Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​ប៉េអឹម​ខេត្ត​ព្រះសីហនុ ចាប់ខ្លួន​ពលរដ្ឋ​តវ៉ា​លើ​ទំនាស់​ដីធ្លី ៤​នាក់​ទៀត តាម​បង្គាប់​ចិត្ត​ឈ្មួញ​

spot_img

​​ខេត្ត​ព្រះសីហនុ​៖ មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស បានឲ្យដឹងថា កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ចាប់ខ្លួន​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ចំនួន ៤​នាក់ ដាក់​ខ្នោះ​ភ្លាមៗ ដើម្បី​ផ្គាប់ចិត្ត​ឈ្មួញ​មាន​ទ្រព្យ នៅ​គ្រា​ប្រជាពលរដ្ឋ​ទាំងនោះ ហ៊ាន​ចេញ​មុខ​តវ៉ា​លើក​បដា​រារាំង មិន​ឲ្យ​ក្រុមហ៊ុន​ចិន នាំ​យក​គ្រឿងចក្រ ចូល​ទៅ​ឈូស​ឆាយ​លើដី ដែល​ពលរដ្ឋ​សហគមន៍​កំពេ​ញចាស់ អះអាងថា កំពុង​មាន​ទំនាស់​មិន​ទាន់​ដោះស្រាយ​បញ្ចប់​ជម្លោះ​នៅ​ឡើយ​នោះ​។​

​តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង ២៤​គ្រួសារ រស់នៅ​ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា នៅ​រសៀល​ថ្ងៃ​អង្គារ៍ ទី​៨ ខែ​មករា​នេះ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​នេះ បាន​ដាក់ពង្រាយ​ជាច្រើន​នាក់ និង​បាន​ប្រើ​អំពើហឹង្សា និង​ចាប់ខ្លួន​ពលរដ្ឋ ៤​នាក់​វៃ​ខ្នោះដៃ​បញ្ជូន​ទៅ​កាន់​អង្គភាព របស់​ពួកគេ​យ៉ាង​តក់ក្រហល់​ភ្លាមៗ​។​

​ផ្តើម​ពី​បញ្ហា​នេះ ប្រជាពលរដ្ឋ​រងគ្រោះ ឈ្មោះ សៀង វុទ្ធី ស្ថិតក្នុង​ចំណោម​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ទាំង ២៤​គ្រួសារ ក៏​បាន​ដង្ហោយ​រក សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច ប៊ុន រ៉ានី ឲ្យជួយ​រក​យុត្តិធម៌ ព្រោះ​ទំនាស់​នេះ​បាន​អូស​ពេល​តាំងពី​ឆ្នាំ​១៩៩៦ ហើយ​ពេលនេះ ត្រូវបាន​ភាគី​មានទ្រព្យ និង​អំណាច បាន​ឃុបឃិត​លក់​បន្ត​ទៅ​ឲ្យ​ឈ្មួញ​ជនជាតិ​ចិន និង​បាន​នាំ​យក​គ្រឿងចក្រ​បម្រុង​ឈូសឆាយដី​កំពុង​មានទំនាស់ នៅ​រសៀល​ថ្ងៃ​ទី​៨ ខែ​មករា​នេះ​។ ជា​ពិសេស​ភាគី​ទំនាស់​ម្ខាង​ទៀត បាន​ប្រើ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ឲ្យមក​គំរាមកំហែង និង​ចាប់​ពលរដ្ឋ​ដាក់​ខ្នោះដៃ​ចំនួន​៤​នាក់​ផង​។​

​ទន្ទឹម​គ្នា​នេះ​ដែរ តំណាង​ប្រជាពលរដ្ឋ​រស់នៅ​សហគមន៍​កំពេ​ញចាស់​ចំនួន ២៤​គ្រួសារ ក៏​ស្នើ​ដល់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​ពិនិត្យ​ទៅលើ​សកម្មភាព របស់ លោក ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ ដែល​តែង​បញ្ជូន​កម្លាំង​ក​រាជ​អាវុធហត្ថ ទៅ​សម្លុត​គំរាមកំហែង និង​ប្រើ​អំពើហឹង្សា​ចាប់​ដាក់​ខ្នោះ ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី នៅតាម​សហគមន៍​មាន​ទំនាស់​ដីធ្លី​ជា​បន្តបន្ទាប់​មក​នេះ​។​

​តំណាង​ពលរដ្ឋ បាន​បន្តថា រហូតមក​ដល់​ល្ងាច​ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០១៩ ពលរដ្ឋ​រងគ្រោះ​ដីធ្លី ទាំង​៤​នាក់ មិនទាន់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ដោះលែង សេរីភាព​វិញ​ទេ គិត​ត្រឹម​ម៉ោង ៦​ល្ងាច​ថ្ងៃ​ដដែល​នេះ​។​

​យ៉ាងនេះក្តី នៅ​មិនទាន់​អាចទាក់ទង លោក ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ដើម្បី​ស្នើ​ការបំភ្លឺ​ជុំវិញ​ការ​ចាប់ខ្លួន​ពលរដ្ឋ​ចំនួន ៤​នាក់ រស់នៅ​ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៩​នេះ​។​ ​យ៉ាងណា​ក៏ដោយ​ចុះ កន្លង​មក​ភាគី​ទំនាស់​ម្ខាង​ទៀត ដែល​មាន​ងារ​ជា​ឧកញ៉ា ហើយ​ជា​ឈ្មួញ​មាន​ទ្រព្យ និង​មាន​អំណាច​ផង​នោះ បាន​អះអាង​ថា ទីតាំង​ដី​ដែល​ប្រជាពលរដ្ឋ​ទាំង ២៤​គ្រួសារ​តវ៉ា​ទាមទារ​ខាងលើនេះ គឺ ពួកគេ​មាន​ប្លង់​កម្មសិទ្ធិ​តាំងពី​ឆ្នាំ​២០០៨​មកម្ល៉េះ និង​បាន​បង់ពន្ធ​ដី​ជូន​រដ្ឋ​រាល់​ឆ្នាំ​ផង​។​

​ទោះ​យ៉ាងនេះក្តី ពលរដ្ឋ​រងគ្រោះ​បាន​អះអាងថា ពួកគេ​បាន​ទន្ទឹង​រង់ចាំ​យុត្តិធម៌​លើ​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ខាងលើនេះ អស់​រយៈពេល ២២​ឆ្នាំ​កន្លងមកហើយ ប៉ុន្តែ​មិន​ទាន់​ឃើញ​មាន​ស្ថាប័ន​ពាក់ព័ន្ធ​ចាប់ពី​ថ្នាក់​ខេត្ត រហូត​ដល់​ស្ថាប័ន​កំពូលៗ​ថ្នាក់ជាតិ ចេញមុខ​ដោះស្រាយ​បញ្ចប់​ជម្លោះ​នេះ​ទេ​។​

​ទាក់ទិន​បញ្ហា​នេះ លោក ស្រេង វ៉ាន់​លី មន្ត្រី​សម្របសម្រួល​អង្គកា​រលី​កាដូ (Licadho) ប្រចាំ​ខេត្ត​ព្រះសីហនុ ឲ្យដឹងថា កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ចាប់ខ្លួន​ពលរដ្ឋ នៅ​សហគមន៍​កំពេ​ញចាស់ ស្ថិតក្នុង​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​ចំនួន ៤​នាក់ ដែល​ចេញ​មុខ​តវ៉ា​មិន​ឲ្យ​គ្រឿងចក្រ​ក្រុមហ៊ុន ចូល​ឈូសឆាយដី​កំពុង​មានទំនាស់ កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៩​។ លោក​បន្តថា មុន​ពេល​កម្លាំង​កងរាជអាវុធហត្ថ​ចាប់ខ្លួន​ពលរដ្ឋ ក៏​មាន​សកម្មភាព​ប្រតាយប្រតប់​គ្នា បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន​បាន​រងរ​បួង ហើយ​ក៏​ឃើញ​មាន​កម្លាំង​កងរាជអាវុធហត្ថ​បាន​ចាប់យក​ទូរស័ព្ទៃដៃ របស់​ប្រជាពលរដ្ឋ​មួយចំនួន​ទៅ​ជាមួយ​ផង​។​

​តំណាង​ពលរដ្ឋ​នៅ​សហគមន៍​កំពេ​ញចាស់ លោកស្រី ហង្ស ចិន្តា ធ្លាប់​បានឲ្យដឹងថា ទំហំ​ផ្ទៃ​ដី​របស់​ពួកគាត់​ទាំង​២៤​គ្រួសារ សរុប​មាន​ចំនួន​ជាង ៤​ហិកតារ ហើយ​ត្រូវ​ឈ្មួញ​មាន​ទ្រព្យ បាន​ឃុបឃិត​ជាមួយ​អតីតមន្ត្រី​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោ​ខេត្ត​ព្រះសីហនុ និង​អតីត​អភិបាលខេត្ត​ព្រះសីហនុ អាណត្តិ​មុនៗ បាន​លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ រំលោភ​យក ទោះ​បី​ពួក​គាត់ បានដាក់​បណ្ដឹងតវ៉ា ឬ​ដាក់​ពាក្យបណ្តឹង​ជំទាស់​ទៅ​តុលាការ​បែបណា​ក្តី​។​

​ផ្ដើម​ពី​បញ្ហា​នេះ លោកស្រី ហង្ស ចិន្តា ក៏​បាន​អំពាវនាវ​ដល់ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង សម្តេច ប៊ុន រ៉ានី ឲ្យជួយ​ស៊ើបអង្កេត​ភាពមិនប្រក្រតី នៃ​ការឃុបឃិត​ជា​លក្ខណៈ​ប្រព័ន្ធ លួច​ចេញ​ប្លង់​កម្មសិទ្ធិ រំលោភ​យក​ដីធ្លី​ពួកគាត់ ដែល​ធ្លាប់​រស់នៅ​ក្រោយ​ឆ្នាំ​១៩៧៩​មក​។ លោកស្រី បន្តថា ដី​ទំនាស់​នៅ​សហគមន៍​កំពេ​ញចាស់ គឺ​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ មិន​ផ្តល់​ដំណឹង​ពិត​ជូន​សម្តេច ហ៊ុន សែន ពី​រឿង​ពិត​នោះទេ ពោល​គឺ​បាន​ប្រឌិត​រឿង​បញ្ជូន​ឯកសារ​ជូន​ទៅ​សម្តេច​ខុស​ការ​ពិត​ទាំងស្រុង​។​

​លោកស្រី ហង្ស ចិន្តា បញ្ជាក់ថា សព្វថ្ងៃ​នេះ​ពួកគាត់​ទាំង ២៤​គ្រួសារ បាន​ទន្ទឹងរង់ចាំ​យុត្តិធ៌ម​ផ្តល់​ជូន​ពី សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច ប៊ុន រ៉ានី ជួយ​រក​យុត្តិធ៌ម​លើ​ទំនាស់​ដីធ្លី​ខាងលើនេះ ព្រោះ​មន្ត្រី​ស្ថាប័ន​ពាក់​ព័​ន្ធ​មិន​បាន​ដោះស្រាយ​ជូន​ពួកគាត់ អូសបន្លាយ​ពេល ២២​ឆ្នាំ​មកហើយ ប៉ុន្តែ​នៅតែ​គ្មាន​ដំណោះស្រាយ​ជូន​ពួកគាត់​ទៀត​។​

​ដី​មាន​ទំនាស់​របស់​ប្រជាពលរដ្ឋ​នៅ​សហគមន៍​កំពេ​ញ​ចាស់ទាំង ២៤​គ្រួសារ មាន​ទំហំ​ផ្ទៃ​ដី​ជាង ៤​ហិកតារ និង​មាន​ទីតាំង​នៅក្បែរ​ឆ្នេរ​ឯករាជ្យ ឬ​នៅ​ជាប់​មាត់​បឹង​ព្រែក​ទប់ គឺ​នៅ​តាម​បណ្តោយ​ផ្លូវ​ថ្នល់​កៅស៊ូ ទល់មុខ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​។​ ​ទំនាស់​នេះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ក៏​បានដឹង​ឮ​ចំពោះ​សកម្មភាព​ប្រមូលផ្តុំ​គ្នា​តវ៉ា របស់​ប្រជាពលរដ្ឋ​រស់នៅ​សហគមន៍​កំពេ​ញ​ចាស់​ទាំង ២៤​គ្រួសារ​នេះ​ដែរ ព្រោះ​ទីតាំង​មាន​ដី​ទំនាស់​នេះ ស្ថិតនៅ​ក្បែរ​លំនៅឋាន និង​ជាប់​ផ្លូវថ្នល់ ដែល​រូបលោក​ជិះឡាន​ឆ្លងកាត់​ទៅ​ធ្វើ​ការងារ​រាល់ថ្ងៃ​។​

​ទោះជា​បែប​នេះ​ក្តី​កន្លងមក លោក យន្ត មីន បាន​ពន្យល់​ប្រាប់​ពលរដ្ឋ​ថា សិទ្ធិអំណាច របស់លោក អាច​ជួយ​ដោះស្រាយ​បាន តែ​ចំពោះ ករណី​វិវាទ​ដីធ្លី​ទាំងឡាយណា ដែល​មិន​ទាន់​ធ្លាក់​ទៅ​ដល់ដៃ​តុលាការ​ដោះស្រាយ​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ទំនាស់​ទាំង​នោះ បាន​ធ្លាក់​ដល់​អំណាចតុលាការ ឬ​ក៏​តុលាការ​សម្រេច​សាលក្រម​ស្ថាពរ​រួចហើយ គឺ​រូប​លោក​គ្មាន​សិទ្ធិ​លូកដៃ​ចូល​សម្របសម្រួល​ដោះស្រាយ​បាន​ទេ ​៕ ដែន សីមា

spot_img
×