Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្គម​ស៊ីវិល​ប្រារព្ធ​ពិធី​រំលឹក​ខួប​៥​ឆ្នាំ នៃ​ការបាញ់ប្រហារ នៅ​ផ្លូវ​វេ​ង​ស្រេង​

spot_img

ភ្នំពេញ ៖ អង្គការ LICADHO / លីកាដូ បាន​ផ្សាយ​ថា នៅ​រសៀល​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៩ សហជីព កម្មករ និង​សកម្មជន​សិទ្ធិមនុស្ស ប្រមាណ​ជា ១០០​នាក់ បាន​ជួបជុំគ្នា ដើម្បី​ប្រារព្ធ​ពិធី​រំលឹក​ខួប​៥​ឆ្នាំ​ដែល​កងកម្លាំងប្រដាប់អាវុធ​បាន​បើក​ការបាញ់ប្រហារ​ទៅលើ​កម្មករ​ដែល​កំពុង​ធ្វើ​កូដកម្ម​នៅលើ​ផ្លូវ​វេ​ង​ស្រេង​ក្នុង​រាជធានី​ភ្នំពេញ ដែល​បណ្ដាលឱ្យមាន​អ្នកស្លាប់​ចំនួន​៤​នាក់ ម្នាក់​បាត់​ខ្លួន និង​រងរបួស​រាប់សិប​នាក់​ផ្សេងទៀត​។ ប៉ុន្តែ​ករណីនេះ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​លើកឡើងថា សំណុំរឿង​បាតុកម្ម​ផ្លូវ​វ៉េងស្រេង តុលាការ​នៅតែ​បន្ត​ស៊ើបអង្កេត​។​

​ការ​រំលឹក​ខួប​នៅ​ថ្ងៃទី​៣​មករា​នេះ ត្រូវបាន​រៀបចំឡើង​នៅ​សម្ព័ន្ធ​សមាគម​និង​សហជីព “​ផ្ទះ​សាមគ្គី​” ដែល​ចូលរួម​ដោយ​កម្មករ​រោងចក្រ​កាត់ដេរ សហជីព និង​ក្រុមគ្រួសារ​ជនរងគ្រោះ​។ អ្នក​ទាំង​នោះបាន​ចូលរួម​ក្នុង​ពិធីសូត្រមន្ត​តាមបែប​សាសនា និង​ការពិភាក្សា​ពី​ការតវ៉ា​អំពី​ប្រាក់​ឈ្នួល​អប្បបរមា ក៏ដូចជា​ហេតុ​នៃ​អំពើហិង្សា​។​

​ជនរងគ្រោះ​នៃ​អំពើហិង្សា​បានស្នើ​សុំឱ្យ​មានការ​ចាត់​វិធានការ​និង​ទំនួល​ខុសត្រូវ​ចំពោះ​អ្នក​បាត់បង់​ជី​វីត និង​ទម្លាក់ចោល​បទ​ចោទ​ប្រឆាំងនឹង​កម្មករ​និង​មេដឹកនាំ​សហជីព​ពាក់ព័ន្ធ​នឹង​ការតវ៉ា​នេះ​។​

​ការបង្ក្រាប​យ៉ាង​ហិង្សា​នេះ បាន​កើតឡើង​បន្ទាប់ពី​មានការ​តវ៉ា​ជា​បន្ត​បន្ទាប់ពី​សំណាក់​កម្មករ ដើម្បី​ស្នើសុំ​ដំឡើង​ប្រាក់​ឈ្នួល​អប្បរ​មា​ក្នុង​ឆ្នាំ​២០១៣ ខណៈពេលដែល​គណបក្ស​ជំទាស់​ធ្វើពហិកា​មិន​ចូលប្រជុំ​សភា​ពាក់ព័ន្ធ​នឹង​បញ្ហា​ចម្រូងចម្រាស​នៃ​លទ្ធផល​បោះឆ្នោតជាតិ​ឆ្នាំ​២០១៣​។​

​នៅ​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៤ កងកម្លាំងប្រដាប់អាវុធ​ចម្រុះ​បាន​បាញ់ប្រហារ​ទៅលើ​កម្មករ បណ្ដាលឱ្យមាន​មនុស្ស​បាត់បង់​ជីវី​ត​ចំនួន​៤​នាក់ និង​បាត់​ខ្លួន​ម្នាក់​មកទល់​សព្វថ្ងៃ (​ត្រូវបាន​គេ​ឃើញ​លើកចុងក្រោយ ត្រូវ​គ្រាប់កាំភ្លើង​ចំពោះ​)​។ យ៉ាងតិចណាស់ មនុស្ស​៣៨​នាក់​ផ្សេងទៀត ត្រូវបាន​រងរបួស និង​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដែល​ភាគច្រើន​រងរបួស​ដោយ​សារ​គ្រាប់កាំភ្លើង​។​

​កម្មករ​ទាំង​៤​នាក់ មានឈ្មោះ លោក គឹម ផា​លាភ លោក សាម រ៉ាវី លោក យាន រិទ្ធី និង​លោក ផេង កុសល​។ កម្មករ​ម្នាក់ទៀត​ឈ្មោះ លោក ខឹម សុផាត ត្រូវបាន​គេ​ឃើញ​លើកចុងក្រោយ ដែល​កំពុង​ត្រូវបាន​លើក​ចេញ​ដោយ​កងកម្លាំងប្រដាប់អាវុធ​ដោយមាន​ត្រូវ​គ្រាប់កាំភ្លើង​ចំពោះ​។ ខណៈពេលដែល​អាជ្ញាធរ​ធ្លាប់បាន​អះអាងថា បាន​ស៊ើបអង្កេត​ទៅលើ​ការបាត់​ខ្លួន​នេះ និង​បើទោះជា​មានការ​ស្នើសុំ​ដោយ​ទ​ទួ​ច ដើម្បីឱ្យ​មានការ​ស៊ើបអង្កេត​ត្រឹមត្រូវ​មួយ ក៏​សុផាត​នៅតែ​បាត់​ខ្លួន​អស់​រយៈពេល​៥​ឆ្នាំ​មកហើយ​។​

​នៅពេលនោះ មេដឹកនាំ​សហជីព​និង​សកម្មជន​២៣​នាក់​ត្រូវបាន​ចាប់ខ្លួន ចោទប្រកាន់​និង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​៥​ខែ​។ កាលពី​ខែ​មុន មេដឹកនាំ​សហជីព​ចំនួន​៦​នាក់​គឺ​លោក អាត ធន់ លោក ជា មុនី អ្នកស្រី យ៉ាង សោ​ភ័​ណ្ឌ លោក ប៉ាវ ស៊ីណា លោក រ៉ុង ឈុន និង​អ្នកស្រី ម៉ម ញឹម ត្រូវបាន​ផ្ដន្ទាទោស​និង​ព្យួរទោស ពាក់ព័ន្ធ​នឹង​ការតវ៉ា​នេះ​។ នេះ​គឺ​រួមបញ្ចូល​ទាំង​ការផ្ដន្ទាទោស​ដាក់ពន្ធនាគា​រ​២​ឆ្នាំកន្លះ និង​ប្រាក់​សំណង​ជារួម​ចំនួន ៨៦០០ ដុល្លារ ទៅ​ដើមបណ្ដឹង​រដ្ឋប្បវេណី​។​

​កន្លងមក គ្មាន​ទាហាន​ឬ​កងកម្លាំងប្រដាប់អាវុធ​ណា​ម្នាក់ ត្រូវបាន​យកមក​ផ្ដន្ទាទោស ចំពោះ​ការស្លាប់​របស់​កម្មករ​ទាំង​នោះទេ​។​

​លោក​វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​ថ្លែងថា ថ្ងៃទី​៣ ខែមករា គឺជា​ថ្ងៃ​ដែល​យើង​ធ្វើ​ពលិកម្ម​ដើម្បី​សិទ្ធិសេរីភាព និង​លក្ខខណ្ឌ​ការងារ​របស់​កម្មករ និង​ជា​ស្នូរ​ជួង ដើម្បី​បន្លឺ​ប្រាប់​ប្រជាពលរដ្ឋ​ខ្មែរ នុង​អន្តរជាតិ​ថា ប្រជាពលរដ្ឋ​ខ្មែរ​មិនអាច​នៅ​ស្ងៀម​បានទេ ដរាបណា​មាន​អយុត្តិធម៌​ក្នុងសង្គម កម្មករ​ត្រូវការ​លក្ខខណ្ឌ​ការងារ​។​

​លោក​វន់ ពៅ បាន​លើកឡើងថា “​ប្រាប់​ទៅ​មនុស្ស​ជំនាន់​ក្រោយ​ថា ការតស៊ូ​ត្រូវការ​លះបង់ ប៉​ន្តែ​ការលះបង់ សុំ​កុំ​ខ្លាច ដើម្បី​ជោគជ័យ​ត្រូវតែ​ហ៊ាន ត្រូវតែ​តស៊ូ​”​។​

​ចំណែក​លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​បញ្ជាក់ថា ករណី​បាតុកម្ម​ផ្លូវ​វ៉េងស្រេង តុលាការ​មាន​ភស្តុតាង​គ្រប់គ្រាន់ ក្នុងការ​ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ ប៉ះពាល់​ដល់​សម្បត្តិ​រដ្ឋ ឯកជន និង​ប៉ះពាល់​ដល់​ការបាត់បង់​អាយុ​ជិវិត​មនុស្ស ហើយ​តុលាការ​នៅតែ​បន្ត​ស៊ើបអង្កេត​នៅលើ​ករណីនេះ​ទៀត​។ ហើយ​អ្វីដែល​ក្រុម​លោក​វន់ ពៅ ធ្វើ​នេះ គ្រាន់តែ​ជាការ​បង្កើន​មិន​ឲ្យ​ឆាប់​ភ្លេច​នៅ​សកម្មភាព​ក្នុង​កិច្ចការ​ប្រឆាំង​ជាមួយ​រាជរដ្ឋាភិបាល​។​

​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់ថា “​ការធ្វើ​នេះ គ្រាន់តែ​ជា​ចលនា​មួយ ដើម្បី​ទូងស្គរ ដែល​បង្ហាញ​អំពី​អ្វី​ទៅ​ដែល​គេ​យក​ការលើកឡើង​របស់ EU មក​អនុវត្ត និង​គ្រាន់តែ​ជា​អាយ៉ង​របស់​បរទេស​តែប៉ុណ្ណោះ​។ ហើយ​គួរ​ឲ្យ​សោកស្តាយ​ដែល​យើង​កំពុងតែ​រៀបចំ​ឲ្យ​សកម្មភាព​វា​ស្ងប់ស្ងៀម រក្សា​សេចក្តីថ្លៃថ្នូរ ការពារ​អធិបតេយ្យភាព មិន​ធ្វើ​ខ្ញុំ​បរទេស គេ​ទៅ​បង្កើត​សាច់រឿង​បង្ក​ឲ្យ​មាន​អរិភាព​។ ដូច្នេះ​អ្វីដែល​បង្ក​អរិភាព​រាជរដ្ឋាភិបាល​និង​ចាត់វិធានការ​ជា​ធរមាន ដើម្បី​រក្សា​សណ្តាប់ធ្នាប់​ធ្នាប់ រក្សា​ស្ថានភាព​សាធារណៈ​ឲ្យ​ស្ថិតនៅក្នុង​ភាព​សុខក្សេមក្សាន្ត​”​។​

​លោក​ផៃ ស៊ី​ផាន បាន​សង្កត់​ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ចាត់វិធានការ​មិន​អនុញ្ញាត​ឲ្យ​សកម្មភាព​ទាំងនេះ បង្កើតបាន​តទៅទៀត​ទេ​។​

​សូមជម្រាបថា លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រ​ព័​ន្ឋ និង មនុស្ស​២២​នាក់​ផ្សេងទៀត ត្រូវបាន​ចាប់ខ្លួន​អំឡុងពេល​កម្មករ​រោងចក្រ​កាត់ដេរ ធ្វើបាតុកម្ម ទាមទារ​ឡើង​ប្រាក់ខែ នៅ​រោងចក្រ យ៉ាក​ជីន ក្បែរ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​ផ្លូវ​វ៉េងស្រេង ក្នុងពេល​តវ៉ា​ដំឡើង​ប្រាក់ខែ​កម្មករ ១៦០​ដុល្លារ កាលពី​ថ្ងៃទី​២-៣ ខែមករា ២០១៤​។ ហើយ​នៅ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៤ តុលាការ​បានសម្រេច​ដោះលែង​អ្នក​ទាំងនោះ ពាក់ព័ន្ធ​នឹង​បទ​ញុះញង់ បង្ក​ហិង្សា និង​បំផ្លិច បំផ្លាញ​ទ្រព្យសម្បត្តិ​ ៕ ដោយ ​៖ ​រចនា​

spot_img
×