Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច ហ៊ុន សែន ៖ ទោះបីជា​គេ​អនុគ្រោះ​ឬ​មិន​អនុគ្រោះ ក៏​កម្ពុជា​នៅតែ​រស់​

spot_img

​ភ្នំពេញ ​៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា មានប្រសាសន៍ថា នៅពេលនេះ សម្តេច​កំពុង​បង្កើត​យុទ្ធនា​ការពង្រឹង​ឯករាជ្យ​របស់​កម្ពុជា​ដើម្បី​ទប់ទល់​នឹង​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អឺរ៉ុប និង​អាមេរិក បើទោះបីជា​គេ​អនុគ្រោះ​ឬ​មិន​អនុគ្រោះ ក៏​កម្ពុជា​នៅតែ​រស់​។​

​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​អ្នកសារព័ត៌មាន នៅ​រសៀល​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩ នៅ​កោះ​ពេជ្រ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងថា សម្តេច​បាន​ជួបពិភាក្សា ជាមួយ​លោក អូន ព័ន្ធមុនីរ័ត្ន ឧ​ប​នាយ​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្នុង​ការរៀប​យុទ្ធសាស្ត្រ​ថ្មី​មួយ ដើម្បី​ទប់ទល់​ទៅនឹង​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ របស់​អឺរ៉ុប និង​អាមេរិក ដោយ​ថា កម្ពុជា ដល់​ពេលដែល​ខ្លួន​ត្រូវ​ពង្រឹង​ឯករាជ្យ ឈប់​ពឹង​លើ​ខ្យល់​ដកដង្ហើម​របស់​ប្រទេស​ដទៃ ដើម្បី​រស់​ហើយ​។ សម្តេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែងថា បើទោះបីជា​គ្មាន ការអនុគ្រោះ​ពន្ធ​ទំនិញ​ពី​អឺរ៉ុប ក៏​កម្ពុជា មិន​ស្លាប់​នោះដែរ​។ សម្តេច ទើបនឹង​សម្រេច​ឲ្យ​គ្រប់​ច្រកព្រំដែន​ទាំងអស់ ទុក​ឲ្យ​មាន​ស្ថាប័ន​អន្តោប្រវេសន៍ និង​គយ​តែប៉ុណ្ណោះ ចំណែកឯ​ស្ថាប័ន​ផ្សេងៗ នឹងត្រូវ​ជម្រុះ​ចោល​។

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា ” ជាង​៣០​ឆ្នាំ​កន្លងមកនេះ បទពិសោធន៍​នៃ​គោលនយោបាយ មិនមែន​យើង​ដាក់​ទៅនោះ ចេះតែ​ត្រូវ​នោះទេ សូម្បីតែ​មុន​មកនេះ ខ្ញុំ​ត្រូវ​ដោះស្រាយ​បញ្ហា​មួយចំនួន ក្នុង​ក្របខ័ណ្ឌ​គោលនយោបាយ គាំទ្រ​ទៅលើ​បញ្ហា​ធុរកិច្ច នៅក្នុង​ប្រទេស​យើង ដែល​ខ្ញុំ​បាន​ឲ្យ​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បើក​យុទ្ធនាការ ដែល​គេ​ហៅថា យុទ្ធ​នាគារ​ពង្រឹង​ឯករាជ្យ​របស់​កម្ពុជា ។ មាន​ចំណុច​មួយចំនួន អាច​នឹង​ជួយ​ឲ្យ​វិស័យ​ធុរកិច្ច របស់​យើង​បើ​ទៅ​បី​ជា​គ្មាន​ភាពអនុគ្រោះ ក៏​កម្ពុជា នៅតែ​រស់ ។ ឧទាហរណ៍ ខ្ញុំ​បានសម្រេច​អម្បាញ់មិញ នៅតាម​មាត់ច្រក​តាម​ព្រំដែន ក្នុងការ​នាំចេញ​នាំចូល អត់​មាន​តម្រូវការ​ឲ្យ​មាន​ស្ថាប័ន​ណា ក្រៅពី​អន្តោប្រវេសន៍ និង​គយ​ទេ​។ ឲ្យ​តែ​ពីរ​ហ្នឹង​ទេ​! ក្រៅពីនោះ ដកចេញ​ឲ្យ​អស់ ទាំង​កាំកុងត្រូល ទាំង​អា​ស្អី ដកចេញ​ឲ្យ​អស់ ព្រោះ​អាហ្នឹង វា​កើត​ទៅជា​ឧបសគ្គ ស្ថាប័ន​នានា​វា​កើត​ទៅជា​ឧបសគ្គ​នៃ​ការរារាំង នៃ​ការធ្វើ​ពាណិជ្ជកម្ម​ទៅវិញ​ទេ​។ អ៊ីចឹង​ទេ បើ​ទុក​វា​នាំ​តែ​ខាង​អ៊ីចឹង​ដែរ ។ ឲ្យ​វា​ចេញមក ទុក​តែ​ប៉ូលិសអន្តោប្រវេសន៍ ព្រោះ​អាហ្នឹង​វា​ឆ្លងកាត់ វា​ត្រូវ​វាយ​ត្រា ហើយ​ហ្នឹង​ទុក​តែ​គយ​បាន​ហើយ ព្រោះ​វា​ត្រូវ​វាយ​ត្រា ឯ​ក្រៅពីនោះ ត្រូវ​ដកចេញ​មក​ទាំង​អស់​ទៅ ។ បើ​អត់​មានការ​ងារ​ធ្វើ​ទេ គឺ​បុគ្គលិក​ចូលនិវត្តន៍​មិនបាច់​រើស​ថែមទៀត កុំ​រើស​។ បញ្ហា​មួយចំនួន​ត្រូវធ្វើ​ដូចជា​អា​ស្គេ​ន ត្រូវ​បញ្ចុះ​ថ្លៃ​អា​ស្គេ​ន​ហ្នឹង​ទៀត ព្រោះថា​យើង​មិនត្រូវ​ស្គេ​ន ដើម្បី​ដឹងថា ទំនិញ​នាំចេញ​នាំចូល របស់​យើង​វា​មិន​បង្កប់​ដោយ​ស្អី ហើយ​តម្លៃ​របស់​យើង​ថ្លៃ ដូច្នេះ​យើង​ត្រូវ​ទម្លាក់​ចុះ ដើម្បី​ឲ្យ​គេ​នាំចេញ ឲ្យ​អ្នករកស៊ី​កាន់តែ​មាន​ប្រាក់ចំណេញ ។ នៅមាន​មួយចំនួនទៀត ដែល​យើង​ត្រូវធ្វើ អ៊ីចឹង​បានសេចក្តីថា បើ​យោងទៅលើ​អ្វីដែល​យើង​រកឃើញ​នេះ អ្វីដែល​យើង​ដាក់​នាពេល​កន្លងទៅ វា​អត់​ទាន់​ត្រូវ ត្រូវ​កែលម្អ ។ ខ្ញុំ​បាន​ប្រើពាក្យ​នៅ​សន្និបាត​ទៅ​កោះ​ពេជ្រ ប្រើពាក្យ បាវចនា​២ អភិក្រម​៥ ។ បាវចនា​២ គឺ​កែទម្រង់​ខាងក្នុង​បង្កើន​មិត្ត​ខាងក្រៅ​ក្នុង​ស្មារតី​ឯករាជ្យ ឯ​អភិក្រម​៥ ឆ្លុះកញ្ចក់ មុជទឹក ដុះក្អែល ព្យាបាល និង​វះកាត់ ។ ដូច្នេះ​គ្រាន់តែ​មុន​មក​អម្បាញ់មិញ ខ្ញុំ​បានសម្រេច ធ្វើ​ឲ្យ​សម្រាល​ទៅដល់​ក្រុម​ធុរកិច្ច ដែល​អាច​និយាយបានថា​បើទោះបី​មាន​ភាពអនុគ្រោះ ឬ​គ្មាន​ភាពអនុគ្រោះ បានសេចក្តីថា​កម្ពុជា​ធានាថា​រស់ក្នុង​បញ្ហា​សេដ្ឋកិច្ច​របស់ខ្លួន ។ ចំណែកឯ​បញ្ហា​ចំណាយ​ក្រោម​តុ ចំណាយ​លើ​តុ ដែល​នៅមាន ត្រូវ​កាត់បន្ថយ​បញ្ហា​ហ្នឹង​ទាំងអស់ ដើម្បី​ពង្រឹងស្មារតី​ឯករាជ្យ កុំ​ឲ្យ​ផ្អែកលើ​អុក​ស៊ី​របស់គេ អ្នក​ឯក​ចង់​ដក​អុក​ស៊ី​យកទៅ​ណា ក៏​ដក​ទៅ ខ្ញុំ​នៅតែ​រស់ នេះ​ជា​រឿង​ចាំបាច់​ត្រូវធ្វើ​។

​កាលពី​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៩ សមាជិក​ព្រឹទ្ធសភា​អាមេរិក​ចំនួន​២​រូប បានស្នើ​ទៅ​រដ្ឋបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ឲ្យ​សើរើ​ច្បាប់ពាណិជ្ជកម្ម ឬ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម GSP ជាមួយ​កម្ពុជា ខណៈ​សហភាព​អឺរ៉ុប ដែលជា​ទីផ្សារ​ធំ​បំផុត​នៃ​ទំនិញ​នាំ​ចេញពី​កម្ពុជា​នោះ ក៏បាន​ដំណើរ​ការដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ពី​កម្ពុជា​ផងដែរ ដែល​ប្រព័ន្ធ​នៃ​ការអនុគ្រោះ​ពន្ធ​ទាំងពីរ​នេះ បានធ្វើ​ឲ្យ​កម្ពុជា​ចំណេញ​ថវិកា​រាប់រយ​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ ៕ ដោយ ​៖ ​កូ​ឡាប​

spot_img
×