Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ជំនាញ​របស់​អាមេរិក នឹង​ជួយ​ផ្លាស់ប្តូរ​បទពិសោធន៍ និង​ទស្សនៈ ក្នុង​ការដោះស្រាយ​វិវាទ​ការងារ​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ តប​តាម​សំណើ​របស់ លោក​រដ្ឋមន្ត្រី​ការងារ​កម្ពុជា​នោះ លោក​សាស្ត្រាចារ្យ​Richard D. Fincher ដែល​មាន​ជំនាញ​ក្នុង​ការដោះស្រាយ​វិវាទ​ការងារ បាន​ត្រៀម​ខ្លួន​ជួយ​បណ្តុះបណ្តាល លើ​មន្ត្រី​ពាក់ព័ន្ធ​ទៅនឹង​ការដោះស្រាយ វិវាទ​ការងារ នៅពេល​ដែល​ក្រសួង បាន​បង្កើត​វិទ្យាសា្ថន​ជាតិ​ការងារ នាពេល​ខាងមុខ​ឆាប់ៗ​។​

​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានអនុញ្ញាត ឱ្យ​លោក Richard D. Fincher (​រី​ឆាត ឌី ហ្វីន​ឆើ​) ដែល​ជា​សាស្ត្រាចារ្យ នៅ​សាកលវិទ្យាល័យ​ខន​នែ​ល (Cornell University) បុរី​ញូយ៉ក សហរដ្ឋអាមេរិក និង​ជា​សន្ធាន​ការី (Mediator) និង​អាជ្ញាកណ្តាល (Arbitrator) រួម​ជាមួយ​គណៈប្រតិភូ របស់​មជ្ឈមណ្ឌល​អាមេរិកាំង សម្រាប់​សាមគ្គីភាព​ការងារ​អន្តរជាតិ (ACILS) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​ទីស្តីការក្រសួង​ការងារ​។​

​លោក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ ចំពោះ​ការ​មក​ទស្សនកិច្ច​រប​ស់លោក​សាស្ត្រ​ចារ្យ ហើយ​អាច​ផ្លាស់ប្តូរ និង​ចែករំលែក​បទ​ពិសោធន៍​​គ្នា និង​ទស្សនៈ ក្នុង​ការដោះស្រាយ​វិវាទ​ការងារ​នេះ​។ លោក​បាន​បន្តថា កន្លងមក កម្ពុជា​ធ្លាប់​មាន​ទំនាក់ទំនងកិច្ច​សហ​ប្រតិបត្តិការ ក្នុង​វិស័យ​ការងារ​ជាច្រើន ជាមួយ​សហរដ្ឋអាមេរិក ហើយ​កម្ពុជា ជា​ប្រទេស​មួយ ដែល​បាន​ផ្សារភ្ជាប់​ខ្លួន ទៅ​នឹង​បទដ្ឋាន​អន្តរជាតិ ដែល​ក្នុងនោះ កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​អនុសញ្ញា អង្គការ​អន្តរជាតិ​ខាង​ការងារ បាន​ចំនួន​១៣ ដែល​មាន​អនុសញ្ញា​ស្នូរ​៨​ផងដែរ​។ លោក​រដ្ឋមន្ត្រី​បាន​លើកឡើង​ថា កម្ពុជា បាន​ប្តេជ្ញាចិត្ត​ខ្ពស់​ណាស់ ក្នុង​ការធានា​នូវ​ការអនុវត្ត លក្ខខណ្ឌ​ការងារ​ល្អ ព្រោះ​ថា​កម្ពុជា ជា​ប្រទេស​ទី​១ ដែល​ហ៊ាន​ផ្សាភ្ជាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម របស់​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​១៩៩៩​។ ទន្ទឹមនឹងនេះ លោក​បាន​គូសបញ្ជាក់ថា កំណើន​នៃ​ឧស្សាហកម្ម ធ្វើឱ្យ​មាន​ការកើនឡើង នូវ​អង្គការ​វិជ្ជាជីវៈ​ជាច្រើន ដែល​នេះ​ធ្វើឲ្យ​មាន​ការបង្កើតឡើ​ង នូវ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ដែល​ជា​យន្តការ​សម្របសម្រួល​ត្រីភាគី រួមមាន ភាគី​រដ្ឋាភិបាល សហជីព និង​និយោជក ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​។ កន្លងមក មជ្ឈមណ្ឌល​អាមេរិកាំង​សម្រាប់​សាមគ្គីភាព​ការងារ​អន្តរជាតិ ក៏បាន​ចូលរួម​ការងារ​គ្នា ជាច្រើន ជាមួយ​ក្រសួង ក្នុង​ដោះស្រាយ​បញ្ហា​នានា នៅក្នុង​វិស័យ​ការងារ ហើយ​តាមរយៈ​អនុស្សរណៈ​យោគយល់​គ្នា ដែល​បាន​ចុះហត្ថលេខា​កន្លងទៅ នឹង​កាន់តែ​បង្កើន​នូវ​កិច្ចសហប្រតិបត្តិការ រវាង​ភាគី​ទាំង​ពីរ​កាន់តែ​ប្រសើ​ថែម​ទៀត​។​

​មកទល់​បច្ចុប្បន្ន ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​នេះ នៅតែ​បន្ត​យន្តការ​ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព ក្នុង​ការដោះស្រាយ​វិវាទ​ការងារ​។ ទន្ទឹមនឹង​ភាព​ជោគជ័យ​ទាំងអស់នេះ ក៏​មាន​បញ្ហា​ប្រឈម​ផងដែរ គឺ​យន្តការ​ត្រី​ភាគី​នេះ កំពុងតែ​ខិតខំ​រក​មធ្យោបាយ ក្នុង​ការធានា​នូវ​និរន្តរភាព​របស់ខ្លួន ជាពិសេស​និរន្តរភាព​ផ្នែក​ហិរញ្ញវត្ថុ ក្នុង​ការ​បន្ត​ដំណើរកា​រងារ​ត​ទៅ​មុខ​។ លោក​បាន​មាន​ប្រសាសន៍​ថា កំពុង​សិក្សា​ធ្វើយ៉ាងណា​ឲ្យ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​នេះ អាច​មាន​ជម្រើស​ក្នុង​ការធានា​តាមរយៈ ការដាក់​ចូល​ក្នុង​ប្រព័ន្ធ​ជាតិ មាន​ជំនួយ​មូលនិធិ​ពី​រាជរដ្ឋាភិបាល ឬ​ការលើកទឹកចិត្ត​ឱ្យ​សមគម​និយោជក និង​ដៃគូរ​ពាក់ព័ន្ធ​ចូលរួម​ផ្តល់​មូលនិធិ ដើម្បី​ធានា​ឱ្យបាន​នូវ​ឯករាជ្យភាព របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​។​

​លោក​សាស្ត្រាចារ្យ ដែល​ជា​សន្ធាន​ការី (Mediator) និង​ជា​អាជ្ញាកណ្តាល (Arbitrator) ប្រកប​ដោយ​បទពិសោធន៍ និង​ជំនាញ​ដោះ​ស្រាយ​វិវាទ ក្នុង​វិស័យ​ការងារ​ជាច្រើន​ឆ្នាំ ទាំង​នៅ​សហរដ្ឋ​អារិ​ក និង​បណ្តា​ប្រទេស​មួយចំនួន បាន​លើក​ពី​បទ​ពិសោធន៍ ការងារ​របស់​លោក នៅ​អាស៊ី ដែល​លោក​បាន​ផ្តោត​ការយកចិត្តទុកដាក់ និង​បង្រៀន​នៅតាម​មហាវិទ្យាល័យ​ដូចជា នៅ​វៀតណាម ចិន និង​មី​យ៉ាន់​ម៉ា​​លើ​ការបណ្តុះបណ្តាល ជំនាញ​ប្រព័ន្ធ​ដោះស្រាយ​លើ​វិវាទ​ការងារ​។ លោក​សាស្ត្រាចារ្យ បាន​ទទួលស្គាល់ថា មិន​ថា​ប្រទេស​ណា​ទេ ប្រព័ន្ធ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល តែង​មាន​បញ្ហា​ប្រឈម​ក្នុង​ការរក្សា​និរន្ត​ភាព ដែល​ប្រទេស​ខ្លះ​មាន​ជំនួយ​មូលនិធិ​ពី​តែ​ភាគី​រដ្ឋា​ភិបាល និង​ប្រទេស​ខ្លះទៀត ពី​ខាង​ភាគី​និយោជក និង​ខាង​សហជីព​។ លោក​ក៏​បាន​ថ្លែងអំណរគុណ ដល់​លោក​រដ្ឋមន្ត្រី ដែល​បាន​ផ្តល់​កិត្តិយស ដល់​រូបលោក និង​ក្រុម​ការងារ​បាន​ចូលជួប និង​ផ្លាស់ប្តូរ​បទពិសោធន៍​បន្ថែម លើ​វិស័យ​ការងារ​នេះ​។ តប​តាម​សំណើ​របស់ លោក​រដ្ឋមន្ត្រី លោក​សាស្ត្រាចារ្យ បាន​សំដែង​នូវ​ក្តីរីករាយ ក្នុងការ​ត្រៀម​ខ្លួន​ជួយ​បណ្តុះបណ្តាល លើ​មន្ត្រី​ពាក់ព័ន្ធ​ទៅនឹង​ការដោះស្រាយ វិវាទ​ការងារ នៅពេល​ដែល​ក្រសួង បាន​បង្កើត​វិទ្យាសា្ថន​ជាតិ​ការងារ នាពេល​ខាងមុខ​ឆាប់ៗ​៕ ​ដោយ​ ៖ ​កូឡាប​

spot_img
×