Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចាប់​ខ្លួន​សកម្មជន​ដីធ្លី​ ២​នាក់ ចោទថា នាំ​មនុស្ស​ទៅ​ទន្ទ្រាន​ដី​របស់​ក្រុមហ៊ុន​យាយ​ភូ​

spot_img

ពោធិ៍សាត់​ ៖ ​ក្រោម​ការសម្របសម្រួល​ពី​លោក តន់ សីហ​តេជ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ ​កម្លាំង​នគរបាល​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​ ​បាន​ចុះ​ឃាត់​ខ្លួន​សកម្មជន​ដីធ្លី បាន​ចំនួន​២​នាក់ ពាក់ព័ន្ធ​នឹង​ករណី​នាំ​មនុស្ស​ចូល​ទៅ​ចាប់​ទន្ទ្រាន​យក​ដី​របស់​ក្រុមហ៊ុន ភាព​ពី​ម៉ិច ដែល​មាន​លោកស្រី​ឧកញ៉ា ជឹង សុភាព ហៅ​យាយ​ភូ ជា​ប្រធាន​ក្រុមហ៊ុន នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៩ នៅ​ចំណុច​ខាងកើត​ការដ្ឋាន​ទី​២១ ស្ថិតក្នុង​ភូមិ​កណ្តាល ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​។​

​បើ​តាម​របាយការណ៍រ​បស់​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៩​នេះ បានឲ្យដឹងថា សកម្មជន​ដីធ្លី​ទាំង​២​នាក់​នោះ រួមមាន​ទី​១៖ ឈ្មោះ ទាំ ព្រ​ហ៊ីម ហៅ​ព្រ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម រស់នៅ​ភូមិ​ដង្គៀម​ក្តាម ឃុំ​ឈើ​តុំ ស្រុក​ក្រគរ និង​ទី​២៖ ឈ្មោះ អៀម វិន អាយុ​៤៧​ឆ្នាំ ភេទ​ប្រុស ជនជាតិខ្មែរ រស់នៅ​ភូមិ​កណ្តាល ឃុំ​ឈើ​តុំ ស្រុក​ក្រគរ​។​

​របាយការណ៍​បាន​បន្តថា ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​២​នាក់​នោះ​ឈ្មោះ ទាំ ព្រ​ហ៊ីម គឺជា​អ្នក​បំផុស​ប្រជាពលរដ្ឋ​ឲ្យទៅ​ចាប់យក​ដី​ក្រុមហ៊ុន និង​គំរាមកំហែង​មេភូមិ​ឲ្យធ្វើ​ប្លង់​ដី​ឱ្យ​ពួកគេ​។ ដោយឡែក​ឈ្មោះ អៀម វិន ខ្លួន​បាន​អះអាងថា មាន​ដី​ចំនួន​៥​ហិកតា ដែល​ទទួលបាន​ពី​ឈ្មោះ ដន ម៉ា​លីន អតីត​បុគ្គលិក​ក្រុមហ៊ុន ជា​អ្នក​ឲ្យ​កាលពី​រយៈពេល​១​ឆ្នាំកន្លងមក ទើប​រយៈពេល​១​ខែ​នេះ ខ្លួន​បាន​ទៅ​បោះតម្រុយ នៅលើ​ដី​នោះ​ដែល​មាន​ស្រាប់ តែ​ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន​ដែល​មាន​លោក​មេ​ប៉ុស្តិ៍​ឈើ​តុំ ហៅ​ទៅ​ធ្វើ​កិច្ចសន្យា មិន​ឱ្យ​បោះតម្រុយ​ទេ​ពីព្រោះ​ជា​ដី​របស់​ក្រុមហ៊ុន​។​

​នៅក្នុង​របាយការណ៍ បាន​បន្ថែមថា ពួកគេ​ពិតជា​បាន​ទៅ​បោះតម្រុយ​ដី ឈូសឆាយ​លើដី​ក្រុមហ៊ុន ដែល​បាន​ផ្អាក​ដាំ​ដុះ​បណ្តោះ​អាសន្ន និង​បាន​ទៅ​គំរាមកំហែង​មេ​ភូមិ​ជា​ច្រើនលើក ច្រើនសារ ឱ្យធ្វើ​ប្លង់​ដី​ឲ្យ ក៏​ប៉ុន្តែ​លោក​មេភូមិ​មិន​អាច​ធ្វើបាន​ទេ ព្រោះ​ដី​នោះ​ជា​ដី​ស្ថិតនៅ​ក្នុង​ប្លង់​ក្រុមហ៊ុន (​ដី​រដ្ឋ​)​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ត្រូវបាន​ឃាត់ខ្លួន​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ ដើម្បី​រៀបចំ​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ទៅ​តាម​បញ្ជា​របស់​លោក​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ ចុះ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៩​វេលា​ម៉ោង​៨៖១៨​នាទី​៕ ដោយ ​៖ ​រចនា​

spot_img
×