កងទ័ពរបស់តៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានចាប់ផ្តើមធ្វើសមយុទ្ធទ្រង់ទ្រាយធំ បន្ទាប់ពីមានភាពតានតឹងយ៉ាងខ្លាំង ដោយសារតែការគំរាមរបស់ចិនចង់បានតៃវ៉ាន់យកមកគ្រប់គ្រងវិញ។
ក្នុងសមយុទ្ធនោះ តៃវ៉ាន់បានដាក់បង្ហាញអាវុធរបស់ខ្លួនជាច្រើនដូចជារថក្រោះ ឧបករណ៍បាញ់រ៉ុកកែត និងឧទ្ធម្ភាគចក្រជាច្រើនគ្រឿង នៅក្បែរក្រុង Taichung ដែលនោះគឺជាការធ្វើសមយុទ្ធលើកទី ១មួយសម្រាប់ឆ្នាំនេះ។
“យោធារបស់ពួកយើងត្រៀមខ្លួនរួចរាល់ក្នុងការប្រឆាំងទៅនឹងរាល់ការគំរាមកំហែង” នេះជាការបញ្ជាក់របស់ អ្នកនាំពាក្យក្រសួងការពារជាតិតៃវ៉ាន់ ឧត្តមសេនីយ៍ Chen Chung-chi ប្រាប់ CNN។
“ពួកយើងត្រៀមខ្លួនរួចរាល់ហើយក្នុងការរក្សាអធិបតេយ្យភាព និងសេរីភាពពួកយើង”។
ទោះយ៉ាងណាលោកមិនបានបញ្ជាក់លំអិតពីចំនួនកងទ័ព និងមានអាវុធអ្វីខ្លះទេដែលដាក់ឲ្យធ្វើសមយុទ្ធ។ ការធ្វើសមយុទ្ធដំណាក់កាលដំបូងនេះ នឹងបន្តរហូតដល់ចុងខែមករានេះ។
សមយុទ្ធចុងក្រោយរបស់ពួកគេគឺផ្តោតទៅលើការត្រៀមខ្លួនប្រយុទ្ធ ខណៈពេលដែលប្រធានាធិបតីចិន ស៊ី ជីនពីងបានដាក់សម្ពាធ
កាន់តែខ្លាំងលើតៃវ៉ាន់ និងគំរាមប្រើប្រាស់ទ័ពវាយយកតៃវ៉ាន់មកគ្រប់គ្រង បើកោះនេះហ៊ានប្រកាសឯករាជ្យ។
កាលពីដើមខែនេះ ប្រធានាធិបតីចិនបានប្រកាសថា ការរួមរួមជាមួយតៃវ៉ាន់វិញគឺជាទំនោរប្រវត្តិសាស្ត្រ និងផ្លូវដ៏ត្រឹមត្រូវ។ ឯករាជ្យរបស់តៃវ៉ាន់គឺជាសេចក្តីស្លាប់៕ សុភ័ក្ត្រ
ប្រភព៖ CNN