Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើត​មាន​អនាធិបតេយ្យ គ្មាន​សមត្ថកិច្ច​បង្ក្រាប​នៅ​ខណ្ឌប្ញស្សីកែវ​

spot_img

​រាជធានី​ភ្នំពេញ​ ៖ ប្រជាពលរដ្ឋ​រស់នៅ​មូលដ្ឋាន​ខណ្ឌប្ញស្សីកែវ រាជធានី​ភ្នំពេញ បាន​រិះគន់​អភិបាល​ខណ្ឌប្ញស្សីកែវ និង​លោក​អធិការនគរបាល​ខណ្ឌ​នេះ ថា​អសមត្ថភាព ក្នុង​ការងារ​ចុះបង្ក្រាប​បន​ល្បែងស៊ីសង​គ្រប់​ប្រភេទ រួមមាន​៖ បៀ​អាប៉ោង ចាក់បាល់ និង​ឆ្នោត​កន្ទុយលេខ​ជាដើម បាន​រីកដុះដាល​ដូច​ផ្សិត និង​អាច​បើក​ធ្វើ​សកម្មភាព​បាន​ដោយ​រលូន​។​

អធិការនគរបាលខណ្ឌ និងអភិបាលខណ្ឌប្ញស្សីកែវ ។

​ត្រង់​ចំណុច​នេះ ប្រជាពលរដ្ឋ​មួយចំនួន បាន​សង្ស័យ​ថា ទីតាំង​បន​ល្បែងស៊ីសង​មួយ​ចំនួន រួមមាន​៖ ទីតាំង​កត់​ឆ្នោត​កន្ទុយលេខ​វៀតណាម ទីតាំង​ចាក់​ភ្នាល់​បាល់ និង​បៀ​អាប៉ោង​ជាដើម អាច​បើក​ធ្វើ​សកម្មភាព បាន​ដោយ​គ្មាន​ការហាមឃាត់​ពី​កម្លាំង​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌប្ញស្សីកែវ ថា​ទំនងជា​អាច​មាន​ជាប់​ពាក់ព័ន្ធ ជាមួយ​សំណូក​ពុករលួយ​ប្រចាំថ្ងៃ ឬ​ប្រចាំខែ ជា​ថ្នូរ កាង​ការពារ​ទីតាំង​ល្បែងស៊ីសង​ខុស​ច្បាប់​ទាំងនោះ អាច​បើក​ដំណើរការ​យ៉ាង​អនាធិបតេយ្យ នៅតាម​សង្កាត់​នានា ក្នុង​មូលដ្ឋាន​ខណ្ឌប្ញស្សីកែវ​ទាំងមូល​។​

​ប្រជាពលរដ្ឋ បាន​រៀបរាប់​ថា ទីតាំង​មាន​កត់​ឆ្មោត​កន្ទុយលេខ​វៀតណាម​ខុសច្បាប់ ដែល​កំពុង​រីក​រាលដាល់​ពេញបន្ទុក​នៅ​ខណ្ឌ​ឫស្សីកែវ មានដូចជា​៖ នៅក្នុង​ផ្សារ​បឹង​សាឡាង​ថ្មី ស្ថិតក្នុង​ភូមិ បឹង​សាឡាង សង្កាត់​ឫស្សីកែវ ខណ្ឌប្ញស្សីកែវ​។ មាន​នៅ​ទីតាំង​កែង​ផ្លូវ​បេតុង​ខាងលិច​ផ្សារ​សាំ​ហា​ន់ ស្ថិតក្នុង​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ និង ទីតាំងនៅ​តាម​បណ្តោយ​ផ្លូវ​លេខ​68R កែង​ផ្លូវ​រថភ្លើង សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ​ជាដើម​។​

​ចំណែក​ទីតាំង​ល្បែងស៊ីសង​មួយ​ចំនួន​ទៀត ក៏​កើតមាន​នៅក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​។ សង្កាត់​ច្រាំង​ចំ​រះ​ទី​១ និង​សង្កាត់​ច្រាំង​ចំ​រះ​ទី​២ និង​សង្កាត់​ស្វាយប៉ាក​ជាដើម ស្ថិត​ក្នុង​ខណ្ឌប្ញស្សីកែវ រាជធានី​ភ្នំពេញ​។ ពលរដ្ឋ អះអាងថា ស្ទើរ​នៅ​គ្រប់​ផ្សារ ឬ​ទីប្រជុំជន​ទាំង​តូច និង​ធំៗ នា​មូលដ្ឋាន​ខណ្ឌប្ញស្សីកែវ គឺ​មាន​ទីតាំង​ល្បែងស៊ីសង​គ្រប់​ប្រភេទ ជាពិសេស​ទីតាំង​កត់​ឆ្នោត​កន្ទុយលេខ​វៀតណាម និង​បៀ​អាប៉ោង បាន​រីក​ដូច​ផ្សិត​តែម្តង នៅក្នុង​ខណ្ឌប្ញស្សីកែវ​។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ បាន​អះអាង​ថា ទីតាំង​ល្បែងស៊ីសង​ទាំង​បៀ​អាប៉ោង ល្បែង​ចាក់​ភ្នាល់​បាល់ និង​ល្បែង​កត់​កន្ទុយលេខ ឬ​ឆ្នោត​វៀតណាម​ជាដើម ដែល​អាច​ធ្វើ​សកម្មភាព​បាន​ដោយ​រលូន នៅក្នុង​មូលដ្ឋាន​ខណ្ឌប្ញស្សីកែវ រាជធានី​ភ្នំពេញ ដោយ​គ្មាន​សមត្ថកិច្ច​បង្ក្រាប គឺមាន​អ្នកគ្រប់គ្រង​រត់​ការណ៍​បើក​ល្បែងស៊ីសង​ទាំងនោះ ដោយ​បាន​ត្រូវដង​ត្រូវផ្លែ​ជាមួយ​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន​រួមមាន​៖ កម្លាំង​នគរបាល​ចាប់​ពី​សមត្ថកិច្ច​ថ្នាក់​មូលដ្ឋាន​សង្កាត់ រហូត​ដល់​សមត្ថកិច្ច​ថ្នាក់​ខណ្ឌប្ញស្សីកែវ និង​រហូត​ដល់​មន្ត្រី​មាន​អំណាច​មាន​ឋានៈ​ខ្ពស់ កំពុង​បំរើ​ការងារ​នៅ​ក្រសួង​មហាផ្ទៃ ជា​អ្នក​កាង​ការពារ ឬ​ធ្វើ​ជា​ខ្នងបង្អែក​ឲ្យ​ឈ្មួញ​ល្បែងស៊ីសង ឬ​ឈ្មួញ​បើកទទួល​ល្បែង​កន្ទុយ​លេង​វៀតណាម​ទាំងនោះ​ថែមទៀត​ផង​។​

​ផ្តើម​ពី​បញ្ហា​នេះ ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​ខណ្ឌប្ញស្សីកែវ បាន​រិះគន់ លោក​វរៈសេនីយ៍ឯក គល់ យី អធិការ​នគរបាល​ខណ្ឌឬ​ស្សី​កែវ ថា​មាន​ភាពកម្សោយក្នុង​សកម្មភាព​ចុះ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ដែល​កើតមាន​នៅក្នុង​មូលដ្ឋាន​នេះ ចាប់តាំងពី​រូបលោក ត្រូវបាន​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ បាន​ចាត់តាំង​ឲ្យមក​បំពេញការងារ​ជា​អធិការនគរខណ្ឌ​ប្ញ​ស្សី​កែវ​កន្លងមក​។

ប្រជាពលរដ្ឋ​បន្តថា គេ​សង្កេតឃើញ​ល្បែងស៊ីសង​គ្រប់​ប្រភេទ មាន​ទីតាំង​លេងល្បែង​បៀ​អាប៉ោង ទីតាំង​កត់​ឆ្នោត​កន្ទុយលេខ​វៀតណាម និង​ទីតាំង​ចាក់បាល់​ជាដើម បាន​រីក​ដូច​ផ្សិត និង​មិន​ឃើញ​មាន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​នេះ បើក​យុទ្ធនាការ​ចុះ​បង្ក្រាប​ល្បែងស៊ីសង​ទាំងនោះ ដើម្បី​ឈាន​ទៅ​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ឲ្យស្រប​តាម​គោលនយោបា​យ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​ក្រឡា ហោ​ម ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ឲ្យមាន​ប្រសិទ្ធភាព​នោះ​ទេ​។​

​ទាក់ទិន​បញ្ហា​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ធ្លាប់​បាន​ដាក់​បទបញ្ជា​ក្តៅ ទៅឲ្យ​មន្ត្រីនគរបាល​ពាក់ព័ន្ធ​ក្រោម​ឱវាទ ត្រូវ​រួម​សហការ​គ្នា ចុះបង្ក្រាប​ល្បែង​សុីសង​ខុសច្បាប់​គ្រប់​ប្រភេទ នៅ​តាម​ទីតាំង​រៀងៗ​ខ្លួន ដើម្បី​ធានាឲ្យបាន​នូវ​សន្តិសុខ ភូមិ ឃុំ មាន​សុ​វត្តិភាព​ទាំង​៩ ចំណុច ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បានកំណត់ ឬ​បាន​ដាក់ចេញ ត្រូវ​អនុវត្ត​ឲ្យមាន​ប្រសិទ្ធ​ភាព​។ ប៉ុន្តែ​ផ្ទុយទៅវិញ បទបញ្ជា របស់​សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ជា​ពិសេស​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នោះ គឺ​ថ្នាក់​ដឹកនាំ​នគរបាល​នៅ​តាម​មូលដ្ឋាន​ភាគច្រើន​អនុវត្ត​មិនទាន់​មាន​ប្រសិទ្ធភាព​នោះទេ​។ ជាក់ស្តែង​ជា​ឧទាហរណ៍ នៅ​មូលដ្ឋាន​ខណ្ឌប្ញស្សីកែវ ជា​តឹកតាង​ស្រាប់ គឺ លោក​វរៈសេនីយ៍ឯក គល់ យី អធិការ​នគរបាល​ខណ្ឌប្ញស្សីកែវ មិន​ទាន់​អនុវត្ត​បង្ក្រាប​ល្បែងស៊ីសង ឬ​អនុវត្ត​គោល​នយោបាយ​​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​ទាំង ៩​ចំណុច របស់​រដ្ឋាភិបាល បាន​ដាក់ឲ្យ​អនុវត្ត គឺ​អនុវត្ត​មិនទាន់​មាន​ប្រសិទ្ធភាព និង​ហាក់​បាន​ផ្គើន​ទៅនឹង​គោលនយោបាយ ឬ​បទបញ្ជា របស់​ប្រមុខ​ដឹកនាំ​ទៅវិញ​។​

​យ៉ាងនេះក្តី អ្នកយក​ព័ត៌មាន មិនទាន់​អាច​ទាក់ទង​លោក​វរៈសេនីយ៍ឯក គល់ យី អធិការ​នគ​​របាល​ខណ្ឌប្ញស្សីកែវ និង​លោក ជា ពិសី អភិបាល​ខណ្ឌប្ញស្សីកែវ ដើម្បី​ស្នើ​ការបំភ្លឺ​ជុំវិញ​ការអះអាង របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន​នេះ ដែល​ចោទថា បាន​បណ្តែត​បណ្តោយ ឲ្យមាន​ទីតាំងបន​ល្បែងស៊ីសង​ខុសច្បាប់​កើត​មានអ​នា​ធិបតេយ្យ នៅក្នុង​មូលដ្ឋាន​ខណ្ឌប្ញស្សីកែវ បាន​នៅឡើយ​ទេ​តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​១៤ ខែ​មករា ឆ្នាំ​២០១៩​នេះ​៕ ដោយ​៖ ដែន សីមា​

 

spot_img
×