Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងពាណិជ្ជកម្ម សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង ចំពោះ​សេចក្តីសម្រេច​របស់​EU​យកពន្ធ​លើ​អង្ករ​ខ្មែរ

spot_img

​ភ្នំពេញ​ ៖ ក្រសួងពាណិជ្ជកម្ម ដែលមាន​លោក ប៉ាន សូរ​ស័ក្តិ ជា​រដ្ឋមន្ត្រី បាន​សេចក្តីថ្លែងការណ៍​ទាំងយប់​ថ្ងៃទី​១៧​ខែមករា​ឆ្នាំ​២០១៩ ឆ្លើយតប​នឹង​សេចក្តីប្រកាស​ព័ត៌មាន របស់​សហភាព​អឺរ៉ុប ស្តីពី​វិធានការ​ការពារ​ទីផ្សារ ដោយ​សហភាព​អឺរ៉ុប មកលើ​អង្ករ (Indica Rice) នាំ​ចេញពី​កម្ពុជា​។​

​ក្នុង​សេចក្តីថ្លែងការណ៍ ក្រសួងពាណិជ្ជកម្ម បាន​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង ចំពោះ​សេចក្តីសម្រេច​នេះ​។​
​ក្រសួងពាណិជ្ជកម្ម បានចាត់ទុក​ការសម្រេច​របស់​សហភាព​អឺរ៉ុប ថា​មិន​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​ច្បាប់ពាណិជ្ជកម្ម​អន្តរជាតិ បទដ្ឋាន​បច្ចេកទេស និង​សច្ចភាព ព្រមទាំង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​កន្លងមក​រវាង​កម្ពុ​ជា និង​សហភាព​អឺរ៉ុប​។​

​ក្រសួងពាណិជ្ជកម្ម​នៃ​កម្ពុជា បាន​សម្តែង​ការសោកស្តាយ​ជាខ្លាំង​ចំពោះ​វិធានការ​របស់​សហភាព​អឺរ៉ុប (EU) ដែល​បានសម្រេច​យកពន្ធ​លើ​អង្ករ​ខ្មែរ​។ ក្រសួង​បានចាត់ទុក​វិធានការ​នេះ​ថា ជា​អាវុធ​សម្លាប់​កសិករ​ខ្មែរ និង​បានប្រកាស​តវ៉ា​ជាមួយ​សេចក្តីសម្រេច​នេះ​ទៅតាម​ទិ​ដ្ឋ​ច្បាប់ និង​វិធាន​ពាណិជ្ជកម្ម​អន្តរជាតិ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​ឆ្លើយតប​វិធានការ​របស់​សហភាព​អឺរ៉ុប ក្រសួងពាណិជ្ជកម្ម បាន​លើកឡើងថា ការសម្រេច​របស់​សហ​ភាព​អឺរ៉ុប​នេះ មិនបាន​ឆ្លុះបញ្ចាំង​ទាំងស្រុង​លើ​ទិដ្ឋភាព​ច្បាប់ពាណិជ្ជកម្ម​អន្តរជាតិ បទដ្ឋាន​បច្ចេកទេស និង​សច្ចភាព ព្រមទាំង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​កន្លងមក​រវាង​រាជរដ្ឋាភិបាល វិស័យ​ឯកជន​របស់​កម្ពុជា និង​សហគមន៍​អឺរ៉ុប​នោះឡើយ​។​

​ក្នុង​សេចក្តីថ្លែងការណ៍​បាន​បញ្ជាក់ថា សេចក្តីសម្រេច​នេះ​ប្រៀបបាន​នឹង​អាវុធ​សម្លាប់​កសិករ​ខ្មែរ និង​គ្រួសារ ដែល​កំពុង​ជាប់បំណុល​ស្ថាប័ន​ឥណទាន​។ ក្នុង​សេចក្តីថ្លែងការណ៍​បានបញ្ជាក់​” ការសម្រេច​ដាក់​វិធានការ ការពារ​ទីផ្សារ​ដោយ​សហភាព​អឺរ៉ុប មកលើ​អង្ករ (Indica Rice) ដែលមាន​ប្រភពដើម​មកពី​កម្ពុជា មាន​ឥទ្ធិពល​គ្រប់គ្រាន់ សម្រាប់​ដកហូត​ចំណូល របស់​ប្រជាកសិករ​ក្រីក្រ​កម្ពុជា និង​ជា​អាវុធ​សម្រាប់​ធ្វើឃាត​ពួកគាត់ និង​ក្រុមគ្រួសារ ដែល​កំពុង​ជាប់បំណុល​ជាមួយ​ស្ថាប័ន​ឥណទាន ដែល​បានផ្តល់​ប្រាក់កម្ចី​ដល់​ពួកគាត់​៣​។​

​ក្នុង​សេចក្តីថ្លែងការណ៍​នេះ ក្រសួង​ក៏បាន​បញ្ជាក់ថា ខ្លួន​កំពុង​ពិនិត្យ​ផ្ទៀងផ្ទាត់​សេចក្តីសម្រេច​នេះ ដោយ​ផ្អែកលើ​ទិដ្ឋភាព​ច្បាប់ និង​វិធាន​ពាណិជ្ជកម្ម​អន្តរជាតិ ដើម្បី​បន្តធ្វើ​ការតវ៉ា​ជាមួយ​សេចក្តីសម្រេច ដែល​ប្រជាជន​កម្ពុជា​យល់ថា ជា​សេចក្តីសម្រេច​ដែល​គ្មាន​សុក្រឹតភាព និង​សច្ចភាព​សង្គម និង​សេដ្ឋកិច្ច​។​

​ជាមួយគ្នានេះ​ក្រសួងពាណិជ្ជកម្ម ក៏បាន​អំពាវនាវ​ឲ្យ​គណៈកម្មការ​អឺរ៉ុប ពិនិត្យឡើងវិញ នូវ​ការសម្រេច​របស់ខ្លួន ដោយ​ផ្អែកលើ​វិធាន​ពាណិជ្ជកម្ម​អន្តរជាតិ និង​ចំណង​កិច្ចសហប្រតិបត្តិការ​ល្អ​ជា​ប្រពៃណី​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប​។​

​សូមបញ្ជាក់ថា សហគមន៍​អឺរ៉ុប បានសម្រេច​ចាប់ផ្តើម​យកពន្ធ​លើ​ការ​នាំចូល​អង្ករ​របស់​កម្ពុជា និង​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​នាំចេញ​ទៅកាន់​ប្រទេស​ដែលជា​សមាជិក​អឺរ៉ុប​ចំនួន ២៨​ប្រទេស សម្រាប់​រយៈពេល​៣​ឆ្នាំ ចាប់ពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩​នេះ រហូតដល់​ឆ្នាំ​២០២១​។​

​ការយកពន្ធ​នាំចូល​អង្ករ​របស់​កម្ពុ​ជា នៅ​ឆ្នាំ​ដំបូង​តម្លៃ​ពន្ធ​ចំនួន ១៧៥​អឺរ៉ូ (​ប្រហែល​២០០​ដុល្លារ​) ក្នុង ១​តោន​, ឆ្នាំ​ទី​២ តម្លៃ ១៥០​អឺរ៉ូ (​ប្រហែល​១៧០​ដុល្លារ​) ក្នុង​១​តោន និង​ឆ្នាំ​ទី​៣ តម្លៃ​១២៥​អឺរ៉ូ (​ប្រហែល​១៤២​ដុល្លារ​) ក្នុង ១​តោន​។​

​ការសម្រេច​យកពន្ធ​លើ​អង្ករ​កម្ពុជា​នេះ ដោយសារ​អឺរ៉ុប​រកឃើញថា អង្ករ​របស់​កម្ពុជា និង​មី​យ៉ាន់​ម៉ា ដែល​នាំ​ចូលទៅ​អឺរ៉ុប បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ផលិត​អង្ករ​របស់​ពួកគេ បន្ទាប់ពី​មាន​បណ្តឹងតវ៉ា​ពី​ប្រទេស​អ៊ីតាលី និង​អេ​ស្ប៉ា​ញ​។​

​សូម​ជម្រាប​ផងដែរ​ថា សហគមន៍​អឺរ៉ុប គឺជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​អង្ករ​កម្ពុជា​។ នៅ​ឆ្នាំ​២០១៨ កម្ពុជា​នាំចេញ​អង្ករ​ទៅ​អឺរ៉ុប​ជិត ៣០​ម៉ឺន​តោន ស្មើនឹង ៤២,៩៨​ភាគរយ​នៃ​ចំនួន ដែល​បាន​នាំចេញ​ទាំងអស់​ចំនួន ៦២​ម៉ឺន​តោន ​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×