Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ពិព័រណ៍ ឌីជីថល​កម្ពុជា ២០១៩ ដើម្បី​ពង្រឹង​នូវ​គុណភាព​សេវា ស្រប​តាម​ការវិវត្តន៍​របស់​បច្ចេកវិទ្យា​ទំនើប

spot_img

​ភ្នំពេញ ​៖ លោក​រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​បានបញ្ជាក់​ថា ដើម្បី​ឆ្លើយតប នឹង​គោលនយោបាយ​អភិវឌ្ឍន៍ វិស័យ​ទូរគមនាគមន៍​-​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ឆ្នាំ​២០២០ ក្រសួង​នឹង​រៀបចំ​ពិព័រណ៍ ឌីជីថល​កម្ពុជា ២០១៩ នឹង​ប្រមាណ ១៥០ ស្តង់ ហើយ​សង្ឃឹមថា នឹង​មាន​អ្នកចូលរួម ២០.០០០ នាក់​។ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ប្រឹងប្រែង​អនុវត្ត​នូវ​ផែនការ ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ទូទាំង​ផ្ទៃ​ប្រទេស រួមទាំង ការពង្រឹង​នូវ​គុណភាព​សេវា ស្រប​តាម​ការវិវត្តន៍​របស់​បច្ចេកវិទ្យា​ទំនើប ហើយ​អ្វី​ដែល​សំខាន់​នោះ គឺ​បង្កើត​យន្តការ សហការ​យ៉ាង​ស្អិតល្មួត ជាមួយ​វិស័យ​ឯកជន ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​នេះ​។

​ថ្ងៃ​សុក្រ ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០១៩ វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន (NIPTICT) បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​អំពី​កម្មវិធី “​ឌីជីថល​កម្ពុជា ២០១៩ (Digital Cambodia 2019)” ទីស្ដីការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្រោម​អធិបតីភាព លោក កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​ជា​អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​មូលនិធិ ស​.​អ​. អមដោយ លោក ជុន វ៉ាត អគ្គនាយក​នៃ​អគ្គនាយដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សា​មូលនិធិ ស​.​អ​. លោក សេង សុភាព ប្រធាន​វិទ្យាស្ថាន​ជាតិ NIPTICT និង​ជា​សេនាធិការ​អនុវត្ត​គម្រោង ស​.​អ​. តំណាង​ក្រុមហ៊ុន Smart Axiata និង​តំណាង​ក្រុមហ៊ុន Viettel (Cambodia)​។​

​កម្មវិធី Digital Cambodia 2019 នឹង​ត្រូវ​បាន​រៀបចំ​ចាប់ពី​ថ្ងៃ​ទី​១៥ ដល់ ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០១៩ នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ ដែល​មាន​វិទ្យាស្ថាន​ជាតិ NIPTICT ជា​ម្ចាស់​កម្មវិធី​, គាំទ្រ​ដោយ​ក្រសួង​ចំនួន ៦ រួមមាន ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដោយ​ប្រើប្រាស់​កញ្ចប់​ថវិកា​មូលនិធិ ស​.​អ​. ដែល​ជា​ចំណែក​វិភាគទាន​ធំ​ទី​១ បង់​ដោយ​ក្រុមហ៊ុន Smart Axiata និង​ចំណែក​វិភាគទាន​ធំ​ទី​២ បង់​ដោយ​ក្រុមហ៊ុន Viettel (Cambodia) ព្រមទាំង​មាន​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន Huawei Technology (Cambodia) Co., Ltd. និង​ដៃគូ​មួយចំនួនទៀត​។

​លោក​កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​មានប្រសាសន៍ថា ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​សហការ​រៀប​ចំ​ដោយ​ក្រុមហ៊ុន Sabay Digital Corp. និង​ក្រុមហ៊ុន Two Way Public Relations ។ កម្មវិធី Digital Cambodia 2019 ជា​កម្មវិធី​ឈានមុខ​ប្រចាំ​ឆ្នាំ​លើក​ទី​១ របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​គោលបំណង​បង្កើត Platform ថ្នាក់ជាតិ​ដើម្បី ១. បង្ហាញ​អំពី​បរិយាកាស និង Ecosystem ប្រកប​ដោយ​អំណោយផល និង​ភាព​ទាក់ទាញ​សម្រាប់​ការវិនិយោគ វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន នៅ​កម្ពុជា​, ២. បង្ហាញ​អំពី​វឌ្ឍនភាព នៃ​ការអភិវឌ្ឍ​ក្របខ័ណ្ឌ គោលនយោបាយ​និង​គតិយុត្ត និង​ផលិតផល និង​សេវា​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​-​គមនាគមន៍​និង​ព័ត៌មាន​, ៣. បញ្ជ្រាប​អំពី​សារសំខាន់ និង​ភាព​មិន​អាច​ខ្វះ​បាន នៃ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ដល់​គ្រប់​មជ្ឈដ្ឋាន ជា​ពិសេស​យុវជន​និង​ស្ត្រី ក្នុងន័យ​ធ្វើឱ្យ​ប្រសើរឡើង នៃ​ការអប់រំ​សម្រាប់​សិស្ស​-​និស្សិត និង​ជំនាញ​បច្ចេកទេស បង្កើន​ប្រសិទ្ធភាព​ការងារ និង​ផលិតភាព និង​ពង្រឹង​ភាព​ប្រកួតប្រជែង សហគ្រាស​ធុន​តូច​បំផុត ធុន​តូច និង​មធ្យម​របស់​កម្ពុជា​លើ​ឆាក​តំបន់​និង​អន្តរជាតិ​, ៤.​កៀរគរ​គ្រប់​តួអង្គ​ពាក់ព័ន្ធ ក្នុង​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​-​គមនាគមន៍​និង​ព័ត៌មាន រួមមាន ស្ថាប័ន​រាជរដ្ឋាភិបាល អ្នកវិនិយោគ​ជាតិ​និង​អន្តរជាតិ អាជីវកម្ម​ចាប់ផ្ដើម​ថ្មី (Startup) អ្នក​វិជ្ជាជីវៈ និង​គ្រឹះស្ថាន​សិក្សា​ស្រាវជ្រាវ ព្រម​ទាំង​សង្គម​ស៊ីវិល ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ និងឧ​ត្ត​មានុ​វត្តន៍ និង​ពិភាក្សា​យោបល់​អំពី​និន្នាការ​ថ្មីៗ ក៏​ដូចជា​អំពី​បញ្ហា​ប្រឈម​នានា លើ​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ក្នុង​ក្របខ័ណ្ឌ​ជាតិ និង​អន្តរជាតិ​, ៥. ជំរុញ​អំពី​សហគ្រិនភាព និង​នវានុវត្តន៍​ថ្មីៗ​, និង​៦.​អភិវឌ្ឍ​បណ្តាញ​អាជីវកម្ម រវាង​អាជីវកម្ម​ចាប់ផ្តើម​ថ្មី (Startup) ជាមួយ​សហគ្រាស​ធុន​តូច​បំផុត ធុន​តូច និង​មធ្យម​។

​គួរ​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី​ចម្បងៗ​ដែល​មាន​ក្នុង​កម្មវិធី Digital Cambodia 2019 ៖ 1.​វេទិកា​ថ្នាក់​រដ្ឋមន្ត្រី ទូរគមនាគមន៍ និង​ព័ត៌មានវិទ្យា​អាស៊ាន 2.​សន្និសីទ និង​សិក្ខាសាលា សម្រាប់​ថ្នាក់ដឹកនាំ និង​អ្នកជំនាញ ដើម្បី​ចែករំលែក​អំពី​បច្ចុប្បន្នភាព និង​អនាគត​នៃ បច្ចេកវិទ្យា​ឌីជីថល 3.​ពិព័រណ៍​ឌីជីថល​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​តំបន់ 4.​ការប្រគល់​ពានរង្វាន់ Cambodia ICT Awards និង Women in Tech Awards សម្រាប់​ផលិតផល​បច្ចេកវិទ្យា ដែល​មាន​លក្ខណៈ​ច្នៃប្រឌិត និង​នវានុវត្តន៍ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បានផ្តល់​ចំណាប់​អារម្មណ៍​ចំពោះ​កម្មវិធី Digital Cambodia 2019 ថា “Digital Cambodia 2019 គឺ​ជា​កម្មវិធី​ដែល​រៀបចំឡើង ក្នុង​គោលបំណង​បង្ហាញ​ពី​សក្តានុពល និង​ភាព​រីកដុះដាល នៃ​អាជីវកម្ម​បច្ចេកវិទ្យា​ក្នុងស្រុក ក៏ដូចជា ដើម្បី​បង្កើត​បណ្តាញ​ទំនាក់ទំនង និង​ទា​ញ​យក​ចំណាប់អារម្មណ៍ អ្នកវិនិយោគ​ខាង​ក្រៅ​ប្រទេស ឱ្យ​ងាក​សម្លឹង​មក​កម្ពុជា​។ នេះ​ជា​ការបោះ​ជំហាន​សម្រាប់​ការរៀបចំ​ខ្លួន សម្រាប់​សេដ្ឋកិច្ច​ឌីជីថល និង​ឆ្លើយតប​នឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ដែល​មានកំណត់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ សម្រាប់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦​។ ក្រសួង​ប​.​ទ​. គាំទ្រ​នូវ​ការបង្កើត​នូវ​កម្មវិធី ទំនាក់ទំនង​បែបនេះ ក្រោម​ការប្រើប្រាស់​មូលនិធិ ស​.​អ​.​។ ក្នុង​ឆ្នាំ​២០១៩ និង​២០២០ ខាងមុខ មូលនិធិ ស​.​អ​. បាន​លៃលក​ថវិកា​មួយ ផ្នែក​សម្រាប់​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរឡើង​នូវ Ecosystem នៃ​ការបង្កើត​មុខរបរ ខាង​ផ្នែក​បច្ចេកវិទ្យា​ក្នុងស្រុក​។ យើង​សង្ឃឹមថា ប្រជាជន​កម្ពុជា ជាច្រើន​នឹង​ទទួល​បាន​ប្រយោជន៍ ពី​ការផ្តួចផ្តើម​ទាំងនេះ​។​”

​លោក​កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​មានប្រសាសន៍ថា “​ដើម្បី​ឆ្លើយតប នឹង​គោលនយោបាយ​អភិវឌ្ឍន៍ វិស័យ​ទូរគមនាគមន៍​-​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ឆ្នាំ​២០២០ និង​ក្របខ័ណ្ឌ​ផែនការ និង​ក្របខ័ណ្ឌ​គតិយុត្ត​មួយចំនួនទៀត ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ប្រឹងប្រែង​អនុវត្ត​នូវ​ផែនការ ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ទូទាំង​ផ្ទៃ​ប្រទេស រួមទាំង ការពង្រឹង​នូវ​គុណភាព​សេវា ស្រប​តាម​ការវិវត្តន៍​របស់​បច្ចេកវិទ្យា​ទំនើប​, បាន​ចូលរួម​ជំរុញ​ការបណ្តុះបណ្តាល ធនធានមនុស្ស​ជំនាញ​បច្ចេកទេស​, ព្រមទាំង​បាន​បង្កើត​បទដ្ឋាន​គតិ​យុត្ត​មួយចំនួន ដើម្បី​ទ្រទ្រង់​ដល់​ការអភិវឌ្ឍ​ផ្នែក​ឌីជីថល​។ អ្វី​ដែល​សំខាន់​នោះ គឺ​យើង​បាន​បង្កើត​យន្តការ សហការ​យ៉ាង​ស្អិតល្មួត ជាមួយ​វិស័យ​ឯកជន ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​នេះ​។ ជា​ជំហាន​បន្ទាប់ ក្រសួង​នឹង​បន្ត​ប្រើប្រាស់ យន្តការ​ដែល​បាន​អនុវត្ត ប្រកបដោយ​ជោគជ័យ នា​ពេលកន្លងមក និង​គិតគូរ​បន្ថែម លើ​ការអភិវឌ្ឍ​ឧស្សាហកម្ម​បច្ចេកវិទ្យា ក្នុងស្រុក ឱ្យ​កាន់តែ​មាន​ភាព​សម្បូរបែប តាមរយៈ​ការទាក់ទាញ​ការវិនិយោគ​ឧស្សាហកម្ម ប​.​គ​.​ព ខ្នាត​ធំ និង​ការធ្វើឱ្យ​ប្រសើរឡើង នូវ​បរិ​យាស​កាស​អំណោយផល ដល់​ការបង្កើត​អាជីវកម្ម​ចាប់ផ្តើម​ថ្មី (Startup)​ខាង​ផ្នែក​បច្ចេកវិទ្យា​ក្នុងស្រុក​។​”

​លោក​បណ្ឌិត សេង សុភាព ប្រធាន​វិទ្យាស្ថាន​ជាតិ NIPTICT បាន​មានប្រសាសន៍ថា “Digital Cambodia 2019 នេះ មាន​សារសំខាន់​យ៉ាងខ្លាំង ដល់​ការជួយ​ជំរុញ​កម្ពុជា ឆ្ពោះទៅ​កាន់​ឧស្សាហកម្ម​ជំនាន់ ៤ តាមរយៈ ការពិភាក្សា​និង​ចែករំលែក បទពិសោធន៍ ពី​អ្នកជំនាញ​ជាតិ និង​អន្តរជាតិ ដើម្បី​ឈាន​ទៅ​បង្កើត​នូវ​បរិដ្ឋាន អំណោយផល​សម្រាប់​ការ​បម្លាស់ប្តូរ ទៅកាន់​ឌីជីថល​នៅ​កម្ពុជា ដែល​នឹង​ជះ​ឥទ្ធិពល​ជា​វិជ្ជមាន ដល់​វិស័យ​សេដ្ឋកិច្ច និង​សង្គម​តាមរយៈ​ការនាំមក​នូវ គំរូ​អាជីវកម្ម​ដែល​មាន​លក្ខណៈ​នវានុវត្តន៍ ការបង្កើន​លទ្ធភាព​ប្រកួតប្រជែង និង​ការបង្កើត​ការងារ កាន់តែច្រើន ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។​”

​គួរ​បញ្ជាក់​ផង​ដែរ​ថា Digital Cambodia 2019 នឹង​មាន​ការចូលរួម ពី​រដ្ឋមន្ត្រី​ទូរគមនាគមន៍​និង​ព័ត៌មានវិទ្យា​អាស៊ាន តំណាង​មកពី Regional ITU តំណាង​មកពី​លេខាធិការដ្ឋាន​អាស៊ាន ព្រមទាំង​មាន​វាគ្មិន​ប្រមាណ ៧០ រូប​។ កម្មវិធី​នេះ ក៏​មាន​ការតាំងពិព័រណ៍​ប្រមាណ ១៥០ ស្តង់ និង​សង្ឃឹមថា នឹង​មាន​អ្នកចូលរួម​ប្រមាណ ២០.០០០ នាក់ មក​ពី​ស្ថាប័ន​រាជរដ្ឋាភិបាល ប្រតិបត្តិ​ករ​ទូរគមនាគមន៍ ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ក្រុមហ៊ុន​អភិវឌ្ឍ​បច្ចេកវិទ្យា ធនាគារ មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន​ចាប់ផ្តើម​ធុរកិច្ច​ថ្មី (startup) អង្គការក្រៅរដ្ឋាភិបាល គ្រឹះស្ថាន​អប់រំ និង​ដៃគូ​អភិវឌ្ឍន៍​៕ ​ដោយ​៖​រចនា​

 

spot_img
×