Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ជំរុញ​ខេត្ត​សៀមរាប បន្ត​ប្រឹងប្រែង​អនុវត្តន៍​គម្រោង AIMS ដើម្បី​ធ្វើ​ជា​គំរូ​ដល់​ខេត្ត​ដទៃ​

spot_img

​សៀមរាប ​៖ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​សម្តែង​ការកោតសរសើរ ចំពោះ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប ដែល​បាន​ប្រឹងប្រែង​អនុវត្តន៍​គម្រោង​ជំរុញ​ទីផ្សារ​កសិកម្ម​ខ្នាត​តូច (AIMS) រហូត​ទទួលបាន​លទ្ធ​ល្អប្រសើរ និង​បាន​ស្នើ​ដល់​មន្ត្រី​ទាំងអស់ ប្រឹងប្រែង​ជំរុញ​វឌ្ឍនភាព​គម្រោង​នេះ​បន្តទៀត ដើម្បី​រួមចំណែក​លើកកម្ពស់​ជីវ​ភាព​ប្រជាកសិករ​ក្រីក្រ និង​ប្រែក្លាយ​វិស័យ​កសិកម្ម​ខេត្ត​សៀមរាប ឲ្យទៅ​ជា​គំរូ​សម្រាប់​ខេត្ត​ដទៃ​។​

​សំណើ​របស់​លោក​រដ្ឋមន្ត្រី បាន​ធ្វើឡើង​នា​ឱកាស​ជួប​សំណេះសំណាល ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម មន្ត្រី​សាខា​កាំកុងត្រូល រួម​ជាមួយ​តំណាង​សភាពាណិជ្ជកម្ម​ខេត្តសៀមរាប ទាក់ទង​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង AIMS កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១៥ ខែ​មករា ឆ្នាំ​២០១៩ នៅ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប​។​

​នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ស្តាប់​របាយការណ៍​អំពី​វឌ្ឍនភាព​ការងារ​របស់​គម្រោង (AIMS) និង​បញ្ហា​ប្រឈម​មួយចំនួន ដែល​ខេត្ត​សៀមរាប កំពុង​អនុវត្តន៍​ទៅលើ​ផលិតផល​បន្លែ មាន់​ស្រែ និង​សរសៃសូត្រ​ឆៅ​។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ដល់​មន្ត្រី​ទាំងអស់ ដើម្បី​យក​ទៅ​អនុវត្តន៍ សំដៅ​ពង្រឹង​ប្រសិទ្ធភាព​របស់​គម្រោង​ដូចខាងក្រោម​៖

១. ត្រូវ​សហការ​ជាមួយ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែល​ជា​ដៃគូ​របស់​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​រៀបចំ​ឲ្យមាន​ទស្សនកិច្ច​សិក្សា​អំពី​បច្ចេកទេស​ចិញ្ជឹម​កូននាង នៅ​ប្រទេស​ថៃឡង់​ដ៍។​

២. ត្រូវ​រៀបចំ​ក្រុម​កសិករ​ដែល​មាន​ឆន្ទៈ​មុតមាំ ដើម្បី​គាំទ្រ​ឲ្យ​ការផលិ​តអាច​បំពេញ​បាន​តាម​កិច្ចសន្យា​ជាមួយ​អ្នក​ប្រមូល​ទិញ ទោះបី​នៅ​គ្រា​ដំបូង​មាន​កម្រិត​ទាប​ក្តី​។​

៣. ត្រូវ​ពិនិត្យ​លទ្ធភាព​ប្រើប្រាស់​ថវិកា​របស់​គម្រោង ដើម្បី​ជួយ​ធ្វើឲ្យ​ប្រជាកសិករ ឆាប់​ទទួលបាន​ប្រាក់​ពី​អ្នកទិញ​។​

៤. ត្រូវ​ធ្វើការ​ជាមួយ​ធនាគារ​អភិវឌ្ឍន៍ជនបទ ដើម្បី​បន្ទាប​អត្រា​ការប្រាក់​កម្ចី​សម្រាប់​កសិករ​ក្រីក្រ​។​

៥. ត្រូវ​សហការ​ជាមួយ​វិស័យ​ឯកជន តាមរយៈ​សភា​ពាណិជ្ជកម្ម​ខេត្ត ដើម្បី​ប្រមូល​ផលិតផល​ពី​កសិករ មក​កាន់​ទីផ្សារ​ដែល​បង្កើតឡើង​ក្រោម​គម្រោង AIMS៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×