Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំណើន​យានយន្ត និង​កំណើន​ចរាចរ​លើ​ដងផ្លូវ កើនឡើង​ជា​បន្តបន្ទាប់ ប៉ុន្តែ​អត្រា​ស្លាប់ ហាក់ដូចជា​ថយ​ចុះ​គួរឲ្យកត់សម្គាល់​

spot_img

​ភ្នំពេញ​៖ ពេញ​មួយឆ្នាំ​២០១៨ ដែល​ជា​ឆ្នាំ​ទី​៣ នៃ​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក សមាសភាព នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​​ចរាចរណ៍​ផ្លូវគោក​ទាង​អស់ បាន​ប្រមូលផ្ដុំ​គ្នា​អនុវត្ត​ការងារ​ទទួលបាន​ជោគជ័យ​គួរឲ្យកត់សំគាល់​។​

ថ្ងៃ​សុក្រ ទី​១៨ ខែ​មករា ឆ្នាំ​២០១៩ កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆ្នាំ​២០១៨ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​សម្ដេច​ក្រឡា​ហោ​ម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។​

​យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ឱ្យដឹងថា​៖ នៅ​ឆ្នាំ​២០១៨ កន្លងទៅនេះ ករណី​គ្រោះ​ថ្នាក់​ចរាចរ​បាន​ថយចុះ​ចំនួន​៧​ភាគរយ ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ ក្នុង​នោះ​ចំនួន អ្នក​ស្លាប់​បាន​ថយចុះ ១​ភាគរយ ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ ចំណែក​ឯ​ចំនួន​អ្នក​របួស​ដោយ​គ្រោះថ្នាក់​ចរាចរ​ថយចុះ ១៤​ភាគរយ ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧​។​

​ថ្លែង​ក្នុង​របាយការណ៍​នា​ឱកាស​នោះ​លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ខិតខំ​ប្រឹង​ប្រែង​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ជាពិសេស គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្ដាលឱ្យ​ស្លាប់ របួស និង​ការបាត់បង់​ទ្រព្យសម្បត្តិ តាមរយៈ​ការតាក់តែង លិខិត​បទដ្ឋាន​គតិយុត្ត ការជួសជុល​ថែទាំ​ផ្លូវ បំពាក់​ផ្លាកសញ្ញា ភ្លើង​សញ្ញា ចែក​មួកសុវត្ថិភាព និង​រឹតបន្តឹង​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ និង​ការកែច្នៃ​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស​។​

​លោក​ទេសរដ្ឋមន្ត្រី​ក៏​បាន​គូសបញ្ជាក់​ផងដែរ​អំពី​អត្ថប្រយោជន៍​នៃ​ការដាក់​ឱ្យ​ប្រើប្រាស់​កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE Mobile App) ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​ដោយសារ​ជង្ហុក សំបុកមាន់ និង​ផ្លូវ​ខូច ព្រមទាំង​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​លើ​ប្រព័ន្ធ​បណ្តាញ​ផ្លូវ​ប្រកបដោយ សុវត្ថិភាព​។ កម្មវិធី​នេះ​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​រាយការណ៍​អំពី​ផ្លូវ​ខូច និង​ផ្លូវ​ជង្ហុក​សំបុកមាន់​ទៅកាន់​ក្រុម ការងារ​មាន​សមត្ថកិច្ច​ដើម្បី​ចុះ​មក​ជួសជុល​បាន​ទាន់ពេលវេលា​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​ជម្រាបជូន​អង្គពិធី​អំពី​ទិសដៅ​បន្ត​របស់​ក្រសួង សាធារណការ និង​ដឹកជញ្ជូន ទាក់ទង​នឹង​ការលើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ការរៀបចំ​បទដ្ឋាន​គតិយុត្ត​បន្ថែមទៀត ការបន្ត យុទ្ធនាការ​ចែក​មួកសុវត្ថិភាព ការបំពាក់​ផ្លាកសញ្ញា ការបិទ​ចំណាំ​ផ្លាត ការបង្កើត​យន្តការ​ទប់ស្កាត់​ការដឹក ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ការជួសជុល​និង​ថែទាំ​ផ្លូវ សកម្មភាព​និង​យុទ្ធនាការ​ផ្សេងៗ​ទៀត ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ទសវត្សរ៍ របស់​អង្គការ​សហ​ប្រជាតិ​ស្ដីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដើម្បី​កាត់បន្ថយ​អត្រា​នៃ​ការរង​របួស​ធ្ងន់ធ្ងរ​ឱ្យបាន​៥០​ភាគរយ នៅ​ត្រឹម​ឆ្នាំ​២០២០​។​

​សម្ដេច ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សមិទ្ធផល​ការងារ​ទាំងនោះ រួមមាន ការកែលម្អរ​យុទ្ធសាស្ត្រ​នៃ​ការផ្សព្វផ្សាយ​អប់រំ​លើកកម្ពស់​ការយល់ដឹង​ដល់​មុខសញ្ញា​ងាយ​រង​គ្រោះ ការកែលម្អរ​យុទ្ធសាស្ត្រ​នៃ​ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ដោយ​ផ្ដោត​លើ​មូលហេតុ​បង្ក​គ្រោះថ្នាក់ ការ​បន្ត​បំពាក់​ឧបករណ៍​បច្ចេកទេស​ត្រួតពិនិត្យ​ល្បឿន និង​ជាតិ​អាល់​កុល ការគ្រប់គ្រង​លក្ខណៈ​បច្ចេកទេស​យានយន្ត និង​យានដ្ឋាន​ជួស​ជុល​កែឆ្នៃ​យានយន្ត ការកែទម្រង់​វិធានការ​បង្រៀន និង​ផ្ដល់​ប័ណ្ណបើកបរ ការសាងសង់ និង​ជួសជុល​ផ្លូវថ្នល់​ថ្មី ការបន្ត​ជំរុញ​សេវា​ធា​រណៈ​ប្រកបដោយ​តម្លាភាព និង​ប្រសិទ្ធភាព និង​កិច្ច​ការ​ចាំបាច់​ជាច្រើន​ទៀត និង​ការចូលរួម​ម​គោរព​ច្បាប់​ពី​សំណាក់​ប្រជាពលរដ្ឋ ។​

​សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា កំណើន​យានយន្ត និង​កំណើន​ចរាចរ​លើ​ដងផ្លូវ កើនឡើង​ជា​បន្តបន្ទាប់ ប៉ុន្តែ​អត្រា​ស្លាប់ ហាក់ដូចជា​ថយ​ចុះ​គួរឲ្យកត់សម្គាល់​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​បន្តទៀតថា ការផ្សព្វផ្សាយ និង​ការគោរព​ច្បាប់​ចរាចរណ៍ នៅ​មាន​កម្រិត​នៅឡើយ សម្រាប់​ប្រជា​ពលរដ្ឋ​ដែល​ប្រើប្រាស់​ម៉ូតូ មិន​ពាក់​មួកសុវត្ថិភាព ដូច្នេះ​សម្តេច​ក្រឡាហោម សូម​អំពាវ​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ជួយ​ផ្តល់​សារ​អប់រំ​ដល់​ពលរ​ដ្ឋ​ឲ្យ​គោរព​ច្បាប់​។​

​ជាមួយគ្នា​នេះ​ផង​ដែរ សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី បាន​ស្នើ​ឱ្យ​យន្តការ​ដឹកនាំ​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​បន្ត​ជំរុញ​អនុវត្ត​តាម​ទិសដៅ ដែល​បាន​ដាក់ចេញ ការពង្រឹង​យន្តការ​បញ្ជា​ដឹកនាំ​ការងារ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​គ្រប់​ថ្នាក់ កែលម្អ​យន្តការ​ដឹកនាំ និង​របៀបរបប​ការងារ​ឱ្យ​មាន​ប្រសិទ្ធភាព កំណត់​គោលដៅ​ជា​អាទិភាព​ក្នុង​ការទប់ស្កាត់​គ្រោះថ្នាក់​ចរាចរ ខិតខំ​ដឹកនាំ​រៀបចំ​ការផ្តល់សេវា សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ឆាប់រហ័ស និង​មាន​តម្លាភាព​។​

​សម្តេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី រាជការ និង​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​បាន​បំពេញការងារ​ប្រកបដោយ ជោគជ័យ​កន្លងមក និង​បាន​អំពាវនាវ​សូម​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​ចូលរួម​គោរព​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ចរាចរ ស្របតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល “​ថ្ងៃនេះ ថ្ងៃស្អែក​កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរ​”​។​

​របាយការណ៍​បាន​ប្រៀបធៀប​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក រយៈពេល​៣​ឆ្នាំ​ចុងក្រោយ​នេះ ទៅនឹង​ឆ្នាំ​២០១៥ ដែល​មិន​ទាន់​មាន​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​នោះ គឺ​ចាប់ពី​ឆ្នាំ​២០១៦ ២០១៧ ដល់​ឆ្នាំ​២០១៨ កម្ពុជា​បាន​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​បាន​ចំនួន ១៩៣១​លើក កាត់បន្ថយ​អ្នកស្លាប់ ៧០៦​នាក់ និង​កាត់បន្ថយ​អ្នករងរបួស​បាន​ចំនួន ៤៥៣១​នាក់ ។ ពិសេស​ជាងនេះទៅទៀត របាយការណ៍​ក៏​បាន​បញ្ជាក់​ដែរ​ថា កម្ពុជា​អាច​កាត់បន្ថយ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោគ និង​ចំនួន​ជនរងគ្រោះ​ក្នុង​ស្ថានភាព​ដែល​យានយន្ត​មាន​កំណើន​ខ្លាំង​ចំនួន​៣០.៨៧​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៧ ។​

​ក្រៅ​ពី​សមិទ្ធផល​ដ៏​គួរឲ្យកត់សំគាល់​ទាំងនេះ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក្រោម​ការដឹកនាំ​របស់​សម្ដេច​ក្រឡាហោម ស ខេង ក៏​បាន​រកឃើញ​បញ្ហា​ប្រឈម​មួយចំនួន​ទៀត​ដែរ ក្នុង​រយៈពេល​នៃ​ការអនុវត្ត​ពេញ​មួយឆ្នាំ​២០១៨​កន្លងទៅ ក្នុងនោះ មានដូចជា គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បណ្ដាលមកពី​ការបើកបរ​ធ្វេសប្រហែស និង​ការបំពាន​ច្បាប់​របស់​អ្នកប្រើប្រាស់​ផ្លូវ ដោយ​ការបើកបរ​ល្មើស​ល្បឿន​កំណត់ ការ​មិន​គោរព​សិទ្ធិ​អាទិភាព ការបើកបរ​មិន​ប្រកាន់​ស្ដាំ ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ការបត់ ជែង និង​ដឹក​លើស​ទម្ងន់ និង​ការមិន​ប្រើប្រាស់​មួកសុវត្ថិភាព​ជាដើម ។ ក្រៅពីនេះ គឺ​ថ្ងៃ​សៅរ៍ អាទិត្យ ថ្ងៃ​បុណ្យ​ទាន និង​ពេលយប់ នៅតែ​ជា​ថ្ងៃ និង​ពេល​ដែល​មាន​គ្រោះថ្នាក់​ច្រើន ។​

​របាយការណ៍​បាន​រកឃើញថា គ្រាន់តែ​មូលហេតុ​គ្រោះថ្នាក់​ដោយសារ​តែ​ការមិន​គោរព​សិទ្ធិ បាន​កើនឡើង​ដល់​១៩​ភាគរយ​នៅ​ឆ្នាំ​២០១៨ ដែល​ឆ្នាំ​២០១៧​មាន​ត្រឹមតែ ១៧​ភាគរយ អ្នកស្លាប់​ភាគច្រើន ជា​អ្នក​ជិះ​ទោចក្រយានយន្ត ឬ​ម៉ូតូ ក្នុង​នោះ​មិន​ពាក់មួក​សុវត្ថិភាព​​មាន​ចំនួន ៧៨​ភាគរយ ដែល​នៅតែ​ប្រហាក់ប្រហែល​និង​ឆ្នាំ​២០១៧​ដដែល ។​

​ក្រៅពីនេះ រថយន្ត​ដឹក​កម្មករ​រងគ្រោះថ្នាក់​ច​រាចរណ៍​បើ​ប្រៀបធៀប និង​ឆ្នាំ​២០១៧ មាន​ចំនួន​១៨​លើក ថយចុះ​៥​លើក បណ្ដាលឲ្យ​មាន​អ្នកស្លាប់​៥​នាក់ តែ​កើន​១​នាក់ និង​របួស​បាន​ថយចុះ​៤១៩​នាក់ ថយចុះ​៤១​នាក់ ហើយ​មូលហេតុ​នៃ​គ្រោះថ្នាក់​ទាំងនេះ​នៅតែ​បណ្ដាលមកពី​ការបើកបរ​ធ្វេសប្រហែស និង​កំហុស​លក្ខណៈ​បច្ចេកទេស​យានយន្ត ។ ក្នុងនោះដែរ ដោយសារតែ​កម្មករ​មា​ន​ជីវភាព​ប្រសើរ ពួកគាត់​ក៏​ប្រើ​ម៉ូតូ​កាន់តែ​ច្រើន​ដែល​ក៏​ជា​បញ្ហា​ប្រឈម​ថ្មី​មួយ​ដែរ ។​

​របាយការណ៍​ឲ្យដឹង​ទៀតថា សណ្ដាប់ធ្នាប់​ចរាចរណ៍​នៅ​តំបន់​ទីប្រជុំជន នៅតែ​មាន​ការកកស្ទះ​ដោយសារតែ​ការលក់ដូរ ការ​ចត​យានយន្ត​ល្មើសច្បាប់ ការប្រើប្រាស់​ផ្លូវ​ខុសច្បាប់ ឬ​កំណើន​យានយន្ត​ខ្ពស់​ក្នុងពេល​តែមួយ ។ ជាមួយគ្នានេះ កំណើន​យានយន្ត ឆ្នាំ​២០១៨ បាន​កើន​ដល់ ចំនួន​៣០.៨៧​ភាគរយ ខណៈ​អ្នកដំណើរ​នៅ​តែ​ខ្លាច​ប៉ូលីស​ជាង​ច្បាប់ នៅតែ​មាន​កម្រិត​ក្នុង​ការអនុវត្ត​ច្បាប់ និង​មហន្តរាយ​ធម្មជាតិ​បង្ក​ឲ្យមាន​ការខូចខា​ត​ផ្លូវ​ដែល​នាំឲ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដដែល ។​

​ដើម្បី​បន្ត​វឌ្ឍនភាព និង​ដើម្បី​ដោះស្រាយ​ការ​ប្រឈម​ទាំងនេះ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ដាក់​ចេញ​ទិសដៅ​អនុវត្ត​បន្ត​ចំនួន​៩​ចំណុច ​៖

១ ពង្រឹង​យន្តការ​គ្រប់គ្រង និង​ដឹកនាំ ការងារ​សុវត្ថិភាព​ចរាចរណ៍​នៅ​គ្រប់​ថ្នាក់ ពិសេស​រាជធានី​ខេត្ត និង​មូលដ្ឋាន ដើម្បី​ឆ្លើយតប និង​ផែនការ​យុទ្ធសាស្ត្រ បង្កើន​ការពិនិត្យ​សភាពការណ៍ និង​ដាក់​ចេញ​វិធានការណ៍​ថ្មីៗ​ក្នុង​ការបង្កា និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ ពិសេស​អ្នក​ជិះ​ម៉ូតូ រថយន្ត​ដឹក​កម្មករ ឲ្យបាន​ទៀងទាត់​ជាប្រចាំ​។​

២ បន្ត​ជំរុញ​ការផ្សព្វផ្សាយ​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ឲ្យបាន​ទូលំទូលាយ​តាម​គ្រប់​រូបភាព​។​

៣ បន្ត​ជំរុញ​ការ​រឹតបន្តឹង​ត្រួតពិនិត្យ ការអនុវត្ត​ច្បាប់​ឲ្យបាន​ជាប់​ជាប្រចាំ​ប្រកបដោយ​តម្លាភាព ស្មើភាព ពិសេស​ផ្ដោតលើ​ម៉ូតូ រថយន្ត​ដឹក​កម្មករ ដឹក​អ្នកដំណើរ​ទូទៅ និង​ដឹក​ទំនិញ ​។​

៤ ជំរុញ​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​រាជធានី​ខេត្ត បន្ត​ជំរុញ​ការត្រួតពិនិត្យ​កន្លែង​បង្រៀន​បើកបរ យានដ្ឋាន​កែឆ្នៃ​យានយន្ត និង​ការគ្រប់គ្រង​ទិន្នន័យ​ ។​

៥ អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​រាជធានី​ខេត្ត ត្រូវ​បង្កើន​ការសហការ​ជាមួយ បស​ស និង​ម្ចាស់​រោងចក្រ ជំរុញ​ការបង្រៀន និង​ផ្ដល់​បណ្ណ​បើកបរ​ដល់​អ្នក​ដឹកជញ្ជូន​កម្មករ និង​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​សម្រាប់​រថយន្ត​ដឹក​អ្នកដំណើរ ។​

៦ ជំរុញ​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក រាជធានី​-​ខេត្ត ត្រូវ​ចាត់វិធានកា​រណ៍​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ដងផ្លូវ ទីប្រជុំជន សាលារៀន និង​រៀបចំ​ចំណតរ​យន្ត​ដឹក​អ្នកដំណើរ ដឹកទំនិញ និង​ដឹក​កម្មករ​ឲ្យមាន​របៀបរៀបរយ ។​

៧ សិក្សា​អំពី​បច្ចេកវិទ្យា​ជឿនលឿន​ថ្មីៗ បម្រើ​ដល់​សុ​វតិ្ថ​ភាព​ចរាច​រណ៍ ដូចជា​បំពាក់​កាមេរ៉ា​សុវត្ថិភាព ឧបករណ៍​ត្រួតពិនិត្យ​ល្បឿន ជាតិ​ស្រវឹង GPS និង​ទិន្នន័យ​យានយន្ត ។​

៨ ជំរុញ​ការប្រឡងប្រណាំង​ថ្មី ក្រោម​ប្រធានបទ តំបន់​ពិសេស​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។​

៩ បន្ត​ពង្រឹង​យន្តការ​តាមដាន​ប្រតិកម្ម​ពី​សាធារណជន ដើម្បី​ឆ្លើយតប​ឲ្យទាន់​ពេលវេលា​។

​ជាទី​បញ្ចប់ សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ដល់​អង្គការ ជាតិ​-​អន្តរជាតិ ប្រទេស​ជា​មិត្ត និង​ដៃគូ​អភិវឌ្ឍន៍ ដែល​បាន​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង បេសកកម្ម​ថែរក្សា សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​៕ ដោយ​៖​កូឡាប​

    

spot_img
×