Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋបាល​សាលាខេត្ត​កំពត អះអាង​ពី​ភាពជោគជ័យ នៃ​ការរៀបចំ​កម្មវិធី​ឆ្លង​ឆ្នាំ​សកល ២០១៨-២០១៩

spot_img

​ខេត្ត​កំពត​ ៖ រដ្ឋបាល​សាលាខេត្ត​កំពត បាន​អះអាង​ពី​ភាព​ជោគជ័យ នៃ​ការងា​ត​រៀបចំ​កម្មវិធី​បុណ្យ​ឆ្លង​ឆ្នាំ​ថ្មី ឆ្នាំ​សកល​ដ៏​ធំ​នា​រាត្រី​រំលង​អាធ្រា​ត្រ ២០១៨ ឆ្លង​ចូល​ឆ្នាំ​២០១៩ នៅឯ​បរិវេណ​ទី​រួម​ខេត្តកំពត​។​

​កម្មវិធី​នេះ​ដឹកនាំ​ដោយ ឯកឧត្ដម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត ឯកឧត្ដម ប្រធាន សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​មន្ត្រីជាន់ខ្ពស់​នៃ​មន្ទីរ​នានា ព្រមទាំង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ចូលរួម​លេង​កម្សាន្ត ដោយ​មាន​តន្ត្រីសម័យ​ប្រគំ​កំដរ​អបអរសាទរ​ឆ្លង​ឆ្នាំ​សកល ឆ្នាំ​នេះ​យ៉ា​សប្បាយរីករាយ​ថែមទៀ​ត​ផង​។​

​ឯកឧត្ដម ជាវ តា​យ បាន​មានប្រសាសន៍​នៅក្នុង​កម្មវិធី​អបអរសាទរ​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​សកល​២០១៨ ចូលឆ្នាំ​២០១៩ ថា ការរៀបចំ​ពិធី​អបអរសាទរ​ឆ្នាំ​ថ្មី​នេះ ថា​ក្រៅពី​ផ្តល់​ការកម្សាន្ត​សប្បាយរីករាយ​ជូន​ដល់​អ្នកចូលរួម គឺជា​ឱកាស​បង្ហាញ​ពី​សក្ដានុពល​នៃ​ទីតាំង​ភូមិសាស្ត្រ ធនធានធម្មជាតិ ការវិនិយោគ និង​កិច្ច​អភិវឌ្ឍ​របស់​ខេត្ត​កំពត ក្នុង​បណ្តា​ឆ្នាំកន្លងមក ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ និង​វិនិយោគិន ឱ្យ​ចូល​មក​ទស្សនា​កំសាន្ត និង​បណ្តាក់ទុន​វិនិយោគ​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត សម្រាប់​កំណើន​សេដ្ឋកិច្ច​គ្រួសារ​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ និង​ធានា​កិច្ច​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​ឯកឧត្តម ជាវ តា​យ បញ្ជាក់ថា «​ពិធី​ដ៏​សប្បាយរីករាយ​នេះ ប្រព្រឹត្តទៅ ស្របពេល​ដែល​ប្រជាជាតិ​កម្ពុជា​ទាំងមូល កំពុង​ប្រារព្វ​ពិធី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ និង​រំលឹក​ខួប​លើក​ទី ២០ (១៩៩៨ – ២០១៨) នៃ​ការអនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​បញ្ចប់​សង្គ្រាម​ស៊ីវិល​ដែល​បាន​អូសបន្លាយ​ជាច្រើន​ឆ្នាំ នាំមក​នូវ សុខ​សន្តិភាព​ជូន​ជាតិ និង​ប្រជាជន​កម្ពុជា​។ ក្រោម​ដំបូល​នៃ​សុខសន្តិភាព និង​ស្ថេរភាព​ជាតិ ប្រជាជន​ទទួលបាន​សិទ្ធិសេរីភាព​ពេញលេញ ទទួលបាន​ឱកាស​សិក្សា​រៀនសូត្រ ប្រកប​របរ​អាជីវកម្ម និង​ដើរ​លេង​កំសាន្ត​គ្រប់ ទី​កន្លែង​ដោយ​គ្មាន​ភ័យ​បារម្ភ​។ សូម​ចងចាំ​ថា បើ​ប្រទេសជាតិ​គ្មាន​សន្តិភាព ប្រាកដ​ណាស់​គឺ​គ្មាន​ភ្ញៀវ​ទេសចរណ៍ និង​គ្មាន​កិច្ច​អភិវឌ្ឍ ដូចនេះ ខ្ញុំ​សូម​អំពាវនាវ​ដល់​បង​ប្អូន​ជនរួមជាតិ​ទាំងអស់ រួបរួម​គ្នា​បន្ត​ថែរក្សា សន្តិភាព​ដែល​យើង​ទទួលបាន​ដោយ​លំបាក​បំផុត​នេះ​។​»

​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​ថ្មី​នេះ គឺ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ជា​ច្រើន​ពាន់​នាក់ បាន​ចូលរួម​បោះតង់​សម្រាក និង​ជួបជុំ​ជា​ក្រុម​គ្រួសារ​យ៉ាង​សប្បាយរីករាយ ពិសា​អាហារ ស្ដាប់​ការប្រគំ​តន្ត្រី រង់ចាំ​ពេលវេលា​រាប់​ថយ​ក្រោយ​ឆ្លង​ឆ្នាំ​២០១៨ ចូលឆ្នាំ​២០១៩ ចាប់​ពី​ស្ពាន​ថ្មី រហូត​ដល់​មុខ​សាលាខេត្ត​កំពត​។​

​ក្នុង​ពិធី​ដ៏​ឱឡារិក​ប្រចាំឆ្នាំ របស់​ខេត្ត​កំពត នេះ​ក៏​មាន​ការតាំងពិព័រណ៍​ពាណិជ្ជកម្ម និង​ពិព័រណ៍​ផលិតផល​ក្នុងស្រុក​ដែល​យក​មក​ពី​បណ្ដា​ស្រុក​នានា​នៃ​ខេត្ត​កំពត ហើយក៏​ជា​ផ្នែក​មួយ​ដើម្បី​បង្ហាញ​ពី​សក្ដានុពល​ផល​កសិកម្ម​របស់​ប្រជាពលរដ្ឋ និង​សក្ដានុពល​ធម្មជាតិ​ដ៏​ប្រណិត​នៃ​ខេត្ត​ទេសចរណ៍​តំបន់​ឆ្នេរសមុទ្រ និង​តំបន់​ធម្មជាតិ ប្រវត្តិសាស្ត្រ​នៃ​ខេត្ត​នេះ​។​

​នៅក្នុង​ឱកាស​រៀបចំ​អបអរសាទរ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៨ ចូលឆ្នាំ​២០១៩ នេះ នៅ​ខេត្ត​កំពត មាន​ចំនួន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ សរុប​ចំនួន​ជិត ១០​ម៉ឺន​នាក់​។ ចំនួន​នេះ​មាន​ការកើនឡើង​26.78% ធៀប​ឆ្នាំ​2017 ដែល​មាន​ចំនួ​ជិត ៨​ម៉ឺន​នាក់​។​

​ឯកឧត្ដម ជាវ តា​យ បាន​ថ្លែងថា​៖ «​ខេត្ត​កំពត គឺជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​តំបន់ឆ្នេ​រទាំង​បួន ដែល​ត្រូវបាន​ប្រសិទ្ធិ​នាម​ថា តារា​រះ​នា​ទិស​នីរតី ជា​ប៉ូល​ដ៏​សំខាន់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​។ ក្នុង​បណ្តា​ឆ្នាំ​កន្លងមកនេះ ពិសេស​ក្នុង​ឆ្នាំ​២០១៨ រដ្ឋបាលខេត្ត បាន​យកចិត្តទុកដាក់​ខិតខំ​ពង្រឹង ពង្រីក ថែទាំ និង​កែលម្អ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ទាំង​ក្នុង​តំបន់​ទីក្រុង តំបន់​ប្រជុំជន និង​តំបន់​ជនបទ ដើម្បី​ឆ្លើយតប​ជាមួយ​តម្រូវការ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរណ៍ និង​អ្នកវិនិយោគ​។​ សមិទ្ធ​ផល​​ដែល​រដ្ឋបាល​ខេត្ត​សម្រេចបាន គឺជា​ការចូលរួម​ចំណែក​ដ៏​ល្អ និង​ខ្វះ​មិន​បាន​របស់​បងប្អូន​ប្រជាពលរដ្ឋ អាជ្ញាធរ​មូលដ្ឋាន អង្គភាព​ជំនាញ កម្លាំង​សមត្ថកិច្ច និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ក្នុង​ស្មារតី​នៃ​សាមគ្គីភាព ឆ្ពោះ​ទៅ​សម្រេច​គោលដៅ​រួម​តែមួយ គឺ​វឌ្ឍនភាព​របស់​ខេត្ត​កំពត ទាំងមូល​»​។ ខ្ញុំ​សូម​ឆ្លៀត​យក​ឱកាស​នេះ ថ្លែង​នូវ​ការកោតសរសើរ និង​អរគុណ​ជា​អតិបរមា​ជូន​ចំពោះ​ថ្នាក់ដឹកនាំ​ខេត្ត ស្រុក អង្គភាព​ជំនាញ អាជ្ញាធរ​មូលដ្ឋាន កម្លាំង​សមត្ថកិច្ច បងប្អូន​ប្រជាពលរដ្ឋ ដៃគូ​អភិវឌ្ឍ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ផ្តល់​ការគាំទ្រ កិច្ចសហប្រតិបត្តិការ​ល្អ និង​ការជួយ​ឧបត្ថម្ភ​គាំទ្រ​គ្រប់បែបយ៉ាង​ដល់​រដ្ឋបាល​ខេត្ត រហូត​សម្រេច​បាន លទ្ធផល​ការងារ​គួរ​ជាទី​ពេញចិត្ត​»​។​

​ឯកឧត្តម បន្តថា ខេត្ត​នេះ ក្រៅពី​មាន​ការរៀបចំ​ពិធី​អបអរសាទរ​ឆ្លង​ឆ្នាំ​សកល​នេះ​ទៅ ក្នុង​ឆ្នាំ​២០១៩ នេះ​រដ្ឋបាល​ខេត្ត​កំពត នឹង​មាន​ភារកិច្ច​រៀប​ចំ​ពិធីបុណ្យ​យ៉ាង​ធំ​គគ្រឹកគគ្រេង​មួយទៀត គឺ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី ៨ ជុំ​ទី ២ ព្រមទាំង​ពិធីបុណ្យ​ជាតិ ធំៗ​មួយ​ចំនួនទៀត តាម​ការ​ចាត់តាំង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ហើយ​ថា រដ្ឋបាលខេត្ត បាន​ដាក់ចេញ​នូវ​ផែនការ​សកម្មភាព​សំខាន់ៗ​ជា​អាទិភាព​ដូចជា​បំពាក់​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ តុបតែង​លម្អ​សួនច្បារ ដាំ​ដើមឈើ ជួសជុល និង​ស្ថាបនា​ផ្លូវ​ក្នុង​ក្រុង ការ​លម្អ​សោភ័ណភាព​តាម​មាត់​ព្រែក​កំពត និង​ការរៀបចំ​ឆ្នេរសមុទ្រ​នៅ​តំបន់​បឹង​ទូក សម្រាប់​ត្រៀម​លក្ខណៈ​រៀបចំ​​ពិធី​បុណ្យ​ទាំងនេះ ឱ្យបាន​ល្អ និង​ត្រៀម​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អត្តរ​ជាតិ ដែល​នឹង​សម្រុក​មក​ទស្សនា​កម្សាន្ត​ក្នុង​ខេត្ត​នេះ​៕ ដោយ​៖ ដែន សីមា​

   

spot_img
×