Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រគល់​មកុដ​មាស​និង​វត្ថុ​បុរាណ​មួយ​ចំនួន​ជូន​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​រក្សាទុក​

spot_img

​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រារព្ធ​ពិធី​ប្រគល់​មកុដ​មាស​ឬ​ភ្នួ​ង​សក់​ដែល​រកឃើញ​នៅក្នុង​កំណាយ​ជួសជុល​សាល​របាំ​ប្រាសាទតាព្រហ្ម​កាលពី​ឆ្នាំ​២០១២ រួម​នឹង​វត្ថុ​សិល្បៈ​បុរាណ​មួយ​ចំនួន ដែល​រក្សាទុក​នៅ​អាជ្ញាធរ​ជាតិ​អប្សរា​កាលពីមុន ជូន​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ជា​អ្នក​រក្សាទុក​ជំនួស​វិញ​នា​រសៀល​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៧​។​

​ពិធី​ប្រគល់​ទទួល​នេះ បាន​ធ្វើឡើង​រវាង​ថ្នាក់ដឹកនាំ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​មាន​លោក ត័ន ប៊ុន​ស៊ុយ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា និង​លោក គង់ វីរៈ ប្រធាន​នាយកដ្ឋាន​សារមន្ទីរ​ជាតិ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​។​

​លោក គង់ វីរៈ បានឱ្យដឹងថា ក្នុង​ឱកាស​មក​ពិនិត្យ​ទទួល​វត្ថុ​សិល្បៈ​បុរាណ​ពី​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​បាន​ពី​ការធ្វើ​កំណាយ​សិក្សា​ស្រាវជ្រាវ កំណាយ​ជួសជុល​ផ្សេងៗ​នៅក្នុង​តំបន់​អង្គរ​កន្លងមក​មាន​ដូចជា​៖ មកុដ​មាស​ឬ​ភ្នួ​ង​ស​ក់មួយ សន្លឹក​មាស​ដែល​ចារ​ជា​យ័ន្ត​ផ្សេងៗ​សម្រាប់​បញ្ចុះ​នៅតាម​បល្ល័ង្ក​នៅក្នុង​ប្រាសាទ​ចំនួន​១៦​សន្លឹក ចិញ្ចៀន​មាស​១​វង់ និង​ព្រះ​ពុទ្ធរូប​ចំនួន​២​អង្គ​។

​លោក គង់ វីរៈ បញ្ជាក់ទៀតថា គោលបំណង​សំខាន់​នៃ​ការទទួល​វត្ថុ​សិល្បៈ​បុរាណ​ទាំងអស់នេះ ពិសេស​គឺ​ភ្នួ​ង​ស​ក់មាស ក្រៅពី​យកទៅ​រក្សាទុក​ឬ​ជួសជុល គឺ​ដើម្បី​យក​ទៅ​បញ្ចូល​គ្នា​ជាមួយ​គ្រឿងអលង្កា​រមាស​ផ្សេងៗ​ដែល​មាន​ស្រាប់​នៅ​សារមន្ទីរ គ្រឿងអលង្ការ​ដែល​ទើប​ទទួលបាន​ពី​ប្រទេស​អង់គ្លេស និង​គ្រឿងមាស​មួយចំនួន​ដែល​ធ្វើ​កំណាយ​បាន​នៅ​ខេត្ត​ព្រៃវែង រួម​នឹង​វត្ថុ​សិល្បៈ​ផ្សេងៗ​ដើម្បី​តាំងពិព័រណ៍​ជូន​សាធារណជន​ជាតិ​-​អន្តរជាតិ​ឱ្យ​បាន​ឃើញ និង​យល់ដឹង​ពី​ប្រវត្តិ​របស់​វត្ថុ​បុរាណ​ទាំងនោះ មាន​រយៈពេល​៣​ខែ ចាប់ផ្តើម​ពី​ខែ​មករា ឆ្នាំ​២០១៨​តទៅ ក្រោម​ប្រធានបទ​ការប្រើប្រាស់​អលង្ការ​មាស​ក្នុងសង្គម​ខ្មែរ​ពី​អតីតកាល នៅ​សារមន្ទីរ​ជាតិ​។​

​លោក អ៊ឹម សុខ​រិទ្ធី អនុប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អន្តរជាតិ​និង​តម្កល់​ឯកសារ​អង្គរ​បាន​បញ្ជាក់​ពី​សាវតារ​របស់​វត្ថុ​សិល្បៈ​ទាំងបី​ប្រភេទ​ដែល​ប្រគល់​ឱ្យ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​មាន ទី​១​គឺ សន្លឹក​មាស​និង​ចិញ្ចៀន​មាស​១​វង់ មាន​អាយុកាល​នៅ​ស​.​វ​ទី​៧​ឬ​ទី​៨​នៃ​គ​.​ស ជា​វត្ថុ​បុរាណ​ដែល​បាន​ពី​ការធ្វើ​កំណាយ​ស្រាវជ្រាវ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា​និង​សាលា​បារាំង​ចុង​បូព៌ា (EFEO) នៅ​បា​រា យ​ណ៍​ទឹកថ្លា​កាលពី​ដើមឆ្នាំ​២០០០ ស្តី​អំពី​មរតក​វប្បធម៌ ការរៀបចំ​ក្រុង​មុន​សម័យអង្គរ ការរៀបចំ​កសាង​ប្រាសាទ ទំនៀមទម្លាប់ និង​ពិធី​ផ្សេងៗ​ទាក់ទង​នឹង​ការកសាង​ប្រាសាទ​។ វត្ថុ​សិល្បៈ​ទី​២​គឺ ពិន​សម្រាប់​លម្អ​ភ្នួ​ង​សក់ ឬ​មកុដ​នោះ មាន​អាយុកាល​នៅ​ស​.​វ​ទី​១២ អំឡុង​ពេល​កសាង​ប្រាសាទ គឺ​បាន​រកឃើញ​នៅក្នុង​កំណាយ​ជួសជុល​សាល​របាំ​នៅ​ប្រាសាទតាព្រហ្ម​ដោយ​ស្ថាប័ន​ឥណ្ឌា (ASI) សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ខែ​មីនា ឆ្នាំ​២០១២​។ វត្ថុ​សិល្បៈ​ទី​៣ គឺជា​អំណោយ​ព្រះ​ពុទ្ធរូប​២​អង្គ​ដែល​អ្នក​ភ្នំ​គូលែន​ប្រគល់​ឱ្យ​កាលពី​ឆ្នាំ​២០១៥ តែ​មិន​ទាន់​អាចសន្និដ្ឋាន​ពី​កាលបរិច្ឆេទ​និង​ប្រវត្តិ​នៃ​រូប​បាន​នៅឡើយ​។​

​លោក ត័ន ប៊ុន​ស៊ុយ ក៏បាន​លើកឡើង​ថា កន្លង​មក​វត្ថុ​សិល្បៈ​បុរាណ​ទាំងនេះ​ក៏​មាន​ការ​មើល​ថែទាំ​យ៉ាង​ល្អ​ពី​សំណាក់​អាជ្ញាធរ​ជាតិ​អប្សរា ហើយ​នេះ​ក៏​ជា​ឱកាស​ល្អ​មួយ​ដែល​វត្ថុ​បុរាណ​ទាំងនេះ​ត្រូវបាន​ប្រគល់​ជូន​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ដើម្បី​រក្សា​ទុក​ផង និង​យក​ទៅ​តាំងពិព័រណ៍​ផង ជា​ការផ្សព្វផ្សាយ​ពី​មរតក​វប្បធម៌​ផ្នែក​សិល្បៈ​ទៅកាន់​សារ​ធា​រណ​ជន​ឱ្យបាន​យល់ដឹង​និង​ស្រាវជ្រាវ​បន្ថែម​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×