Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនា​គារ ប្រេដ ប៊ែ​ង បង្ហាញ​ទំនុកចិត្ត​មកលើ​រាជរដ្ឋាភិបាល និង​គ្រោង​វិនិយោគ​ពង្រីក​សាខា​បន្ថែម​នៅ​កម្ពុជា ដើម្បី​ចូលរួម​អភិវឌ្ឍន៍​វិស័យ SME

spot_img

​ភ្នំពេញ ​៖ ធនាគារ ប្រេដ ប៊ែ​ង (BRED Bank) ដែលជា​ស្ថាប័នហិរញ្ញវត្ថុ​ដ៏​ធំ​របស់​ប្រទេស​បារាំង គ្រោង​ពង្រីក​សាខា​បន្ថែម នៅតាម​បណ្តា​ខេត្ត​ដែលមាន​សក្តានុពល​មួយចំនួនទៀត ដើម្បី​ចូលរួម​អភិវឌ្ឍន៍​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម (SME) ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា នេះ​បើតាម​ការបញ្ជាក់​របស់ លោក Olivier Klein នាយក​ប្រតិបត្តិ​នៃ​ធនាគារ ប្រេដ ប៊ែ​ង ដែល​បាន​ដឹកនាំ​សហការី ចូលជួប​ពិភាក្សា​ការងារ​ជាមួយ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​។​

​នៅក្នុង​ជំនួប​ដែល​រៀបចំឡើង​នៅ​ទីស្តីការក្រសួង កាលពី​រសៀល​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩ លោក Olivier Klein បាន​សម្តែង​ការកោតសរសើរ​ចំពោះ​វឌ្ឍនភាព និង​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា និង​បាន​ជម្រាបជូន លោក ប៉ាន សូរ​ស័ក្តិ អំពី​ប្រតិបត្តិការ និង​សេវាកម្ម​ទូទៅ​របស់​ធានា​គារ ប្រេដ ប៊ែ​ង ទាំង​ប្រភេទ​ហិរញ្ញវត្ថុ និង​មិនមែន​ហិរញ្ញវត្ថុ (​ការបណ្តុះបណ្តាល​សហគ្រិន​ភាព ការប្រឹក្សា​យោបល់​ជូន​វិស័យ SME និង​ការ​ចងក្រង​បណ្តាញ​ធុរកិច្ច​)​។​

​លោកនាយក​ប្រតិបត្តិ បានឱ្យដឹង​ទៀតថា នៅក្នុង​ឆ្នាំ​២០១៨ ធនាគារ ប្រេដ ប៊ែ​ង បានផ្តល់​ប្រាក់កម្ចី​ជាង ១០០​លាន​ដុល្លារ ដល់​វិស័យ​ឯកជន ដែល​នៅ​ក្នុងនោះ​ជាង ៨០% គឺជា​កម្មសិទ្ធិ​របស់​ជ​ន​ជាតិខ្មែរ​។ លោក Olivier Klein បានស្នើ​សុំ​យោបល់​ពី ឯកឧត្តម​រដ្ឋមន្ត្រី ទាក់ទង​ផែនការ​ពង្រីក​វត្តមាន​សាខា​ធានា​គារ ប្រេដ ប៊ែ​ង បន្ថែម ដើម្បី​ចូលរួម​អភិវឌ្ឍន៍​វិស័យ SME នៅក្នុង​ប្រទេស​កម្ពុជា​។​

​ជាការ​ឆ្លើយតប​លោករ​ដ្ឋ​មន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ថ្លែងអំណរគុណ លោក Olivier Klein ដែល​បាន​ទុកចិត្ត​មកលើ​ការដឹកនាំ របស់​រាជរដ្ឋាភិបាល ហើយ​បានជ្រើសរើស​ប្រទេស​កម្ពុជា ធ្វើជា​ទីតាំង​វិនិយោគ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​វិស័យ​ធនាគារ និង​វិស័យ SME ដែល​ត្រូវបាន​ចាត់ទុកជា​ក្បាលម៉ាស៊ីន​ដ៏​សំខាន់​នៃ​កំណើនសេដ្ឋកិច្ច និង​បាន​ពន្យល់​អំពី​គោលនយោបាយ​គាំពារ​វិនិយោគ និង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម (IDP) របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោក​រដ្ឋមន្ត្រី បាន​ជម្រាប​លោកនាយក​ប្រតិបត្តិ អំពី​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច (AIMS) ដែល​ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​ខ្សែចង្វាក់​តម្លៃ​ផលិតផល​ស្រូវ ដំឡូង​មី បន្លែ មាន់​ស្រែ និង​សូត្រ​ប្រណិត ដើម្បី​លើកស្ទួយ​ជីវភាព​ប្រជាកសិករ​ក្រីក្រ និង​បានស្នើ​ធនាគារ ប្រេដ ប៊ែ​ង ជួយ​គាំទ្រ​គម្រោង​នេះ តាមរយៈ​ការផ្តល់សេវា​ពិគ្រោះ​យោបល់ និង​វគ្គ​បណ្តុះបណ្តាល​ផ្សេងៗ ទាក់ទង​ការអភិវឌ្ឍ​សហគ្រិនភាព ព្រមទាំង​ប្រាក់កម្ចី ដែលមាន​អត្រា​ការប្រាក់​ទាប ដល់​សមាគម​កសិករ ក្នុងការ​ពង្រីក​មុខរ​បរ ដោយ​ផ្អែកលើ​ប្រតិបត្តិការ​ដែលមាន​កិច្ចធានា (​ប្រើប្រាស់​ផែនការអាជីវកម្ម កសិផល និង​សម្ភារៈ ជំនួស​ឱ្យ​ការដាក់​ទ្រព្យ​បញ្ចាំ​)​ ។​

​បន្ថែម​លើស​នេះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ក៏បាន​សន្យា​ជួយ​គាំទ្រ​ប្រតិបត្តិការ​របស់​ធនាគា​រ ប្រេដ ប៊ែ​ង និង​បាន​សំណូមពរ លោក Olivier Klein ជួយ​កៀងគរ​វិនិយោគិន​បារាំង ឱ្យ​ចូលមក​បណ្តាក់ទុន​កាន់តែច្រើន​នៅ​កម្ពុជា ដើម្បី​ធ្វើ​ពិពិធ​កម្ម​ឱកាស​ការងារ​ជូន​ប្រជាជន និង​ព​ន្លឿ​ន​ការអភិវឌ្ឍ​កំណើន​សេដ្ឋកិច្ចជាតិ ​៕ដោយ ​៖ ​រចនា​

spot_img
×