Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​រថយន្ត​ពីរ​គ្រឿង ដឹកឈើ​ប្រណីត ទៅ​លក់​នៅ​ប្រទេស​វៀតណាម​

spot_img

​ខេត្ត​ស្ទឹងត្រែង​ ៖ រថយន្ត​សាំ​យ៉ុង ចំនួន​ពីរ​គ្រឿង បាន​ដឹក​ឈើ​កកោះ​ចេញពី​ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង ក្នុង​បំណង​យកទៅលក់ នៅ​ប្រទេស​វៀតណាម ត្រូវបាន​កម្លាំង​ចម្រុះរ​បស់​ខេត្ត​ខេត្តស្ទឹងត្រែង ដែល​បាន​ឈរជើង​នៅ​ចំណុច​ភ្នំ​ក្រហម ស្ទាក់ចាប់ កាលពី​ម៉ោង​ជាង​៦​ព្រឹក ថ្ងៃ​សុក្រ ទី​១៨ ខេ​មករា​។​

​សមត្ថកិច្ច បាន​បន្ថែមថា ម្ចាស់​ឈើ​ត្រូវ​គេ​ស្គាល់​ថា​ឈ្មោះ “​ធី​កា​ប៉ូ​” នៅ​ខេត្ត​ក្រចេះ ដែល​តែងតែ​រកស៊ី​ដឹកឈើ ឲ្យ​ក្រុម​ឈ្មួញ​វៀតណាម ជាច្រើន​ឆ្នាំ​មកហើយ​។ ម្យ៉ាងទៀត​កូនចៅ​លោក​ធី​កា​ប៉ូ ធ្លាប់​បាន​បើករថយន្ត​ដឹកឈើ ទៅ​បុក​រថយន្ត​សមត្ថកិច្ច​ជា​ច្រើនលើក​ ។​

​កម្លាំង​សមត្ថកិច្ច បាន​ប្រាប់ឲ្យដឹង​ថា ក្រុម​រថយន្ត​ដឹកឈើ​កកោះ​នេះ បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ជា​ច្រើនលើក កន្លងមកហើយ ហើយ​ក្រុម​នេះ មាន​រថយន្ត​សាំ​យ៉ុង​កែច្នៃ​ចំនួន​បួន​គ្រឿង សម្រាប់​ធ្វើ​សកម្មភាព​ដឹកឈើ​រាល់ថ្ងៃ ដោយ​មិន​ខ្លាចរអា​អ្នកណា​ឡើយ​។ ពេល​ក្រុម​នេះ ដឹក​ឈើ​ចេញ​ម្តងៗ មាន​រថយន្ត​ស៊េរី​ទំនើប​ជា​ច្រើន​គ្រឿង បើក​បិតគូទ​ពីក្រោយ រថយន្ត​ដឹកឈើ ដើម្បី​ការពារ​កាង​កុំឲ្យ​មាន​គ្រោះថ្នាក់ ឬ​មាន​សមត្ថកិច្ច ស្ទាក់ចាប់​។​

​លោក វ៉ា សុផាន់ នាយ​ការិយាល័យ​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បានឲ្យដឹងថា ទម្រាំ​តែ​ចាប់​រថយន្ត​ដឹកឈើ​ខាងលើ​នេះ​បាន មាន​ការពិបាក​ណាស់ ព្រោះ​ក្រុម​ឈ្មួញ​បាន​ប្រើ​រថយន្ត​ជាច្រើន​គ្រឿង បិត​ស្ទាក់​កម្លាំងចម្រុះ​របស់​លោក មិនឲ្យ​ឃាត់​ចាប់​ពួក​គេ​ដោយ​ងាយៗ​ទេ​។ លោក បាន​បន្តថា រថយន្ត​ទាំង​នេះ បាន​បើក​រត់គេច​ចូល​ចម្ការកៅស៊ូ ដែល​នៅ​តាម​ដងផ្លូវ ជាច្រើន​កន្លែង ប៉ុន្តែ​លុះ​មកដល់​ចំណុច​អូរ​ច្រង់ ក្នុងស្រុក​សៀម​បូក ទើប​ឃាត់​រថយន្ត​បាន​។​

​លោក សុខ ស៊ី​ដា មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទឹងត្រែង បានឲ្យដឹងថា ឈើ​ដែល​រថយន្ត​ខាងលើ ជា​ប្រភេទ​ក្តា​ងឿ​កកោះ សរុប​មាន​ចំនួន​៣៨​ដុំ មាន​ចំនួន​ជាង​៥​ម៉ែត្រ​គុប ដែល​មាន​មុខកាត់ ចាប់ពី​០,៦០​ម៉ែត្រ​ទៅ​០,៧០​ម៉ែត្រ កម្រាស់​១​តឹក ប្រវែង​២​ម៉ែត្រ ត្រូវបាន​យក​ទៅ​រក្សាទុក នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​៕​ ​ដោយ ​៖ ​រចនា​

 

spot_img
×