Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​រក្សាសន្តិភាព​៥.៧៨៥​នាក់ ទៅ​បំពេញ​បេសកកម្ម​ក្រៅប្រទេស ក្រោម​ឆត្រ UN ហើយ​ស្លាប់​៩​នាក់ របួស​៩​នាក់​

spot_img

​ភ្នំពេញ ​៖ រហូតមកដល់​ពេលនេះ កម្ពុជា​មាន​កងកម្លាំង​រក្សា​សន្តិភាព ចំនួន​៥៧៨៥​នាក់​ហើយ បាន​បញ្ជូន ទៅ​បំពេញ​បេសកកម្ម​ក្រៅប្រទេស តាមរយៈ​អង្គការសហប្រជាជាតិ ហើយ​ពលី​ជីវិត​ចំនួន​៧​នាក់ និង​២​នាក់​ទៀត ទទួលមរណភាព ក្រៅ​លក្ខខណ្ឌ​អង្គការសហប្រជាជាតិ ព្រមទាំង​រងរបួស​ចំនួន​៩​នាក់​។

​តាមរ​យៈផេក​ហ្វេស​ប៊ុក​ផ្លូវការ នាយ​ឧត្តមសេនីយ៍ ឈុំ សុជា​ត​/ General Chhum Socheat អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ បាន​មានប្រសាសន៍ថា ឆ្លើយតប​ចំពោះ​អ្នកសារព័ត៌មាន​មួយចំនួន ដែល​ចោទសួរ អំពី​ការបញ្ជូន​កម្លាំង​រក្សា​សន្តិភាព​របស់​ព្រះរាជា​ណាចក្រ​កម្ពុជា ទៅ​បំពេញ​បេសកកម្ម​ក្រៅប្រទេស តាមរយៈ​អង្គការសហប្រជាជាតិ​។​

​លោកនាយ​ឧត្តមសេនីយ៍ បាន​លើកឡើង​ថា ការបញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ បាន​ធ្វើឡើង​ចាប់ពី​ឆ្នាំ​២០០៦​មក ប៉ុន្តែ​ចាប់ពី​ពេល​នោះ រហូតដល់​ដំណាច់ ឆ្នាំ​២០១៣ មិន​មាន​កងកម្លាំង​យើង រងគ្រោះ​ធ្ងន់ធ្ងរ​នោះទេ ការ​រងគ្រោះ​ធ្ងន់​ចាប់ផ្តើម​ពី​ឆ្នាំ​២០១៤ ដែល​មាន​កម្លាំង​ស្លាប់ និង​របួស នៅ​ប្រទេស​អាហ្វ្រិក​កណ្តាល និង ប្រទេស​ម៉ាលី​។​

​លោក​បាន​បន្ថែមថា គិត​ត្រឹម​ខែ​មករា ឆ្នាំ​២០១៩​នេះ កងកម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា ដែល​បាន​បំពេញបេសកកម្ម​នៅ​ក្រៅ​ប្រទេស បាន​ពលី​ជីវិត​ចំនួន​៧​នាក់ និង​២​នាក់​ទៀត ទទួលមរណភាព​ក្រៅ​លក្ខខណ្ឌ​អង្គការសហប្រជាជាតិ ព្រមទាំង​រងរបួស​ចំនួន​៩​នាក់​។ ក្នុង​ចំណោម​កម្លាំង​ដែល​បាន​បាត់បង់​ជីវិត​នេះ មាន​៥​នាក់​នៅ​អាហ្វ្រិក​កណ្តាល និង ៤​នាក់​នៅ​ប្រទេស​ម៉ាលី ដែល​ក្នុងនោះ ២​នាក់​ស្លាប់​ដោយ​ជំងឺ​គ្រុនចាញ់ និង​២​នាក់​ទៀត​ស្លាប់ ក្រៅ​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ​។ ដោយឡែក កងកម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា ដែល​រង​របួស​មាន​ចំនួន​សរុប​៩​នាក់ មាន​នៅ​អាហ្វ្រិក​កណ្តាល​១​នាក់ និង​នៅ​ប្រទេស​ម៉ាលី​ចំនួន​៨​នាក់​។​

​លោក​ឧត្តមសេនីយ៍ បានបញ្ជាក់​ថា រហូតមកដល់​ពេលនេះ កម្ពុជា​មាន​កងកម្លាំង​រក្សា​សន្តិភាព ចំនួន​៥៧៨៥​នាក់​ហើយ (​មិនទាន់​បូក​បញ្ចូល ១៨៤​នាក់ ដែល​ត្រៀម​បញ្ជូន​ទៅ​លី​បង់​ចុងខែ​នេះ​) បាន​ទៅ​បំពេញ​បេសកកម្ម​ក្រោម​ស្លាក​អង្គការសហប្រជាជាតិ នៅ​ប្រទេស​ចំនួន​០៨​ប្រទេស ក្នុងនោះ​មាន សាធារណរដ្ឋ​ស៊ូដង់ ស៊ូដង់​ខាងត្បូង លី​បង់ សាយ​ប្រ៊ឹស ស៊ី​រី ឆាដ ម៉ាលី និង​អាហ្វ្រិក​កណ្តាល ខណៈ​ដែល​មាន​កងកម្លាំង​រក្សា​សន្តិភាព​ចំនួន ៧៩៩​នាក់ កំពុង​បំពេញ​បេសកកម្ម នៅ​ប្រទេស​ចំនួន​៥ ក្នុងនោះ​ក៏​មាន​កងកម្លាំង​នារី ចំនួន​៦២​នាក់​ផង​ដែរ​។​

​កម្ពុជា​ធ្លាប់​ជា​ប្រទេស​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយ​សង្គ្រាម​រ៉ាំរ៉ៃ និង​ធ្លាប់​ទទួល​ជំនួយ ដោយ​កងកម្លាំង​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជាជាតិ បាន​ខិតខំ​អភិវឌ្ឍ​ខ្លួន​យ៉ាង​ឆាប់រហ័ស ក្រោម​ការដឹកនាំ​ដ៏​ឈ្លៀសវៃ​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា រហូត​ក្លាយជា​ប្រទេស​ដែល​បញ្ជូន​កងកម្លាំង​ក្នុង​បេសកកម្ម​អង្គការសហប្រជាជាតិ ដើម្បី​ជួយសង្គ្រោះ​ដល់​ប្រទេស​ដែល​រងគ្រោះ​ដោយសារ​សង្គ្រាម​នៅ​លើ​ពិភពលោក​វិញ​ម្តង ហើយ​ទោះបីជា​ជួប​បញ្ហា​ខ្លះ​ក៏ដោយ ក៏​រាជ​រដ្ឋា​ភិបាល​កម្ពុជា មិន​មាន​ការ​រាថយ ក្នុង​ការបញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព ទៅ​បំពេញ​បេសកកម្ម នៅ​ក្រៅប្រទេស ក្រោម​ស្លាក​អង្គកា​សហប្រជាជាតិ​នោះ​ឡើយ​។​

​កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​២៩ ខាង​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​ទៅ​ក្រៅប្រទេស ក្រោម​ឆ័ត្រ​អង្គការសហប្រជាជាតិ ក្នុងចំណោម​១២៤​ប្រទេស​នៅ​លើ​ពិភពលោក និង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១៧ លើ​ការ​បញ្ជូន​កងកម្លាំង​ផ្នែក​នារី ហើយ​បើ​និយាយ​អំពី​តំបន់​នៅ​អាស៊ាន​វិញ កម្ពុជា​ក៏​ជាប់​ចំណាត់ថ្នាក់​លេខ​៣ ក្នុង​ការបញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​ទៅ​ក្រៅ​ប្រទេស​នេះ និង​លេខ​២ សម្រាប់​ការបញ្ជូន​កងកម្លាំង​ជា​នារី​។​

​លោកនាយ​ឧត្តមសេនីយ៍ ប៉ុល សារឿ​ន ទេសរដ្ឋមន្ត្រី ទទួល​បន្ទុក​បញ្ជូន​ក​ង​កម្លាំង ចេញ​ទៅ​បំពេញ​បេសកកម្ម​អង្គការសហប្រជាជាតិ បាន​ថ្លែងថា​៖ អំឡុងពេល​២៦​ឆ្នាំមុន កងកម្លាំង​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ត្រូវបាន​បញ្ជូន​មកកាន់​កម្ពុជា ប៉ុន្តែ​ចាប់ពី​តាំងពី​ឆ្នាំ​២០០៦​មកដល់​បច្ចុប្បន្ន មាន​រយៈពេល​១៣​ឆ្នាំ ដែល​កម្ពុជា បាន​ក្លាយជា​ប្រទេស​មួយ បញ្ជូន​កងកម្លាំង​របស់ខ្លួន ឲ្យ​ពាក់មួ​កខៀវ ទៅ​ចូលរួម​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព របស់​អង្គការសហប្រជាជាតិ ដែល​រហូត​មកដល់ពេលនេះ មាន​កងទ័ព​មួក​ខៀវ​កម្ពុជា​ជាច្រើន​ពាន់​នាក់ បាន​ចេញ​បេសកកម្ម​នៅ​ប្រទេស​ជាច្រើន​លើ​ពិភពលោក​។​

​នៅ​សាលា​រក្សា​សន្តិភាព ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០១៩ ក្នុង​ពិធី​ជូន​ដំណើរ​កងកម្លាំង​វិស្វកម្ម​លេខ​៦៩៣ ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ នៅ​សាធារណរដ្ឋ​លី​បង់​។​លោកនាយ​ឧត្តមសេនីយ៍ ប៉ុល សារឿ​ន គូសបញ្ជាក់ថា ផ្តើមចេញ​ពី​មហា​ជ័យជម្នះ​៧ មករា ១៩៧៩ មេដឹកនាំ​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា បាន​កសាង​ប្រទេសជាតិ​ពី​បាតដៃ​ទទេ នៃ​គំនរ​ផេះផង់​ដែល​បន្សល់ទុក​ពី​សង្គ្រាម រហូត​ក្លាយជា​ប្រទេស​មាន​សន្តិភាព​ពេញ​បរិបូណ៍ តាមរយៈ​ការអនុវត្ត​នយោបាយ ឈ្នះ​ឈ្នះ ដែល​បាន​បញ្ចប់​សង្គ្រាម​នៅ​កម្ពុជា នា​ចុងឆ្នាំ​១៩៩៨ ហើយ​នាំមក​នូវ​ការអភិវឌ្ឍ​ប្រទេស​ជាតិ ឱ្យមាន​ការរីកចម្រើន​រុងរឿង​ដូច​សព្វថ្ងៃ និង​ជា​ប្រទេស​មួយ​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្អ ក្នុង​បេសកកម្ម​មនុស្សធម៌​ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ និង​ជា​ដៃគូ​ជាមួយ​ប្រទេស​នានា​ដោយ​ស្មើភាព​និង​ស្មើ​សិទ្ធិ​។ នេះ​គឺជា​សច្ចភាព​ប្រវត្តិសាស្ត្រ និង​ជា​មោទនភាព​ជាតិ​ខ្ពស់ ដែល​ខ្មែរ​បាន​បញ្ចប់​សង្គ្រាម​ដោយ​ស្មា​ដៃ​ខ្មែរ​ខ្លួនឯង​។ ដូច្នេះ ខ្មែរ​ជា​អ្នក​ក្តាប់​ជោគវាសនា​របស់​ខ្មែរ ខ្មែរ​ត្រូវ​យក​បញ្ហា​សុខដុម​រមនា​និង​សន្តិភាព​ដាក់​ក្នុង​ខួរក្បាល​។ ហេតុនេះ​ខ្មែរ​ត្រូវ​ចងចាំ​ជានិច្ច​ថា សម្តេច​តេជោ ហ៊ុន សែន គឺជា​វីរបុរស​ស្នេហា​ជាតិ ជា​ស្ថាបនិក​សន្តិភាព ជា​អ្នកធានា​ការពារ​អធិបតេយ្យ​ជាតិ បូរណភាព​ទឹកដី​យ៉ាងរឹងមាំ បាន​លើកកម្ពស់​កម្រិតជីវភាព​ប្រជាពលរដ្ឋ និង​កាន់តែ​ផ្តល់​ទំនុកចិត្ត​បន្ថែមទៀត ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យ​រស់នៅ​ក្នុង​សង្គម ដែល​មាន​ភាព​សុខដុមរមនា និង​ទទួលបាន​ពី​មនុញ្ញផល​នៃ​សន្តិភាព​។ ដូច្នេះ ខ្មែរ​ត្រូវ​ខិតខំ​ថែរក្សា​សន្តិភាព​ឱ្យបាន​រឹងមាំ ដើម្បី​បន្ត​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត​។

ជោគជ័យ​យ៉ាង​ធំធេង​របស់​ជាតិ និង​ប្រជាជន​កម្ពុជា គឺជា​ភ័ព្វសំណាង​របស់​កម្ពុជា ដែល​មាន​មេដឹកនាំ​ដូច​សម្តេច តេ​ជោ ហ៊ុន សែន ដែល​បាន​ជួយ​រំដោះ​ជាតិ និង​សង្គ្រោះ​ជីវិត​ប្រជាជន​ពី​របប​ខ្មែរក្រហម នាំយក​សន្តិភាព​ពេញលេញ​ជូន​កម្ពុជា ធ្វើ​ការអភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​រីកចម្រើន និង​មាន​កំណើន​សេដ្ឋកិច្ច​ប្រមាណ​ជាង​៧​ភាគរយ ក្នុង​មួយ​ឆ្នាំ​។​

​លោកនាយ​ឧត្តមសេនីយ៍ ប៉ុល សារឿ​ន បាន​មានប្រសាសន៍ថា “​ដូច​លើក​មុនៗ​ដែរ ខ្ញុំ​សូម​ផ្តាំផ្ញើ​នូវ​កិច្ចការ​មួយចំនួន​ជូន​នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់​នៃ​កងកម្លាំង​វិស្វកម្ម​លេខ​៦៩៣ ត្រូវ​ប្រកាន់ខ្ជាប់ និង​អនុវត្ត​ឱ្យបាន​ដាច់ខាត​នូវ​អនុសាសន៍ ដែល​ជា​បទបញ្ជា​៤​ចំណុច របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​លើកឡើង​ក្នុង​ពិធី​សំណេះសំណាល ជូន​ដំណើរ​កងអនុសេនាធំ​លេខ​១៣៥ ចេញ​ទៅ​បំពេញ​បេសកកម្ម​នៅ​ប្រទេស​ស៊ូដង់ កាលពី​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០០៦ កន្លងទៅ​។ ត្រូវ​គោរព​វិន័យ ក្រមសីលធម៌ ច្បាប់ទម្លាប់ បទបញ្ជា​ទាំងឡាយ របស់​អង្គការសហប្រជាជាតិ រក្សា​​ភាព​ថ្លៃថ្នូរ និង​កិត្តិយស​របស់​កង​យោធពល​ខេមរភូមិន្ទ និង​របស់​ប្រទេសជាតិ​។ ត្រូវ​ចាប់​យក​ឱកាស ដើម្បី​រៀនសូត្រ​ដក​ពិសោធន៍​បង្កើន​ចំណេះដឹង និង​ស្វែងយល់​ពី​របៀបរបប​ធ្វើការ របស់​ប្រព័ន្ធ​អង្គការសហប្រជាជាតិ​។ ត្រូវ​ឈរ​ជា​មជ្ឈមណ្ឌល​សាមគ្គី​ឯកភាព ចេះ​គោរព ស្រឡាញ់គ្នា និង​ជួយ​ថែរក្សា​គ្នា​ទៅវិញទៅមក សំដៅ​សម្រេច​បាន​ភារកិច្ច​។ បន្ត​ខិតខំ​សិក្សា​រៀនសូត្រ​ភាសា​បរទេស​បន្ថែម ដើម្បី​ងាយស្រួល​ទំនាក់ទំនង ជាមួយ​សហការី​សហប្រជាជាតិ និង​ប្រជាជន​នៃ​ប្រទេស​ដែល​យើង​បោះ​ទីតាំង​។ សិក្សា​ស្វែងយល់​ឱ្យបាន​ច្បាស់លាស់ ពី​ស្ថានភាព ភូមិសាស្ត្រ នយោបាយ​សង្គម ការ​ប្រឈម​ទាំងឡាយ​នៃ​បេសកកម្ម យកចិត្តទុកដាក់​ក្នុង​ការរៀបចំ​កម្លាំង និង​បន្ត​ប្រុងប្រយ័ត្ន​ជានិច្ច​ចំពោះ​គ្រោះថ្នាក់​គ្រប់​ប្រភេទ ដែល​អាច​កើតឡើង ដោយ​ការប៉ះទង្គិច​គ្នា រវាង​ក្រុម​ប្រដាប់អាវុធ​នានា ដោយ​ការវាយប្រហារ ពួនស្ទាក់​ឬ​គ្រោះធម្មជាតិ និង​គ្រោះថ្នាក់​ដោយ​ជំងឺឆ្លង​នានា​។ បន្ត​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស ជាមួយ​ប្រជាជន គោរព​ទំនៀម​ទំលាប់ និង​ចេះ​ជួយ​ប្រជាជន​នៅ​ទីកន្លែង ដែល​កងកម្លាំង​យើង​បំពេញ​ប្រតិបត្តិការ ដូចជា ជួយ​ទំនុកបម្រុង ឧបត្ថម្ភ ចែករំលែក​ស្បៀងអាហារ ជួយសង្គ្រោះ ពិនិត្យ​ព្យាបាល ជំងឺ និង​ការពារ​ប្រជាជន​នៅ​ទីនោះ​។ នេះ​គឺជា​កាយវិការ​ប្រកបដោយ​មនុស្សធម៌ សីលធម៌ គុណធម៌ ស័ក្ដិសម​ជា​កងយោធពល​ខេមរភូមិន្ទ ដែល​កើតចេញ​ប្រជាជន ធ្វើ​អ្វី​ដើម្បី​ប្រជាជន​”៕ ដោយ ​៖​ កូឡាប​

        

spot_img
×