Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពីរ​នាក់​ប្តី​ប្រពន្ធ យកឈ្មោះ​ថ្នាក់ដឹកនាំ​មក​ប្រើ ដើម្បី​ឆបោក​លុយ​ប្រជាពលរដ្ឋ​ជិត​១​លាន​ដុល្លារ ត្រូវ​ចាប់ខ្លួន បញ្ជូនទៅ​តុលាការ​

spot_img

​ភ្នំពេញ ​៖​ ពីរ​នាក់​ប្តី​ប្រពន្ធ ថ្លើម​មែន​ហ៊ាន​យកឈ្មោះ​សម្តេច​កិ​តិ្ត​ព្រឹ​ត្ត​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន មក​ប្រើបិទបាំង​អំពើ​ទុច្ចរិត ដើម្បី​ឆបោក​លុយ​ប្រជាពលរដ្ឋ​ជិត​១​លាន​ដុល្លារ ដោយ​ប្រើ​រូបភាព​លក់​ដី​ខ្យល់ ត្រូវ​សមត្ថកិច្ច​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ចាប់ខ្លួន បញ្ជូនទៅ​តុលាការ នៅ​រសៀល​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩ ។ ជាមួយនឹង​ការចាប់ខ្លួន​ជន​ទុច្ចរិត​នេះ ក៏មាន​ប្រជាពលរដ្ឋ​ច្រើន​នាក់ តាន​មកឈរ​នៅមុខ​តុលាការ ក្នុង​បំណង​ព្រួយបារម្ភ​ខ្លាច​មាន​អ្នក​អន្តរាគមន៍​ដោះលែង ពីរ​នាក់​ប្តី​ប្រពន្ធ​នេះ ។

​ជាមួយគ្នា​នោះ​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ដែល​ចាញ់បោក​ពីរ​នាក់​ប្តី​ប្រពន្ធ ទទូច​សុំ​អង្វរ​សម្តេច​តេ​ជោ​ជួយ​អន្តរាគមន៍ ខណៈ​ពីរ​នាក់​ប្តី​ប្រពន្ធ​យកឈ្មោះ​ថ្នាក់ដឹកនាំ​មក​គំរាម​ចាប់​ប្រជាពលរដ្ឋ​ដា​គុក រសៀល​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩ ។​

​ជនសង្ស័យ​ម្នាក់​ឈ្មោះ អ៊ូច សៀក​វ៉ាន់ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ (​ប្តី​) និង​ម្នាក់​ឈ្មោះ ជៀម ចាន់​បូរី ភេទ​ស្រី អាយុ​៤៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ បឹង​សាឡាង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា សំណុំ​រឿងនេះ មាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ចំនួន​១២​នាក់ ក្នុងនោះ​មាន​ព្រះសង្ឃ​១​អង្គ​។ កាលពី​អំឡុង​ឆ្នាំ​២០១៥​ឈ្មោះ ជៀម ចាន់​បូរី និង​ឈ្មោះ អ៊ូច សៀក​វ៉ាន់ បាន​យក​ឯកសារ លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដីធ្លី ទៅ​បង្ហាញ​ជនរងគ្រោះ​ទាំងអស់​ដោយ​អះអាងថា ខ្លួន​(​ប្តី ប្រពន្ធ​) មាន​ដី​រាប់ពាន់​ហិកតា ស្ថិតនៅ​ភូមិ​គ្រួស ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ហើយ​ត្រូវ​ការលក់​ឲ្យ​ទៅ​ក្រុមហ៊ុន​ចិន និង​ម៉ាឡេស៊ី ដូច្នោះ​គេ​បាន​តម្រូវ​ឲ្យ​ជនរងគ្រោះ ដាក់​ប្រាក់​ចូល​ហ៊ុន​ដើម្បី​រៀបចំ​ដី​នោះ និង​បាន​ផលចំណេញ​ចែកគ្នា​។ ក្នុង​ម្នាក់ៗ​បាន​ចំណាយ​ប្រាក់​មិនតិច​ពីក្រោម​៥​ម៉ឺន​ដុល្លារ​នោះទេ ឲ្យ​ទៅ​ពីរ​នាក់​ប្តី​ប្រពន្ធ​(​ជៀម ចាន់​បូរី​.​និង​អ៊ូច សៀក​វ៉ាន់​) ដើម្បី​ចង់បាន​ប្រាក់ចំណេញ​កប់​ក្តោង​មកវិញ​នោះ បើតាម​សរុប​ជិត​១​លាន​ដុល្លារ​អាមេរិក​ឯណោះ​។​
​បានជា​ជនរងគ្រោះ​នាំគ្នា​សម្រុក​ដាក់​លុយ​ចូល​ហ៊ុន​នោះ ដោយសារ​ពួកគេ​បាន​មើលឃើញ​ទង្វើ​ពីរ​នាក់​ប្តី​ប្រពន្ធ​មួយ​ម៉ាត់​ណា​ក៏​ថ្នាក់ដឹកនាំៗ​មក​និយាយ​អួតអាង​ដើម្បី​ឲ្យ​ជឿ​ដែរ​។ មិនតែប៉ុណ្ណោះ​ប្តី​ប្រពន្ធ ២​នាក់​នោះ បាន​ប្រើល្បិច​នាំ​ជនរងគ្រោះ​ចេញទៅ​ក្រៅប្រទេស​ដូចជា​ម៉ាឡេស៊ី ដែល​ប្រាប់​គេ​ថា ទៅ​ទូទាត់​ប្រាក់​ដើម្បី​យកមកចែក​គ្នា ទីបំផុត​ដូច​នាំទៅ​មើលមេឃមើលផ្កាយ​នៅ​ស្រុក​គេ បាន​ត្រឹម​អស់​លុយហោប៉ៅ​រៀងខ្លួន​ទៀត​។ រឿងរ៉ាវ​បាន​បែកធ្លាយ និង​ដឹង​ច្បាស់​ថា ប្តី​ប្រពន្ធ​២​នាក់ ជា​ជន​ឆបោក​នោះ តាមរយៈ​នៃ​ការ​ស៊ើបសួរ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន គ្មាន​ដី​រាប់ពាន់​ហិកតា​ណា​ជា​កម្មសិទ្ធិ របស់​ឈ្មោះ ជៀម ចាន់​បូរី និង​ឈ្មោះ អ៊ូច សៀក​វ៉ាន់ នោះទេ មានតែ​ដី​ខ្យល់ ដូច្នោះ​បានជា​ជនរងគ្រោះ​នាំគ្នា​ដាក់ ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច ដើម្បី​ចាត់​ឲ្យ​ជួយ​ចាត់ការ​ចំពោះ​ប្តី​ប្រពន្ធ​២​នាក់​នេះ​។​

​ចំណែក​ជនរងគ្រោះ​១២​នាក់​មាន ៖ ១.​ឈ្មោះ អ៊ូច ប៉ោ ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ២.​ឈ្មោះ ដាម សុ​ផុន ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ៣.​ឈ្មោះ ទួន ស្រង ភេទ​ស្រី អាយុ​៥២​ឆ្នាំ ៤.​ឈ្មោះ ទួន ស្រី​ពៅ ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ៥.​ឈ្មោះ លី ពុ​ទ្ធី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ៦.​ឈ្មោះ សុខ ស៊ីវ​អេង ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ៧.​ឈ្មោះ ប៉ាវ ឡ​ន ភេ​ប្រុស អាយុ​៦៦​ឆ្នាំ ៨.​ឈ្មោះ គិ​ន ណោ ភេទ​ស្រី អាយុ​៥៥​ឆ្នាំ ៩.​ឈ្មោះ ឃុន ខេង ភេទ​ស្រី អាយុ​៦៣​ឆ្នាំ ១០.​ឈ្មោះ ប៉េង ម៉េង​ហ៊ាង ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ១១.​ឈ្មោះ លឹម សុវណ្ណ​ចំប៉ា ភេទ​ស្រី អាយុ​៥៤​ឆ្នាំ និង​១២.​ព្រះ​តេជ​គុណនាម​.​ពុំ សុឃឿន ជន្មាយុ​៦៤​វស្សា​។​

ទោះបីជា​សមត្ថកិច្ច​ចាប់ខ្លួន​រួចហើយ​ក្តី នៅពេល​សមត្ថកិច្ច​បញ្ជូន​ពីរ​នាក់​ប្តី​ប្រពន្ធ ទៅ​តុលាការ ពួកគាត់​បាន​ត្រៀម​រួចហើយ នូវ​បដា​តូច​មួយ​កាន់​នៅ​ដៃ មាន​សរសេរ​ឈ្មោះ​ថ្នាក់ដឹកនាំ​បង្ហាញ​ប​ង្អូ​តទៅ​ភាគី​ដើមបណ្តឹង នៅ​ចំពោះមុខ​ដើមបណ្តឹង ដែល​តាម​ទៅ​ឃ្លាំមើល​ដល់​សាលាដំបូង​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×