Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចិន សន្យា​ជួយ​កម្ពុជា លើ​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​

spot_img

​ភ្នំពេញ ​៖ ឯកអគ្គរដ្ឋទូត​ចិន មាន​ជំនឿ​យ៉ាង​មុតមាំ លើ​ការបន្ត​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ លើ​គ្រប់​វិស័យ​រវាង​កម្ពុជា និង​ចិន ពិសេស​លើ​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន តាម​ការស្នើសុំ​របស់​ស​ម​ភាគី​កម្ពុជា លើ​ការណ្តុះបណ្តាល ការងារ​គ្រប់គ្រង និង​បច្ចេកទេស​ព្យាបាល អ្នកញៀន​គ្រឿងញៀន និង​ជួយ​គាំទ្រ ដល់​ដំណើរការ​អនុវត្ត​កម្មវិធី ព្យាបាល​អ្នកញៀន​គ្រឿងញៀន ដោយ​ផ្អែក​លើ​សហគមន៍​។​

​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែ​មករា ឆ្នាំ​២០១៩ លោកនាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បានអនុញ្ញាត​ឲ្យ លោក Wang Wentian ឯកអគ្គរដ្ឋទូត នៃ​សាធរណៈរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សារ​ការងារ នៅ​ទីស្តីការ គណៈរដ្ឋមន្ត្រី​។​

​លោកនាយ​ឧត្តមសេនីយ៍ បាន​ថ្លែងថា ក្នុងជំនួប​ប្រកបដោយ​ចំណងមិត្តភាព ជា​យូរអង្វែង និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ក្នុងនោះ​ក៏​មាន​កិច្ចពិភាក្សា បន្ត​ពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ ក្នុង​ការត្រួតពិនិត្យ​គ្រឿងញៀន សម្រាប់​ឆ្នាំ​២០១៩ ផងដែរ ។ ពាក់​ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ ត្រួតពិនិត្យ​គ្រឿងញៀន​នេះ លោក ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ស្នើ​ភាគី​ចិន បន្ត​អនុវត្តន៍​ឲ្យបាន​ជោគជ័យ ទៅ​តាម​ស្មារតី​ដែល​បាន​ព្រមព្រៀង​គ្នា​កន្លងមក លើ​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​។​
​បន្ត​ការគាំទ្រ​ដល់​ដំណើរការ​សាងសង់ និង​បំពាក់​នូវ​ឧបករណ៍ សម្ភារ​បច្ចេកទេស​ដល់ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​សេវា​ព្យាបាល ដោយ​ស្ម័គ្រចិត្ត និង​ផ្អែក​លើ​សហគមន៍ ដល់​អ្នកញៀន​គ្រឿងញៀន​នៅ​ខេត្ត​ព្រះសីហនុ ព្រមទាំង​ជួយ​ធ្វើការ បណ្តុះបណ្តាល​លើ​ការងារ​គ្រប់គ្រង និង​បច្ចេកទេស​ព្យាបាល អ្នកញៀន​គ្រឿងញៀន និង​ជួយ​គាំទ្រ​ដល់​ដំណើរការ​អនុវត្ត​កម្មវិធី ព្យាបាល​អ្នកញៀន​គ្រឿង​ញៀន ដោយ​ផ្អែក​លើ​សហគមន៍ តាមរយៈ​ការជួយ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​មូលដ្ឋាន​។ លោក​ឧបនាយករដ្ឋមន្ត្រី ក៏​ស្នើ​ឲ្យមាន​កម្មវិធី​ទស្សនកិច្ច សិក្សា​ដក​ពិសោធន៍ លើ​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន ដល់​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។​

​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​លើកឡើង​ថា ទូត​ចិន​ថ្មី ក៏​បាន​ជំរុញ​ឱ្យ​ស្ថាប័ន​ទាំង​ពីរ ដើម្បី​ពង្រឹង និង​ការពង្រីក​ការត្រួតពិនិត្យ គ្រឿងញៀន​ជា​ពិសេស​នៅ​តំបន់​ព្រះសីហនុ ដែល​មាន​ចំនួន​ប្រជាជន​ចិន មក​រស់នៅ និង​វិនិយោគ​ច្រើន​ជាង​គេ​ផង​ដែរ​។ ព្រមទាំង​ទីតាំង​មួយចំនួន​ទៀត​ដូចជា ទីក្រុង​ភ្នំពេញ ខេត្តសៀមរាប ឬក៏​ទីក្រុង​ប៉ោយ​ប៉ែត​។​

​ឧបនាយករដ្ឋមន្ត្រី បាន​បន្ថែមទៀតថា ប្រទេស​ចិន គឺ​ឆ្អឹងខ្នង​មួយ​នៅក្នុង​ប្រទេស​មហា​អនុ​តំបន់​ទន្លេមេគង្គ ដែល​បាន​គាំទ្រ នូវ​យន្ត​ការ​បង្ក្រាប​ប​ទ​ល្មើស​គ្រឿងញៀន​ផងដែរ​។ ជានិច្ចកាល ប្រទេស​ចិន បាន​ជួយ​លើ​ផ្នែក​ជាច្រើន​មក​កម្ពុជា ដូចជា មន្ទីរពិសោធន៍ ផ្នែក​វេជ្ជសាស្ត្រ និង​ជំរុញ​ការព្យាបាល​តាម​សហគមន៍ ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ពង្រាយ​ជាង​៤០០​ឃុំ​-​សង្កាត់ នៅក្នុង​ប្រទេស​កម្ពុជា​។​

​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបញ្ជាក់​ថា សម្រាប់​ឆ្នាំ​២០១៩​នេះ ភាគី​ចិន នឹង​ខិតខំ​ដោះស្រាយ និង​ឆ្លើយតប ដែល​ភាគី​កម្ពុជា ត្រូវការ​ចាំបាច់​សម្រាប់​យុទ្ធនាការ​បង្ក្រាប​គ្រឿងរ​បស់​ខ្លួន ហើយ​សម្រាប់​ឆ្នាំ​២០១៩​នេះ ក៏​បាន​ជំរុញ​គណៈកម្មការ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន គ្រប់​ជាន់ថ្នាក់ ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ខិតខំ​បន្ថែមទៀត ដើម្បី​ពង្រឹង​យន្តការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ខុស​ច្បាប់ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​បន្ថែមទៀត ជាពិសេស​លើ​យុវជន​ធ្វើ​យ៉ាងម៉េច​ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​។​

​ជា​ការឆ្លើយតប លោក Wang Wentian បាន​មានប្រសាសន៍ អបអរសាទរ ចំពោះ​លទ្ធផល​ជា​ផ្លែផ្កា នៃ​សកម្មភាព ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន នៅ​កម្ពុជា ហើយ​យើង​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​នេះ ឲ្យ​កាន់តែ​រឹងមាំ ស៊ីជម្រៅ និង​ទូលំទូលាយ​។ លោក​ឯក​អគ្គ​រដ្ឋ​ទូត ក៏​ឯកភាព​នឹង​រៀបចំ​ឲ្យមាន​ដំណើរ ទស្សនកិច្ច​ជា​ផ្លូវការ ជូន​គណៈប្រតិភូ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។ លោក​ទូត​ចិន មាន​ជំនឿ​យ៉ាង​មុតមាំ លើ​ការបន្ត​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ លើ​គ្រប់​វិស័យ​រវាង​កម្ពុជា និង​ចិន ពិសេស​លើ​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​៕ ​ដោយ ​៖ ​កូឡាប​

spot_img
×