Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរពេទ្យបង្អែក​ស្រុក​អន្លង់វែង ត្រូវ​ចោទប្រកាន់​ថា ធ្វើឲ្យ​ស្ត្រី​ម្នាក់​ស្លាប់ ក្រោយ​ឆ្លងទន្លេ​ឈាម​ហូរ​មិន​ឈប់

spot_img

​ឧត្ដរមានជ័យ ៖ ស្ត្រី​ម្នាក់​បាន​ឈឺពោះ​គ្រប់​ខែ ត្រូវបាន​សាច់ញាតិ​ក្រុមគ្រួសារ ដឹក​មក​សំរាក​កូន​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​អន្លង​វែង​ហើយ​ក៏​សម្រាលកូន​រួច បាន​ធ្លាក់​ឈាម​រហូត​មិន​ឈប់​បាន​ស្លាប់ បន្សល់​ទុក​តែ​ទារក​ម្នាក់ ឲ្យ​រស់នៅ​ដោយ​បាត់បង់​ម្តាយ​។ ​ដែល​ករណី​ស្វាមី​ស្ត្រី​រងគ្រោះ​បាន​បញ្ជាក់ថា នេះ​ជា​ការធ្វេសប្រហែស​របស់​ក្រុមគ្រូពេទ្យ នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​អន្លង​វែង ​ដោយ​មិន​បាន​យកចិត្តទុកដាក់​ក្នុង​ការជួយ​សង្គ្រោះ​អ្នកជំងឺ​នោះទេ គឺ​ទុក​រហូត​ដល់​អ្នកជំងឺ​ហូរ​ឈាម​ខ្សោះ​ខ្លួន​រហូតដល់​ស្លាប់​។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ នៅ​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៩ បុរស​ជា​ប្ដី​របស់​ស្ដ្រី​ដែល​បាន សម្រាលកូន​ស្លាប់ ​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​អន្លង់វែង កាលពី​យប់​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៩ ​បាន​ទៅ​ដាក់ពាក្យ​ប្តឹង​ក្រុមគ្រូពេទ្យ​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​អន្លង់វែង នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​អន្លង់វែង ដើម្បីឲ្យ​ជួយ​រក​យុត្តិធម៌ ​និង​សងជំងឺចិត្ត​មួយ​ម៉ឺន​ប្រាំ​ពាន់​ដុល្លារ ។​

​ប្ដី​ស្ដ្រី​រងគ្រោះ​ឈ្មោះ ហេង ខេង អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ត្រពាំង​ប្រាសាទ​ស្រុក​ត្រពាំង​ប្រសាទ ខេត្ត​ឧត្ដរមានជ័យ ​ចំណែក​ជនរងគ្រោះ​ឈ្មោះ ឃឿម សុធា អាយុ​២៨​ឆ្នាំ ។​

​លោក​ហេង ខេង បានឲ្យដឹងថា ” ប្រពន្ធ​របស់​គាត់​ឈឺពោះ​គ្រប់​ខែ​ដឹក​មក​សំរាក​កូន​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​អន្លង​វែង​នៅ​ភូមិ​អូរ​ចិញ្ជៀន ​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨ ដល់​វេលា​ម៉ោង​១​រំលង​អធ្រាត្រ ​ក៏​សម្រាលកូន​រួច​បាន​ធ្លាក់​ឈាម រហូតដល់​ម៉ោង​៣​និង​៣០​នាទី​យប់​បាន​ស្លាប់ បន្សល់​ទុក​តែ​ទារក​រស់​បាត់បង់​ម្តាយ​” ។​

​លោក បាន​បញ្ជាក់បន្ថែម​ថា “​ក្រោយ​ប្រពន្ធ​របស់​គាត់​សំរាលកូន​រួច និង​មាន​អា​ការៈធ្លាក់​ឈាម​ខ្លាំង បែរជា​ក្រុម​គ្រូពេទ្យ ​មិន​បាន​បញ្ជូន​សង្គ្រោះបន្ទាន់ ទៅ​ខេត្ត​សៀមរាប​ទេ ដែល​រូបគាត់​ជា​ប្ដី សុំ​ឲ្យ​បញ្ជូនសង្គ្រោះបន្ទាន់ ទៅ​ពេទ្យ​បង្អែក​ខេត្ត​សៀមរាប ​ដោយ​ក្រុម​គ្រូពេទ្យ​ឆ្លើយថា អត់​មាន​រថយន្ដ​សង្គ្រោះបន្ទាន់​ទេ រួច​ទុក​អ្នកជំងឺ​ឲ្យ​ហូរឈាម ឡើង​ខ្សោះ​ខ្លួន​រយៈពេល​៣​ម៉ោង ​ទើប​ប្រពន្ធ​គាត់​ដាច់ខ្យល់​ស្លាប់​បាត់បង់​ជីវិត​តែម្ដងទៅ ។ នៅក្នុង​ពាក្យបណ្តឹង​ដាក់ ជូន​អធិការដ្ឋាន​នគ​បាល​ស្រុក​អន្លង់វែង សរសេរថា ​សូម​ឲ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌ និង​ឲ្យ​ពេទ្យ​បង្អែក​ស្រុក​អន្លង់វែង​សងជំងឺចិត្ត​១​ម៉ឺន​៥​ពាន់​ដុល្លារ​” ។​

​ចំណែក​គណនី​ហ្វេ​សប៊ុក​ឈ្មោះ Hen Ho បានសរសេរថា “​សូម​ប្អូនស្រី​ទៅឲ្យ​បាន​សុខ​ចុះ ស្លាប់​ដោយសារ​សម្រាលកូន​រួច​មានការ​ហូរ​ឈាម​ខ្លាំង រយៈពេល​ជាង​២​ម៉ោង នៅក្នុង​មន្ទីរពេទ្យបង្អែក​ស្រុក​អន្លុងវែង ខេត្ត​ឧត្តរមានជ័យ ។ តើ​នេះ​ជា​ការ​ធ្វេសប្រហែស ​ឬ​មក​ពី​ខ្វះ​ឧបករណ៍​គ្រប់គ្រាន់​? បន្សល់​ទុក​កូនប្រុស បន្ទាប់​ពី​សម្រាល​បាន​២​ម៉ោង ឲ្យ​កំព្រាម្ដាយ​ជា​រៀងរហូត​ហើយ​”៕​ ​ដោយ​ ៖​ រចនា​

 

 

spot_img
×