់រំ ដោយ​ប្រកាន់យក​នូវ​គោលការណ៍​ម្ខាង​ខិតខំ​ពង្រឹង​វិស័យ​អប់រំ​ទាំងមូល​ឱ្យ​ឡើង​កម្រិត​គុណភាព និង​ម្ខាង ទៀត សម្រួច​លើ​សិស្ស​ពូកែ ដើម្បី​ឆ្លើយតប​ទៅ នឹង​បរិការណ៍​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​វិស័យ​បច្ចេកវិទ្យា​ឌីជីថល ជាពិសេស ដើម្បី​ធ្វើឱ្យ​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស អាច​ឡើង​ដល់​កម្រិត​ប្រហាក់ប្រហែល នឹង​បណ្តា​ប្រទេស​នៅក្នុង​តំបន់​។ ទន្ទឹមនឹងនេះ ក្រៅ​ពី​ការបន្ត​លើកកម្ពស់​ការអភិវឌ្ឍ​ន៍​វិស័យ​កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានធម្មជាតិ គឺ​យើង​ក៏​ត្រូវ​បង្កើន​ការវិនិយោគ​ប្រកប​ដោយ​ភាព​ឆ្លាត​វៃ​ផងដែរ (Smart Investment) លើ​ការតភ្ជាប់​លើ​វិស័យ​អាទិភាព​ចំនួន ៣ គឺ​វិស័យ​ដឹកជញ្ជូន ថាមពល និង​ឌីជីថល​។ ទន្ទឹមនឹងនេះ យើង​ក៏​ត្រូវ​បន្ត​កសាង​នូវ​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ​មួយ ដែល​ប្រកបដោយ​អភិបាល កិច្ច​រឹងមាំ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ (Strong and Effective Government) តាមរយៈ​ការបន្ត​កែទម្រង់​ដោយ​សង្គត​ភាព និង​ប្រទាក់ ក្រឡា​គ្នា​រវាង​ការដ្ឋាន​កែទម្រង់​ចំនួន ០៣ គឺ​ការ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ការកែទម្រង់រដ្ឋបាល​សាធារណៈ និង​ការធ្វើ​វិសហមជ្ឈការ និង​វិមជ្ឈការ​នៅ​ថ្នាក់ក្រោម​ជាតិ​៕ ដោយ​៖​កូឡាប​

 

spot_img
×