Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អ្នកព័ត៌មាន​ជិត ៥​ពាន់​នាក់​

spot_img

​ភ្នំពេញ​ ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន នៅ ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០១៩​នេះ អញ្ជើញ​ជួប​សំណេះសំណាល និង​ស្រស់ស្រូប​អាហារ​សាមគ្គី​ជាមួយ​អ្នក​ព័ត៌មាន​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។​ ​ជំនួប​នៅ​ល្ងាច​ថ្ងៃនេះ គឺជា​លើក​ទី​៣​។ លោក ផុស សុវណ្ណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន បានឲ្យដឹងថា អ្នកចូលរួម​ក្នុង​ជំនួប​ជាមួយ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​លើកទី​៣​នេះ មាន​ប្រមាណ ៤,៥០០​នាក់​នេះ។​

​បើ​តាម​លោក ផុស សុវណ្ណ អ្នកចូលរួម​ក្នុង​ពិធី​ជួបជុំ​ល្ងាច​នេះ មាន​ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រសួង​ព័ត៌មាន​សរុប​ចំនួន ១,០១៤​នាក់​, ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​សរុប​ចំនួន ៩៥៥​នាក់​, សារព័ត៌មាន​បោះពុម្ពផ្សាយ​សរុប​ចំនួន ៩៧៩​នាក់​, ក្រុមការងារ Facebook សរុប​ចំនួន ៩៦​នាក់ គេហទំព័រ និង TV Online សរុប​ចំនួន ៦៤៤​នាក់​, អ្នកនាំពាក្យ​ក្រសួង​-​ស្ថាប័ន សរុប​ចំនួន ១៣៤​នាក់​, អ្នកនាំពាក្យ​រាជធានី​-​ខេត្ត និង​មន្ទីរ​ព័ត៌មាន​រាជធានី​-​ខេត្ត សរុប​ចំនួន ២៨៤​នាក់​, ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា សរុប​ចំនួន ៤៧​នាក់​, ក្រុម​ការងារ​សន្តិសុខ​សរុប​ចំនួន ១៥០​នាក់ និង​ឧកញ៉ា​-​អគ្គនាយក ព្រមទាំង​សហការី និង​ម្ចាស់​ក្រុមហ៊ុន​ឯកជន​សរុប​ចំនួន ២៧៦​នាក់​។​
​លោក ផុស សុវណ្ណ បានបញ្ជាក់​ថា ជំនួប​អ្នកសារព័ត៌មាន​ក្នុង​ស្រុក​ជាមួយ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​លើកទី​៣​នេះ អ្នកចូលរួម​មានការ​កើន​ឡើង​ជាង​ជំនួប​កន្លងទៅ ដោយសារ​តែ​ជំនួប​លើក​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​អភិបាល​រាជធានី​-​ខេត្ត រួម​ទាំង​រដ្ឋមន្ដ្រី​តាម​ក្រសួង​មួយចំនួន​ផងដែរ​។​

​កាល​ពី​ម្សិលមិញ សម្តេច​តេជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ក្នុងផេក​ហ្វេស​ប៊ុ​កថា អ្នកព័ត៌មាន គឺជា​ដៃគូ​មិន​អាច​ខ្វះ​បាន​របស់​រាជរដ្ឋាភិបាល​ក្នុង​កិច្ចការ​អភិវឌ្ឍ​ជាតិ​។ សម្តេច​តេជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ដល់​អ្នកព័ត៌មាន​ឲ្យជួយ​ផ្សព្វផ្សាយ​កម្ពុជា​ទៅកាន់​ពិភពលោក ដើម្បី​ទាក់ទាញ​អ្នកទេសចរ និង​អ្នកវិនិយោគ​បរទេស​មក​កាន់​កម្ពុជា​។​

នៅ​ល្ងាច​ថ្ងៃ​សុក្រ​ស្អែក​ទី ១១ មករា នេះ ខ្ញុំ​នឹង​ជួប​បងប្អូន និង​ក្មួយៗ​អ្នកកាសែត នៅក្នុង​កម្មវិធី​បាយ​សាមគ្គី​នៅ​កោះ​ពេជ្យ​។ ពិត​ប្រាកដ​ណាស់ ការរីក​ចម្រើ​របស់របស់​ប្រទេសជាតិ គឺ​មិន​អាច​កាត់ផ្តាច់​ពី​ការចូលរួម​របស់​បង​ប្អូន និង​ក្មួយៗ​អ្នកសារព័ត៌មាន​បាន​ឡើយ​។​

​យើង​បាន​បាត់បង់​ឱកាស​កសាង​ប្រទេស​ជាច្រើន​ឆ្នាំ​មក​ហើយ​ដោយសារ​សង្គ្រាម​។ ក្រោយ​ពី​ប្រទេស​ជាតិ​មាន​សុខសន្តិភាព​ពេញលេញ គឺ​យើង​ត្រូវការ​ទេសចរ ពាណិជ្ជករ និង​អ្នកវិនិយោគទុន​បរទេស​ជាច្រើន​មក​វិនិយោគ​នៅ​កម្ពុជា​។ ដូច្នេះ​ការចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​វិជ្ជមាន​ពិត​ប្រា​ក គឺ​កាន់តែ​ផ្តល់​នូវ​ទំនុកចិត្ត​ដល់​ទេសចរ​បរទេស និង​វិនិយោគគិនប​រទេស​។​

​ខ្ញុំ​សូម​អរគុណ​បងប្អូន និង​ក្មួយៗ​អ្នក​សារពទ៌មាន​ជាតិ និង​អន្តរជាតិ​ទាំងអស់ រួម​ទាំង​បណ្តាញ​ព័ត៌មាន​អន​ឡា​ញ ( Online News ) និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ទាំងអស់ (Social Networks) ដែល​បាន​ចូលរួម​ផ្សព្វផ្សាយ​អំពី​កម្ពុជា​ទៅកាន់​ពិភពលោក​ក្នុង​ផ្លូវ​វិជ្ជមាន ដើម្បី​ប្រទេសជាតិ​យើង​កាន់តែ​រីកចម្រើន​លឿន​ទៅមុខ​។​

​នៅក្នុង​ឆ្នាំ​សកល​ថ្មី ២០១៩ នេះ ខ្ញុំ និង​ភរិយា សូម​ជូនពរ​ដល់​បង​ប្អូន និង​កូនក្មួយ​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ទូទាំង​ប្រទេស​ទទួលបាន​ជោគជ័យ​ក្នុង​ភា​កិច្ចការងារ និង​មាន​សុខ​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ​គ្រប់ៗ​គ្នា​។​

​ក្នុងនាម​ក្រសួង​ព័ត៌មាន​ដែល​ជា​អាណាព្យាបាល​លើ​ស្ថាប័ន​ព័ត៌មាន​នៅ​កម្ពុជា លោក ផុស សុវណ្ណ បាន​មើលឃើញ​ថា ជំនួប​រវាង​នាយករដ្ឋមន្ត្រី និង​អ្នកព័ត៌មាន ជា​ការបើកចំហរ​នូវ​លទ្ធិប្រជាធិបតេយ្យ និង​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ពី​សំណាក់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​មិន​ប្រកាន់​និន្នាការ​អ្វី​នោះឡើយ​។​

​ក្រោម​មាន​ជំនួប​រវាង​ប្រមុខ​រាជរដ្ឋាភិបាល ជាមួយ​អ្នកព័ត៌មាន លោក ផុស សុវណ្ណ បាន​មើលឃើញ​ថា វិស័យ​ព័ត៌មាន​កាន់តែ​រីកចម្រើន និង​ប្រសើរឡើង ដោយសារ​តែ​អ្នកព័ត៌មាន​ទទួលបាន​ការណែនាំ និង​កែលម្អ​មួយចំនួន​ពី​ប្រមុខ​ដឹកនាំ​កំពូល​របស់​ប្រទេស​ផ្ទាល់​តែម្ដង​។​

​អ្នកព័ត៌មាន បានបង្ហាញ​អារម្មណ៍​រីករាយ​ចំពោះ​ការ​បាន​ជួប​ដោយ​ផ្ទាល់​ជាមួយ​សម្តេច​តេជោ ហ៊ុន សែន ព្រោះ​ជា​ឱកាស​ទទួល​នូវ​ដំបូន្មាន​មួយចំនួន​លើ​ការផ្សព្វផ្សាយ​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​។ ជាមួយគ្នា​នោះ ក៏​មាន​អ្នកព័ត៌មាន​មួយចំនួន​យក​ឱកាស​នេះ​លើក​ជា​សំណើ​ទៅ​កាន់​នាយករដ្ឋមន្ត្រី ចង់ឲ្យ​មាន​កិច្ចសហកា​រ​កាន់​ល្អ​ប្រសើរ​ថែម​ទៀត ពី​តាម​ក្រសួង ស្ថាប័ន​របស់​រដ្ឋ ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ការ​យក​ព័ត៌មាន​ទៅ​ផ្សព្វផ្សាយ​៕​ ដោយ ៖ កូឡាប

spot_img
×