Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុណ្យ​ទន្លេ​ឆ្នាំ​២០១៩ ធ្វើ នៅ​ខេត្ត​កំពង់ឆ្នាំង​

spot_img

​កំពង់ឆ្នាំង​ ៖ ពិធីបុណ្យ​ទន្លេ​លើក​ទី​៥ នឹង​រៀបចំ​នៅ​ខេត្ត​កំពង់ឆ្នាំង ចាប់ពី​ថ្ងៃ​ទី​១៥-១៧ ខែ​មីនា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ ទន្លេ ​៖ ផ្សារភ្ជាប់​សន្តិភាព ប្រជាជន និង​ទេសចរណ៍​។​

​ក្រសួង​ទេសចរណ៍ និង​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង បានរួម​គ្នា​បើក កិច្ចប្រជុំ​ត្រៀម​រៀបចំ​ពិធី​បុណ្យ​ទន្លេ នា​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៩​នេះ នៅ​សាលាខេត្ត​កំពង់ឆ្នាំង​។​

​ក្នុងឱកាស​នោះ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ជំរុញ​ឱ្យ​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ខិតខំ​បន្ត​រៀបចំ​របៀបរៀបរយ សណ្តាប់ធ្នាប់ អនាម័យ​សាធារណៈ ពិសេស​ក្នុង​ទីក្រុង និង​តាម​ដង​ទន្លេ​ឱ្យបាន​ល្អ និង​ខិតខំ​ចាប់​យក​ឱកាស​នៃ​បុណ្យ​ទន្លេ​នេះ ពង្រីក​ការយល់ដឹង​សាធារណៈ​ក្នុង​កិច្ចការ​រក្សា​ការពារ​បរិស្ថាន ជីវចម្រុះ​តាម​ដង​ទន្លេ និង​ខិតខំ​ពង្រីក​ការផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​ឱ្យ​បាន​ច្រើន​។​

​លោក​រដ្ឋមន្ត្រី​បាន​ថ្លែងថា រដ្ឋបាលខេត្ត និង​មន្ទីរ​ទេសចរណ៍ មន្ទីរ​ពាក់ពាន់​នានា​ក្នុង​ខេត្ត ត្រូវខិតខំ​ចាប់យក​ឱកាស​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៥ ដើម្បី​ផ្សព្វផ្សាយ​លើកកម្ពស់​ការយល់ដឹង​សាធារណៈ អំពី​ភាព​ស្អាត និង​បៃតង ថែរក្សា​បរិស្ថាន​ទន្លេ បរិស្ថាន​ទីក្រុង លើកកម្ពស់​គុណភាព ផលិលផល និង​សេវា​ទេសចរណ៍​ឱ្យ​បានល្អ ត្រូវ​ខិតខំ​ស្រាវជ្រាវ និង​ពង្រីក​គោលដៅ​ទេសចរណ៍​ថ្មីៗ ឱ្យបាន​ច្រើន​សាក​សមជា​ខេត្ត ដែល​សម្បូរ​ទៅ​ដោយ​សក្តានុពល​ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ​ដ៏​សម្បូរបែប ពិសេស​ទេសភាព​តាម​ដង​ទន្លេ​។​

​លោក​រដ្ឋមន្ត្រី ថោង ខុន បាន​ថ្លែង​ជំរុញ​ឱ្យ​មន្ទីរ​ទេសចរណ៍​ខិតខំ​អភិវឌ្ឍន៍​រមណីយដ្ឋាន​ទេសចរណ៍​ទាំងឡាយណា ដែល​មិនទាន់​មាន​ការអភិវឌ្ឍ និង​ត្រូវ​រៀបចំ​រមណីយដ្ឋាន​ទេសចរណ៍​ផ្សេងទៀត ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ ពិសេស​ត្រូវ​ខិតខំ​កៀរគរ​រក​ក្រុម​ហ៊ុន​​វិនិយោគ​លើ​វិស័យ​ទេសចរណ៍ ដើម្បី​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ​នៅក្នុង​ខេត្ត​បន្ថែមទៀត ជា​ពិសេស​ត្រូវ យកចិត្តទុកដាក់​ពី​ការពង្រឹង​សន្តិសុខ សណ្ដាប់ធ្នាប់ សេវា​ម្ហូបអាហារ រមណីយដ្ឋាន​ទេសចរណ៍ បង្គន់​អនាម័យ​សាធារណៈ និង​ចល័ត បញ្ហា​អនាម័យ បញ្ហា​សំរាម តាម​ដង​ទន្លេ ទីផ្សារ ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត និង​ត្រូវ​រៀបចំ​ពិព័រណ៍​ម្ហូបអាហារ ពិព័រណ៍​ផលិតផល​ក្នុងស្រុក ព្រមទាំង​ត្រូវ​រៀបចំ​ឱ្យ​បានល្អ​នូវ​កម្មវិធី​សិល្បៈ ព្រឹត្តិការណ៍​កីឡា និង​ពិធី​ផ្សេងៗ ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×