Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាកសព​ជនរងគ្រោះ​ក្នុង​របប​ប៉ុលពត ជាង​១០​ម៉ឺន​អដិ្ឋធាតុ ចុះបញ្ជី​ដើម្បី អភិរក្ស​

spot_img

ភ្នំពេញ​ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​និង​កំពុង​រៀបចំ​អភិរក្ស និង ចុះបញ្ជី​សាកសព​ជនរងគ្រោះ ដែល​បាន​ស្លាប់​ក្នុង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត នៅតាម​ទីកន្លែង​វាលពិឃាត ទូទាំង​ប្រទេស ។​

​បើ​តាម​គេហទំព័រ​ហ្វេ​សប៊ុក លោក វឿន វុ​ទី្ធ ប្រធាន​នាយកដ្ឋាន​បុរាណ​វិទ្យា និង បុរេ​ប្រវតិ្តវិទ្យា បានឲ្យដឹងថា ការចុះបញ្ជី​នេះ គឺ​ដើម្បី​ទុក​ជា​ភស្ដុតាង និង​ឯកសារ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ កុំឱ្យ​បំភ្លេច​នូវ​សោកនាដកម្ម​ដ៏​ឃោរឃៅ និង ព្រៃផ្សៃ ក្នុងអំឡុង​៣​ឆ្នាំ ៨​ខែ និង ២០​ថ្ងៃ​កន្លងមក ។​

​នាយកដ្ឋាន​បុរាណវិទ្យា និង​បុរេប្រវត្តិ​វិទ្យា​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានបញ្ចប់​គម្រោង​អភិរក្ស​អដ្ឋិធាតុ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ នៅ​ក្នុង​មជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍​ជើងឯក​ដោយ​ជោគជ័យ​។ លោក វឿន វុ​ទី្ធ បាន​បន្តថា “តាង​នាម​ឲ្យ​ក្រុមការងារអ​ភិរក្ស​អដ្ឋិធាតុ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ដែល​បាន​ចេញ​ជាគោលការណ៍ បង្កើត​ក្រុមការងារ​អភិរក្ស​មួយ ក្នុង​គោលបំណង​ថែរ​រក្សា​អដ្ឋិធាតុ របស់​ជនរងគ្រោះ ដែល​បាន​ស្លាប់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ឲ្យនៅ​គង់វង្ស ក៏ដូចជា​រក្សា​នូវ​ភស្តុតាង​ប្រវត្តិសាស្ត្រ​មួយ​នេះ សម្រាប់​ជា​មេរៀន​ដល់​មនុស្ស​ជំនាន់​ក្រោយ​អំពី​ប្រវត្តិ​ដ៏​ឈឺចាប់ និង​រន្ធត់​នៅក្នុង​របប​កម្ពុជា​ប្រជាធិតេយ្យ ដើម្បី​កុំ​ឲ្យ​របបដ៏​យង់ឃ្នង​មួយនេះ កើតឡើង​សារ​ជា​ថ្មី​នៅលើ​ទឹកដី​កម្ពុជា​យើង​ទៀត​។ ម្យ៉ាងវិញទៀត​យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សាលា​រាជធានី​ភ្នំពេញ និង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ ព្រមទាំង​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក ដែល​បាន​សហការ និង​ផ្ដល់​ជា​អនុសាសន៍ ទើប​ការអភិរក្ស​អដ្ឋិធាតុ​របស់​ជនរងគ្រោះ​ដែល​បាន​ស្លាប់ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ប្រកបដោយ​ជោគជ័យ​ទៅបាន ពីព្រោះ​គម្រោង​អភិរក្ស​មួយ​នេះ​មាន​លក្ខណៈ​វិទ្យាសាស្ត្រ ដែល​ត្រូវបាន​អនុវត្ត​ដោយ​បុរាណ​វិទូ​ខ្មែរ​ដោយ​យក​រូបមន្ត​បច្ចេកទេស​ពី​បរទេស​ដើម្បី​ថែរក្សា​អដ្ឋិធាតុ​ទាំងនោះ ឲ្យមាន​អាយុកាល​យូរអង្វែង និង​មាន​តម្លៃ​សម្រាប់​ជា​ប្រវត្តិសាស្ត្រ​កម្ពុជា​តទៅ​អនាគត​”​។​

​លោក វឿន វុ​ទី្ធ ប្រធាន​នាយកដ្ឋាន​បុរាណ​វិទ្យា និង​បុរេ​ប្រវតិ្តវិទ្យា នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រាប់ថា រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កំពុង​យកចិត្តទុកដាក់​ថែរក្សា​ទីតាំងប្រ​វតិ្ត​សាស្ត្រ​ជនរងគ្រោះ​បា​ត់​បង់ជីវិត​ក្នុង​របប​អាវខ្មៅ​។​

​ប្រធាន​នាយកដ្ឋាន​បុរាណ​វិទ្យា និង​បុរេ​ប្រវតិ្តវិទ្យា រូបនោះ បន្តថា គិត​ត្រឹម​ដើមឆ្នាំ​២០១៩​នេះ ក្រសួង​បាន​ផ្ទៀងផ្ទាត់ អភិរក្ស និង​ចុះបញ្ជី​សាកសព ជនរងគ្រោះ បាន​ជាង​១០​ម៉ឺន​អដិ្ឋធាតុ និង​ផ្នូរ​សាកសព​រួម នៅ​ទូទាំង​ប្រទេស មាន​ជិត​២០០​ផ្នូរ​សាកសព​រួម​។ ការអភិរក្ស​នេះ គឺ​ដើម្បី​រក្សា​ទុកជា​ភស្តុតាង​ជូន​ជនរងគ្រោះ​ទាំងអស់ និង​ទុក​ជូន​ដល់​ប្រជាជន​មួយចំនួន​តូច ដែល​មាន​មតិផ្ទុយ មិន​ទទួលស្គាល់​ថ្ងៃ​៧ មករា ១៩៧៩ និង​មិន​ដឹងគុណ​ថ្ងៃ​៧ មករា ១៩៧៩ សម្រាប់​ជា​ភស្តុតាង​បង្ហាញ នូវ​ការវិភាគ​លើ​សាកសព លលា​ដ៏​ក្បាល​សាកសព​ជនរងគ្រោះ ដែល​មាន​ស្នាម​វៃ មាន​ស្នាម​កាប់ មាន​ស្នាម​អាករ មាន​ស្នាម​អា​ស្លឹកត្រចៀក ចង​ស្លាបសេក និង​ក្រណាត់​រំ​មុខ​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×