Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំ​២០១៨ រកឃើញ​អដិ្ឋធាតុ​ទាហាន​ស្ម័គ្រចិត្ត​វៀតណាម ចំនួន​៥៩០ នៅសល់​ជាង​៤​ពាន់​នាក់​ទៀត រក​មិន​ទាន់​ឃើញ​

spot_img

​ភ្នំពេញ​ ៖ ក្នុង​ឆ្នាំ​២០១៨ កងទ័ព​កម្ពុជា សហការ​ជាមួយ​ក្រុម​រក​អដ្ឋិធាតុ​វៀតណាម បាន​រកឃើញ​អដិ្ឋធាតុ​ទាហាន​ស្ម័គ្រចិត្ត​វៀតណាម​​ចំនួន​៥៩០​ធាតុ​បន្ថែមទៀត ខណៈ​រយៈពេល​១៧​ឆ្នាំ កន្លងមកនេះ គណៈកម្មការ ស្តីពី​កិច្ចការ​ពិសេស​នៃ​រដ្ឋាភិបាល នៃ​ប្រទេស​ទាំង​ពីរ​​បាន​រុករក និង​ប្រមូលផ្តុំ​អដ្ឋិធាតុ នៃ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​បាន​ជាង ១៧.៨៥០​អដិ្ឋធាតុ ហើយក៏​បាន​ធ្វើ​មាតុភូមិនិវត្តន៍​​ទៅ​កាន់​ទី​បញ្ចុះ នៅ​ប្រទេស​វៀតណាម​។

នេះ​បើ​តាម​លោកនាយ​ឧត្តមសេនីយ៍ ឈុំ សុជា​ត អនុរដ្ឋលេខាធិការ​ ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​​នាយ​ឧត្តមសេនីយ៍ ឈុំ សុជា​ត អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ បាន​បញ្ជាក់​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ផ្លូវការ​ថា ​៖

​កិច្ចសហប្រតិបត្តិការ​រុករក​អដ្ឋិធាតុ​ទាហាន​ស្ម័គ្រចិត្ត​វៀតណាម ក្នុង​ឆ្នាំ​២០១៨ កន្លងទៅនេះ កងយោធពល​ខេមរភូមិន្ទ​ ​បាន​សហការ​ជាមួយ​ក្រុម​រក​អដ្ឋិធាតុ​វៀតណាម ដោយ​បាន​រុករក​ឃើញ​អដិ្ឋធាតុ​ទាហាន​ស្ម័គ្រចិត្ត​វៀតណាម ចំនួន​៥៩០​ធាតុ​ ​ក្នុងនោះ​រកឃើញ​ដោយ យោធភូមិ​ភាគ​ពិសេស​ចំនួន​៥២​ធាតុ យោធភូមិភាគ​ទី​១ ចំនួន​៣៦​ធាតុ យោធភូមិភាគ​ទី​២ ចំនួន​២០៧​ធាតុ​ ​យោធភូមិភាគ​ទី​៣ ចំនួន​១៣៥​ធាតុ យោធភូមិភាគ​ទី​៤ ចំនួន​៩២​ធាតុ និង​យោធភូមិ​ភាគ​ទី​៥ ចំនួន​៦៨​ធាតុ​។​

​សូមបញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០១៩​នេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​អនុវត្ត​បន្ត ឆ្នាំ​២០១៩ របស់​ក្រសួង​ការពារជាតិ​។​

សូមបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម កាលពី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០០០ បាន​ចុះហត្ថលេខា​​លើ​កិច្ច​ព្រមព្រៀង ស្តី​ពី​ការរុករក​ការប្រមូលផ្តុំ និង​ការធ្វើ​មាតុភូមិនិវត្តន៍​អដ្ឋិធាតុ របស់​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ដែល​ពលី​​ក្នុង​សម័យ​សង្គ្រាម នៅ​ប្រទេស​កម្ពុជា​។ ក្រោយ​ចុះ​កិច្ចព្រមព្រៀង​នេះ កាលពី​ខែ​ឧសភា ឆ្នាំ​២០០១ គណៈកម្មការ​​ស្តីពី​កិច្ចការ​ពិសេស​នៃ​រដ្ឋាភិបាល នៃ​ប្រទេស​ទាំង​ពីរ បាន​ដាក់ចេញ​នូវ​ផែនការ​សកម្មភាព​មួយ រវាង​គណៈកម្មកា​រទាំ​ង​ពីរ​នេះ​​ក្នុង​គោលបំណង ដឹកនាំ​ការរុករក​ការប្រមូលផ្តុំ និង​ការធ្វើ​មាតុភូមិនិវត្តន៍​អដ្ឋិធាតុ របស់​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ ​ដែល​បាន​ពលី​ក្នុង​សម័យ​សង្គ្រាម​នៅ​កម្ពុជា​។ រយៈពេល​១៧​ឆ្នាំ (២០០០ -២០១៧) នៃ​ប្រតិ​បត្ដិកា​រនេះ គណៈកម្មការ​​ស្តីពី​កិច្ចការ​ពិសេស នៃ​រដ្ឋាភិបាល​ទាំង​ពីរ បាន​ចុះហត្ថលេខា​លើ អនុស្សរណៈ​យោគយល់​គ្នា​ចំនួន​១៥​។​

​ដោយ​មាន​ការសហការ​ការដឹកនាំ យ៉ាង​ម៉ឹងម៉ាត់ ពី​សំណាក់​គណៈកម្មការ​ស្តីពី​កិច្ចការ​ពិសេស ស្ថាប័ន​គ្រប់​ជាន់ថ្នាក់​ ​និង​ការគាំទ្រ​ពី​ប្រជាជន​កម្ពុជា​នោះ គឺ​មកដល់​បច្ចុប្បន្ន​នេះ ការរុករក និង​ប្រមូលផ្តុំ​អដ្ឋិធាតុ នៃ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​បាន​ជាង​ ១៧.៨៥០​អដិ្ឋធាតុ ហើយក៏​បាន​ធ្វើ​មាតុភូមិនិវត្តន៍ ទៅ​កាន់​ទី​បញ្ចុះ នៅ​ប្រទេស​វៀតណាម​។ តាម​របាយការណ៍​របស់​គណៈកម្មាធិការ​​ពិសេស ស្វែងរក​អដ្ឋិធាតុ នៅសល់​អដ្ឋិធាតុ របស់​ជនជាតិ​វៀតណាម​ជិត ៤​ពាន់​នាក់​ទៀត នៅ​កម្ពុជា ដែល​មិន​ទាន់​ត្រូវបាន​រកឃើញ​​នៅឡើយ​ទេ​។ កម្ពុជា និង​វៀតណាម បាន​កំណត់​គោលដៅ​បញ្ចប់​ការស្វែងរក​អដ្ឋិធាតុ ជនជាតិ​វៀតណាម​នៅ​កម្ពុជា​ទាំងអស់ ហើយ​​ធ្វើ​មាតុភូមិនិវត្តន៍​វិញ ឲ្យបាន​ត្រឹម​ឆ្នាំ​២០២០៕​ ដោយ​ ៖​ កូឡាប​

   

spot_img
×