Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភេសជ្ជៈ​ខូចគុណភាព​មួយចំនួន ត្រូវបាន​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង រកឃើញ និង​ធ្វើ​ការដកហូត នៅ​ផ្សារ​វាល​យន្ត ខេត្តស្វាយរៀង​

spot_img

​ស្វាយរៀង ​៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង ដោយមាន​ការសហការ​ពី មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​គណៈកម្មការ​ផ្សារ បាន​បន្ត​ចុះ​ត្រួតពិនិត្យ​ផលិតផល​ទំនិញ ចំនួន ៩ តូប នៅ​ផ្សារ​វាល​យន្ត ខេត្តស្វាយរៀង ដោយ​មន្ត្រី​ជំនាញ​បាន​ដកហូតយក​គំរូ ចំនួន ៩ គំរូ មក​ធ្វើតេស្ត​បឋម​មានដូចជា​៖ មឹក បង្គា ណែម បង្អែម សរសៃ​គុយទាវ ដើម្បី​រកសារ​ធាតុគីមី​ហាមឃាត់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២ ខែមករា ឆ្នាំ​២០១៩​ ។​

​ជាមួយគ្នា​នោះ មន្ត្រី​ជំនាញ បានធ្វើការ​ត្រួតពិនិត្យ​រក​ភាព មិន​អនុលោម​នៅលើ​សម្បក​វេច​ខ្ចប់ ផលិតផល​ម្ហូបអាហារ​ផងដែរ ។​

​ជា​លទ្ធផល នៃ​ការត្រួតពិនិត្យ មន្ត្រី​ជំនាញ បាន​រកឃើញ​ទំនិញ​ខូចគុណភាព មួយចំនួន​ដូចជា​៖ ទឹកក្រូច​ម៉ាក​ហ្វា​ន់តា ចំនួន ៣ ដប​​ទឹកក្រូច​ម៉ាក​ស្ទី​ង ចំនួន ១៧ កំប៉ុង​។ បន្ទាប់មក​មន្ត្រី​ជំនាញ បានធ្វើ​កំណត់ហេតុ​ដក​ហូត​​ផលិតផល​ទាំងនោះ ដើម្បី​យកមក​កម្ទេចចោល​ភ្លាមៗ​ផងដែរ​​ ។​

​ឆ្លៀត​ក្នុងឱកាស​នោះ មន្ត្រី​សាខា​កាំកុងត្រូល​បានធ្វើ​ការណែនាំ​ដល់​អាជីវករ ឱ្យ​យល់ដឹង និង​អនុវត្ត​ទៅតាម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​សេវា ជៀសវាង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​អាច​ប្រឈម​ចំពោះមុខ​ច្បាប់​ថែមទៀត ​។​

​នៅ​ថ្ងៃ​ដដែល​នោះ មន្ត្រី​សាខា​កាំកុងត្រូល​កំពង់ផែ​អន្តរជាតិ​ភ្នំពេញ សាខា​កាំកុងត្រូល​ផែស្ងួត​ចុង​ទី​ភ្នំពេញ សាខា​កាំកុងត្រូល​រាជធានី​ភ្នំពេញ និង​សាខា​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ដោយ​ទទួលបាន​ការចូលរួម​សហការ​ពី​មន្ត្រី​មន្ទីរពិសោធន៍ និង​គណៈកម្មការ​ផ្សារ បាន​ចុះ​ធ្វើ​សកម្មភាព​នៅតាម​បណ្តា​ផ្សារ​សំខាន់ៗ ចំនួន ៨ នៅ​រាជធានី​ភ្នំពេញ​មានដូចជា​៖ ផ្សារ​អូរ​ឡាំ​ពិ​ក ផ្សារ​អូរ​ឬ​ស្សី ផ្សារ​ដើម​គរ ផ្សារ​ស្ទឹងមានជ័យ ផ្សារ​ធំថ្មី ផ្សារ​ទួល​ទំពូង ផ្សារ​ច្បារអំពៅ ផ្សារ​ជម្ពូ​វ័ន​។ គោលដៅ​សំខាន់ នៃ​ការត្រួតពិនិត្យ គឺ​ដើម្បី​ស្រាវជ្រាវ ទប់ស្កាត់​ការ​ចរាចរណ៍​ទំនិញ​ខូចគុណភាព ក្លែងបន្លំ​ស្លាក​សញ្ញា ផុតកំណត់​កាលបរិច្ឆេទ​ប្រើប្រាស់ និង​មាន​សារធាតុ​គីមី​ហាមឃាត់ ។​

​ក្នុង​សកម្មភាព​នេះ មន្ត្រី​ជំនាញ​បានធ្វើ​តេស្ត​បឋម​ទៅលើ​ផលិតផល​ម្ហូបអាហារ​មួយចំនួន ដូចជា​៖ គ្រឿង​សមុទ្រ គុយទាវ​សរសៃ​តូច លត បាញ់​កាញ់ មី​គ្រប់មុខ ទឹកខ្មេះ​គ្រប់​ប្រភេទ ប្រហិត​គ្រប់មុខ ជ្រក់​គ្រប់មុខ សាច់ក្រក ត្រីងៀត​គ្រប់មុខ ប្រហិត​សាច់គោ ម៉ាំ​សាច់​ត្រី យី​ហ៊ឺ ប្រហុក​សាច់​(​ត្រី​រ៉ស់​) ផ្អក​ពងត្រី និង​នំ​អ៊ី ដើម្បី​រកសារ​ធាតុគីមី​ហាមឃាត់ ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដ​ល់​សុខភាព​ប្រជាពលរដ្ឋ ។ ជាមួយគ្នា​នោះ មន្ត្រី​ជំនាញ បានធ្វើការ​ត្រួតពិនិត្យ​រក​ភាពមិន​អនុលោម នៅលើ​សម្បក​វេច​ខ្ចប់ ផលិតផល​ម្ហូបអាហារ​ផងដែរ ។​

​ជា​លទ្ធផល​មន្ត្រី​ជំនាញ ពុំបាន​រកឃើញ​ភាពមិនប្រក្រតី​ណាមួយ​នៅលើ​គំរូ​ម្ហូបអាហារ និង​ផលិតផល ដែល​បាន​ត្រួតពិនិត្យ​នោះទេ​។ មន្ត្រី​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ក៏បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ អោយ​យល់ដឹង និង​អនុវត្ត​ទៅតាម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​សេវា ជៀសវាង​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​អាច​ប្រឈម​ចំពោះមុខ​ច្បាប់​ថែមទៀត ។​

​ចំណែក មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តកោះកុង ប្រចាំ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ចាំ​យាម បាន​បន្តធ្វើ​ការត្រួតពិនិត្យ​ទំនិញ និង​ធ្វើតេស្ត​បឋម ដើម្បី​ស្រាវជ្រាវ ទប់ស្កាត់​ការ​ចរាចរណ៍​ទំនិញ ដែល​ខូចគុណភាព និង​មាន​សារធាតុ​គីមី​ហាមឃាត់​​​ ។​

​ក្នុង​សកម្មភាព​នោះដែរ មន្ត្រី​ជំនាញ​បានធ្វើ​តេស្ត​បឋម​លើ បន្លែ ផ្លែឈើ ចំនួន ១៦​មុខ រួមមាន​៖ សណ្តែក​គួរ សណ្តែកបណ្តុះ ប៉េងប៉ោះ ព​ពាយ ពុទ្រា ស្ពៃក្តោប ស្ពៃជើងទា ជី​វ៉ាន់ស៊ុយ សាឡា​ត់ ត្រប់ស្រួយ ស្ពៃបូកគោ ត្រកួន ត្រសក់ ខាត់ណា ម្ទេស និង​ពោត​បារាំង ​។​

​ជា​លទ្ធផល​នៃ​ការត្រួតពិនិត្យ មន្ត្រី​ជំនាញ​ពុំបាន​រកឃើញ​មាន សារធាតុ​គីមី​ហាមឃាត់ និង​សំណល់​ថ្នាំ​កសិកម្ម​លើ​បន្លែ និង​ផ្លែឈើ​ទាំង​នោះទេ ​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×