Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់ ករណី​ឆបោក​ប្រាក់ រឿង​ទិញ​លក់​វត្ថុ​បុរាណ​ក្នុងតម្លៃ ២៦.០០០​ដុល្លារ បញ្ជូនទៅ​តុលាការ​

spot_img

​បន្ទាយមានជ័យ​ ៖ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា ថ្ងៃទី​៦ ខែ​មករា ឆ្នាំ​២០១៩ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត បាន​សហការ​បង្ក្រាប​ក​រ​ណី ឆបោក ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​៧ ខែវិចិ្ឆកា ឆ្នាំ​២០១៨ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៣​នាក់ នៅលើ​ទីតាំង​បី​កន្លែង ដោយឡែក​ពីគ្នា ។ បន្ទាប់ពី​ចាប់ខ្លួន និង​សួរ​យក​ចម្លើយ​រួចហើយ កាលពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៩ ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការខេត្ត​។

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​យុត្តិធម៌ បានឲ្យដឹងថា ៖ យោងតាម​ពាក្យបណ្តឹង​របស់​ឈ្មោះ ទឹម សាវួន ភេទ ស្រី អាយុ ៤៦​ឆ្នាំ រស់នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ។ ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ ចុះ​ធ្វើ​ការស្រាវជ្រាវ រហូត​កំណត់​បាន​មុខសញ្ញា​ជនសង្ស័យ កំពុងស្នាក់នៅ​រាជធានី​ភ្នំពេញ ហើយ​បាន​ស្នើសុំ​គោលការណ៍ ពី​លោក​ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ​កង​រាជ​អាវ​ធ​ហត្ថ​ខេត្ត ដើម្បី​ចុះ​ធ្វើ​ប្រតិបត្តិការ​។ ដោយ​អនុវត្តន៍​ទៅតាម​ចំណារ លើ​សំណើ​សុំ​កិច្ចសហការ​ពន្លាត​ដែនដី របស់លោក តេង សា​ម៉ៃ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត និង​ដោយ​បាន​សហការ ជាមួយ​កម្លាំង​ជំនាញ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​បាន​ចាត់តាំង​លោក​វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធាន​មន្ទីរ​យុត្តិធម៌ ចុះ​ទៅ​ដល់​ទីតាំង​ស្នាក់នៅ​របស់​ជន​សង្ស័យ រហូត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ១​នាក់ ឈ្មោះ ឌី ហួរ ភេទ ប្រុស អាយុ ៥៤​ឆ្នាំ នៅ​ចំណុច​ផ្ទះសំណាក់​កៀន​ឃ្លាំង ស្ថិត​ក្នុង​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង ១១ និង ០០​នាទី ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០១៩ ។​

តាម​ការបំភ្លឺ​របស់​ជ​ន​រងគ្រោះ បានបញ្ជាក់​ថា ៖ នៅ​អំឡុង​ដើម​ខែវិចិ្ឆកា ឆ្នាំ​២០១៨ ជនសង្ស័យ​ខាងលើ បាន​ជិះ​រថយន្ត​ម៉ាក HONDA CRV មក​ហូប​បង្អែម នៅ​តូប​របស់​ខ្លួន ដោយ​ធ្លាប់​ស្គាល់​គ្នា​ពី​មុន​ផង ជនសង្ស័យ​ក៏​បាន​បបួល​ខ្លួន ទៅ​ហូប​អាហារ នៅ​តាម​ហាង​ផ្សេងៗ ដោយ​តម្រូវ​ទៅ​តាម​ចិត្ត​របស់​ខ្លួន​ចង់​ទៅ ក្រោយពេល​ត្រូវ​គ្នា និង​ពេល​កំពុង​ហូប​អាហារ ជនសង្ស័យ​ខាងលើ បាន​ហៅ​ទូរស័ព្ទ ទៅ​អ្នក​ផ្សេង​ទៀត (​មិន​ស្គាល់​ឈ្មោះ​) ហើយ​និយាយ​ពី​រឿង​ទិញ​លក់​វត្ថុ​បុរាណ​ក្នុងតម្លៃ ២៦.០០០​ដុល្លារ ក្រោយ​ពី​ជន ២​នាក់​ទៀត បាន​មកដល់ និង​ពិនិត្យ​លើ​ទំនិញ​រួចមក ជនសង្ស័យ​ក៏​បាន​ដក​ប្រាក់​ដុល្លារ ចំនួន ៣​ដុំ (​មិនដឹង​ចំនួន​) ទៅ​ឲ្យ​ជន ២​នាក់​ដែល​ជា​អ្នកលក់ ហើយ​និយាយ​ថា ប្រាក់​ដែល​ខ្វះ​ប៉ុន្មាន​ចាំ​លក់​ទំនិញ​ដាច់​សិន ចាំ​គិតគូរ​គ្នា​ទៀត ពេល​នោះ​អ្នក​លក់​ទាំង ២​នាក់ បាន​តប​ថា មិន​អាច​ខ្វះ​បានទេ បើ​ប្រាក់​មិន​គ្រប់ គេ​មិន​ទាន់​ឲ្យ​ទំនិញ​ទេ ពេល​នោះ​ជនសង្ស័យ បាន​សួរ​មក​ខ្លួន​ថា តើ​មាន​ប្រាក់​មួយ​ចំនួន​ទេ ជួយ​ចេញ​បង្គ្រប់​មក ហើយ​ទំនិញ​នេះ​ឲ្យ​ខ្លួន​ជា​អ្នក​ទុក ។ ហើយ​ជនសង្ស័យ​និយាយទៀតថា ពេល​លក់​បាន​ប្រាក់ គេ​នឹង​សង​ប្រាក់​ដែល​ខ្ចី​នោះ​វិញ បន្ទាប់​មក​ជនសង្ស័យ ក៏​ចេញទៅ​បាត់​ដំណឹង​តែម្តង ដោយ​ទុក​ទំនិញ​ឲ្យ​ជនរងគ្រោះ ជា​អ្នក​រក្សាទុក ។​

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ បាន​ប្រាប់​ឲ្យដឹង​ទៀត​ថា ក្រោយពី​ធ្វើ​ការសាកសួរ ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ឆបោក ជនរងគ្រោះ​ជាច្រើន​នាក់ មកហើយ នៅ​ទូទាំង ២៥​រាជធានី​-​ខេត្ត រួម​ជាមួយ​បក្ខពួក ២​នាក់​ផ្សេង​ទៀត ដោយ​ខ្លួន​ដើរតួ​ជា​អ្នកទិញ​-​លក់​វត្ថុ​បុរាណ ហើយ​ទាក់ទង​មិត្តភក្តិ ដែល​ធ្លាប់​ស្គាល់គ្នា និង​មាន​ទ្រព្យសម្បត្តិ​ច្រើន​សមល្មម ដែល​ខ្លួន​អាច​បោកប្រាស់​បាន​។​

ក្រោយពី​ទទួលបាន​តម្រុយ​មុខសញ្ញា​បន្ថែមទៀត លោក​ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​ចាត់តាំង​លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង មេបញ្ជាការរង ឲ្យ​ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​មុខសញ្ញា​បន្ត រហូត​ឃាត់ខ្លួន​ជនសង្ស័យ (​ជា​អ្នក​លក់​ទំនិញ​) បាន​ចំនួន ២​នាក់​បន្ថែមទៀត ១-​ឈ្មោះ មួន ង៉ូវ ហៅ ម៉ៅ ភេទ ប្រុស អាយុ ៥៦​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​រំដួល ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ (​ឃាត់ខ្លួន​នៅ​ចំណុច​ស្ពាន​ក្រឡ ស្ថិតនៅ​ភូមិ​គោក​ទន្លាប់ ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ​) នៅវេលា​ម៉ោង ១៤ និង ២០​នាទី ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០១៨ ២-​ឈ្មោះ ខុន វុ​ទី្ធ ហៅ យិន ភេទ​ប្រុស អាយុ ៥៤​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​វត្ត ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប (​ឃាត់ខ្លួន​នៅ​ចំណុច​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​) នៅវេលា​ម៉ោង ១០ និង ៣០​នាទី ថ្ងៃទី​៦ ខែ​មករា ឆ្នាំ​២០១៨ និង​រឹបអូស​វត្ថុតាង​រួមមាន ៖ -​រថយន្ត​ម៉ាក HONDA CRV ចំនួន​១​គ្រឿង រថយន្ត​ម៉ាក CAMRY ស៊េរី​ឆ្នាំ​១៩៩៨ ចំនួន​១​គ្រឿង ម៉ូតូ​ម៉ាក HONDA DREAM ស៊េរី​ឆ្នាំ ២០១៣ ចំនួន​១​គ្រឿង រូបសំណាក​ធ្វើ​អំពី​ស្ពាន់ ចំនួន ២​អង្គ (​មួយអង្គ​ប្រវែង ២៨​សង់ទីម៉ែត្រ​) ខ្សែកច្រវ៉ាក់​ឆាប លោហធាតុ​ពណ៌​លឿង (​កាឡៃ​) ២​ខ្សែ​(១- ប្រវែង ៧៦​សង់ទីម៉ែត្រ ២-​ប្រវែង ៧២​សង់ទីម៉ែត្រ​) -​ខ្សែក​ម៉ូត​ព្រលិត​កាច់ លោហធាតុ​ពណ៌​លឿង (​កាឡៃ​) ប្រវែង ៧២​សង់ទីម៉ែត្រ ១​ខ្សែ ប្រវែង ៧២​សង់ទីម៉ែត្រ -​ប្រាក់​ដុល្លារ​ក្លែងក្លាយ​(​ប្រាក់​ដុល្លារ​សែន​) ចំនួន ៣​ដុំ ចំនួន ២.៩០០​ដុល្លារ ។​

​បច្ចុប្បន្ន ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ បទល្មើស​ព្រហ្មទណ្ឌ កង​រា​ជ​អាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ៕ ដោយ​ ៖​ រចនា​

 

spot_img
×