Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ ៖ ក្នុង​ឆ្នាំ​២០១៨ រឹបអូស​ថ្នាំ​ជាង ៥០០​គីឡូក្រាម​

spot_img

​ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ បាន​ធ្វើ​ការអំពាវនាវ​ដល់​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​រួមចិត្ត​រួម​ថ្លើម​ជាមួយគ្នា ដើម្បី​លុបបំបាត់​គ្រឿងញៀន ឲ្យអស់​ពី​ប្រទេស​កម្ពុជា ខណៈ​ឆ្នាំ​២០១៨ នគរបាល​បង្ក្រាប​គ្រឿង​ញៀន បាន​ជិត ៦.៨០០​ករណី ឃាត់ខ្លួន​ជនសង្ស័យ​១៣.៣៩៧​នាក់ និង​រឹបអូស​ថ្នាំ​ជាង ៥០០​គីឡូក្រាម​។​

​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន បាន​អះអាង​ថា ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​តូចៗ ទទួលបាន​ជោគជ័យ ទើប​ឈាន​ដល់​ការបង្ក្រាប​បទល្មើស​ធំ ឬ​មេខ្លោង​បាន​ជោគជ័យ​ដូចគ្នា ដូច្នេះ​ហើយ​កម្លាំង​សមត្ថកិច្ច​ទាំងអស់ ត្រូវតែ​រួមដៃគ្នា ដើម្បី​ខិតខំ​បង្ក្រាប​បទល្មើស​មួយ​នេះ​ឲ្យខាងតែបាន​។​

​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ ឆ្នាំ​២០១៩ នា​ព្រឹក​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៩​នេះ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​យើងខ្ញុំ​បាន​ណែនាំ​ហើយ​ថា យើង​មិន​អាច​ចោល​ករណី​តូចតាច​បាន​នោះទេ យើង​មាន​ពិសោធន៍​ថា យើង​បង្ក្រាប​ករណី​តូច យើង​បន្ដ​ស្រាវជ្រាវ​ដោយ​យកចិត្តទុកដាក់​ព្យាយាម​យើង​រកឃើញ​ករណី​ធំៗ​ច្រើន​បន្ថែមទៀត​។ ជនល្មើស​ទាំង​អស់នោះ គឺជា​ដៃជើង ឬ​កូនចៅ​របស់​មេក្លោង​ធំៗ​”​។​

​នាយ​ឧត្តមសេនីយ៍ បាន​មានប្រសាសន៍ថា កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវតែ​បង្ក្រាប​គ្រប់​មូលដ្ឋាន​សម្ងាត់ របស់​សមត្ថកិច្ច​រូប​ណា ដែល​ធ្លាក់ខ្លួន​លួច​រកស៊ី​គ្រឿងញៀន ព្រោះ​ថា​កម្លាំង​មូលដ្ឋាន​សម្ងាត់ មិន​អាច​ឲ្យ​ធ្លាក់​ខ្លួន​ទៅ​ប្រព្រឹត្ត​បទល្មើស​បាន​ឡើយ ហើយ​បើ​ប្រព្រឹត្ត​ត្រូវតែ​បង្ក្រាប​គ្មាន​ការលើកលែង​។ ក្នុង​ប្រតិបត្តិការ​បង្ក្រាប ត្រូវតែ​យកចិត្តទុកដាក់ ដើម្បី​រក្សា​សុវត្ថិភាព​ផ្ទាល់ខ្លួន របស់​កងកម្លាំង បើ​ចៀសវាង​បាន​កុំឲ្យ​មាន​ការផ្ទុះ​អាវុធ​ជា​ដាច់ខា​ត​។ ករណី​បង្ក្រាប​ថ្ងៃនេះ មិនបាន ត្រូវតែ​ព្យាយាម​តាម​បង្ក្រាប​បន្ដទៀត​នៅ​ថ្ងៃក្រោយ ដោយ​មិន​ត្រូវឲ្យមាន​សមត្ថកិច្ច​ណា​ម្នាក់ រងគ្រោះថ្នាក់​ឡើយ​។​

​លោក ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ថ្លែង​អំពាវនាវ​ដល់​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​រួមចិត្ត​រួម​ថ្លើម​ជាមួយគ្នា ដើម្បី​លុបបំបាត់​គ្រឿងញៀន ឲ្យអស់​ពី​ប្រទេស​កម្ពុជា​។ លោក​បាន​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៨ នគរបាល​បង្ក្រាប​គ្រឿង​ញៀន បាន​ជិត ៦.៨០០​ករណី ឃាត់ខ្លួន​ជនសង្ស័យ​១៣.៣៩៧​នាក់ និង​រឹបអូស​ថ្នាំ​ជាង ៥០០​គីឡូក្រាម​នោះ​។ លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ បាន​ណែ​នាំឲ្យ​ខិតខំ​ក្ដាប់ជាប់​សភាពការណ៍ បទល្មើស​គ្រឿងញៀន នៅតាម​មូលដ្ឋាន និង​ចុះ​ត្រួតពិនិត្យ​ជា​ប្រចាំ ការ​ធ្វើ​បច្ចុប្បន្នភាព​មុខសញ្ញា ដោយ​ផ្អែក​លើ​ផែនការ​ប្រៀប​សមរភូមិ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន ផ្សាភ្ជាប់​ជាមួយ​ការចាត់តាំង​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​។​

​លោក​ឧត្តមសេនីយ៍ឯក នាយក​មន្ទីរ សមត្ថកិច្ច​ទាំងអស់​ត្រូវ​បន្ដ​ការទំនាក់ទំនង​ល្អ ជាមួយ​ស្ថាប័ន​អយ្យការ និង​តុលាការ ដើម្បី​បម្រើ​ការងារ​ជំនាញ​ក្នុង​កិច្ចសហប្រតិបត្តិការ បង្ការ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ឲ្យមាន​ប្រសិទ្ធភាព និង​ស្រប​តាម​នីតិវិធី ៕ ដោយ​ ៖ ​កូឡាប​

 

spot_img
×