Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រជាពលរដ្ឋ​ឃុំ​អណ្តូងទឹក​ចោទមន្ត្រី​សាខា​គយ​ខេត្តកោះកុង​ចំនួន​៣​នាក់ថា​ បាន​បូម​ខ្សាច់​ចាក់​លុប​ចំណី​មាត់​ព្រែកធ្វើ​កម្មសិទ្ធិ​ឯកជន​ខុសច្បាប់​

spot_img

​ខេត្ត​កោះកុង ​៖ ប្រជាពលរដ្ឋ និង​មន្ត្រី​ឃ្លាំ​មើល​បរិស្ថាន​ប្រចាំ​ខេត្ត​កោះកុង បាន​អះអាង​ថា រាល់ថ្ងៃនេះ មាន​មន្ត្រី​គយ​ចំនួន​៣​រូប នៅ​ខេត្ត​កោះកុង បានធ្វើ​សកម្មភាព​ដឹក​ដី និង​បូម​ខ្សាច់​ចាក់​លុប​រំលោភ​យក​ចំណី​ព្រែក​ធម្មជាតិ ដែល​ជា​សម្បត្តិ​សាធារណៈ របស់​រដ្ឋ ធ្វើ​កម្មសិទ្ធិ​ឯកជន យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​ការទប់ស្កាត់​ពី​ក្រសួង និង​មន្ត្រី​ក្រសួង​មន្ត្រី​មន្ទីរ ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ​នោះ​ទេ​។

ពលរដ្ឋ​ថា ចំណុច​កើត​មាន​ភាពមិនប្រក្រតី​ខាងលើនេះ គឺ​នៅ​ព្រែក​អណ្ដូងទឹក ស្ថិតក្នុង​ភូមិ​ចាម ឃុំ​អណ្ដូងទឹក ស្រុក​បទុម​សាគរ ខេត្ត​កោះកុង​។​

​ផ្តើម​ពី​បញ្ហា​នេះ ប្រជាពលរដ្ឋ​ខេត្ត​កោះកុង បាន​សំណូមពរ​ដល់​លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​លោក​រដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម និង​សំណង់ ជាពិសេស​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យជួយ​អង្កេត​ទៅលើ​ទង្វើ​បំពាន​ច្បាប់ របស់​មន្ត្រី​គយ​ទាំង ៣​រូប ប្រចាំ​ខេត្ត​កោះកុង ដែល​បាន​ធ្វើ​សកម្មភាព​ដឹក​ដី និង​បូម​ខ្សាច់​លុប​ដី​ចំណី​ព្រែក​ធម្ម​ជា តិ នៅ​មូលដ្ឋាន​ឃុំ​អណ្តូងទឹក ស្រុក​បុ​ទុម​សាគរ ឲ្យបាន​ឆាប់ ដើម្បី​ឈាន​ទៅ​ទប់ស្កាត់​សកម្មភាព​ល្មើស របស់​មន្ត្រី​គយ​ទាំង​៣​រូប​នៅ​ខេត្ត​កោះកុង ឈានទៅ​ការពារ​ធនធាន​ធម្មជាតិ ដែល​នៅ​សេស សល់​នា​មូលដ្ឋាន​នេះ ឲ្យបាន​ទាន់​ពេល​។​

​ត្រង់​ចំណុច​នេះ ប្រជាពលរដ្ឋ​ខេត្ត​កោះកុង បាន​រិះគន់ និង​ចោទប្រកាន់​ថា បទល្មើស​បូម​ខ្សាច់​ចាក់​លុប​ដី​ចំណី​មាត់​ព្រែក​ធម្មជាតិ​ខាង លើនេះ គឺ​ទំនងជា​អាច​មាន​ការឃុបឃិត ពី​បុគ្គល​ជា​អាជ្ញាធរ​មូលដ្ឋាន​ឃុំ ស្រុក និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត នៃ​រដ្ឋបាល​ខេត្ត​កោះ កុង​ផង ទើប​ទុក​បណ្តោយ​ឲ្យ​បទល្មើ​សបូម​ខ្សាច់​ចាក់​លុប​ដី​ចំណី​មាត់​ព្រែក ផ្តើម​ដោយ​មន្ត្រី​គយ និង​រដ្ឋាករ​ចំនួន​៣​រូប នា​ខេត្តកោះ កុង អាច​ធ្វើ​សកម្មភាព​បាន​ដោយ​រលូន និង​គ្មាន​ការហាមឃាត់​ពី​សមត្ថកិច្ច​ជំនាញ​មូលដ្ឋាន​នេះ​។​

​បញ្ហា​នេះ ប្រជាពលរដ្ឋ​ឃុំ​អណ្តូងទឹក ស្រុក​បុ​ទុម​សាគរ បាន​ចោទ​ថា សកម្មភាព​បូម​ខ្សាច់ របស់​មន្ត្រី​គយ​ទាំង ៣​រូប​នា​ខេត្ត​កោះកុង​នេះ គឺ​ទំនងជា​អាច​មាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ក្នុងការ​បើកដៃ​ឲ្យ​ក្រុម​មន្ត្រី​គយ​ទាំង​នោះ អាចមាន​លទ្ធភាព​ចាក់ដី និង​បូម​ខ្សាច់​លុប​ចំណី​ព្រែក ទៅ​តាម​ទំនើងចិត្ត របស់​ពួកគេ ដោយ​មិន​មាន​ការ​ទប់ស្កាត់​អ្វី​បន្តិច​សោះ ពី​សមត្ថកិច្ច​ជំនាញ ចាប់ពី​ថ្នាក់​មូលដ្ឋាន ឃុំ ស្រុក រហូតដល់​ថ្នាក់​ខេត្ត ទោះពីជា​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ស្រុក​បទុម​សាគរ បានដឹង​ឮ​ពី​បទល្មើស និង​ទង្វើ ដែល​មន្ត្រី​គយ​ខេត្តកោះកុង​ទាំង​៣​រូប បាន​ប្រព្រឹត្តិ​ល្មើស​ច្បាប់​បែបណា​ក្តី​។​

​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​អណ្តូងទឹក ស្នើ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យដឹងថា ដី​ចំណី​ព្រែក ដែល​បុគ្គល​មួយចំនួន​ពុង​ដឹក​ចាក់ និង​បូម​ខ្សាច់ ចាក់​លុប​តាម​តំបន់​មាត់​ព្រែក ស្ថិតក្នុង​ឃុំ​អណ្តូងទឹក​ខាងលើនេះ គឺ​មាន​បុគ្គល​ឈ្មោះ លោក សំ កុសល មាន​តួនាទី​ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​កោះកុង និង​លោក ចាប សាវ៉ាត មន្ត្រី​សាខា​គយ​ខេត្ត​កោះកុង ដែលឈរជើង​ប្រចាំការ​នៅ​ឃុំ​អណ្ដូងទឹក​ផ្ទាល់​តែម្តង​។ ហើយ​ទីតាំង​មួយកន្លែង​ទៀត ដែលមាន​សកម្មភាព​ដឹក​ដី និង​បូម​ខ្សាច់​ចាក់​លុប​ចំណី​ព្រែក​ផង​ដែរ​នោះ ផ្តើម​ដោយ លោក កើត សម្រេច ប្រធានការិយាល័យ គយ ស្រុក​ស្រែអំបិល ដែល​បុគ្គល​ទាំង​៣​រូប​ខាងលើនេះ គឺ​សុទ្ធសឹងតែ​ជា​មន្ត្រី​ស្ថិតក្នុង​ស្ថាប័នគយ និង​រដ្ឋាករ​ខេត្ត​កោះកុង​តែម្តង​។​

​ប្រភព​ដដែល​បាន​ចោទប្រកាន់​ចំៗ​ថា ចំពោះ​បទល្មើស​ដឹក​ដី និង​បូម​ខ្សាច់​ចាក់​លុប​ចំណី​មាត់​ព្រែក​ធម្មជាតិ​ខាងលើនេះ គឺ​ពិតជា​មាន​ការឃុបឃិត​គ្នា ពី​សំណាក់​បុគ្គល​មួយចំនួន ចាប់​ពី​មន្ត្រី​ខ្លះ កំពុង​បំរើ​ការងារ​នៅ​ឃុំ​អណ្តូងទឹក មន្ត្រី​ស្រុក​បុ​ទុម​សាគរ និង​កំពុង​បំរើ​ការងារ​នៅក្នុង​រដ្ឋបាល​ខេត្ត​កោះកុង​តែម្តង ទើប​មន្ត្រី​គយ និង​រដ្ឋាករ​ខេត្ត​កោះកុង​ទាំង ៣​រូប​ខាងលើ ពួក​គេ​ហ៊ាន​ដឹក​ដី​ចាក់​លុប និង​បូម​ខ្សាច់​លុប​រំលោភ​យក​ដី​ចំណី​មាត់​ព្រែក​ធម្មជាតិ ដែល​ជា​សម្បត្តិ​សារ​ធា​រណៈ របស់​រដ្ឋ ធ្វើ​កម្មសិទ្ធិ ដោយ​មិន​ញញើត​ច្បាប់​បែប នេះ​។​

​ត្រង់​ចំណុច​នេះ ប្រជាពលរដ្ឋ ក៏​មាន​ចម្ងល់​ដែរ​ថា មូលហេតុ​អ្វី​បាន​ជា​បទល្មើស​រំលោភ​យក​ដី​ចំណី​មាត់​ព្រែក​ធម្មជាតិ របស់​រដ្ឋ​ធ្វើ​ស​កម្មសិទ្ធិ​ពី​សំណាក់​បុគ្គល​មួយចំនួន នា​ឃុំ​អណ្តូងទឹក ស្រុក​បុ​ទុម​សាគរ ឃើញ​បទល្មើស​ជាក់ស្តែង​នៅ​នឹង​ភ្នែក ហេតុ​អ្វី​បែរជា​មិន ឃើញ​មាន​មន្ត្រី​ពី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ផ្នែក​ណាមួយ ចេញមុខ​ទប់ស្កាត់ ឬ​បង្ក្រាប​បែបនេះ​ទៅ​វិញ​។ បើទោះបី​មន្ត្រី​ជំនាញ​ទាំងនោះ​ដឹងថា សកម្មភាព​ដឹក​ដី និង​បូម​ខ្សាច់​លុប​ព្រែក​ធម្មជាតិ ផ្តើម​ដោយ​មន្ត្រី​គយ​ទាំង ៣​រូប​ខាងលើនេះ វា​ខុស​ផ្លូវច្បាប់ និង​បាន​ផ្គើន​ទៅ​បទបញ្ជា របស់​សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ចេញ​បទបញ្ជា​ដល់​មន្ត្រី​ក្រោម​ឱវាទ តាម​ខេត្ត​ជាប់​សមុទ្រ​ទាំង ៤​រួមមាន​៖ ខេត្ត​កែប ខេត្ត​កំពត ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង ត្រូវ​ការពារ​ថែរក្សា​ដី​ចំណី​បឹង​អូរ មាត់សមុទ្រ ដី​ព្រៃកោងកាង និង​ដី​ព្រែក​ធម្មជាតិ​ជាដើម ឲ្យបាន​គង់វង្ស ក៏​ប៉ុន្តែ​មន្ត្រី​តាម​ខេត្ត​ជាប់​សមុទ្រ​ទាំង ៤​នោះ មិន​បាន​អនុវត្ត​តាម​បទបញ្ជា របស់​សម្តេច ប្រមុខ​ដឹកនាំ​ឲ្យមាន​ប្រសិទ្ធភា​ព​នោះ​ទេ​។ ផ្ទុយទៅវិញ ហាក់​បាន​ផ្គើន ចំពោះ​បទបញ្ជា របស់​ប្រមុខ​ដឹក​នាំរាជរដ្ឋាភិបាល​ទៅ​វិញ​។ ម្យ៉ាងទៀត ទំនង​ជា​មន្ត្រី​គយ​ទាំង​៣​រូប នៅ​ខេត្ត​កោះកុង មាន​ខ្នងបង្អែក​មាន​ឋានៈ​ខ្ពស់ ឬ​អាង​ខ្លួន​ជា​មេ​គយ​មាន​ឋានៈ​ធំ​នៅ​ខេត្ត​កោះកុង​ហើយ​មើលទៅ ទើប​ពួកគេ​ហ៊ាន​ចាក់​ដី​លុប​ចំណី​ព្រែក និង​បូម​ខ្សាច់​លុប​ចំណី​ព្រែក រំលោភ​ធ្វើ​ស​កម្មសិទ្ធិ ដោយ​គ្មាន​ញញើត​ច្បាប់​បែបនេះ​។​ ​

និយាយ​ដល់​ត្រង់នេះ ក្រុម​អ្នកឃ្លាំមើល​បរិស្ថាន និង ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​អណ្តូងទឹក ស្រុក​បុ​ទុម​សាគរ ខេត្ត​កោះកុង បាន​សំណូមពរ​​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស សម្តេច​តេជោ ហ៊ុន សែន ជួយ​មាន​វិធានការ​ទប់ស្កាត់ សកម្មភាព របស់​មន្ត្រី​គយ​ចំនួូន ៣​រូប នៅ​ខេត្ត​កោះកុង ដែល​បាន​ធ្វើ​សកម្មភាព​ដឹក​ដី និង​បូម​ខ្សាច់​ចាក់​លុប​រំលោភ​ដី​ចំណី​មាត់​ព្រែក​ធម្មជាតិ នៅក្នុង​មូលដ្ឋាន​ឃុំ​អណ្តូងទឹក ឲ្យបាន​ឆាប់ ដើម្បី​ការពារ​ធនធាន​ធម្មជាតិ ឬ​ព្រៃកោងកាង ដែល​នៅ​សេសសល់​កុំឲ្យ​បាត់បង់​។ ជាងនេះទៀត ក៏​ស្នើ​ដល់​ថ្នាក់ដឹកនាំ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ត្រូវមាន​វិធានការ​ផ្លូវច្បាប់ ចំពោះ​បុគ្គល​ទាំងឡាយណា ដែល​មាន​ជាប់​ពាក់ព័ន្ធ​បទល្មើស ចូល​ទៅ​ទន្ទ្រាន​ដី​ចំណី​មាត់​ព្រែក ឬ​ដី​ព្រៃកោងកាង នៅ​ឃុំ​អណ្តូងទឹក ស្រុក​បុ​ទុម​សាគរ ឲ្យបាន​ធ្ងន់ធ្ងរ ប្រសិនបើ​រកឃើញ​កំហុសឆ្គង​ថា​បាន ចូលរួម​បំផ្លិចបំផ្លាញ ធនធានធម្មជាតិ ដើម្បី​ជា​ការព្រមាន​ដល់​មន្ត្រី​ដទៃ​ទៀត កុំឲ្យ​យក​គំរូ​តាម​។​

​ឆ្លើយតប​បញ្ហា​នេះ លោក កើត សម្រេច ប្រធាន​ការរិយាល័យ​គយ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង បាន​ប្រាប់​អ្នកសារព័ត៌មាន​តាម​ទូរស័ព្ទ​ថា លោក​ពិតជា​បាន​បូម​ខ្សាច់ ចាក់​លុប​ចំណី​មាត់​ព្រែក នៅក្នុង​ឃុំ​អណ្តូងទឹក​ពិតប្រាកដ​មែន ប៉ុន្តែ​លោក​ថា សកម្មភាព​ដឹក​ដី និង​បូម​ខ្សាច់​ចាក់​លុប​មាត់​ព្រែក​ខាងលើនេះ គឺ​លោក​មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​អណ្តូងទឹក អាជ្ញាធរ​ស្រុក​បុ​ទុម​សាគរ និង​បាន​បង់​សួយ​សារ ជូន​ទៅ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកោះកុង​ថែមទៀត​ផង​។​

ទាក់ទិន​បញ្ហា​នេះ​ដែរ លោក ពៅ ចាន់ថន ប្រធាន​ការរិយាល័យ​ភូមិបាល ស្រុក​បទុម​សាគរ បានឲ្យដឹងតា​មទូរស័​ព្ទ​ថា រឿងរ៉ាវ​មាន​បុគ្គល​ដឹក​ដី​ចាក់​លុប​ចំណី​ព្រែក នៅ​ចំណុច​ឃុំ​អណ្តូងទឹក ដែល​ពលរដ្ឋ​បាន​លើកឡើង​នោះ គឺ​រូប​លោក​ពុំបាន​ដឹង​នោះ​ទេ​។ ហើយ​ថា កន្លង​មក​រូបលោក ក៏​ពុំ​បាន​អនុញ្ញាត​ច្បាប់ ឬ​ក៏​មិន​បាន​ចេញ​លិខិត​ណាមួយ ជូន​បុគ្គល​ទាំងឡាយណា ឲ្យ​ដឹក​ដី និង​បូម​ខ្សាច់​ចាល់​លុប​ចំណី​មាត់​ព្រែក នៅ​ឃុំ​អណ្តូងទឹក​នោះទេ​។ លោក​បន្តថា ករណីនេះ បើ​មាន​បុគ្គល​ណាមួយ​មក​អះអាងថា ពួកគេ​មាន​ច្បាប់​អនុញ្ញាត​​ដឹក​ដី និង​បូម​ខ្សាច់​ចាក់​រំលោភ​ដល់​ចំណី​មាត់​ព្រែក នៅលើ​ទីតាំង​ខាងលើ ចេញ​ច្បាប់​អនុញ្ញាតិ​ដោយ​រូបលោក ស្នើ​ឲ្យ​បុគ្គល​នោះ យក​ឯកសារ​មក​ការិយាល័យ​ភូមិបាល ដើម្បី​ពិនិត្យ​ឲ្យដឹង​ការពិត ជៀងវាង​ការក្លែងបន្លំ និង​បង្ខូច​កេរ្តិ៍ឈ្មោះ​ដល់​រូពលោក និង​ស្ថាប័ន​មួយ​នេះ​។​

​ចំណែក លោក ទូ សាវុទ្ធ អភិបាលស្រុក​បទុម​សាគរ ខេត្ត​កោះកុង ក៏​បានឲ្យដឹងតា​មទូរស័​ព្ទ​ដែរ​ថា ចំពោះ​រឿងរ៉ាវ​ចាក់ដី​លុប​ព្រែក​ខាង​លើ​នេះ លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន ឲ្យបាន​ច្បាស់លាស់​នៅឡើយ​ទេ ហើយ​រឿង​នេះ រូបលោក ក៏​បាន​បញ្ជូន​មន្ត្រី​ជំនាញ​ឲ្យ​ចុះទៅពិនិត្យ​ដល់​ទីតាំង​កើត​មាន​បញ្ហា​នោះ​រួច​ហើយ​ដែរ ក៏​ប៉ុន្តែ​រហូតមកដល់​ពេលនេះ ខាង​មន្ត្រី​ជំនាញ​ទាំងនោះ នៅ​ពុំទាន់​បាន​រាយការណ៍​វិលត្រឡប់​មក​រូប​លោក​ឲ្យបាន​ដឹង​ព័ត៌មាន ជុំវិញ​ករណី​ដឹក​ដី និង​បូម​ខ្សាច់​ចាក់​លុប​ចំណី​មាត់​ព្រែក​នៅ​ឃុំ​អណ្តូងទឹក​នោះ នៅឡើយ​ទេ​។​

​ត្រង់​ចំណុច​នេះ លោក ទូ សាវុទ្ធ សង្កត់ធ្ងន់​ថា បើសិនជា​មាន​ករណី​ដឹក​ដី និង​បូម​ខ្សាច់​ចាក់​លុប​រំលោភ​ដី​ចំណី​ព្រែក​ធម្មជាតិ ដូច​ការអះអាង របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​នេះ លើកឡើង​ពិតមែន​នោះ គឺ​ខាង​អាជ្ញាធរ​លោក​នឹង​មិន​ចេញ​លិខិត​កាន់កាប់ ឬ​ប្លង់​កម្មសិទ្ធិ​ជូន​បុគ្គល​ទាំងនោះ​ជា​ដាច់ខាត​។​

​យ៉ាងនេះក្តី​អ្នកយក​ព័ត៌មាន ប្រចាំ​ខេត្ត​កោះកុង នៅ​មិនទាន់​អាចទាក់ទង លោក ប៉ិច ស៊ី​យ៉ុន ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​កោះកុង ដើម្បី​ស្នើ​ការបំភ្លឺ​ជុំវិញ​ករណី​ខាងលើ​នេះ បាន​ទេ​តាម​ទូរស័ព្ទ​។​

​ចំណែក​លោក សំ កុសល ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​កោះកុង និង​លោក ចាប សាវ៉ាត មន្ត្រី​សាខា​គយ និង​រដ្ឋាករ​ខេត្ត​កោះកុង ក៏​ពុំ​ទាន់​អាច​ស្នើសុំ​ការបំភ្លឺ​បាន​នៅឡើយ​ទេ ជុំវិញ​ការចោទប្រកាន់ របស់​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​អណ្តូងទឹក ដែល​អះអាង​ថា មាន​មន្ត្រី​គយ​ចំនួន​៣​រូប នៅ​ខេត្ត​កោះកុង បានធ្វើ​សកម្មភាព​ដឹក​ដី និង​បូម​ខ្សាច់​ចាក់​លុប​រំលោភ​យក​ដី​ចំណី​មាត់​ព្រែក មាន​ទីតាំង​នៅ​ត្រង់​ចំណុច​ព្រែក​អណ្ដូងទឹក ស្ថិតក្នុង​ភូមិ​ចាម ឃុំ​អណ្ដូងទឹក ស្រុក​បទុម​សាគរ បានទេ នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​២១ ខែ​មករា ឆ្នាំ​២០១៩​នេះ​៕​ ដោយ ៖ ដែន សីមា

spot_img
×