Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ស្នើ​អ្នកសារព័ត៌មាន រក្សា​តម្លៃ​របស់ខ្លួន ត្រូវធ្វើ​ព័ត៌មាន​ដែល​ច្បា​ស់ពិត ហើយ​កុំ​ដើរតួ​ជា​តុលាការ​កាត់ក្តី​

spot_img

​ភ្នំពេញ ​៖ នៅ​ល្ងាច​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ផ្តល់​កិត្តិ​យ​ជួប​សំណេះសំណាល​និង​ពិសា​របាយ​សាមគ្គី​ជាមួយ​អ្នកព័ត៌មាន ៤.៥០០​ពាន់​នាក់ ដែល​មកពី​ស្ថាប័ន​ផ្សេងៗ​រួមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រសួង​ព័ត៌មាន ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​, សារព័ត៌មាន​បោះពុម្ពផ្សាយ​, ក្រុម​សារព័ត៌មាន​តាម​បណ្តាញ​សង្គម Facebook, គេហទំព័រ និង TV Online, អ្នកនាំពាក្យ​ក្រសួង​-​ស្ថាប័ន​, អ្នកនាំពាក្យ​រាជធានី​-​ខេត្ត និង​មន្ទីរ​ព័ត៌មាន​រាជធានី​-​ខេត្ត ដែល​បាន​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយ​យ៉ាងខ្លាំង​ដែល​បាន​អញ្ជើញ​មកជួបជុំ​សំណេះសំណាល និង​ពិសារ​អាហារ​សាមគ្គី​ជាមួយ​បងប្អូន​កូនក្មួយ​ជា​អ្នក​សារព័ត៌ មាន​ជាតិ​នៅក្នុង​ជំនួប​លើក​ទី​៣ ប្រចាំឆ្នាំ​២០១៩​។​

​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី សម្តេច​តេ​ជោ ហ៊ុន សែន តែងតែ​ផ្សាភ្ជាប់​ទំនាក់ទំនង​ល្អ​ជាមួយ​ពលរដ្ឋ អង្គការ និង​សមាគម​នានា​តាមរយៈ​កម្មវិធី​ជួបជុំ​ដូច​ល្ងាច​នេះ​ដែល​កន្លងមក គឺមាន​កម្មវិធី​ជួបជុំ​បងប្អូន​ខ្មែរឥស្លាម​, បងប្អូន​ខ្មែរ​-​ចិន​, បងប្អូន​គ្រឹ​ស្ថ​សាសនា​, បងប្អូន​កូនក្មួយ​សិល្បៈករ សិល្បៈការិនី​, បងប្អូន​កូនក្មួយ​កីឡាករ​កីឡាការិនី និង​ការជួបជុំ​ជាមួយ​បងប្អូន​កូនក្មួយ​អ្នកសារព័ត៌មាន​ជាដើម​។ គោលបំណង​នៃ​ការជួបជុំ​គឺ​ដើម្បី​ស្វែងយល់​អំពី​សុខទុក្ខ​ផ្ទាល់​របស់​បងប្អូន​អ្នកសារព័ត៌មាន និង​បាន​ផ្តល់នូវ​អនុសាសន៍​ល្អៗ ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ​ព័ត៌មាន​អោយ​បានល្អ​ត្រឹមត្រូវ​ពិតប្រាកដ​តាម​ក្រម​សីល​ធ​ម៍​ច្បាស់លាស់​ដើម្បី​បំរើ​សង្គមជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​។​

​នៅក្នុង​ឱកាស​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​សំណូមពរ​ដល់​ស្ថាប័ន​សារព័ត៌មាន​ទាំងអស់ ត្រូវអនុវត្ត​នូវ​ចំនុច​សំខាន់ៗ​មួយចំនួន​ដូចជា​ ៖

១) ស្ថាប័ន​ព័ត៌មាន​ទាំង​រដ្ឋ និង​ឯកជន​ទាំងអស់ ត្រូវ​ដើរតួនាទី​ជា​ស្ថាប័ន​ព័ត៌មាន​ពិត គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​សង្គមជាតិ​ពិតប្រាកដ​។ សូមកុំ​ឲ្យ​កញ្ចក់​នោះ​ជា​កញ្ចក់​ដែល​បែក​ធ្លុះ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ពី​សង្គម​។​

២) ស្ថាប័ន​ព័ត៌មាន​រដ្ឋ និង​ឯកជន​ទាំងអស់ ត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ដោយមាន​ការពន្យល់​ច្បាស់លាស់ ទៅ​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់​ជ្រួតជ្រាប​អំពី​ទិសដៅ និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ហើយ​នាំយក​នូវ​អ្វី​ដែលជា​ការពិត ពី​ប្រជាពលរដ្ឋ​មកកាន់​រដ្ឋាភិបាល​វិញ គឺ​ទាំង​ក្នុង​កម្រិត​តាក់តែង និង​កម្រិត​អនុវត្តន៍​អោយមាន​ប្រ​សិ​ទ្ឋ​ភាព​។​

៣)​ស្នើ​ឲ្យ​សារព័ត៌មាន​ត្រូវ​ចេះ​ចូលរួម​ជួយ​រិះគន់ ដើម្បី​ស្ថាបនា​រាល់​កំហុសឆ្គង និង​ផែន​ការដែល​បានដាក់​ចេញ នៃ​ក្រសួង​ស្ថាប័ន​នានា ដើម្បី​ធ្វើការ​កែលម្អ ហើ​ក៏​មិនមែន​រិះគន់​ដើម្បី​តែ​ជាន់ពន្លិច​នោះទេ​។​

៤) សំណូមពរ​ឲ្យ​អ្នកសារព័ត៌មាន​ចូលរួម​សិក្សា​វិភា​គជា​លក្ខណៈ​អន្តរជាតិ ដើម្បី​បានដឹង​អំពីរ​រឿងរ៉ាវ​ទាំងឡាយ​ដែល​កើតមានឡើង​នៅលើ​ពិភពលោក ហើយក៏​ចង់​ឲ្យ​អ្នកសារព័ត៌មាន​ក្លាយ ទៅជា​អ្នកវិភាគ​ផងដែរ ចំពោះ​ព្រឹត្តិការណ៍​ក្រៅប្រទេស ពីព្រោះ​កន្លងមក​មាន​បរទេស​គេ​វិភាគ និង​ផ្សាយ​ពី​កម្ពុជា ដូច្នេះ​យើង​ត្រូវ​ចេះ​សិក្សា​បកស្រាយ និង​វិភាគ​ពី​គេ​វិញ​ផងដែរ​។​

៥)​សំណូមពរ​ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងអស់​ឲ្យ​បាន​ត្រឹមត្រូវ មាន​ក្រមសីលធម៌​វី​ជ្ជា​ជីវៈ ពិសេស សម្តេច​តេ​ជោ​បាន​សំណូមពរ ដល់​អ្នក​ប្រ​ប្រាស់​បណ្តាញ​សង្គម ហ្វេ​ស​បុគ (Facebook) សូមកុំ​ឲ្យ​មានការ​ជេរប្រមាថ ហែកកេរ្តិ៍​ខ្មាស់​គ្នា ដែល​នាំ​ឲ្យ​មានរឿង​ប្តឹងផ្តល់ និង​ឡើង​តុលាការ​ជាដើម​។ សូម​រក្សា​តម្លៃ​របស់ខ្លួន ពិសេស​អ្នកសារព័ត៌មាន​ត្រូវធ្វើ​ព័ត៌មាន​ដែល​ច្បា​ស់ពិត កុំ​ស្មានៗ ហើយក៏​មិនត្រូវ​ដើរតួ​ជា​តុលាការ​កាត់ក្តី​ឡើយ​។​

៦) ត្រូវ​ចូលរួម​លុបបំបាត់​អ្នកសារព័ត៌មាន​ជម្រិត​ទារប្រាក់ គឺ​កុំ​ធ្វើជា​អ្នកសារព័ត៌មាន​សម្រាប់​តែ​ជម្រិត​ទា​លុយ​ពី​គេ ឬ​មាន​លក្ខណៈ​ជា​ក្រុម​ព័ត៌មាន “​ម៉ាហ្វីយ៉ា​”​។​

៧) កុំ​ផលិត និង​ជួយ​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ ដែល​មិនបាន​ផ្តល់​ប្រយោជន៍​ដល់​សង្គម​។ ម្យ៉ាងវិញទៀត​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ គឺ​អ្នកសារព័ត៌មាន​ត្រូវ​បញ្ចេញ​ព័ត៌មាន​ពិតប្រាកដ​ចេញមក​បកស្រាយ ដើម្បី​លុបបំបាត់​នូវ​ព័ត៌មាន​ក្លែងក្លាយ​ទាំងនោះ​។​

៨) ត្រូវខិតខំ​លើកកម្ពស់​សមត្ថ​ភា​ពបុ​គ្គ​លិកសារ​ព័ត៌មាន និង​ធ្វើការ​បណ្តុះ​បណ្តា​ធនធានមនុស្ស និង​អភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ ។ ជាពិសេស ត្រូវ​ទំនាក់ទំនង​ជាមួយ​បណ្តា​សមាគម ស្ថាប​ន័​ជំនាញ សកលវិទ្យា​ល័យ និង​ក្រសួង​ព័ត៌មាន​ជាដើម ដើម្បី​ទទួលបាន​នូវ​ការបណ្តុះបណ្តាល​នូវ​ជំនាញ​សារព័ត៌មាន​បន្ថែមទៀត​។ ម្យ៉ាងទៀត គឺ​ត្រូវ​ទាក់ទង​អ្នក​ដែលមាន​ជំនាញ​ច្បាស់លាស់ ដើម្បី​បង្កើន​គុណភាព​ការងារ និង​ការផលិត​ឲ្យ​មាន​ភាព​កាន់តែ​ល្អប្រសើរ​។​

​ទន្ទឹមនឹង​នោះដែរ សម្តេច​តេ​ជោ ហ៊ុន សែន បាន​គាំទ្រ​និង​ជំរុញ​ឲ្យ​មានការ​រៀបចំ​យុទ្ធនាការ​ប្រកួតប្រជែង អំពី “​ការផលិត​ព័ត៌មាន​ពិត ហើយ​លឿន បើ​អាចធ្វើ​ច្រើន​ភាសា គឺ​រិត​តែ​ល្អ​”​។ សម្តេច​តេ​ជោ ក៏បាន​គាំទ្រ និង​ជំរុញអោយមាន​ប្រ​ព័​ន្ឋ​ផ្សេ​ព្វ​ផ្សាយ​អន​ឡាញ (online)​អោយបាន​ច្រើន ព្រោះ​សព្វថ្ងៃនេះ អ្នកតាមដាន​ព័ត៌មាន​មិនសូវ​រង់ចាំ​មើល​តាម​ទូរ​ទស្ស​ទេ​។​

​នៅថ្ងៃនេះ សម្តេច​តេ​ជោ បានបញ្ជាក់​ជូន​អ្នកសារព័ត៌មាន​ទាំងអស់​ថា សម្តេច​នឹង​នៅ​បន្ត​ដឹកនាំ​ប្រទេស​យ៉ាងហោចណាស់​ដល់​ឆ្នាំ ២០២៨ ដែល​សម្តេច​គ្រោង​នឹង​ជួប​បងប្អូន​អ្នកសារព័ត៌មាន​ចំនួន ៩​ដង​ទៀត​។​
សម្តេច​តេ​ជោ បាន​ថ្លែងថា សម្តេច​កំពុង​ក្លាយជា​តួអង្គ​មួយ​ដែល​ត្រូវមាន​ជំនួប​ជាច្រើន​ប្រចាំឆ្នាំ​មិ​
​ន​ត្រឹមតែ​អ្នកព័ត៌មាន​ទេ នៅមាន​ជំនួប​ជាមួយ​អ្នកសិល្បៈ ជាមួយ​សមាគម​ចិន ជាមួយ​គ្រឹ​ស្ត​បរិស័ទ និង​ជាមួយ​បងប្អូន​ខ្មែរ​-​ឥស្លាម​ជាដើម​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា មាន​បញ្ហា​ជាច្រើន​ដែល​ត្រូវ​រួមគ្នា​ដោះស្រាយ មិនមែនជា​កាតព្វកិច្ច​របស់​អ្នកព័ត៌មាន ឬ​ស្ថាប័ន​ណាមួយ​នោះឡើយ​។ សម្តេច បាន​ឲ្យ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ពិចារណា​ក្នុងការ​កែប្រែ​ប្រព័ន្ធ​ផ្សាយ​ពី​អាណា​ឡូ​ក (Analog) ទៅជា​ឌីជីថល (Digital)​។ ក្រសួង​ព័ត៌មាន និង​ក្រសួង​ប្រៃសនីយ៍​រួមគ្នា​គិតគូរ​លើ​បញ្ហា​នេះ​។​

សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ​ឲ្យ​មានការ​សិក្សា​ទិដ្ឋភាព​ច្បាប់ ដើម្បី​ឈានទៅរក​ការគ្រប់គ្រង​លើ​ឧក្រិដ្ឋកម្ម​ព័ត៌មាន​បច្ចេកវិទ្យា និង​ព័ត៌មាន​ក្លែងក្លាយ​។ បណ្តា​ប្រទេស​នៅ​តំបន់​អឺរ៉ុប​សុទ្ធ​តែមាន​ក្តីបារម្ភ​ពី​ឧក្រិដ្ឋកម្ម​ព័ត៌មាន​បច្ចេកវិទ្យា និង​ព័ត៌មាន​ក្លែងក្លាយ ហើយ​ប្រទេស​ទាំងនោះ ក៏មាន​ច្បាប់​គ្រប់គ្រង​ទៅលើ​បញ្ហា​ទាំងពីរ​នេះ​ផងដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​ប្រឹងប្រែង​ក្នុងការ​ផ្សព្វផ្សាយ តែ​ប្រជាពលរដ្ឋ​មួយចំនួន​មិន​ទទួលយក​។ រវាង​ព័ត៌មាន និង​បទ​ចម្រៀង ពលរដ្ឋ​ចូលចិត្ត​ចម្រៀង​ជាង រវាង​ព័ត៌មាន និង​បាល់ទាត់ ពលរដ្ឋ​ចូលចិត្ត​បាល់ទាត់​ជាង​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា សម្តេច​ចង់​ឲ្យ​អ្នកព័ត៌មាន​ចូលរួម​រិះគន់ ដើម្បី​ស្ថាបនា​ទាំង​កម្រិត​បញ្ហានយោបាយ ទាំង​ស្ថាប័ន និង​បុគ្គល​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បន្ត​អំពាវនាវ​ដល់​អ្នកព័ត៌មាន​ឲ្យ​ផ្សាយ​ត្រឹម​ហេតុការណ៍ កុំ​ព្យាយាម​ធ្វើជា​ចៅក្រម​កាត់សេចក្តី​។ អ្នកព័ត៌មាន មិនមែនជា​នគរបាល​យុត្តិធម៌ ទៅ​ដាក់​ប៉ា​រ៉ា​ស់​ចាប់​រថយន្ត​នោះឡើយ​។ សូម​ឲ្យ​អ្នកព័ត៌មាន​​ទាំងអស់ ចូលរួម​ប្រយុទ្ធ​ជាមួយ​ព័ត៌មាន​ក្លែងក្លាយ ព្រោះ​នៅ​កម្ពុជា​ព័ត៌មាន​ក្លែងក្លាយ​កំពុង​កើតមាន​ច្រើន​។ ដើម្បី​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ គឺ​ត្រូវ​រួមគ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ចេញមក​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែង​គាំទ្រ​ចំពោះ​គំនិត​បង្កើត​ព័ត៌មាន ជា​ភាសា​អង់គ្លេស ដើម្បី​រុញ​ព័ត៌​មាន​​ពី​កម្ពុជា ទៅកាន់​ពិភពលោក​។ អ្នកព័ត៌មាន ត្រូវ​បើ​យក​យុទ្ធនាការ​ប្រកួតប្រជែង ផ្សព្វផ្សាយ​ឲ្យ​បាន​លឿន និង​ពិត ហើយ​មាន​ច្រើន​ភាសា​។​

​សម្តេចនាយក​រដ្ឋមន្ត្រី​ប្រកាសថា នឹង​នៅតែ​បន្ត​ជួប​ជាមួយ​អ្នកព័ត៌មាន​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត រហូតដល់​ឈប់​ធ្វើ​នាយករដ្ឋមន្ត្រី​។​

​គួរ​បញ្ជាក់ថា​នៅថ្ងៃនេះ​ដែរ សម្តេច​តេ​ជោ​នាយ​រក​ដ្ឋ​មន្ត្រី បានប្រកាស​ឲ្យ​អ្នកសារព័ត៌មាន និង​ប្រជាពលរដ្ឋ​បានដឹងថា សម្តេច​តេ​ជោ​បានសម្រេច​បញ្ចប់​រឿងរ៉ាវ​មួយ​ដ៏​សំខាន់​ជាមួយ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គឺ​ចាប់ពីពេលនេះ​តទៅ​នៅតាម​ច្រកព្រំដែន​ទាំងអស់ គឺ​មិន​ឲ្យ​មាន​ផ្នែក​ណា​ផ្សេង​ក្រៅតែពី “​នគរបាល​អន្តោប្រវេសន៍ និង​គយ “ តែប៉ុណ្ណោះ​។ ភ្នាក់ងារ​ដទៃៗ​ទៀត រួមទាំង​កាំកុងត្រូល គឺ​ត្រូវ​ដកចេញ​ឲ្យ​អស់​។ ទន្ទឹមនឹងនោះ ក៏ត្រូវ​បញ្ចុះតម្លៃ​ស្កែ​ន (Scan) ទំនិញ​ផងដែរ ដើម្បី​ឲ្យ​អ្នករកស៊ី​ទទួលបាន​ផលចំណេញ​កាន់តែច្រើន​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានបញ្ជាក់​ច្បាស់​ថា​ការអនុវត្ត​បែបនេះ គឺ​ដើម្បី​ចូលរួមចំណែក​ក្នុងការ​លុបបំបាត់​ភាព​អសកម្ម​ផ្សេងៗ និង​អំពើរ​ពុករលួយ​ជាដើម និង​ម្យ៉ាងវិញទៀត​គឺ​បាន​បង្កលក្ខណៈ​កាន់តែ​ងាយស្រួល​ដល់​ពាណិជ្ជករ និង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងការ​ប្រកប​អាជីវកម្ម​ផងដែរ​។ ទន្ទឹម​និង​នេះ គឺ​នឹង​ជួយ​ឲ្យ​សេដ្ឋកិច្ចជាតិ​មាន​ដង្ហើមរស់​បាន​ដោយ​ស្រួល​ទៀតផង​៕ ដោយ​៖​កូ​ឡាប​

spot_img
×