Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នគរបាល​ខេត្ត​ព្រះសីហនុ ចាប់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​៣​នាក់​ទៀត ជា​បក្ខពួក​ប្រព្រឹត្តបទល្មើស​មនុស្សឃាត​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ពុធ ទី​២ ខែ​មករា ឆ្នាំ​២០១៩​នេះ បាន​សហការ​ចាប់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​ចំនួន ៣​នាក់​បនថែមទៀត ដែល​ត្រូវ​ជា​បក្ខពួក​ជនសង្ស័យ​បទល្មើស​មនុស្សឃាត ដោយ​ចេតនា ( មិនបាន​សម្រេច ) ប្រព្រឹត្តិ​នៅ​ក្រុងព្រះសីហនុ កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៨​។​

​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ នង​ការ​នគរបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១៩ និង​៥០​នាទី​យប់ នៅត្រង់​ចំណុច​ក្រុមទី​៦ ភូមិ​២ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ មាន​ករណី មនុស្សឃាត​ដោយ​ចេតនា ប៉ុន្តែ​មិន​បាន​សម្រេច មួយ​ករណី​បាន​កើតឡើង បង្ក​ដោយ​ជនសង្ស័យ​ចំនួន​៤​នាក់ ជា​ជនជាតិ​ចិន​។​

​លោក​បន្តថា ជនសង្ស័យ​ខាងលើ បានធ្វើ​សកម្មភាព​សំរុកចូល​ក្នុង​រថយន្ត របស់​ជនរងគ្រោះ ដែល​ជា​ជនជាតិ​ចិន​ដូចគ្នា ក្នុង​អំឡុង​ពេល​ជនរងគ្រោះ​កំពុង​ឡើង​ជិះ​រថយន្ត​តាមផ្លូវ វិល​ត្រឡប់​ទៅផ្ទះ​វិញ ដោយ​ជនសង្ស័យ​ទាំង​៤​នាក់​នោះ បាន​ប្រើ​កូនកាំបិត​ស្នៀត​១​ដើម និង​កាំភ្លើងខ្លី​១​ដើម សម្រាប់​ធ្វើ​សកម្មភាព​ប្រព្រឹត្តិ​បទល្មើស​។​

​លោកស្នងការ​បញ្ជាក់បន្ថែម​ថា ក្នុងខណៈ​ពេល​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ កំពុង​ធ្វើ​សកម្មភាព​វាយ ដំ និង​យក​កាំភ្លើង​ភ្ជង់​គំរាម​ផ្តាច់ផ្តិល​ជីវិត​ជន​រងគ្រោះ​នៅក្នុង​រថយន្ត ប៉ុន្តែ​ភ្លាមៗ​នោះ ក៏​ត្រូវ​កម្មករ​របស់​ជនរងគ្រោះ​បាន​ឃើញ​ហេតុ​ការ​នោះ ក៏​បាន​ស្រេច​ឆោ​រឡោ​ឡើង ហើយ​ជនសង្ស័យ​ក៏​បាន​នាំគ្នា​រត់​គេចខ្លួន​អស់​។​

​បទល្មើស​នេះ លោក ជួន ណា​រិន្ទ អះអាងថា បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ បាន​ទទួលដំណឹង ភ្លាមៗ ដែល​ប្រជាពលរដ្ឋ​ផ្តល់ជូន កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ ក៏​បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​សង្កាត់​២ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ រហូត​ចាប់ខ្លួនបាន​ជនសង្ស័យ​បាន​ម្នាក់​ជា​ជំហាន​ដំបូង​។​

​តាម​របាយការណ៍ របស់​សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បានបង្ហាញ​ថា ជនរងគ្រោះ ក្នុង​សំណុំរឿង​ប៉ង​សម្លាប់​ខាងលើ​មានឈ្មោះ LIN YONGFEI ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ចិន មុខរបរ វិស្វករ មាន​ទីលំនៅ ភូមិ​២ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ បាន​រង​របួស​មាន​ស្នាម​ជាំ​នៅ​កញ្ចឹងក​។​

​ចំណែក​ជនសង្ស័យ ដែល​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ជា​ជំហាន​ដំបូង​មាន​ឈ្មោះ ZHANG HONG ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិ​ចិន លិខិតឆ្លងដែន​លេខៈ EE៧២៨៥៨០៧ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ មិន​ពិតប្រាកដ​។​

​សមត្ថកិច្ច​បន្តថា វត្ថុតាង​ដែល​កម្លាំង​ជំនាញ​ចាប់​បាន​រួម​មាន​៖ កូន​កាំ​ប៉ិត​ស្នៀត​ចំនួន​១​ដើម ជា​ឧបករណ៍​ប្រព្រឹត្តិ​បទល្មើស ក្នុងករណី​បទល្មើស​ព្រហ្មទណ្ឌ​ខាងលើនេះ​។​

​ត្រង់​ចំណុច​នេះ លោក ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បញ្ជាក់ថា ក្រោយ​ពី​កម្លាំង​ជំនាញ​បាន ចាប់​ឃាត់ខ្លួន​ជន សង្ស័យ​ខាងលើ​បាន​ម្នាក់ កាលពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨​។ កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ ក៏​បាន​បន្ត​ចុះ​ស្រាវជ្រាវ និង​ឈាន​ទៅ​ចាប់ខ្លួន​ជនសង្ស័យ បាន​ចំនួន​៣​នាក់ បន្ថែមទៀត នៅ​ថ្ងៃ​ពុធ ទី​២ ខែ​មករា ឆ្នាំ​២០១៩ នៅវេលា​ម៉ោង​៥ ជិត​ភ្លឺ នៅ​ក្រុង ព្រះសីហនុ​។​

​សមត្ថកិច្ច​នគរបាល​បានឲ្យដឹងថា ជនសង្ស័យ​ទាំង​៣​នាក់ ដែល​កម្លាំង​ជំនាញ​ទើប​ចាប់ខ្លួន​បាន​ពេលនេះ មានឈ្មោះ​៖ ឈ្មោះ CHEN BING ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិ​ចិន លិខិតឆ្លងដែន​លេខៈ EE៧២៨៥៨០៣ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ មិន​ពិត ប្រាកដ​( សហចារី )​។ ឈ្មោះ ZHAO QINGSONG ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ចិន លិខិតឆ្លងដែន​លេខៈ ED០៤៣០១២៧ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ មិន​ពិតប្រាកដ (​ជនដៃដល់​កាន់​កាំភ្លើង​ភ្ជង់​គំរាម​ជនរងគ្រោះ​) និង​ឈ្មោះ ZUO GUO XING ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ចិន លិខិតឆ្លងដែន​លេខៈ EE៧២៩៩៩៩០ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ មិន​ពិតប្រាកដ (​សហចារី​)​។​

​ចំណែក​វត្ថុតាង ដែល​សមត្ថកិច្ច​ចាប់​យក​បាន​បន្ថែម​មាន​ដូចជា​៖ កាំភ្លើងខ្លី​១​ដើម ម៉ាក RUGER SR9c លេខ​ឈូស​ចោល មាន​បង់​១ និង​គ្រាប់​៤​គ្រាប់ (​ឧបករណ៍​ប្រព្រឹត្តិ​បទល្មើស​) កូន​កាំ​ប៉ិត​ស្នៀត​១​ដើម និង​ស្រោមដៃ​១​គូ​។​

​ចំពោះ​សំណុំរឿង​ប៉ង​សម្លាប់​មនុស្ស​ខាងលើនេះ បច្ចុប្បន្ន​កម្លាំង​នគរបាល ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីះនុ កំពុង​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​បន្ត​នីតិវិធី​ចាត់ការ​តាម​ផ្លូវច្បាប់​៕ ដោយ​៖ ដែន សីមា​

  

spot_img
×