Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការកាប់​ឈើ​ខុសច្បាប់ នៅតែ​បន្ត​កើតមាន ហើយ​ស្នើ​ឲ្យ​ដាក់​ទោសទណ្ឌ ចំពោះ​សកម្មភាព កាប់បំផ្លាញ​ព្រៃឈើ​

spot_img

​ភ្នំពេញ ​៖ បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ទាំង​បួន​ខេត្ត កាលពី​ថ្ងៃ​ទី​៧​ខែ​មករា ឆ្នាំ​២០១៩ បាន​សេចក្តី​ថ្លែងការណ៍​អំពី​របាយការណ៍​ឃ្លាំ​មើល​ពី​បច្ចុប្បន្នភាព​ព្រៃ​ឡង់ លើក​ទី​៧ ដោយ​បញ្ជាក់​ពី​សកម្មភាព​កាប់​ឈើ​ខុសច្បាប់ នៅតែ​បន្ត​កើតមាន​និង​មាន​ការកើនឡើង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​

​សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា “​យើងខ្ញុំ ជា​សមាជិក​បណ្តាញ​សហគមន៍​ព្រៃ​ឡ​ង់ ទាំង​បួន​ខេត្ត រួមមាន ខេត្ត​ក្រចេះ កំពង់ធំ ព្រះវិហារ​និង​ខេត្ត​ស្ទឹងត្រែង សូម​ចែករំលែក នូវ​របាយការណ៍​ឃ្លាំមើល ពី​បច្ចុប្បន្នភាព​ព្រៃ​ឡង់ ចុងក្រោយ​បំផុត​”​។ ​របាយការណ៍​នេះ មាន​រយៈពេល​គិត​ចាប់ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៧ ដល់​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៨​។

​មាន​ចំណុច​សំខាន់​បី​ដែល​យើងខ្ញុំ​បាន​រកឃើញ​រួមមាន​៖ ១. សកម្មភាព​កាប់​ឈើ​ខុសច្បាប់ នៅតែ​បន្ត​កើតមាន ​និង​មាន​ការកើនឡើង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ២. ការតម្រូវ​ឱ្យ​សហគមន៍ សុំ​ច្បាប់​អនុញ្ញាត​មុន​នឹង​ចុះ​ល្បាត ​ខណៈ​អ្នក​កាប់​ឈើ​ខុសច្បាប់ អាច​ចូល​ព្រៃ​កាប់​ឈើ ដោយ​មិន​ចាំបាច់​មាន​ការអនុញ្ញាត ៣. ផ្លូវ​ជា​ច្រើន​ដែល​ជា​កត្តា ជំរុញ​ដ៏​ធំ​មួយ​ដែល​​ធ្វើឱ្យ​បាត់បង់​ជម្រក​សត្វ និង​ធ្វើឱ្យ​បាត់​បង់​ព្រៃឈើ​។​

​របាយការណ៍​ដដែល បាន​បន្ថែមថា ចាប់តាំងពី​ឆ្នាំ​២០១៥ មក បណ្តាញ​សហគមន៍​ព្រៃ​ឡង់ បាន​ប្រមូល​ទិន្នន័យ​ពី​សកម្មភាព​កាប់​ឈើ​ខុសច្បាប់ និង​ធនធានធម្មជាតិ ដែល​មាន​នៅក្នុង​ព្រៃ​ឡង់ ដោយ​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទដៃ​វៃឆ្លាត ដែល​ហៅថា “​ព្រៃ​ឡង់​អេប​”​។ ទិន្នន័យ​ដែល​ប្រមូល​ដោយ​បណ្តាញ​សហគមន៍​ព្រៃ​ឡង់ គឺ​ត្រូវបាន​វិភាគ​ដោយ​អ្នកស្រាវជ្រាវ នៅឯ​សាកលវិទ្យាល័យ​ខូប​ផែន​ហា​ហ្គែ​ន (Copenhagen)​។ រហូតមកដល់​ពេលនេះ បណ្តាញ​សហគមន៍​ព្រៃ​ឡង់ និង​សាកលវិទ្យាល័យ ​បាន​ចេញផ្សាយ​របាយការណ៍​ឃ្លាំ​មើល​ចំនួន​៧​លើក ស្តីពី​ស្ថានភាព​របស់ព្រៃ​ឡ​ង់​។​

​លោក ហឿន សុភាព ជា​សមាជិក​គណៈកម្មកា​រ​សម្របសម្រួល​បណ្តាញ សហគមន៍​ព្រៃ​ឡ​ង់ ខេត្ត​កំពង់ធំ​មានការ​កោត​ស​សើរ​ចំពោះ​កិច្ចសហការ រវាង​បណ្តាញ​សហគមន៍​ព្រៃ​ឡ​ង់ និង​សាកលវិទ្យាល័យ ខូប​ផែន​ហា​ហ្គែ​ន​។

“​វា​មាន​សារសំខាន់​ណាស់​សម្រាប់​យើង ចំពោះ​ទិន្នន័យ ដែល​យើង​ប្រមូល​ជាមួយ​កម្មវិធី​អេប​ព្រៃ​ឡ​ង់ ​ត្រូវបាន​ផ្តល់ជូន​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួមទាំង រាជរដ្ឋាភិបាល​។ យើង​សង្ឃឹមថា របាយការណ៍​នេះ ​និង​របាយការណ៍​នាពេល​អនាគត នឹង​ជួយ​រាជរដ្ឋា​ភិបាល និង​អ្នកពាក់ព័ន្ធ​ដទៃទៀត ដើម្បី​ការពារ​ព្រៃ​ឡង់​ឱ្យបាន​កាន់តែ​ប្រសើរ​”​។​

​ក្នុងអំឡុងពេល​រាយការណ៍ បណ្តាញ​សហគមន៍​ព្រៃ​ឡង់ បាន​ប្រើប្រាស់​កម្មវិធី​អេប​ព្រៃ​ឡ​ង់ កត់ត្រា ធនធាន​មាន​ចំនួន ៥៦​ភាគរយ ​នៃ​ទិន្នន័យ​សរុប និង​សកម្មភាព​មាន​ចំនួន ៣៨​ភាគរយ នៃ​ទិន្នន័យ​សរុប ។ ទិន្នន័យ​ភាគច្រើន​ស្ថិតក្រោម​ប្រភេទ “​ធនធាន​” ​បាន​រាយការណ៍​ពី​ដើមឈើ​ចំនួន ៨២​ភាគរយ និង​អនុផល​ព្រៃឈើ ចំនួន ១៤​ភាគរយ​។ មាន​ការកត់ត្រា​តិចតួច ចំពោះ​សត្វព្រៃ មាន​ត្រឹម ៣​ភាគរយ និង​ទីតាំង​ជំនឿ និង​ប្រាសាទ បុរាណ្យ​មាន​ចំនួន ១​ភាគរយ​ប៉ុណ្ណោះ​។ ការត្រួតពិនិត្យ​ធនធាន​ព្រៃឈើ ​បានបង្ហាញ​ពី​សារសំខាន់​នៃ ដើម​ជ័រ​ច្បោះ និង​អនុផល​ព្រៃឈើ ដល់​ជីវភាព​រស់នៅ​ក្នុង​មូលដ្ឋាន​។ របាយការណ៍​តាមដាន​នេះ​នឹង​ផ្តោត​ទៅលើ​ការកាប់​ឈើ​ខុសច្បាប់ ដែល​ជា​ការគំរាមកំហែង​ចម្បង ដល់​ព្រៃ​ឡ​ង់ និង​ជីវភាព​រស់នៅ​ក្នុង​មូលដ្ឋាន​។​

​លោក ឯក សុ​វណ្ណា សមាជិក​គណៈកម្មការ​សម្របសម្រួល បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ខេត្ត​ក្រចេះ បាន​និយាយថា ដើម​ច្បោះ​ជ័រ​មាន​សារសំខាន់​ខ្លាំងណាស់ សម្រាប់​ជីវភាព​រស់នៅ របស់​សមាជិក​សហគម​ន៍​នៅក្នុង​តំបន់​ខេត្ត​ក្រចេះ​។ “​សមាជិក​សហគមន៍​ជា​ច្រើន​ចូលទៅ​ក្នុង​ព្រៃ​រៀង​រាល់​សប្តាហ៍ ដើម្បី​ដង​ជ័រទឹក​។ ពួកគេ​លក់​ជ័រ​នៅក្នុង​ទីផ្សារ​ក្នុងស្រុក ហើយ​វា​ជួយ​ទ្រទ្រង់​ជីវភាព​គ្រួសារ​។

​កាលពី​ខែ​មុន ដើម​ច្បោះ​ជ័រទឹក ជាច្រើន​ត្រូវបាន​កាត់ យក​ដោយ​អ្នក​កាប់​ឈើ​ខុសច្បាប់ បញ្ហា​នេះ​ធ្វើឱ្យប៉ះពាល់ ​ដល់​ជីវភាព​រស់នៅ​របស់​គ្រួសារ ទាំងនោះ​យ៉ាងខ្លាំង​”​។​

​សម្រាប់ “​សកម្មភាព​” ការកាប់​ឈើ​ខុស​ច្បាប់​មាន​ចំនួន​៩៩​ភាគរយ នៃ​សកម្មភាព​ទាំងអស់​។ “​ទិន្នន័យ​ភាគច្រើន​បាន​រាយការណ៍​ថា “​គល់ឈើ​កាត់​រួច​មួយៗ មាន​ចំនួន ៤១​ភាគរយ ដែល​ដើមឈើ​ភាគច្រើន​ជា​ប្រភេទ​ឈើ​ប្រណីត​។ “​គំនរ​ឈើ​” ​ត្រូវ​បាន​ជនល្មើស​ប្រមូល​យក​ចេញ និង “​ការដឹកជញ្ជូន​” មាន​ចំនួន ២៤​ភាគរយ នៃ​ទិន្នន័យ​សរុប​។ “​តំបន់​ដែល​បាន​កាប់ឆ្ការ​” ​មាន​ចំនួន​១១​ភាគរយ នៃ​ទិន្នន័យ​សរុប​។ គួរឱ្យ​សោកស្តាយ​កម្មវិធី​អេប​នេះ មិន​ត្រូវ​បាន​រចនា​ឡើង ​ដើម្បី​កត់ត្រា​ទំហំ​ផ្ទៃដី​ដែល​បាន​កាប់ឆ្កា​។ ផ្ទៃដី​ដែល​ត្រូវបាន​កាប់ឆ្កា តែ​មួយ​អាច​គ្របដណ្តប់​លើ​ផ្ទៃដី ១០០​ហិកតា ​និង​រាប់បញ្ចូល​ទាំង​ខ្ទម​ដែល​ធ្វើ​សម្រាប់​ស្នាក់នៅ​រាប់រយ​។ ការកាប់​ឈើ​ខុស​ច្បាប់​កំពុង​កើតឡើង ក្នុង​អត្រា​គួរឱ្យ​ព្រួយបារម្ភ ​នៅ​ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់​និង​ទេសភាព​ជុំវិញ​។ រូបភាព​ផ្កាយរណប​បានបង្ហាញ​ថា​ព្រៃឈើ​បាត់បង់ ៥៦០០​ហិកតា នៅ​ឆ្នាំ​២០១៧ ។

​ទំហំ​នេះ​វា​ស្មើនឹង​តារាង​បាល់ទាត់​ចំនួន ២១​តារាង នៃ​ព្រៃឈើ​ដែល​បាត់បង់​ជា​រៀងរាល់ថ្ងៃ​នៅ​ឆ្នាំ​២០១៧​។ ​លោក ស្រី ថី សមាជិក​គណៈកម្មការ​សម្របសម្រួល​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ខេត្តព្រះវិហារ ​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​កំសោយ​ក្នុង​ការអនុវត្ត​ច្បាប់​នៅក្នុង​តំបន់​ព្រៃ​ឡង់​។

“​យើង​ឃើញ​ស្ទើរតែ​រៀងរាល់ថ្ងៃ​ដែល​អ្នក​កាប់​ឈើ​ខុសច្បាប់​បាន​កាប់​ដើមឈើ នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃ​ឡង់ ​ប៉ុន្តែ​ពួកគេ​មិនដែល​ត្រូវបាន​ដាក់​ទណ្ឌកម្ម​ដោយ​អាជ្ញាធរ​។ យើង​ចង់ឱ្យ​រដ្ឋាភិបាល​ពង្រឹង​ការអនុវត្តច្បាប់ ​និង​ធានា​ថា​អ្នក​កាប់​ឈើ​ខុសច្បាប់​នាពេល​អនាគត ត្រូវបាន​គេ​ដាក់​ទោសទណ្ឌ​ចំពោះ​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ទាំងនោះ​”​។​

​លោក ខេង ខូ សមាជិក​ក្រុម​ស្នូល​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ខេត្ត​ស្ទឹងត្រែង បានលើកឡើង​ពី​កង្វល់​ចំពោះស្ថានភាព​ការកាប់​ឈើ​នៅ​តែ​បន្ត​កើតមាន​។ “​ផ្លូវ​ខ្វាត់ខ្វែង​ជាច្រើន​បាន​សម្រួល​ដល់​ការកាប់​និង​ដឹក​ជញ្ជួន​ឈើ​ចេញ​ពីព្រៃ​ឡង់ ​និង​មន្ត្រី​បើកដៃ​ឱ្យ​អ្នក​កាប់​ឈើ និង​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ការកាប់​និង​ដឹកឈើ​ទាំង​នោះ ​រួម​និង​ឃុបឃិត​គ្នា​លក់​ដី​ព្រៃ​ទៅឱ្យ​អ្នក​ចំណូលស្រុក​ផងដែ​”​។​

“​យើង​ឃើញ​ស្ទើរតែ​រៀងរាល់ថ្ងៃ ដែល​អ្នក​កាប់​ឈើ​ខុសច្បាប់ បាន​កាប់​ដើមឈើ នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃ​ឡង់ ​ប៉ុន្តែ​ពួកគេ​មិនដែល​ត្រូវបាន​ដាក់​ទណ្ឌកម្ម ដោយ​អាជ្ញាធរ​។ យើង​ចង់ឱ្យ​រដ្ឋាភិបាល ពង្រឹង​ការអនុវត្ត​ច្បាប់ ​និង​ធានា​ថា​អ្នក​កាប់​ឈើ​ខុសច្បាប់ នាពេល​អនាគត ត្រូវបាន​គេ​ដាក់​ទោសទណ្ឌ ចំពោះ​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ទាំងនោះ​។​” លោក​ស្រី ថី សមាជិក​គណៈកម្មការ​សម្របសម្រួល​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ខេត្តព្រះវិហារ​៕ ដោយ​ ៖ ​រចនា​

spot_img
×