អ្នកចរចារកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ជាមួយនឹងសហរដ្ឋអាមេរិច កំពុងធ្វើដំណើរឆ្ពោះទៅអាមេរិច ហើយត្រូវគេរំពឹងថានឹងទៅដល់នៅថ្ងៃព្រហស្បតិ៍នេះ ដែលនេះជាសញ្ញាដ៏សំខាន់មួយបញ្ជាក់ថា ប្រទេសទាំងពីរកំពុងស្ថិតជិតគ្នាក្នុងការសម្រេចបង្កើត
ឲ្យមានកិច្ចប្រជុំកំពូលលើកទី ២ រវាងដូណាល់ ត្រាំ និងគីម ជុងអ៊ុន។
លោក Kim Yong Chol អតីតអ្នកស៊ើបការណ៍ជំនាញរបស់របបព្យុងយ៉ាង អាចនឹងទៅដល់អាមេរិចនៅថ្ងៃព្រហស្បតិ៍នេះ ហើយនឹងត្រូវស្នាក់នៅទីនោះមួយយប់។ នេះបើតាមការបញ្ជាក់ពីប្រភពមន្ត្រីអាមេរិចដែលបានដឹងពីកិច្ចចរចារនោះ។
លោក Kim Yong Chol ត្រូវគេរំពឹងថានឹងធ្វើការជួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាមេរិច Mike Pompeo និងអ្នកតំណាងពិសេសអាមេរិច Steve Biegun នៅថ្ងៃបន្ទាប់។
គេនៅពុំទាន់ដឹងច្បាស់នៅឡើយទេថា គាត់ទៅនឹងសេតវិមានឬអត់ ប៉ុន្តែប្រភពបញ្ជាក់ថា វាអាចនឹងកើតឡើងដែរ។
សម្រាប់កិច្ចប្រជុំរវាងអ្នកចរចារជាន់ខ្ពស់របស់កូរ៉េខាងជើង និងមន្ត្រីអាមេរិចក្នុងទីក្រុងវ៉ាស៊ីតោន អាចកើតឡើងក្នុងសប្តាហ៍នេះ ប៉ុន្តែពត៌មានលំអិតមិនទាន់ត្រូវបានគេប្រកាសនៅឡើយទេ។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលលើកទី ២រវាងមេដឹកនាំកូរ៉េខាងជើង និងអាមេរិច អាចនឹងកើតឡើងឆាប់ៗក្នុងពេលខាងមុខ ហើយប្រទេសវៀតណាម ទំនងជានឹងក្លាយជាទីកន្លែងនៃកិច្ចប្រជុំកំពូលនោះ៕ សុភ័ក្ត្រ
ប្រភព៖ CNN