Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការ​ដាក់​ពន្ធ អាច​នឹង​ធ្វើឲ្យ​កម្ពុជា ខាតបង់​ប្រាក់​ប្រហែល​៥០​លាន​ដុល្លារ ក្នុង​១​ឆ្នាំ ដោយ​មិន​ទាន់​គិត តម្លៃ​ស្រូវ​អង្ករ​របស់​កសិករ​ធ្លាក់ចុះ

spot_img

​ភ្នំពេញ ​៖​ លោក​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម បាន​ចាត់ទុកថា ការ​ដាក់​ពន្ធ​នេះ គឺ​អឺរ៉ុប​បាន​បង្កើន​ពន្ធគយ​របស់​គេ​រហូតដល់​១២​ខ្ទង់ ដើម្បី​ទាញ​អង្ករ​កម្ពុជា ចូលទៅ​ក្នុង​ប្រភេទ​ដែល​ដូច​ទៅ​នឹង​ប្រភេទ​អង្ករ​របស់​អ៊ីតាលី ដូច្នេះ​អឺរ៉ុប​បាន​យក​បច្ចេកទេស​ទៅ​បំភ័ន្ត តាមរយៈ​បញ្ញត្តិ​ក្នុងស្រុក​របស់​ពួកគេ​។​

លោក សុខ សុភ័ក្ដ្រ បាន​លើក ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តី​ពី​ចំណាត់ការ​របស់​ក្រសួង​ពាណិជ្ជកម្ម ក្នុង​ការឆ្លើយតប​ការ​ដាក់​ពន្ធ​នាំចូល លើ​ទំនិញ​អង្ករ​កម្ពុជា ដែល​រៀបចំ​ធ្វើឡើង​នៅ​ទីស្ដីការ​ក្រសួង​ពាណិជ្ជកម្ម នា​រសៀល​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៩​នេះ​។​

លោក​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម លោក សុខ សុភ័ក្ត្រ បាន​ថ្លែងថា មិន​មាន​ពាក់ព័ន្ធ និង​បញ្ហា​នយោបាយ​ឡើយ ហើយ​សូម្បី​តែ​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វីៗ​គ្រប់យ៉ាង លើក​ឡើង​តែ​អាវុធ (Everything But Arms-EBA) ក៏​មិន​ជាប់​ពាក់ព័ន្ធ​ដែរ​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន ការយកពន្ធ​លើ​ការនាំចេញ​អង្ករ​របស់​កម្ពុជា ពី​អឺរ៉ុប លោក​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម លោក សុខ សុភ័ក្ត្រ បាន​ថ្លែងថា មិន​មាន​ពាក់ព័ន្ធ និង​បញ្ហា​នយោបាយ​ឡើយ ហើយ​សូម្បី​តែ​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វីៗ​គ្រប់យ៉ាង លើក​ឡើង​តែ​អាវុធ (Everything But Arms-EBA) ក៏​មិន​ជាប់​ពាក់ព័ន្ធ​ដែរ​។ ជា​វិធានការ EBA ដែល​ពួកគេ​តែងតែ​ទទួច​ឲ្យ​អឺរ៉ុប​ប្រើប្រាស់ ដើម្បី​ដាក់​សម្ពាធ​មកលើ រាជរដ្ឋាភិបាល​កម្ពុជា​។ មិន​ពាក់ព័ន្ធ EBA ឡើយ គឺជា​វិធានការ​ការពារ​ផលប្រយោជន៍​របស់​ប្រទេស ជា​សមាជិក​ពួកគេ​ប៉ុណ្ណោះ​។ កិច្ចការ​នេះ មិនមែន​ជា​កិច្ចការ​ធំ​ខ្លាំង រហូតដល់​មាន​ការភ្ញាក់ផ្អើល​ទូទាំងប្រទេស​ថា វិធានការ​ការពា​ររ​បស់​សហគមន៍​​អឺរ៉ុប​នេះ ជា​វិធានការ​មួយ​មាន​គោលដៅ​នយោបាយ ឬក៏​អ្វី​ផ្សេង គឺ​អត់​មាន​នោះ​ទេ ព្រោះ​វិធានការ​នេះ មាន​ប្រទេស​មួយ​ចំនួន​ធំ​នៅក្នុង​ពិភពលោក ដែល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ក៏​អឺរ៉ុប​ធ្លាប់ប្រើ​ផងដែរ ស្រប​តាម​កិច្ចព្រមព្រៀង និង​ច្បាប់​ជាតិ​របស់​ពួកគេ ដើម្បី​ការពារ​នូវ​ផលប្រយោជន៍ នៃ​ឧស្សាហកម្ម​ក្នុងស្រុក​។​

​លោក​បាន​ថ្លែង​ទៀតថា វិធានការ​នេះ គេ​ដំឡើង​ពន្ធ​ពី​លើ​ពន្ធ ដែល​យើង​កំពុង​តែ​ចូល​ធរមាន​។ ឧទាហរណ៍​ថា បើ​យើង​នាំចេញ​អង្ករ​ទៅ​អឺរ៉ុប ហើយ​ពន្ធ​យើង​នាំ​ចេញ​ទៅ​ក្នុង​១០០​ដុល្លារ​ក្នុង​១​តោន គេ​ដាក់​វិធានការ​ការពារ​នេះ គឺ​បូក​លើ​ពន្ធ​ដែល​មាន​ស្រាប់ តែ​នៅ​ក្រោម​ប្រព័ន្ធ EBA ពន្ធ​របស់​យើង គឺ​ស្មើ​សូន្យ​។ អីចឹង​គេ​បូក​ថែម​លើ​ពន្ធ​សូន្យ​នេះ​។ ដូច្នេះ​វិធានការ​នេះ​មិនមែន EBA ទេ​។ ការ​ដាក់​ពន្ធ​លើ​ការនាំចេញ​អង្ករ​កម្ពុជា​នេះ មាន​បច្ច័យ​ល្អ​ផង និង​បច្ច័យ​មិន​ល្អ​ផង​ដែរ​។ ការ​ដាក់​ពន្ធ​នេះ​អាច​នឹង​ធ្វើឲ្យ​កម្ពុជា ខាតបង់​ប្រាក់​ប្រហែលជា​៥០​លាន​ដុល្លារ​។ អាច​នឹង​ធ្វើឲ្យ​តម្លៃ​ស្រូវ​អង្ករ​របស់​កសិក​រ​ធ្លាក់ចុះ​ជា​ង​មុន នៅ​ពេល​អ្នក​នាំ​ចេញ​ត្រូវ​ដំឡើង​ថ្លៃ​ទប់ទល់​នឹង​បញ្ហា​ពន្ធ​នេះ​។​

​បច្ច័យ​ល្អ គឺ​កម្ពុជា​អាច​ធ្វើ​កំណែទម្រង់​បាន​លឿន ដោយ​មិន​រង់ចាំ​យូរ ដែល​នាំ​ឲ្យ​កម្ពុជា​មាន​ឯករាជ្យ​ផ្នែក​សេដ្ឋកិច្ច ដោយ​មិន​ពឹងផ្អែក​លើ​ការអនុគ្រោះ​ពន្ធ​។ កំណែទម្រង់​ដែល​ត្រូវ​ដាក់ចេញ រួមមាន​៖ ការកាត់បន្ថយ​ថ្លៃដើម​សម្រាប់​អ្នក​នាំចេញ និង​កសិករ ដោយ​បន្ថយ​ភាពស្មុគស្មាញ និង​ការចំណាយ​ផ្នែក​រដ្ឋបាល​ទាំង​ផ្លូវការ និង​មិន​ផ្លូវការ​, បញ្ចុះ​ថ្លៃ​ការដឹកជញ្ជូន​, បញ្ចុះ​ថ្លៃ​អគ្គិសនី និង​ការលើកលែង​ពន្ធ​មួយ​ចំនួន រួម​ទាំង​កាត់បន្ថយ​ចំណាយ​ទៅលើ​ពូជ ជី ថ្នាំ កសិកម្ម​របស់​កសិក​រ​ជាដើម​។​

ជាមួយគ្នានេះ កម្ពុជា​ត្រូវ​ស្វែងរក​ទីផ្សារ​ថ្មី ក្រៅពី​ពឹងផ្អែក​លើ​អឺរ៉ុប រួម​ទាំង​ពង្រឹង និង​ពង្រីង​ទីផ្សារ​ដែលមាន​ស្រាប់​ដូចជា ទីផ្សារ​ប្រទេស​ចិន ដែល​ផ្តល់​កូតា​ដល់​កម្ពុជា​ចំនួន​៣០​ម៉ឺន​តោន​ក្នុង​១​ឆ្នាំ តែ​ឆ្នាំ​២០១៨ កម្ពុជា​នាំ​ចេញ​បាន​តែ​ប្រមាណ​១៧​ម៉ឺន​តោន​ប៉ុណ្ណោះ និង​ទីផ្សារ​ផ្សេងៗ​ទៀត​។​

​លោក សុខ សុភ័ក្ដ្រ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម បាន​លើកឡើង​ថា កម្ពុជា​នៅតែ​មាន​ក្ដីសង្ឃឹម ក្នុង​ការតវ៉ា​ជាមួយ​សហភាព​អឺរ៉ុប (EU) ពាក់ព័ន្ធ​នឹង​ការយកពន្ធ​នាំចេញ​អង្ករ​របស់​កម្ពុជា​ពី​អឺរ៉ុប រយៈពេល​៣​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៩-២០២១​។​

កម្ពុជា​នឹង​ប្រើប្រាស់​លក្ខណៈ​ពិសេស​របស់​អង្ករ​កម្ពុជា ដែល​ប្រទេស​នៅ​អឺរ៉ុប​គ្មាន គឺ​គុណភាព​អង្ករ​ក្រអូប ដោយ​ការតវ៉ា​របស់​កម្ពុជា កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ គឺ​កម្ពុជា​នៅ​មាន​ភាពខ្វះ​ចន្លោះ​។​

លោក សុខ សុភ័ក្ដ្រ បាន​បន្ថែមថា យើង​មើលឃើញ​នូវ​ភាព​ចន្លោះប្រហោង នៃ​ការដាក់ចេញ​ក្តីសម្រេច​នេះ​ពីមុន EU ប្រាប់​យើង​ថា ឲ្យ​យើង​នាំចេញ​អង្ករ​ក្រអូប​ទៅ អង្ករ​ក្រអូប​មិន​មាន​ដាំ​ដុះ​នៅ​អឺរ៉ុប​ទេ អ្នកឯង​នាំចេញ​អង្ករ​ស ស្រដៀង​គ្នា​នឹង​អង្ករ​ដែល​អឺរ៉ុប​មាន​ដែរ ដូច្នេះ​យើង​បាន​ឃើញ​ផ្លូវ​ច្បាប់​នេះ​។​

លោក​សង្ឃឹមថា ប្រព័ន្ធ​ដោះស្រាយ​វិវាទ​របស់​អង្គការ WTO ដំណើរការ​ឡើងវិញ ដើម្បី​កម្ពុជា​អាច​ធ្វើការ​តវ៉ា​បាន ជុំវិញ​បញ្ហា​យកពន្ធ​នេះ​។​

​សូមជម្រាប់ថា ចាប់ពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៩​នេះ​តទៅ សហគមន៍​អឺរ៉ុប​ចាប់ផ្តើម គិត​ពន្ធ​លើ​ការនាំ​ចូល​អង្ករ​កម្ពុជា និង​មី​យ៉ាន់​ម៉ា​ហើយ សម្រាប់​រយៈពេល​៣​ឆ្នាំ​ជាប់​គ្នា ដោយ​ឆ្នាំ​ទី​១​តម្លៃ​ពន្ធ ១៧៥​អឺរ៉ូ (​ប្រហែល​២០០​ដុល្លារ​) ក្នុង​១​តោន​, ឆ្នាំ​ទី​២ តម្លៃ​ពន្ធ​១៥០​អឺរ៉ូ (​ប្រហែល​១៧០​ដុល្លារ​) ក្នុង​១​តោន និង​ឆ្នាំ​ទី​៣ តម្លៃ​ពន្ធ​១២៥​អឺរ៉ូ (​ប្រហែល​១៤០​ដុល្លារ​) ក្នុង​១​តោន​។​

​សហគមន៍​អឺរ៉ុប គឺជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​អង្ករ​កម្ពុជា នៅ​ឆ្នាំ​២០១៨ កម្ពុជា​នាំ​ចេញ​អង្ករ​ទៅ​អឺរ៉ុប​ជិត​៣០​ម៉ឺន​តោន​ ​ស្មើនឹង​៤២.៩៨​ភាគរយ​នៃ​ចំនួន​ដែល​បាន​នាំ​ចេញ​ទាំង​អស់​ចំនួន​៦២​ម៉ឺន​តោន​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ

spot_img
×