Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ថ្ងៃទី​១៤​មករា​នេះ ជា​ខួប​ទី​៣៤​ឆ្នាំ នៃ​ការដឹកនាំ​របស់​សម្តេច​តេជោ សែន នៅ​កម្ពុជា (១៩៨៥-២០១៩)

spot_img

​ភ្នំពេញ ​៖ នៅ​ថ្ងៃ​ទី ១៤ ខែ មករា ឆ្នាំ ២០១៩ នេះ គឺជា​ខួប​លើក​ទី ៣៤ ដែល សម្តេច​តេជោ ហ៊ុន សែន ត្រូវបាន​ទទួល​តំណែង​ជា “​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​” (១៤​មករា ១៩៨៥-១៤ មករា ២០១៩)​។ បើ​គិត​ពី​រយៈពេល​ដែល សម្តេច​តេជោ បាន​ចូលរួម​ក្នុង​រដ្ឋាភិបាល គឺ​ចាប់តាំងពី​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ មកទល់ពេលនេះ គឺ​មាន​រយៈពេល ៤០​ឆ្នាំ​ហើយ ។​

​ក្រោម​ការដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ​ច្បាស់លាស់ របស់ សម្តេច​តេជោ គឺ​បាន​បញ្ចប់​សង្គ្រាម​ទាំងស្រុង​នៅ​ក្រោម នយោបាយ ឈ្នះ ឈ្នះ ដែល​បាន​បង្រួបបង្រួម​ជាតិ នាំមក​នូវ​សន្តិភាព​ពេញលេញ និង​ការអភិវឌ្ឍ​គ្រប់​វិស័យ រួមទាំង​សមិទ្ធផល​ផ្លូវ​ខ្សែក្រវ៉ាត់​ទី ៣ ដែល​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ថ្ងៃនេះ​។​

​សម្តេច​តេជោ បាន​អរគុណ​បងប្អូន​សមាជិក សមាជិការ គណបក្ស​ប្រជាជន​កម្ពុជា ទូទាំង​ប្រទេស និង​បងប្អូន​ជនរួមជាតិ ដែល​ផ្តល់​នូវ​ក្តី​អាណិត​ស្រឡាញ់ និង​ជំនឿ​ទុកចិត្ត ព្រមទាំង​បាន​បោះឆ្នោត​គាំទ្រ សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​កម្ពុជា នៅក្នុង​ការ បោះ ឆ្នោត​ជា​ច្រើន​អាណត្ត​កន្លង​មកនេះ​។ សូម​ជូនពរ​បងប្អូន​ជនរួមជាតិ ជួបតែ​សេចក្តីសុខ និង​សំណាងល្អ​គ្រប់ៗ​គ្នា​នៅក្នុង​ឆ្នាំ​សកល​ថ្មី ២០១៩​នេះ​។​

​សម្តេច​តេជោ ហ៊ុន សែន ធ្លាប់​បាន​គូសបញ្ជាក់ថា ការទទួល​បាន​តំណែង​ជា​នាយករដ្ឋមន្ត្រី​នេះ បន្ទាប់ពី​សម្តេច​បាន​បំពេញភារកិច្ច ជា​រដ្ឋមន្ត្រី​ការបរទេស ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការ​ទេស​រយៈពេល​៦​ឆ្នាំ ហើយក៏​បាន​បំពេញ​មុខនាទី​ជា​នាយករដ្ឋមន្ត្រី​ស្តីទី​ជាង​៣​ខែ ពេលដែល​លោក ចាន់ ស៊ី ចេញ​ទៅ​ព្យាបាល​ជំងឺ និង​ទទួល​មរណភាព​នៅ​ទីក្រុង​មូ​ស្គូ សហភាពសូវៀត​។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី​តាំងពី​មាន​វ័យក្មេង​ជាងគេ ហើយ​បន្ត​កាន់តំណែង​រហូត​ក្លាយជា​នាយក​រដ្ឋមន្ត្រី​មាន​អាយុ​ច្រើនជាងគេ ក្រោម​ការគាំទ្រ​របស់​ប្រជាពលរដ្ឋ​រូប​នេះ ក៏​បានឲ្យ​ដឹង​ផងដែរ តំណែង​ជា​នាយករដ្ឋមន្ត្រី​លើកដំបូង​នេះ​ទទួលបាន​ការគាំទ្រ​របស់​ថ្នាក់ដឹកនាំ​បក្ស និង​រដ្ឋ ពិសេស​គឺ​សម្តេច ហេង សំរិន​, សម្តេច ជា ស៊ីម​, លោក សាយ ភូថ​ង និង​លោក ជា សុទ្ធ​។​ល​។ ទើប​មាន​ការរៀបចំ​បែបនេះ​។​

​បុរស​ដែល​បាន​កាន់​តំណែង​យូរ​ជាង​គេ​នៅ​តំបន់​អាស៊ី បានបញ្ជាក់​ថា អ្វី​ដែល​ធ្វើឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​បំផុត គឺ​ការបោះឆ្នោត​ជាសម្ងាត់​នៅ ក្នុង​រដ្ឋសភា គឺ​ខ្ញុំ​ទទួលបាន​សំឡេង​ឆ្នោត​គាំទ្រ​១០០​ភាគរយ​។ គ្មាន​សន្លឹកឆ្នោត​ប្រឆាំង គ្មាន​សន្លឹកឆ្នោត​អនុប្បវាទ គ្មាន​សន្លឹក ឆ្នោត​មោឃៈ​។ នាយករដ្ឋមន្ត្រី​២​រូប​មុន​ខ្ញុំ តែង​មាន​សន្លឹកឆ្នោត​ប្រឆាំង​មិនតិច​ជាង​៥​សំឡេង​។ កម្លាំង​គាំទ្រ​ដ៏​ខ្លាំង​បែបនេះហើយ​ទើប​ធ្វើឲ្យ​ខ្ញុំ​សម្រេចបាន​នូវ​របៀប​វា​រៈ​នយោបាយ​ដែល​ប្រជាជន​កម្ពុជា បាន និង​កំពុង​ទទួល​ផល​រហូត​សព្វថ្ងៃនេះ​។​

​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​ធ្លាប់តែ​ឆ្លងកាត់​សមរភូមិ​ប្រយុទ្ធ​កាន់​កាំភ្លើង​ច្រើនជាង​ការ​កាន់​ប៊ិច​រូបនេះ បាន​រំលឹកថា ការ​ឡើង កាន់ តំណែង​ជា​នាយក​រដ្ឋមន្ត្រី​នៅ​ចំពោះ​ពេល​ប្រទេសជាតិ ខ្វះ​ស្បៀង​អាហារ​យ៉ាងខ្លាំង ព្រោះតែ​ការរង​នូវ​ទឹកជំនន់ និង គ្រោះ រាំង ស្ងួត​ក្នុង​ឆ្នាំ​១៩៨៤​។ បើទោះបីជា​ការឡើង​ដឹកនាំ​ប្រទេស​ក្នុង​ស្ថានភាព​ខ្វះ​ស្បៀងអាហារ​បែប​នេះ​ក្តី នាយករដ្ឋមន្ត្រី​ដ៏​វ័យក្មេង​រូបនេះ​បាន​ថ្លែង​ទៅ​កាន់​រដ្ឋសភា​ថា មិន​ត្រូវ​ទុក​ឲ្យ​ប្រជាជន​ណា​ម្នាក់​ស្លាប់ដោ​យ​អត់បាយ​ដោយ​មិន​បានដឹង និង​មិន​បាន​ដោះស្រាយ​នោះ​ឡើយ ហើយ​ទ្រឹស្តី​នេះ​បាន​បន្សល់​ទុក​រហូត​បច្ចុប្បន្ន​មិន​គ្រាន់តែ​ជា​ទ្រឹស្តី​ប៉ុណ្ណោះ​ទេ តែ​ជា​សកម្មភាព​ជាក់ស្ដែងរ​បស់​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងមូល​។​

«​ខ្ញុំ​ក្លាយខ្លួន​ជា​នាយករដ្ឋមន្ត្រី​ក្នុង​វ័យ ៣២​ឆ្នាំ និង​ស្ថិត​ក្នុង​ស្ថានភាព​ប្រទេសជាតិ​មាន​សន្តិភាព​ផង និង​មាន​សង្គ្រាម​ផង​»​។ នេះ​ជា​ការ​រំលឹក​នូវ​គ្រា​ដ៏​កម្សត់​នៃ​ការដឹកនាំ​របស់​បុរស​ខ្លាំង​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន​។​

​ការផ្តើម​ជីវិត​ជា​នាយករដ្ឋមន្ត្រី​ក្នុង​ប្រទេស​ទើប​រំដោះ​ចេញពី​ភ្នក់ភ្លើងសង្គ្រាម និង​រំខាន​ដោយ​ភ្លើងសង្គ្រាម​តាម​ជាយដែន ព្រមទាំង​មាន​ការហ៊ុំព័ទ្ធ​សេដ្ឋកិច្ច​ពី​ប្រទេស​ជិតខាង​ផង​នោះ គឺ​មិន​មាន​ភាព​ស៊ីវិល័យ​ឡើយ ហើយ​មាន​ការ​ខ្វះមុខខ្វះក្រោយ​យ៉ាងខ្លាំង​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​រំលឹក​ជីវិត​ជា​នាយករដ្ឋមន្ត្រី​ក្នុង​ប្រទេស​ដ៏​ក្រីក្រ​នាពេលនោះ​យ៉ាង​ដូច្នេះ កូនៗ​របស់ខ្ញុំ​នៅ​តូចៗ​ណាស់ ហើយ​អាយុ​ខុស​គ្នា​តែ ១​ឆ្នាំៗ ព្រោះ​ភរិយា​ខ្ញុំ​កូន​ញឹក​មួយ​ឆ្នាំ​កូន​១​។ មានតែ ម៉ា​ណែ​ត មួយ​ទេ ដែល​អាយុ​ច្រើន​ជាង​ប្អូន​បន្ទាប់ ៤​ឆ្នាំ តែ​ក៏​មិនទាន់​ចេះ​មើល​ប្អូន​ដែរ​។ គ្រួសារ​ខ្ញុំ​មិន​មាន​អ្នកបម្រើ ឬ​មេដោះ​ទេ​។ ប្តី​-​ប្រពន្ធ​របស់​យើង​បាន​ថែទាំ​កូនៗ​ដោយ​ខ្លួនឯង​។ យប់​ខ្លះ​កូន​នោម​ដាក់ និង​រាល់​ពេល​ព្រឹក​តែងតែ​សំអាត​គ្រែ កន្ទេល បោក​ភួយ ហាល​ខ្នើយ​។​ល​។ ព្រោះ​កូន​ខ្ញុំ ២​នាក់​តែងតែ​នោម​យប់ មួយ​បន្ទប់​សម្រាក ៧​នាក់​ឪពុក ម្តាយ ២​នាក់ កូន ៥​នាក់ បើ​កូន​មិន​នោម​ដាក់​ទេ ក៏​ធំខ្លិន​ទឹកនោម​ដែរ ហើយ​ពិបាក​ជាង​គេ គឺ​នៅ​ពេល​ភរិយា​ខ្ញុំ​មិន​នៅផ្ទះ​ខ្ញុំ​ត្រូវ​ឆុង​ទឹកដោះគោ​បំបៅកូន​។ ពេល​មួយ​ខ្ញុំ​ឆុង​ទឹកដោះគោ​ឲ្យ​ស្រីពៅ​រវល់​ដាំទឹក ម៉ានិត មក​ស៊ី​អស់​ម្សៅទឹក ដោះគោ ខំ​ឲ្យ​អ្នកបើកបរ​ទៅ​ទិញ​ម្ស៉ៅ​ទឹកដោះគោពី​ផ្សារ​ទំរាំ​មក​មក​ដល់​ស្រី​ពៅ​យំ​រហូត​គេង​លក់​។ ពេល​ភ្លៀង​ម្តងៗ​ដំបូល​ផ្ទះ​វា​លិច​ខំ​យក​ក្រណាត់​កៅស៊ូ​គ្រប​លើ​កូន​។ រហូតដល់​ឆ្នាំ​១៩៩៤ ទើប​ដំបូលផ្ទះ​ខ្ញុំ​ឈប់​លិច​។​

* ការ​វិវឌ្ឍន៍​ផ្នែក​សេដ្ឋកិច្ច​របស់​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ សែន​

​ការផ្តើម​ជីវិត​ជា​នាយក​រដ្ឋមន្ត្រី​របស់​អតីតយុទ្ធជន​ឆ្លងកាត់ និង​ពុះពារ​សមរភូមិ​រាប់មិនអស់​រូបនេះ ត្រូវ​ប្រឈម​ការ​​លំបាក​​ជា​ច្រើនគ្រា​ដែល​ប្រទេស​ត្រូវ​បាន​ហ៊ុំ​ព័ទ្ធ​សេដ្ឋកិច្ច ដោយ​បណ្តា​ប្រទេស​លោក​សេរី និង​មាន​ការយាយី​រំខាន​ពី​ចលនា​ប្រយុទ្ធ​ប៉ុនប៉ង​កាន់កាប់​ប្រទេស​ជា​ថ្មី​របស់​កងទ័ព​សេសសល់​របស់​ខ្មែរ​ក្រហម​នៅ​តាម​ជាយ​ដែន​ខ្មែរ​-​ថៃ​នោះ​។​

​ទសវត្សរ៍​ឆ្នាំ​៨០ ជា​ពេល​ដែល​ប្រទេស​កម្ពុជា ត្រូវ​ប្រឹង​រើបម្រះ​ជម្នះ​ឧបសគ្គ​សព្វបែបយ៉ាង​។ ប្រទេស​កម្ពុជា ត្រូវបាន​ចាត់ទុក​ជា​ប្រទេស​​ក្រីក្រ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍ ហើយ​ប្រជាពលរដ្ឋ​រឹតតែ​ក្រីក្រ​ថែម​ទៀត ពឹង​តែ​លើ​ការ​ធ្វើ​ស្រែ​ចម្ការ​យក​អង្ក​ហូប និង ការជួញ​ដូរ​បន្តិចបន្តួច​តែប៉ុណ្ណោះ មិន​មាន​ការធ្វើ​ជំនួញ​ជួញដូរ​អ្វី​ជា​ដុំកំភួន​នោះឡើយ​។​

​ក្រៅ​ពី​បញ្ហា​សេដ្ឋកិច្ច​នៅ​មាន​បញ្ហា​ជាច្រើន​ទៀត ដូច​ការ​ការអប់រំ​បណ្តុះបណ្តាល​ធនធានមនុស្ស និង​ការផ្ទុះអាវុធ​នៅតាម​ទល់ដែន​សុទ្ធតែ ជា​រឿង ដែល​នាយករដ្ឋមន្ត្រី​វ័យក្មេង​រូបនេះ​ត្រូវ​ពុះពារ​ក្នុង​ការដោះស្រាយ​។​

​ទោះ​បី​ជា​បញ្ហា​រាប់ម៉ឺន​ជំពូក​យ៉ាងណាក្តី តែ​នាយករដ្ឋមន្ត្រី​មាន​វ័យក្មេង​រូបនេះ បាន​ប្រឹងប្រែង​ជម្នះ​ឧបសគ្គ និង ដោះស្រាយ​បញ្ហា​ជា​បន្តបន្ទាប់​ឈានទៅរក​ការចរចា​ស្វែង​សន្តិភាព​ជាមួយ​ខ្មែរ​តាម​ជាយដែន ជាពិសេស​ជាមួយ​សម្តេច​ព្រះ​បរ​ម រតន​កោដ្ឋ នរោត្តម សីហនុ រហូត​មាន​កិច្ច​ព្រមព្រៀទី​ក្រុងប៉ារីស ២៣ តុលា ១៩៩១ និង​នាំឲ្យ​មាន​ការបោះឆ្នោត និង​បង្កើតបាន​ព្រះរាជាណាចក្រ​កម្ពុជា​ជាថ្មី​។​

​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​១៩៩៣ និង​ដោយ​មាន​ការជួយជ្រោមជ្រែង​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី និង​នៅ​តំបន់​អឺរ៉ុប​ផង​នោះ បាន​ធ្វើ​ឲ្យ​សន្ទុះ​នៃ​ការ​អភិ​វ​ដ្ឍ​របស់​កម្ពុជា បាន​បោះពួយ​ជា​បន្តបន្ទាប់ ក្រោម​ការដាក់ចេញ​គោលនយោបាយ​អភិវឌ្ឍន៍​ដ៏​មុត​ស្រួច​របស់​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន​។​

​គេ​ក៏​មិន​អាច​ភ្លេច​បានដែរ បើទោះបីជា​មាន​ការជួយ​ជ្រោមជ្រែង​ពី​បរទេស និង​មាន​ការដាក់ចេញ​គោលនយោបាយ​ច្បាស់លាស់​បែប​ណាក៏ដោយ ក៏​ប្រទេស​កម្ពុជា មិន​អាច​បោះពួយ​ការអភិវឌ្ឍ​របស់​ខ្លួន​ឲ្យបាន​ខ្លាំងក្លា​ឡើយ ប្រសិនបើ​ចលនា​របស់​ខ្មែរ​ក្រហម​នៅ​តាម​ជាយ​ដែន​ខ្មែរ​-​ថៃ មិន​ត្រូវ​បាន​បិទ​បញ្ចប់​ទេ​នោះ​។​

​ក្រោម​ក្រសែ​ចក្ខុ​ដែល​មើល​ឃើញ​យ៉ាង​ច្បាស់​ថា ការបិទ​បញ្ចប់សង្គ្រាម​តាម​ទល់ដែន​ជា​រឿង​សំខាន់​សម្រាប់​នាំមក​នូវ​ការអភិវឌ្ឍ​ជាតិ​នោះ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ដាក់ចេញ​ផែនការ និង​អនុវត្តន៍​គោល​នយោបាយ​ឈ្នះ​-​ឈ្នះ ដោយ​បើក​ការចរចា ជាមួយ​ខ្មែរក្រហម រហូត​យក​កម្លាំង​តស៊ូ​របស់​ខ្មែរ​ក្រហម​មក​ជ្រក​ក្រោម​ដំបូល​រាជរដ្ឋាភិបាល​តែមួយ នាំ​ឲ្យ​កម្ពុជា​បិទ​បញ្ចប់​កម្លាំងប្រដាប់អាវុធ​ក្នុង​ប្រទេស​ទាំងស្រុង​នៅ​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​១៩៩៨​។​

​ផ្តើមចេញ​ពី​ការបិទ​បញ្ចប់​សង្គ្រាម​ផ្ទៃក្នុង​នេះ បាន​ធ្វើឲ្យ​កម្ពុជា​ទទួលបានឱ​កាសពេញ​បរិបូរណ៍​ក្នុង​អភិវឌ្ឍន៍​ប្រទេសជាតិ​។ រយៈពេល ៣៣​ឆ្នាំ​ក្រោម​ការដឹកនាំ​នាវា​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បាន​ធ្វើឲ្យ​កម្ពុជា ដែល​ជា​ប្រទេស​ក្រីក្រ​បំផុត​ក្នុង​ឆ្នាំ​១៩៨៥ ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទៀប​នាពេល​បច្ចុប្បន្ន​។ ប្រជាពលរដ្ឋ​កម្ពុជា ដែល​ជា​ប្រជាពលរដ្ឋ​មិន​មាន​ចំណូល​សោះ​ក្នុង​ឆ្នាំ​១៩៨៥ មក​ជា​ប្រជាពលរដ្ឋ​មាន​ចំណូល​ជា​មធ្យម​ប្រមាណ ១,៤៣៥​ដុល្លារ​អាមេរិក​នា​ពេល​បច្ចុប្បន្ន​។

​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​១៩៨៥ ដែល​មាន​ប្រជាពលរដ្ឋ​ត្រឹមតែ​ជាង ៥​លាន​នាក់ កំពុង​ក្លាយជា​ប្រទេស​មាន​ប្រជាពលរដ្ឋ​រហូតដល់​ជិត ១៦​លាន​នាក់​នា​ពេលបច្ចុប្បន្ន​។​

​កម្ពុជា​ដែល​មាន​ចំនួន​យានយន្ត​តិចតួច​បំផុត​នៅក្នុង​ឆ្នាំ​១៩៨៥ កំពុង​ក្លាយជា​ប្រទេស​មាន​យានយន្ត​សរុប​រហូតដល់​ជាង ៤​លាន​គ្រឿង ក្នុង​នោះ​រថយន្ត​ធុន​ស្រាល​មាន​ចំនួន ៣៧៧,៣៩៦​គ្រឿង​, រថយន្ត​ធុន​ធ្ងន់​មាន​ចំនួន ២១៧,៧៦៥​គ្រឿង និងទោចក្រយានយន្ត​មាន​ចំនួន ៣,៤៤២,៩២៦​គ្រឿង​។​

​កម្ពុជា​ក្នុង​ឆ្នាំ​១៩៨៥ ដែល​ខ្វះ​ប្រព័ន្ធ​គមនាគមន៍ ផ្លូវ ស្ពាន ថ្នល់ សម្រាប់​ប្រជាពលរដ្ឋ​ធ្វើដំណើរ និង​បម្រើ​ដល់​ការដឹកជញ្ជូន​នោះ កំពុង​ក្លាយជា​ប្រទេស​មាន​ប្រព័ន្ធ​ផ្លូវថ្នល់ ស្ពាន​យ៉ាង​ប្រទាក់ក្រឡា​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ក្នុងនោះ​មាន​ស្ពាន​ធំៗ​ឆ្លងកាត់​ទន្លេ​ជា​ច្រើន​ដែល​​មិន​ធ្លាប់​មាន​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​។ ស្ពាន​ឆ្លងកាត់​ទន្លេ​កើត​ក្នុង​ដំណាក់កាល​នៃ​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន មានដូចជា​៖ ស្ពាន​អ្នក​លឿង ស្ពាន​ព្រះមុនីវង្ស​ទី​២ ស្ពាន​ស្ពាន​កោះធំ ស្ពាន​ជ្រោយចង្វា​២ ស្ពាន​សេកុង​ខេត្ត​ស្ទឹងត្រែង ស្ពាន​ព្រែក​ក្តាម ស្ពាន​ព្រែ​តា​ម៉ាក់ ស្ពាន​មេគង្គ​ស្ទឹងត្រែង និង​ស្ពាន​តាខ្មៅ ស្ពាន​ព្រែក​ព្នៅ​…​។​ល​។​

​រាជធានី​ភ្នំពេញ ដែល​ជា​បេះដូង​សេដ្ឋកិច្ច វប្បធម៌ និង​ទេសចរណ៍​របស់​កម្ពុជា ដែល​មាន​ផ្ទៃដី​ត្រឹមតែ​ជាង ៣០០​គីឡួម៉ែត្រ​ក្រឡា ក្នុង​ឆ្នាំ​១៩៨៥ បាន​ក្លាយទៅជា​រាជធានី ដែល​មាន​ផ្ទៃដី​រហូត​ជាង ៧៦០​គីឡូម៉ែត្រ​ក្រឡា​នាពេល​បច្ចុប្បន្ន​។ រាជធានី​ភ្នំពេញ ដែល​មាន​ប្រជា​ពល រដ្ឋ​តិចតួច​បំផុត​ក្នុង​ឆ្នាំ​១៩៨៥ កំពុង​ក្លាយជា​រាជធានី ដែល​ប្រមូលផ្តុំ​ទៅដោយ​ប្រជាពលរដ្ឋ​រស់នៅ​យ៉ាង​ច្រើន​កុះករ​រហូត​ជិត ៣​លាន​នាក់ និង​មាន​អ្នក​មក​ស្នាក់​អាស្រ័យ ដើម្បី​ប្រកប​របរ​ចិញ្ចឹមជីវិត បម្រើ​ការងារ និង​សិក្សា​រៀនសូត្រ ក៏ដូចជា​ទេសចរណ៍​ជា​ដើម​នោះ​រហូត ដល់​ជាង ១​លាន​នាក់​ថែម​ទៀត​នាពេល​បច្ចុប្បន្ន​។​

​រាជធានី​ភ្នំពេញ ដែល​មាន​អគារ​លំនៅឋាន​តិចតួច​សេសសល់​ពី​ភ្លើងសង្គ្រាម​នា​ឆ្នាំ​១៩៨៥​នោះ កំពុង​ក្លាយជា​រាជធានី ដែល​មាន​អគារ​លំនៅឋាន អគារ​ពាណិជ្ជកម្ម​ខ្ពស់​ទាប​យ៉ាងច្រើន​ស្អេកស្កះ​។ របាយការណ៍​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានឲ្យ​ដឹង​ថា គម្រោង​អគារ​ខ្ពស់ៗ​ចាប់ពី​៥​ជាន់​ឡើង​ទៅ​នៅ​រាជធានី​ភ្នំពេញ​មាន​រហូត​ដល់ ៩៧៩​គម្រោង​។​

​ក្រៅ​ពី​វិស័យ​ដែល​បាន​រៀបរាប់​ខាងលើ គេ​ក៏​បាន​ឃើញ​ថា វិស័យ​សំខាន់ៗ​ជាច្រើន​របស់​កម្ពុជា កំពុងបោះ​ពួយ​រីកចម្រើន​គួរឲ្យ​កត់សម្គាល់​ផង​ដែរ​បើ​ធៀប​នៅ​ឆ្នាំ​១៩៨៥ និង​ពេលបច្ចុប្បន្ន​។ ក្រឡេក​ទៅ​សេដ្ឋកិច្ច​របស់​កម្ពុជា​វិញ កំពុង​មាន​សន្ទុះ​ទៅមុខ​គួរឲ្យ​កត់សម្គាល់​ផងដែរ ដោយ​រក្សា​បាន​អត្រាកំណើន​ក្នុង​រង្វង់​ប្រមាណ ៧​ភាគរយ​រយៈពេល​ប្រមាណ ១​ទសវត្សរ៍​ចុងក្រោយ​នេះ​។​

* ក្នុង​សមរភូមិ​ប្រជាធិបតេយ្យ ៥​អាណត្តិ សម្តេច​តេជោ សែន បាន​ផ្តួល​គូ​ប្រកួត ៤​អាណត្តិ​ជាប់ៗ​គ្នា​

​មិន​រាប់​បញ្ចូល​ព្រឹត្តិការណ៍​នៃ​ការបោះឆ្នោត​ឆ្នាំ​១៩៩៣ ដែល​ជា​ការបោះឆ្នោត​លើកដំបូង ហើយ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​មិន​បាន​ពេញលេញ​នោះ ៤​អាណត្តិ​ចុងក្រោយ​ចាប់តាំងពី​ឆ្នាំ​១៩៩៨ សម្តេច​តេជោ ហ៊ុន សែន បេក្ខភាព​នាយក​រដ្ឋមន្ត្រី​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា តែង​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​លើសលុប​ពី​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​ឆ្ពោះ​ទៅ​ការដឹកនាំ​រាជរដ្ឋាភិបាល​។​

​សរុប​រួម​មកវិញ​រយៈពេល ៣៤​ឆ្នាំ​ក្នុង​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​របស់​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បាន​កាន់ចង្កូត​នាវា​កម្ពុជា​យ៉ាង​យកចិត្តទុកដាក់​បំផុត ដើម្បី​ស្តារ និង​នាំ​ប្រទេស​ដ៏​កម្សត់​មួយ​នេះ​ឆ្ពោះ​មកកាន់​សករាជ​ថ្មី ដែល​មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​គួរឲ្យ​កត់សម្គាល់ និង​បាន​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ល្អ​ប្រសើរ​ផងដែរ​។​

​តាមរយៈ​សារ​នយោបាយ​នានា នាយក​រដ្ឋមន្ត្រី​របស់​កម្ពុជា ដែល​មាន​វ័យ​ប្រមាណ​៦៦​ឆ្នាំ​រូប​នេះ បាន​កំពុង​កំណត់​គោលដៅ​របស់​ខ្លួន​រុញ នាវា​កម្ពុជា ឲ្យក្លាយ​ជាប្រទេស​មាន​ចំណូលម​ធ្យ​ម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ខណៈ ដែល​គម្រោង​វិនិយោគ​ធំៗ​ជាមួយ​ទុន​រាប់​ពាន់​លាន​ដុល្លារ​ជា​ច្រើន​កំពុង​លេចចេញ​ជា​រូបរាង​នាពេល​បច្ចុប្បន្ន​ ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×