Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេញ​វិធានការ​ការពារ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ ក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​

spot_img

​ភ្នំពេញ​៖ ​សេចក្តីជូនដំណឹង​របស់​ក្រសួង​បរិស្ថាន ស្តីពី​វិធានការ​ការពារ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​ក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​ច្រក​អភិរក្ស​ជីវៈចម្រុះ​។​

​នៅ​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៩​នេះ ក្រសួង​បាន​ចេញ​សេចក្តីជូនដំណឹង បានឲ្យដឹងថា យោង​តាម​សារាចរ​ណែនាំ​ចុះ​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី​ការចាត់វិធានការ​ថែរក្សា​ទឹក​ទុក ខណៈ​កម្ពុជា​នឹង​ទទួលរង (​ដោយ​ប្រយោល​) ពី​ឥទ្ធិពល​បាតុភូត អែល​នី​ណូ (El Nino) នឹង​បង្ក​ឱ្យ​ធាតុអាកាស​នា​រដូវប្រាំង​នេះ (​ពិសេស​ក្នុង​ខែ​មេសា និង​ឧសភា​) មាន​សភាព​ក្តៅ​ហួត​ហែង សីតុណ្ហភាព​អតិបរមា នៅពេល​ខ្លះ​អាច​ហក់​ឡើងដល់ ៤០​អង្សា ទៅ​៤២​អង្សា​។ អាកាសធាតុ​ក្តៅ​ហួតហែង​របៀបនេះ នឹង​ធ្វើឱ្យ​ព្រៃឈើ​នៅក្នុង​ប្រទេស​កម្ពុជា ងាយ​ទទួលរង​នូវ​បាតុភូត​ភ្លើង​ឆេះ​ព្រៃ ដោយសារ​កត្តា​ធម្មជាតិ និង​សកម្មភាព​មនុស្ស​។​

​តាម​ការកត់សម្គាល់រ​បស់​ក្រសួងបរិស្ថាន និង​យោងតាម​របាយការណ៍ ពី​ថ្នាក់​ក្រោម​ជាតិ ថ្នាក់ជាតិ​និង​ថ្នាក់​តំបន់ បញ្ហា​ភ្លើង​ឆេះ​ព្រៃ​តែងតែ​កើតមាន​នៅក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស ជីវៈ ចម្រុះ​នានា​របស់​ប្រទេស​កម្ពុជា​ជា​រៀងរាល់ឆ្នាំ ជាពិសេស​ក្នុង​រដូវប្រាំង​។ កត្តា​ចម្បង​ដែល​បង្ក​ឱ្យមាន ភ្លើង​ឆេះ​ព្រៃ​ញឹកញាប់​បំផុត​នា​រដូវប្រាំង មាន​ជាអាទិ៍​៖ ការ​កាប់ឆ្ការ​ដុត​រាន​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ ដើម្បី​ដាំ​ដំណាំ​កសិកម្ម​ផ្សេងៗ​, ការ​ធ្វើ​កសិកម្ម​ពនេចរ​, ការ​តាំង​ទីលំនៅ​ថ្មីៗ និង​ការដុត​ព្រៃ​ដើម្បី​ចាប់​សត្វព្រៃ និង​ការធ្វេសប្រហែស​របស់​ម​នុស្ស​។​

​បើ​តាម​សេចក្តីជូនដំណឹង​ដដែល ដើម្បី​បង្ការ​និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ ក្រសួង​បរិស្ថាន សូម​ធ្វើ​សេចក្តីណែនាំ​ដល់​អង្គភាព​ជំនាញ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ មន្ទីរ​បរិស្ថាន អាជ្ញា​ធរមាន​សមត្ថកិច្ច រួមទាំង​សហគមន៍​មូលដ្ឋាន និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ឱ្យ​អនុវត្ត​វិធានការ​ចំនួន​៦​ដូចខាងក្រោម​៖

១៖ ទប់ស្កាត់ និង​ណែនាំ​ឱ្យ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ពី​ការប្រើប្រាស់​ភ្លើង​ជា​មធ្យោបាយ ដើម្បី​ប្រមូល​ផល អនុផល​ព្រៃឈើ ការដុត​ព្រៃ​ស្ទាក់​ចាប់​សត្វ និង​ការដុត​វាលស្មៅ​។​

២៖ ទប់ស្កាត់​ការ​កាប់ឆ្ការ​ទន្ទ្រាន ឈូសឆាយ ដុត​ព្រៃឈើ និង​ព្រៃ​លិច​ទឹក ក្នុង​គោលបំណង​ផ្សេងទៀត ដែល​ជា​សកម្មភាព​ល្មើសច្បាប់ និង​បង្កឱ្យមាន​ភ្លើង​ឆេះ​ព្រៃឈើ ព្រៃ​លិច​ទឹក និង​រាលដាល​ដល់​ផ្ទះសម្បែងរ​បស់​ប្រជាពលរដ្ឋ ស្នាក់ការ ស្នាក់ការ​រង និង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​នានា នៅក្នុង និង​ជុំវិញ​តំបន់ការពារធម្មជាតិ​។​

៣៖ ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការប្រើ​ភ្លើង​ជា​មធ្យោបាយ ក្នុង​ការដុត​កាកសំណល់​ផ្សេងៗ នៅក្នុង​និង​តំបន់​ជុំ​វ​ញ​ការពារ​ធម្មជាតិ​។​
៤៖ មន្ទីរ​បរិស្ថាន​រាជធានី​-​ខេត្ត ត្រូវ​ណែនាំ​អ្នកពាក់ព័ន្ធ អនុវត្ត​វិធានការ​បច្ចេកទេស​សម​ស្រប ដែល​អាច​ធានា​សុវត្ថិភាព ចំពោះ​ភ្លើងព្រៃ​ដោយ​ត្រូវ​ពន្លត់ភ្លើង​ឱ្យអស់​ជា​ចាំបាច់ មុនពេល​ចាកចេញ​ពី​ទីតាំង​ប្រើប្រាស់​ភ្លើង​នោះ​។​

៥៖ ក្នុង​ករណី​កើតមាន​ភ្លើង​ឆេះ​ព្រៃ​ធ្ងន់ធ្ងរ សូម​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រញាប់​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​តាមរយៈការ​ប្រកាស​អាសន្ន ហើយ​គណៈបញ្ជាការ​ឯកភាព​រាជធានី​-​ខេត្ត ត្រូវ​ដឹកនាំ​បញ្ជា​ផ្ទាល់​ក្នុងការ​ប្រើ​កម្លាំង​ចម្រុះ​រួមមាន ប្រជាពលរដ្ឋ សហគមន៍ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែល​ឈរជើង​នៅក្នុង​មូលដ្ឋាន​នោះ រួម​គ្នា​ទប់ស្កាត់ និង​ពន្លត់​ភ្លើងព្រៃ​ឱ្យមាន​ប្រសិទ្ធភាព​។​

៦៖ ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ពាក់ព័ន្ធ ក្នុង​ការហាមឃាត់​ចូល​ប្រើប្រាស់​ដី​ព្រៃឈើ និង​ព្រៃ​លិច​ទឹក ដែល​ឆេះ​រួច ដើម្បី​ទុក​លទ្ធភាព​ឱ្យ​រុក្ខជាតិ​ដុះ​ឡើងវិញ​តាម​លក្ខណៈ​ធម្មជាតិ ឬ​ដាំ​ស្តារឡើងវិញ​។​

​ក្រសួង​បរិស្ថាន​សូម​រំលឹក​ថា អនុលោម​តាម​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ មាត្រា ៦២ ការបង្ក​ឱ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​ដោយ​ចេតនា ជា​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ទី​៤ ដែល​ត្រូវ​ផ្តន្ទាទោស និង​ផាកពិន័យ​ជា​ប្រាក់​។ តាមរយៈ​សេចក្តីជូនដំណឹង​នេះ ក្រសួង​បរិស្ថាន មាន​ជំនឿ និង​ទំនុកចិត្ត​ចំពោះ​គ្រប់​អង្គភាព​ជំនាញ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ កងកម្លាំងប្រដាប់អាវុធ សហគមន៍ ព្រះសង្ឃ និង​ប្រជា​ពលរដ្ឋ​ទាំងអស់​បាន​យល់​ច្បាស់​ពី​ករណីយកិច្ច​ក្នុង​ការការពារ ទប់ស្កាត់ និង​បង្ការ​ភ្លើង​ឆេះ​ព្រៃ ដោយ​រួម​សហការ​យ៉ាង​ជិតស្និទ្ធ ជាមួយនឹង​មន្ទីរ​បរិស្ថាន​រាជធានី​-​ខេត្ត អនុវត្តតាម​សេចក្តីជូនដំណឹង​នេះ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​៕

spot_img
×