Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ កាត់​តាម​ភ្នំពេញ និង​ខេត្ត​កណ្តាល​ប្រវែង​ជាង​៥២​គីឡូម៉ែត្រ​

spot_img

ភ្នំពេញ​ ៖ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​សុំ​អភ័យទោស ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន ដែល​នឹងរង​ផលប៉ះពាល់ និង​ការបង្ក​កា​រំខាន​ផ្សេងៗ ចំពោះ​ការសាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នេះ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា គឺ​រាជរដ្ឋាភិបាល នឹង​ខិតខំ​ដោះស្រាយ​ផលប៉ះពាល់​ទាំងអស់នេះ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​។​

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៤ ខែ​មករា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក វ៉ាង វិន​ធៀន (Wang Wentian) ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​កម្ពុជា បាន​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣ ប្រវែង ៥២,៩៨៣​គីឡូម៉ែត្រ (​ជាង ៥២​គីឡូម៉ែត្រ​) ឆ្លងកាត់​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល ដែល​ត្រូវ​ចំណាយ​ថវិកា​សាងសង់​ប្រមាណ ២៧៣​លាន​ដុល្លារ​អាមេរិក ដែល​ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន និង​ថវិការ​បដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​៣​នេះ ឆ្លងកាត់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ជាង ១៥​គីឡូម៉ែត្រ និង​ឆ្លងកាត់​ភូមិសាស្ត្រ​ខេត្ត​កណ្តាល​ប្រវែង​ជិត ៣៨​គីឡូម៉ែត្រ ដែល​មាន​ចំណុច​ចាប់ផ្តើម​ពី​គីឡូម៉ែត្រ ១៤+១០៥ នៃ​ផ្លូវ​ជាតិ​លេខ​៤ និង​ចំណុច​ចុងបញ្ចប់​នៅ​គីឡូម៉ែត្រ ២៤+៨៤០ នៃ​ផ្លូវ​ជាតិ​លេខ​១​។ ទំហំ​ទទឹង​ផ្លូវ​រហូត​ដល់​ទៅ ២៧​ម៉ែត្រ​សម្រាប់​ទីប្រជុំជន និង​សម្រាប់​ក្រៅ​ទីប្រជុំជន​វិញ​មាន​ទំហំ​ទទឹងផ្លូវ ២៥​ម៉ែត្រ ដោយ​មាន​ដាក់​អំពូល​បំភ្លឺ​ផ្លូវ​សម្រាប់​កំណាត់​ផ្លូវ​ក្នុង​ក្រុង និង​ដើមឈើ​លម្អ​សម្រាប់​កំណាត់​ផ្លូវ​ក្រៅ​ក្រុង​។ ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​៣ គឺជា​ផ្លូវ​ដ៏​សំខាន់​ក្នុង​ការជួយ​កាត់បន្ថយ​ការកកស្ទះ និង​ជួយ​សម្រួល​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​។ ម្យ៉ាងទៀត គឺជា​ការតភ្ជាប់​ផ្ទៃក្នុង និង​សមាហរណកម្ម​តំបន់ ពិសេស​ត​ភ្ជាប់​ផ្លូវ​អាស៊ាន​ហាយវ៉េ និង​ផ្លូវ​របៀង​សេដ្ឋកិច្ច​សំខាន់ៗ​របស់​មហា​អនុ​តំបន់​មេគង្គ រួមចំណែក​ក្នុង​ការសម្រួល​ការដឹក​ជញ្ជូន​ឆ្លងកាត់​ព្រំដែន ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ និង​ប្រែក្លាយ​ទឹកដី​ដែល​នៅ​សងខាង​ផ្លូវ​ខ្សែ​ក្រវាត់ក្រុង​នេះ ទៅជា​តំបន់​អភិវឌ្ឍ​ថែមទៀត​ផង​។​

​ថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយ​ក្រៃលែង ដែល​បាន​អញ្ជើញ​បើក​ការដ្ឋា​សាងសង់​ផ្លូវក្រវា​ត់​ក្រុងទី​៣ របស់​រាជធានី​ភ្នំពេញ ដែល​បាន​ផ្តល់​ប្រយោជន៍​យ៉ាង​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ និង​សង្គមជាតិ​។ មុន​នឹង​ថ្លែង​សុន្ទរកថា សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ដល់​ជន​រួម​ជាតិ​ទាំងអស់ ដែល​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា ដើម្បី​បន្ត​ថែរក្សា​សន្តិភាព និង ការអភិវឌ្ឍ​។ ទន្ទឹមនឹងនេះ​ដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​អំពី​សារសំខាន់​នៃ​ការ​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ នៅពេល​នេះ​ដែល​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការបញ្ចៀស ការកកស្ទះ​ចរាច​រណ៍​នៅក្នុង​ទីក្រុង​ភ្នំពេញ ដែល​កំពុងតែ​មាន​កំណើន​មនុស្ស និង​យានយន្ត​យ៉ាងច្រើន និង​ជួយ​សម្រួល​ដល់​ការ​ដឹកទំនិញ និង​ផលិតផល​ផ្សេងៗ ដើម្បី​ជួយ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​អោ​កាន់តែ​ល្អប្រសើរ​ឡើង ដែល​ផ្ទុយ​ពី​សម័យ​របប​ប្រល័យពូជសាសន៍​ប៉ុលពត ដែល​ផ្លូវ​មួយចំនួន​ធំ​ត្រូវបាន​បំផ្លាញចោល​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បញ្ជាក់​ផងដែរ​ថា ការកសាង និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា គឺ​បាន​ចាប់ផ្តើម​ពី​ការ​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​តាំងពី ៣២​ឆ្នាំមុន ដែល​បាន​ផ្តោតទៅលើ ផ្លូវ​, ទឹក​, ភ្លើង និង មនុស្ស ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០១៣ មក យើង​បាន​ប្តូរ​មក​យក មនុស្ស​, ផ្លូវ​, ទឹក​, និង​ភ្លើង​វិញ ដោយ​យើង​បាន​ប្តូរ​យក​ធនធានមនុស្ស​ជា​វិស័យ​អាទិភាព​មុខ​គេ​។​

​បច្ចុប្បន្ន កម្ពុជា​មាន​ផ្លូវ​ធ្វើដំណើរ​ច្រើន រួម​ទាំង​ស្ពាន​ឆ្លងកាត់​ទន្លេ និង​ស្ពាន​អាកាស​ចំនួន​៥ នៅក្នុង​ទីក្រុង​ភ្នំពេញ​ដែល​បាន​ធ្វើឲ្យ​ប្រជា​ពលរដ្ឋ​រស់នៅ​និង​ធ្វើ​ដំណើរ​កាន់តែ​ងាយស្រួល​។ ទន្ទឹម​នឹង​នេះ​ផង​ដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​សុំ​អភ័យទោស​ចំពោះ​បង​ប្អូន​ប្រជាពលរដ្ឋ​មួយចំនួន ដែល​នឹងរង​ផលប៉ះពាល់ និង​ការបង្ក​កា​រំខាន​ផ្សេងៗ ចំពោះ​ការសាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នេះ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា គឺ​រាជរដ្ឋាភិបាល​នឹង​ខិតខំ​ដោះស្រាយ​ផលប៉ះពាល់​ទាំងអស់​នេះ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​។​

​នៅក្នុង​ឱកាស​នេះ​ដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បញ្ជាក់​ថា កម្ពុជា​ធ្វើ​សេដ្ឋកិច្ច​មិន​ពឹងផ្អែក​តែ​លើ​វិស័យ​តែមួយ​មុខ​នោះទេ គឺ​កម្ពុជា​ធ្វើ​សេដ្ឋកិច្ច ពឹកផ្អែក​លើ​វិស័យ​ជាច្រើ​ន​ដូចជា វិស័យ​កសិកម្ម កសិឧស្សាហកម្ម ឧស្សាហកម្ម សេវាកម្ម និង​សំណង់​ជាដើម​។ កម្ពុជា​មិន​អាច​ស្លាប់​នោះ​ទេ​ប្រសិនបើ​បរទេស​ណា​បិទ​វិស័យ​ណាមួយ​នោះ ព្រោះ​កម្ពុជា​នៅតែ​មាន​វិស័យ​ផ្សេងៗ​ទៀត​ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ​។​

​ចំពោះ​ទំនាក់ទំនង កម្ពុជា​-​ចិន វិញ គឺ​កន្លងមក​គឺ​មិត្ត​ចិន​តែងតែ​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ជា​បន្តបន្ទាប់ ជាពិសេស​ជំនួយ​កសាង​ផ្លូវ ស្ពាន និង​ហេ​ដ្ឋា​រ​ច​ន​សម្ព័ន្ធ​ផ្សេងទៀត​។ នៅក្នុង​ឆ្នាំ​២០១៨ កន្លងទៅនេះ កម្ពុជា​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​មកពី​ប្រទេស​ចិន​ប្រមាណ ៦​លាន ២​សែន​នាក់ ដែល​មាន​ការកើនឡើង​ជា​បន្តបន្ទាប់​។ ក្នុងជំនួប​កន្លង​ទៅរ​វាង សម្តេច​តេជោ និង​លោក​ប្រធានាធិបតី​ចិន Xi Jinping សម្តេច​តេជោ បាន​ស្នើរ​សុំ​ភ្ញៀវទេសចរ​ចិន​មក​កម្ពុជា​ប្រមាណ​០,០១​ភាគរយ ប៉ុណ្ណោះ ខណៈ​ដែរ​ប្រជាជន​ចិន​កើន​ដល់ ១,៣០០ លាន​នាក់​។​

​នៅ​ថ្ងៃ​ទី ២០ មករា នេះ សម្តេច​តេជោ ហ៊ុន សែន នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ចិន​ក្នុង​រយៈ​​ពេល ៣​ថ្ងៃ​។ តាមរយៈ​ទន្សនកិច្ច​នេះ សម្តេច​តេជោ នឹង​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ប្រធានាធិបតី Xi Jinping និង លោកនាយក​រដ្ឋ​មន្ត្រី Li Keqiang ព្រមទាំង​ថ្នាក់ដឹកនាំ​ចិន​មួយចំនួនទៀត ក្នុង​ភាព​ជា​ដៃគូ​កិច្ចសហប្រតិបត្តិការ និង​ជំរុញ​ការវិនិយោគ​ថ្មី​បន្ថែមទៀត​។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​ប្រធានាធិបតី Xi Jinping លោក​នាយក​រដ្ឋមន្ត្រី Li Keqiang បងប្អូន​ប្រជាពលរដ្ឋ និង​រដ្ឋាភិបាល​ចិន ដែល​បាន​ចូលរួមចំណែក​ក្នុង​ការងារ​អភិវឌ្ឍន៍​ហេដ្ឋា​រចនាសម្ព័ន្ធ​ប្រទេស​កម្ពុជា​។ ជាមួយគ្នានេះ សម្តេច​តេជោ ក៏​បាន​កោតសរសើ​រដល់​ក្រសួង​សារធារណការ និង​ដឹកជញ្ជូន និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែល​បាន​ខិតខំ​ដើម្បី​ឲ្យមាន​ការសាងស​ង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នេះ​។ បន្ទាប់មក សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ជូនពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ជួប​តែ​សេចក្តីសុខ​ចម្រើន គ្រប់ៗ​គ្នា​។​

​ចុងបញ្ចប់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង លោក វ៉ាង វិន​ធៀន (Wang Wentian) ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​កម្ពុជា បាន​អញ្ជើញ​បញ្ជារ​គ្រឿងចក្រ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ដែល​មាន​ប្រវែង ៥២,៩៨៣​គីឡូម៉ែត្រ ចាប់ពី​ពេលនេះ​តទៅ​៕​ ដោយ ​៖ ​កូឡាប​

     

spot_img
×