Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ឃាតក សម្លាប់​ស្ត្រី​ម្នាក់ ដែល​រកស៊ី​ចង​ការប្រាក់ បាន​ហើយ ដោយសារ​ជំពាក់​ប្រាក់​ធនាគារ និង អ្នក​នៅ​ក្នុង​ភូមិ សរុប​ជាង ៤.០០០​ដុល្លារ​

spot_img

​កណ្តាល​ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល បានឲ្យដឹងថា កិច្ចប្រតិបត្តិការ ស្រាវជ្រាវ និង​លទ្ធផល ស៊ើបអង្កេត សហការ​ជាមួយ ស្នងការដ្ឋាន នគរបាល​ខេត្ត​កំពង់ធំ ក្រោយ​ទទួលបាន​ព័ត៌មាន ស្ដី​ពី​ហេតុការណ៍ អំពើ​ឃាតកម្ម កើតហេតុ​កាលពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៧​និង​១០​នាទី នៅ​ចំណុច ភូមិ​បឹង ឃុំ​រកា ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ។

​ដោយ​មាន​ការចង្អុល​ដឹកនាំ របស់ លោក ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ត​កណ្ដាល កិច្ចប្រតិបត្តិការ ស្រាវជ្រាវ​ករណី ឃាតកម្ម សម្លាប់​រិត​កដោយ ខ្សែ​អង្រឹង និង​ច្របាច់ក យក​ទ្រព្យសម្បត្តិ លុយកាក់ និង​ខ្សែក ខ្សែដៃ ពី​ជនរងគ្រោះ ដែលជា​អ្នក​ប្រកប​របរ រកស៊ី​ចង​ការប្រាក់​និង​ជា​អ្នក​ធ្លាប់​ស្គាល់គ្នា ស្និទ្ធស្នាល ជាមួយ​ស្ត្រី​រងគ្រោះ ជនសង្ស័យ​ជា​អ្នក​ធ្លាប់បាន​លេង​ល្បែងស៊ីសង លេងបៀរ ជាមួយគ្នា នៅក្នុង​ភូមិ​ផង​ដែរ តាម​ទម្លាប់​ជា​ប្រចាំ​ថ្ងៃ ។​

​ឆ្លង​តាម​ការពិនិត្យរ​បស់​មន្ត្រី​ជំនាញ ខេត្ត ស្រុក និង​ប៉ុស្តិ៍​រដ្ឋបាល​មន្ត្រី​ជំនាញ​កោសល្យវិច័យ និង​គ្រូពេទ្យ​ជំនាញ បាន​ពិនិត្យ​ទី​កន្លែត​កើតហេតុ ដែល​បន្សល់ទុក សាកសព និង​ស្លាកស្នាម បាន​ធ្វើ​ការសន្និដ្ឋាន បឋម​ថា ជា​អំពើ ឃាតកម្ម សម្លាប់​យក​ទ្រព្យ ដែល​មាន​ហេតុការណ៍ ដូចខាងក្រោម​៖ គឺ​នគរបាល​បាន​សន្និដ្ឋានថា​ជា​ករណី ឃាតកម្ម គិតទុក​ជាមុន​​កើតហេតុ​កាលពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៧​និង​១០​នាទី នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ ភូមិ​បឹង ឃុំ​រកា ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ។ ជនរងគ្រោះ ១នាក់ ឈ្មោះ ឈុន ទូ ភេទ​ស្រី អាយុ ៥៦ ឆ្នាំ មាន​ស្រុកកំណើត​រស់នៅ​ភូមិ​បឹង ឃុំ​រកា ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល មុខរបរចង​ការ​ប្រាក់​នៅ​តាម​ភូមិ​ឃុំ មាន​ប្តី​ជា​អ្នកបើកបរ​រថយន្ត​ឲ្យ​ក្រុម​ហ៊ុនទឹក​ផ្លែឈើ​ម៉ា​រី ដែល​មាន​ទីតាំង នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ។

ជនសង្ស័យ​១​នាក់ ឈ្មោះ សុខ ចាន់ថា ភេទ​ស្រី អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ ភូមិ​បឹង ឃុំ​រកា ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល មុខរបរ នៅផ្ទះ កម្រិត​វប្បធម៌ រៀន​ថ្នាក់​ទី​៩ មានប្តី ធ្វើការ​សំណង់ មានកូន​ប្រុស ០៣ នាក់​។ បាន​គេចខ្លួន មក​សំងំ​ស្នាក់ នៅផ្ទះ​បងថ្លៃ នៅ​ខេត្ត​តាកែវ បាន​១​យប់ ថ្ងៃទី​១៥ មករា ២០១៩ និង​បន្ត​គេចខ្លួន ចេញ​មក​ស្នាក់នៅ​ផ្ទះ​បងថ្លៃ នៅ​ភូមិ​កំពង់​សំរោង សង្កាត់​ស្រ​យ៉ូវ ក្រុង​ស្ទឹង​សែន ខេត្ត​កំពង់ធំ បាន ១​យប់​ថ្ងៃ​ទី​១៦ មករា ២០១៩ លុះ ព្រឹក​ឡើង​ថ្ងៃ​ទី​១៧ មករា ២០១៩ ត្រូវបាន​សមត្ថកិច្ច ខេត្ត​កណ្ដាល និង​ខេត្ត កំពង់ធំ​រកឃើញ​កន្លែង​លាក់ខ្លួន ។ ក្នុង​ពេល​ឃាត់ខ្លួន វត្ថុតាង​ចាប់យក​៖ ១.​លុយ​ដុល្លារ​អាមេរិក ចំនួន ៦៣២ ដុល្លារ ក្រដាស​១០០ ចំនួន ៤ សន្លឹក ក្រដាស​៥០ ចំនួន ២ សន្លឹក​ក្រដាស ២០ ចំនួន ៦ សន្លឹក ក្រដាស ៥​ដុល្លារ ចំនួន ២ សន្លឹក និង​ក្រដាស ២ ដុល្លារ ចំនួន ២ សន្លឹក ។ ២.​លុយ​រៀល សរុប​ចំនួន ៤៦០.០០០​រៀល ។ ៣.​លោហធាតុ ពណ៌​លឿង ខ្សែក ១​ខ្សែ ក្បាច់​ច្រវាក់​ឆាប បន្តោង​យុថ្កា ។ ៤.​លោហធាតុ ពណ៌​លឿង ខ្សែដៃ ១​ខ្សែ ។ ៥.​ម៉ូតូ ១​គ្រឿង ម៉ាក ហុងដា សេ ១២៥ ពណ៌​ខ្មៅ ស៊េរី ២០១៧ ផ្លាកលេខ តាកែវ ៦៤៥២ (​បង់​រំ​លោះ​)​។ ៦.​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ គំរូ​ចាស់ ១ សន្លឹក​លេខ ០២០០៤៨៦៤៩​។ ៧.​ខ្សែ​អង្រឹង ពណ៌​ត្រេអ៊ី ប្រវែង​៣,១៣០​សង្ទីម៉ែត្រ យក​ទៅ​បោះចោល​ខាងកើត​ផ្ទះ​ជន​រងគ្រោះ​ចម្ងាយ​ប្រហែល ១៥០​ម៉ែត្រ នៅក្បែរ​ភ្លឺស្រែ ទើលើ​ស្មៅ ។ ៨.​អាវយឺត​ដៃខ្លី ពណ៌​លឿង​០១ ខោ​ជើងវែង​ពណ៌​ខ្មៅ លាយ​ឆ្នូត​ស ១ ចាប់​យក​នៅក្នុង​ផ្ទះ​ជនសង្ស័យ​ចម្ងាយ​ពី​ផ្ទះ​ជនរងគ្រោះ ប្រហែល​៣០០​ម៉ែត្រ ស្បែកជើង​ផ្ទាត់​១​គូរ ពណ៌​សូកូឡា ។ សម្ភារៈ បាត់បង់​រួមមាន​៖ តាម​ការ អះអាង​របស់​ប្ដី ជនរងគ្រោះ ឆ្លើយថា​៖ ប្រាក់​ដុល្លារ ៣ ម៉ឺន​ដុល្លារ ប្រាក់រៀល ២ លាន​រៀល ខ្សែ កមាស ២ ខ្សែ​ទម្ងន់​២ តម្លឹង ចិញ្ចៀន​មាស ១ វង់ ៥​ជី ខ្សែដៃ​មាស​១ ខ្សែ ១​ជី ។​

​បើ​តាម​ការ​ឆ្លើយ​សារភាព របស់​ស្ត្រី ជា​ឃាតករ ថា ការឆ្លើយ​របស់​ប្ដី​ជន​គ្រោះ ជា​ចម្លើយ​មិន​ពិត មិន​ត្រឹមត្រូវ មាន​ចេតនា​ឆ្លើយ​បំផ្លើស ពី​ការពិត និង​ចង់​ទម្លាក់កំហុស ។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល បាន​បញ្ជាក់​ពី​រឿង​ហេតុថា តាម​ការបំភ្លឺ​របស់​ប្ដី​ជនរងគ្រោះ​ឈ្មោះ វង្ស សម្បត្តិ អាយុ ៥៤​ឆ្នាំ​នៅ​ថ្ងៃទី​១៤​មករា ២០១៩​វេលា​ម៉ោង​៦​ព្រឹក គាត់​បាន​ទៅ​ធ្វើការ ដោយ​ជនរងគ្រោះ​ជា​ប្រពន្ធ​នៅ​ផ្ទះ​តែម្នាក់ឯង បន្ទាប់មក​នៅ​វេលា​ម៉ោង​១៧​និង​១៥​នាទី ប្ដី​ជនរងគ្រោះ បាន​ត្រឡប់​មក​ដល់​ផ្ទះ ពេលនោះ​ក៏​ឃើញ​ទ្វារ​ខាងមុខ បើកចំហ​បាន​ឈប់​ម៉ូតូ រួច​ក៏​អូស​ម៉ូតូ​ចូលទៅ​ក្នុង​ផ្ទះ​ហើយ​ដើរ​ទៅ​ផ្ទះបាយ​ខាងក្រោយ បន្ទាប់មក​បាន​ដើរ​ទៅ​កាត់សក់ តែ​មិន​បាន​កាត់សក់​ព្រោះ​ជាង​ជាប់រវល់ រួច​ប្ដី​ជនរងគ្រោះ​បាន​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ ហើយ បាន​បើកទ្វារ​បន្ទប់​មើល​ឃើញ​ជនរងគ្រោះ ដេក​ដួល​ទៅ​នឹង​ការ៉ូ រួច​បាន​បីត្រកង​ជន​គ្រោះ​មក​ក្រៅ ទើប​ដឹងថា​ជនរងគ្រោះ​ស្លាប់បាត់​ទៅ​ហើយ រួច​រាយការណ៍​មក​សមត្ថកិច្ច ហើយ​សមត្ថកិច្ច​បាន​បង្កើត​គណៈកម្មការ​ពិនិត្យរួ​ម​មាន អាជ្ញាធរ​​មូលដ្ឋាន​និង​គ្រូពេទ្យ​កោសល្យវិច័យ​ខេត្ត ជំនាញ​ស្រុក ចុះ​មកដល់​កន្លែងកើតហេតុ​ធ្វើការ​ពិនិត្យ​ទៅលើ​សាកសព​ឃើញ​ថា​ ៖

​ការសន្និដ្ឋាន​បឋម របស់​គ្រូពេទ្យ​កោសល្យវិច័យ និង​ផ្នែក​ជំនាញ​ខេត្ត បានឲ្យដឹងថា ជនរងគ្រោះ​ស្លាប់​ដោយ អំពើ​ឃាតកម្ម ។​

​ករណីនេះ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​កណ្ដាល និង នគរបាល​ស្រុក​កណ្ដាលស្ទឹង បាន​បើក​ការស៊ើបអង្កេត​រហូត​ឈានដល់ កំណត់​បាន​មុខសញ្ញា​សង្ស័យ ឈ្មោះ សុខ​ ​ចាន់ថា នឹង​បន្ត​ស្វែងរក​ចាប់ខ្លួន ដោយ​សហការ ជាមួយ កម្លាំង​ជំនាញ ស្នង​ការដ្ឋាន នគរបាល​ខេត្ត​កំពង់ធំ រហូត​ឈានដល់​ឃាត់ខ្លួន មុខសញ្ញា ជា ឃាតក​បាន​នៅ​វេលា​ម៉ោង ១១:០០​នាទី នៅ​ចំណុច​ផ្ទះ​បងថ្លៃ​ជនសង្ស័យ ភូមិ​កំពង់​សំរោង សង្កាត់​ស្រ​យ៉ូវ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាពថា ពិតជា​បាន​ធ្វើ​សកម្មភាព សម្លាប់​ជនរងគ្រោះ​ដោយ យក​ខ្សែ​អង្រឹង​ប្រវែង​ប្រហែល​កន្លះ​ម៉ែត្រ ដែល​បាន​ត្រៀម​ទុក​ក្នុង​ហោប៉ៅ​ខោ ពី​ផ្ទះ​មក​រួចជា​ស្រេច ដើម្បី​ទុក ទាក់​រឹត​ក​ជនរងគ្រោះ​ពីក្រោយ ។ មុនពេល​ធ្វើ​សកម្មភាព ជនសង្ស័យ​បាន​មកលេង​ផ្ទះ​ជនរងគ្រោះ​នៅ​​វេលា​​ម៉ោង​ប្រហែល ១១និង០០​នាទី​ជាង ក្រោយមក​ជនរងគ្រោះ បាន​នាំ​ចូល​មើល​កំរាលពូក ទើប​ទិញ​ថ្មី​នៅក្នុង​បន្ទប់ ជនសង្ស័យ​ក៏​រិត​ក​ជនរងគ្រោះ រហូតដល់​ស្លាប់​រួច​ដោះយក​ខ្សែក​មាស ខ្សែដៃ​មាស ពី​ជនរងគ្រោះ នឹង​បើក​យកលុយ ពី​ក្នុង​កាបូ​ខ្មៅ​ដាក់​ក្នុង​ទូរ​ជ័រ បាន​ប្រាក់ ដុល្លារ ៦៣២$ (​ប្រាំមួយរយ​សាមសិប​ពីរ​ដុល្លា​) និង​លុយ​ខ្មែរ ៤៦០.០០០​រៀល​(​សែសិប​ប្រាំមួយ​ម៉ឺន​រៀល​) រួច​រត់គេច​ខ្លួន​ចេញ​តាម​ទ្វារក្រោយ ផ្លោះ​របង​លួស​ខាងត្បូង​ផ្ទះ​ជនរងគ្រោះ សំដៅ​ទៅ​ផ្ទះ​យាយ​នី ភូមិគរ​ដី ឃុំ​ព្រះនិពា​ន្ដ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ អង្គុយ​លេងបៀរ រហូត​ម៉ោង ប្រហែល​ជាង ៦​ល្ងាច ទើប​ត្រឡប់មក​ផ្ទះ​វិញ ដោយ​មិន​បាន​ប្រាប់​ប្ដី ពី​សកម្មភាព បាន​សម្លាប់​ជនរង​គ្រោះ​នេះ​ទេ លុះ​ដល់​ជិត​ភ្លឺ ទើប​ជិះ​ម៉ូតូ​ទៅ​តាកែវ​ភូមិ​ម្រះព្រៅ​ផ្ទះ​បងថ្លៃ ឈ្មោះ ញ៉ ទើប​វេលា​ម៉ោង​ប្រហែល ៥​ល្ងាច​ប្តី​បាន​ដឹកកូន ៣​នាក់​ទៅតាម​ក្រោយ ដេក​មួយ​យប់ លុះដល់​ថ្ងៃ​ទី ១៦ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រហែល ៥និង៣០​នាទី​ព្រឹក បាន​នាំ​ប្ដី និង​កូន ប្រុស​៣​នាក់ ទៀត​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០១៧ ធ្វើដំណើរ​មក​បេនឡាន នៅ​ភ្នំពេញ ជិះឡាន​ឈ្នួល ដឹក​ម៉ូតូ​មក​ផ្ទះ​បងថ្លៃ នៅ​ខេត្ត​កំពង់ធំ មកដល់ នៅវេលា​ម៉ោង​ប្រហែល​ជាង ៣និង០០​នាទី រសៀល រួច​សម្រាក​មួយ​យប់​ថ្ងៃទី​១៦​មករា​២០១៩ ទើប​ព្រឹក​ឡើង​ថ្ងៃទី​១៧​មករា​២០១៩ សមត្ថកិច្ច បាន​ធ្វើ​ការឃាត់ខ្លួន បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល ។​

​នគរបាល បានបញ្ជាក់​មូលហេតុ សម្លាប់​ជនរងគ្រោះ ដើម្បី​ចង់បាន​ទ្រព្យសម្បត្តិ ដោយសារ​ខ្លួន ជំពាក់​ប្រាក់​ធនាគារ និង អ្នក​នៅ​ក្នុង​ភូមិ សរុប​ជាង ៤.០០០$ (​បួន​ពាន់​ដុល្លារ​) ។ ករណីនេះ សមត្ថកិច្ច​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី ៕ ​ដោយ ​៖ ​កូឡាប​

spot_img
×