Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក គង់ គាំ និង លោក គង់ បូរ៉ា ពីរ​នាក់​ឪពុក​និង​កូន ដាក់​លិខិត​ចូល​ក្រសួងមហាផ្ទៃ ដើម្បី​លើកលែងទោស ធ្វើ​នយោបាយ​ឡើងវិញ​

spot_img

​ភ្នំពេញ ​៖ លោក​គង់ គាំ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៩ បាន​ដាក់​លិខិត​ជូន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ដើម្បី​លោក​ជួយ​ស្នើសុំ​សម្តេចនាយក​រដ្ឋមន្ត្រី​បន្ត​ទូលថ្វាយ​ព្រះមហាក្សត្រ សូម​ព្រះអង្គ​ព្រះរាជទាន​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ​។​

​បើ​តាមផេក​ហ្វេស​ប៊ុក​ផ្លូវ​ការលោក គង់ គាំ​-Kong Korm កាលពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៩​នេះ បានបញ្ជាក់​ថា “​មិន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ តាម​ការអំពាវនាវ (​ឃាត់​ឃាំង​) របស់លោក សម រង្ស៊ី គឺជា​ការបំផ្លាញ​ខ្លួនឯង​។ កាលពី​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៩ ម្សិលម៉ិញ​នេះ ខ្ញុំ​បាន​ដាក់​លិខិត​ជូន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ដើម្បី​លោក​ជួយ​ស្នើសុំ​សម្តេចនាយក​រដ្ឋមន្ត្រី​បន្ត​ទូលថ្វាយ​ព្រះមហាក្សត្រ សូម​ព្រះអង្គ​ព្រះរាជទាន នីតិសម្បទា ធ្វើ​នយោបាយ​ឡើងវិញ មុន​កាលកំណត់​របស់​សាលដីកា​តុលាការ​កំពូល ។ ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា នឹង​បានទទួល​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ហើយ​តាម​បំណង​ដ៏​មុតមាំ មូល​មាត់​រហូត​មក​របស់​ថ្នាក់ដឹកនាំ គណបក្ស ឆន្ទៈ​ខ្មែរ ខ្ញុំ​នឹង​ទៅ​ទទួល​ឋានៈ​ជា​ទីប្រឹក្សា​របស់​គណបក្ស ឆន្ទៈ​ខ្មែរ​ជាក់​ជាមិនខាន​។ ជា​អ្នកដឹកនាំ (​កម្លាំង​នយោបាយ​) ត្រូវ​ដឹង យល់​យ៉ាង​ស៊ីជម្រៅ​ពី​បរិយាកាស និង​ជម្រើស​សម្រាប់​កាលៈទេសៈ​នីមួយៗ​។

មាន​ភ្នំពេញ​ប៉ុស្តិ៍​ជា​សាក្សី (​មុន​ឆ្នាំ​២០១៦ មុន CNRP ត្រូវ​រំលាយ មុន​មេដឹកនាំ CNRP បាត់បង់​ទាំង​ស្រុង​សិទ្ធិសេរីភាព​ដោយ​អំណាចតុលាការ​) ខ្ញុំ គង់ គាំ មាន​យោបល់​ថា ការរួបរួម​គ្នា​ជា “​គណបក្ស​ថ្មី​មួយ​” ដើម្បី​ត្រៀម​ចូលរួម​ការបោះឆ្នោត (​ប្រាំ​ឆ្នាំ​ម្តង​ជា​ទៀងទាត់​) តាម​ស្មារតី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​ជម្រើស​តែមួយគត់​។ សូម​គោរព​សរសើរ​គណបក្ស ឆន្ទៈ​ខ្មែរ ដែល​មិន​ទុក​ឲ្យ​ឱកាស​កន្លងផុត ដោយ​គ្មាន​ផ្តល់ឱកាស​ថ្មី សម្រាប់​អតីត​សកម្មជន​នយោបាយ និង​ផ្តល់​ជម្រើស​ថ្មី​សម្រាប់​អ្នកគាំទ្រ សម្រាប់​ប្រជាពលរដ្ឋ ដែល​ចង់​បាន​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន នៅពេល​បោះឆ្នោត​ថ្ងៃ​ទី ២៩ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅ​។ សោកស្តាយ​បំផុត (​ដែល​ពេលនោះ​មេដឹកនាំ​អញ​និយម ប្រធាន​ចលនា និង​ក្រុម​ជក់ខ្យល់​បុគ្គលនិយម ជាមួយ​បក្សពួក​ជាប់​ខ្សែ​និយម បាន​ដេក​ផ្ទះ បាន​ទុក​ម្រាមដៃ​ស្អាត បាន​រុញ​ស៊ីក្លូ​ចូល​ឡាន …​គឺ​លើក​អំណាច​ជូន​…​សម្លាប់​ប្រជាធិបតេយ្យ​។ បរាជ័យ​គ្រប់​ជំ​ហ៊ាន​មិន​ឆ្អែត​ទេ ក្រោយ​ពី​បោក​បញ្ឆោត​ថា ចាំ​ពេល​នេះ ចាំ​ពេល​នោះ ប្រាកដ​យ៉ាងនេះ​យ៉ាងនោះ ។​ល​។ ម្តង​ជា​សន្និសីទ កម្រិត​ពិភពលោក ម្តង​ជា​វេទិកាសាធារណៈ ប្លន់​ឋានៈ​ជា​ប្រធាន​ស្តីទី (​បក្ស​ខ្មោច​) ហួច​ផ្លុំ​អា​គម សម រង្ស៊ី​-​កឹម សុខា ជា​មនុស្ស​តែ​មួយ – ទម្លាក់ចោល​ការចោទប្រកាន់​-​សង​អំណាច​-​បោះឆ្នោត​ឡើងវិញ​-​អន្តរជាតិ​សង្កេតការណ៍ ។​ល​។ (​សោយ​ក្លិន​មិន​ឆ្អែត​-​ទទួល​ស្នូរ បាន​ខ្យល់​)​។ ពេលវេលា​មានតម្លៃ ខ្ញុំ​លើក​ទឹកចិត្ត និង​ជំរុញ​គម្រោង​គណបក្ស ឆន្ទៈ​ខ្មែរ ចុះបញ្ជី​ឈរឈ្មោះ​បោះឆ្នោត​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ​ខែ​ឧសភា ឆ្នាំ​២០១៩ ដ៏​ខ្លី​ខាង​មុខ​កុំបី​ខាន​។ ពិត​ជា​ក្នុង​ចេតនា​ល្អ (​វិសោធនកម្ម​ច្បាប់ ស្តីពី ការគ្រប់គ្រង​រដ្ឋបាល ស្តីពី​ការគ្រប់គ្រង រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​) បង្កើន​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ពី ២៤​ដល់ ២៧ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ពី ២១ ដល់ ២៧ សមាជិក​ក្រុមប្រឹក្សា​ស្រុក ខណ្ឌ ពី​១១ ដល់ ២១ គឺ​បើក​ឱកាស​ឲ្យ​គណបក្ស ឆន្ទៈ​ខ្មែរ ទទួល​សម្លេង​ពី​ទាំង CPP ហ្វុន​ស៊ីនប៉ិច រួបរួម​ជាតិ និង​អតីត CNRP​។ សូម​អតីតមន្ត្រី​ជាប់ឆ្នោត​របស់​អតីត CNRP អាច​ទទួល​យក​អំណាច​វិញ​ជា CPP ហើយ បោះឆ្នោត​គាំទ្រ​គណបក្ស ឆន្ទៈ​ខ្មែរ ដើម្បី​ឲ្យ​ឆ្នាំ​២០១៩ មាន​អំណាច​ពហុបក្ស​នៅ​មូលដ្ឋាន ដើម្បី​ការ​ឆ្នោត​ឆ្នាំ ២០២២ និង​ឆ្នាំ​២០២៣ មាន​អំណាច​ពហុបក្ស​នៅ​ព្រឹទ្ធសភា និង​រដ្ឋសភា​វិញ​កុំបី​ខាន​។​

​នាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ប្រាប់​ឱ្យដឹង​ថា បន្ទាប់ពី​ទទួលបាន​លិខិត​របស់​លោក គង់ គាំ ហើយ​នោះ នៅវេលា​ម៉ោង​៣៖២០​នាទី​រសៀល ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០១៩​នេះ ក្រសួងមហាផ្ទៃ ក៏​បាន​ទទួល​លិខិត​មួយទៀត​ពី លោក គង់ បូរ៉ា អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។​

លោក គង់ បូរ៉ា បាន​ប្រកាស​រួច​ហើយ​ថា លោក​នឹង​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ ទោះបីជា​មាន​ការអំពាវនាវ​ហាមឃាត់​ដោយ លោក សម រង្ស៉ី ដែល​ជា​អតីត​ប្រធាន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ដោយ​។​

​លោក គង់ បូរ៉ា បាន​បញ្ជាក់​តាម​រយៈ​បណ្តាញ​សង្គម Facebook យ៉ាង​ដូច្នេះ​ថា​៖ ទោះបីជា​ទំព័រ Facebook លោក សម រង្ស៊ី តាំង​នាម​ជា​ប្រធាន​ស្តីទី អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក្រៅច្បាប់​នាំ អន្តរជាតិ​បំផ្លាញ​កម្ពុជា បាន​អំពាវនាវ​ទៅ មន្ត្រី​អតីត​បក្សប្រឆាំង​ទាំង​១១៨​រូបនោះ ក៏ដោយ​។ ខ្ញុំ គង់ បូរ៉ា មិន​អាច​បន្ត​រួម​ដំណើរ​ក្នុង​អំពើ​ក្បត់​ប្រទេស ក្បត់​ប្រជាពលរដ្ឋ​តទៅទៀត​បាន​ឡើយ​។​

​ច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា ៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​ជា​ការ​បើកផ្លូវ​ឲ្យ​អ្នកនយោបា​យជាប់​បម្រាម អាចធ្វើ​សកម្មភាព​នយោបាយ​របស់​ខ្លួន​ឡើងវិញ​នោះ ត្រូវបាន​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ចេញ​ព្រះរាជក្រម ប្រកាស​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវកា​រហើយ​​កាលពី​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៩​។​

​សេចក្តីស្នើច្បាប់​វិសោធនកម្ម​ច្បាប់ គណបក្សនយោបាយ ត្រូវបាន​ចុះហត្ថលេខា ដោយ​តំណាងរាស្ត្រ​ចំនួន​៨៧​រូប ដែល​ត្រូវ​រដ្ឋសភា​អនុម័ត កាលពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨ និង​ត្រូវ​បាន​ឱ្យ​យោបល់​ឯកភាព ទាំងស្រុង​ដោយ ព្រឹទ្ធសភា កាលពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៨។​

​សេចក្តីស្នើច្បាប់​នេះ បាន​បន្ថែម​នូវ​វាក្សខណ្ឌ​មួយ​ថ្មី​ក្នុង​មាត្រា​៤៥​ថ្មី (​ស្ទួន​មួយ​) ដូចតទៅ​៖ “​បុគ្គល​ត្រូវបាន​តុលាការ​សម្រេច​ហាម ឃាត់​ការ ធ្វើ​សកម្មភាព​នយោបាយ មិន​អាច​បង្កើត​គណបក្ស​នយោបាយ ឬ​ចូលរួម​ក្នុង​គណបក្ស​នយោបាយ​ណាមួយ ឬ​ឈរ​ឈ្មោះ​ឲ្យគេ​បោះឆ្នោត ឬ​ធ្វើ​សកម្មភាព​ណា មួយ​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​ណាមួយ​បានឡើយ​។ បុគ្គល​ដែល​បាន​តុលាការ សម្រេច​ហាម ឃាត់​ការធ្វើ​សកម្មភាព​នយោបាយ​នេះ នឹង​អាច​ទទួលបាន​វិញ​នូវ​សិទ្ធិ​នយោបាយ​ពេញលេញ​ដោយ​ពេញ​ច្បាប់ បន្ទាប់​ពី​ផុត​រយៈ ពេល​នៃ​ការហាមឃាត់​ដែល​កំណត់​ដោយ​សាលដីកា​របស់​តុលាការ​កំពូល ឬ​ក្នុង​ករណី​ដែល​បុគ្គល​នោះ​ត្រូវបាន​ផ្តល់​នីតិសម្បទា​ឡើងវិញ​ដោយ​ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយក​រដ្ឋមន្ត្រី តាម​សេចក្តីស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​»​។​

​ក្រោយ​ច្បាប់​នេះ​ចូល​ជា​ធរមាន លោក គង់ គាំ អតីត​ប្រធាន​គណបក្ស​សមរង្ស៊ី បានដាក់​លិខិត​ស្នើ​សុំ​របស់​លោក បាន​ចូល​ដល់​ក្រសួងមហាផ្ទៃ តាំងពី​វេលា​ម៉ោង​ប្រមាណ​ជាង​១០៖៣០​ព្រឹក​ថ្ងៃ​ទី​០៩ ខែ​មករា​នេះ​ម្ល៉េះ​។​

​លោក គង់ គាំ និង លោក គង់ បូរ៉ា ពីរ​នាក់​ឪពុក​និង​កូន រួម​ទាំង​អតីត​ថ្នាក់ដឹកនាំ អតីត​គណបក្ស​សង្គ្រោះ​ជាតិ សរុប​ចំនួន​១១៨​នាក់ ត្រូវបាន​តុលាការ​កំពូល​ចេញ​សាលដីកា ផ្អាក​សកម្មភាព​នយោបាយ រយៈពេល​៥​ឆ្នាំ កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×