Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​និង​ចិន ចុះហត្ថលេខា​លើ ឯកសារ​កិច្ចព្រមព្រៀង និង​អនុស្សរណៈ នៃ​ការយោគយល់​គ្នា សំខាន់ៗ​ចំនួន​៨

spot_img

​ប៉េកាំង​ ៖ នៅ​ល្ងាច​ថ្ងៃទី ២២ ខែមករា​ឆ្នាំ ២០១៩ នេះ​ផងដែរ លោកនាយក​រដ្ឋមន្ត្រី​ចិន លី ខឺ​ឈាង និង សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គណៈប្រតិភូ​កម្ពុជា បាន​អញ្ជើញ​ធ្វើជា​សាក្សី ក្នុង​ពិធី​ចុះហត្ថលេខា​លើ ឯកសារ​កិច្ចព្រមព្រៀង និង​អនុស្សរណៈ នៃ​ការយោគយល់​គ្នា សំខាន់ៗ​ចំនួន​៨ ក្នុងនោះ​រួមមាន ​៖

១) លិខិត​ប្តូរ​សារ​ស្តីពី​គម្រោង​កែលំអរ​ផ្លូវ​ជនបទ ជំហាន​ទី​២ ចុះហត្ថលេខា​រវាង លោក វ​ង្សី វិស្សុត​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​លោក វ៉ាង ស៊ា​វ​ថាវ ប្រធាន​ទីភ្នាក់ងារ​ចិន​សម្រាប់​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​អន្តរជាតិ​។​

២) លិខិត​ប្តូរ​សារ​ស្តីពី​គម្រោង​ផ្គត់​ផ្គង​ទឹក​ជនបទ ជំហាន​ទី​២ ចុះហត្ថលេខា​រវាង​លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​លោក វ៉ាង ស៊ា​វ​ថាវ ប្រធាន​ទីភ្នាក់ងារ​ចិន​សម្រាប់​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​អន្តរជាតិ​។​

៣) លិខិត​ប្តូរ​សារ​ស្តីពី​គម្រោង​ការងារ​វិស្វកម្ម​សម្រាប់​គាំទ្រ ដល់​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ខេត្ត​ព្រះសីហនុ ចុះហត្ថលេខា​រវាង​លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​លោក វ៉ាង ស៊ា​វ​ថាវ ប្រធាន​ទីភ្នាក់ងារ​ចិន​សម្រាប់​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​អន្តរជាតិ​។​

៤) លិខិតបញ្ជាក់​ការប្រគល់ ទទួល ស្ទី​ពី​គម្រោង​អគារ​អង្គរក្ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ចុះហត្ថលេខា​រវាង​លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​លោក ជុង សាន រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​។​

៥) លិខិតបញ្ជាក់​ការប្រគល់ ទទួល​ស្តីពី​គម្រោង​លើក​កម្រិត​ផ្លូវជាតិ​លេខ​៧ ដែល​រង​ការខូចខាត​ដោយ​ទឹក​ចំន​ន់ ចុះហត្ថលេខា​រវាង​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជាមួយ​លោក ជុង សាន រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​។​

៦) លិខិតបញ្ជាក់​ការប្រគល់ ទទួល ស្តីពី​គំរោង ជួសជុល​ប្រាសាទតាកែវ ចុះហត្ថលេខា​រវាង​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជាមួយ​លោក ជុង សាន រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​។​

៧) កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន សម្រាប់​គម្រោង​អភិវឌ្ឍន៍​អាង​រក្សា​ទឹក​ក្នុង​ខេត្តព្រះវិហារ ចុះហត្ថលេខា​រវាង​លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​លោក ហ៊ូ ស៊ា​វ​លាន ប្រធាន​ធនាគារ​នីហរ័ណ អាហរ័ណ​ចិន​។​

៨)​កិច្ចព្រមព្រៀង​ស្តីពី​ការជំរុញ​កិច្ចសហប្រតិបត្តិការ​វិនិយោគ ក្រោម​យុទ្ធសាស្ត្រ​ចតុកោណ និង​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ាត និង​ផ្លូវ ចុះហត្ថលេខា​រវាង​លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ជាមួយ​លោក យី ហួយ​ម៉ាន ប្រធាន ធនាគារ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ចិន​។​

​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​គណៈប្រតិភូ ក៏បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​នាយករដ្ឋមន្ត្រី​ចិន លោក លី ខឺ​ឈាង​។ ឯកឧត្តម លី ខឺ​ឈាង បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​វត្តមាន​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​សម្តេច​តេ​ជោ ក៏ដូចជា​គណៈប្រតិភូ​នៅក្នុង​ប្រទេស​ចិន​។ លោក​បានចាត់ទុក​ដំណើរ​ទស្សនា​កិច្ច​ផ្លូវការ ជា​លើកដំបូង​នៅក្នុង​ប្រទេស​ចិន ក្រោយ​ការបង្កើត​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ដំណើរ​ទស្សនកិច្ច​ដ៏​មាន​សារសំខាន់​សម្រាប់​ទំនាក់​ទំនង​ទ្វេភាគី​កម្ពុជា​-​ចិន​។ លោក បាន​មានប្រសាសន៍​ផងដែរ​ថា លោក​បាន​អញ្ជើញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា កាលពី​ខែមករា ឆ្នាំ​២០១៨ ដែល​ដំណើរ​ទស្សនកិច្ច​នោះ មិន​ត្រឹមតែ​ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នោះទេ តែ​ក៏បាន​ចូលរួម​ប្រជុំ​កំពូល នៃ​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​ផងដែរ​។ លោក បាន​គូសបញ្ជាក់ថា លោក​បាន​ជំរុញ​នូវ​កិច្ចទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ​។​

​ជាការ​ឆ្លើយតប​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្តេច មក​ប្រទេស​ចិន​នាពេលនេះ គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ក៏ដូចជា​កិច្ចសហប្រតិបត្តិការ និង​មិត្តភាព​ប្រទេស​ទាំងពីរ​ផងដែរ​។ សម្តេចនាយក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក លី ខឺ​ឈាង កាលពី​ឆ្នាំ​២០១៨ គឺ​បាន​ចូលរួមចំណែក​ពង្រឹង​នូវ​ទំនាក់ទំនង មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ​។​

​ក្នុងជំនួប​នេះ​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ចោទសួរ​នាយករដ្ឋមន្ត្រី​ថា តើ​ឆ្នាំ​២០១៩​នេះ មាន​មេដឹកនាំ​ប្រទេស​ណា មក​ទស្សនកិច្ច​នៅក្នុង​ប្រទេស​ចិន​ហើយ​ឬ​នៅ​? ឆ្លើយតប​សំណួរ​នេះ លោក លី ខឺ​ឈាង បាន​មានប្រសាសន៍​ថា សម្តេច​តេ​ជោ ហ៊ុន សែន គឺជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ជា​មិត្ត​របស់​ចិន​លើកដំបូង​បំផុត ដែល​បាន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ក្នុង​ឆ្នាំ​២០១៩​នេះ​។ លោក បាន​គូសបញ្ជាក់ថា លោក​បានឃើញ​ទំនាក់ទំនង​កម្ពុជា និង​ចិន មានការ​រីកចម្រើន និង​វិវឌ្ឍន៍​យ៉ាងច្រើន ហើយ​បាន​អរគុណ​សម្តេចនាយករ​ដ្ឋ​មន្ត្រី ដែល​បានរួម​ចំណែក​យ៉ាងសំខាន់ នៅក្នុង​ទំនាក់ទំនង​ទ្វេភាគី​នេះ​។ លោកនាយក​រដ្ឋមន្ត្រី លី ខឺ​ឈាង ក៏បាន​លើកឡើង​បញ្ហា​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត នៅ​កម្ពុជា​កាលពី​ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅ​ផងដែរ​។ លោក​បាន​សម្តែង​ការអបអរសាទរ​ជូន​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ទទួលបាន​គាំទ្រ​បោះឆ្នោត​ជា​នាយករដ្ឋមន្ត្រី​ក្នុង​អា​ណ​ត្តិ​ថ្មី​។ កិច្ចសហការ​រវាង​ចិន និង​កម្ពុជា គឺជា​ការគោរព​គ្នា​ទៅវិញទៅមក និង​ផ្តល់​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​លោក លី ខឺ​ឈាង ដែល​បានទទួល​សម្តេច និង​គណៈប្រតិភូ​។ សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្តែង​ការអបអរសាទរ​ចំពោះ​ខួប​៤០​ឆ្នាំ នៃ​ការដាក់ចេញ​នយោបាយ កែទម្រង់សេដ្ឋកិច្ច​រប​ស់​ប្រទេស​ចិន រហូត​ប្រែក្លាយ​ប្រទេស ទៅជា​មហាអំណាច​សេដ្ឋកិច្ច​ទី​២ លើ​ពិភពលោក​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ជម្រាប លោកនាយក​រដ្ឋមន្ត្រី​ចិន ពី​ស្ថានភាព​នយោបាយ និង​សង្គម​នៅ​កម្ពុជា​។ សម្តេច​តេ​ជោ បាន​លើកឡើងថា ស្ថានការណ៍​នយោបាយ និង​បញ្ហា​សង្គម​នៅ​កម្ពុ​ជាមាន​ភាពល្អប្រសើរ ជាពិសេស​កំណើនសេដ្ឋកិច្ច​នៅ​ឆ្នាំ​២០១៨ រក្សា​កំណើន​ប្រមាណ ៧​ភាគរយ ជាមួយ​ការធ្វើកំណែទម្រង់​ជាច្រើន​។ ពេលនេះ​កម្ពុជា​បាននិងកំពុង​បន្ត​អនុវត្តន៍ នូវ​អ្វីដែល​បាន​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​នៅមុន​ពេល​បោះឆ្នោត​។ ជាពិសេស​ការ​ផ្តល់នូវ​កិច្ច​គាំពារ​សង្គម​។ សម្តេច​តេ​ជោ ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា អ្វីដែល​សំខាន់​នៅក្នុង​ជំនួប​រវាង​សម្តេច និង​លោក​ប្រ​ធានា​ធីប​តី ស៊ី ជីន​ពីង កាលពី​ម្សិលមិញ​នេះ គឺ​ការផ្តល់​កូតា​នាំ​អង្ករ​កម្ពុជា ចូល​ប្រទេស​ចិន​ពី ៣០​ម៉ឺន​តោន ទៅ​៤០​ម៉ឺន​តោន​។ សម្តេច​តេ​ជោ​ថា ការបង្កើន​កូតា​នេះ គឺជា​ការឆ្លើយតប​ផ្នែក​នយោបាយ យ៉ាងសំខាន់​សម្រាប់​ប្រជាជន​កម្ពុជា និង​ប្រទេស​ដទៃទៀត​ផងដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា មាន​គម្រោង​ជាច្រើន​ស្ថិតនៅក្នុង​គំនិត​ផ្តួចផ្តើម គោលនយោបាយ​ខ្សែក្រវាត់ និង​ផ្លូវ និង​នយោបាយ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ធនាគារ​ចិន អាច​គាំទ្រ​ផ្នែក​ហិរញ្ញប្បទាន​។ សម្តេច​តេ​ជោ មានប្រសាសន៍ថា ការគាំទ្រ​ដល់​គម្រោង​នោះ គឺជា​នាំមក​នូវ​ប្រយោជន៍​សម្រាប់​ប្រទេស​ទាំងពីរ​។ សម្តេច​តេ​ជោ​រំពឹង​ប្រទេស​ទាំងពីរ នឹងមាន​គម្រោង​ជាច្រើន​ទៀត ស្ថិតនៅក្នុង​ក្របខ័ណ្ឌ នៃ​គំណិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វាង់ និង​ផ្លូវ និង​នយោបាយ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​បង្ហាញ​នូវ​គម្រោង​៦​សំខាន់ៗ ពាក់ព័ន្ធ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន និង​ប្រព័ន្ធ​អគ្គិសនី​។ សម្តេច​តេ​ជោ ស្នើ​ឲ្យ​ចិន​គាំទ្រ​គម្រោង​សំខាន់ៗ​ទាំង​៦​នេះ​។​

​ពាក់ព័ន្ធ​នឹង​ការធ្វើ​ពាណិជ្ជកម្ម​សេរី សម្តេច​តេ​ជោ ហ៊ុន សែន បានស្នើ​ឲ្យ​ភាគី​ទាំង​ពិនិត្យ និង​សិក្សា​ទៅលើ​បញ្ហា​នេះ​។ ក្នុងជំនួប​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ស្នើ​ឲ្យ​ចិន បន្ត​នាំចូល​ផលិតផល និង​កសិផល​កសិកម្ម​របស់​កម្ពុជា ឲ្យ​បាន​កាន់តែច្រើន​ថែមទៀត លើសពី​អ្វី​ដែលមាន​នាពេល​បច្ចុប្បន្ន ប្រទេស​ចិន​ជាទី​ផ្សារ​ដ៏​ធំ​មួយ​នៅលើ​ពិភពលោក​។ ពាក់ព័ន្ធ​នឹង​វិស័យ​វប្បធម៌ ទេសចរណ៍ និង​អប់រំ ក៏ដូចជា​វិស័យ​ផ្សេងៗ​ទៀត​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​មិត្ត​ចិន ដែល​បាន​ជួយ​កម្ពុជា​នាពេល​កន្លងមក ហើយ​សម្តេច​ក៏បាន​ស្នើ​ឲ្យ​ចិន បន្ត​ជួយ​លើ​វិស័យនេះ​បន្ថែមទៀត​។ សម្តេច​តេ​ជោ បានស្នើ​ចិន​ជួយ​ជួសជុល​ប្រាសាទបុរាណ​នៅ​កម្ពុជា ហើយ​អរគុណ​ដល់​ចិន ដែល​បានផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ដែល​បច្ចុប្បន្ន​មាន​និស្សិត​កម្ពុជា​ជិត ២​ពាន់​នាក់​កំពុង​សិក្សា​នៅក្នុង​ប្រទេស​ចិន​។ សម្តេច​តេ​ជោ ក៏បាន​ស្វាគមន៍​ចំពោះ​ការចូល​ចត​របស់​នាវា​របស់​ចិន ដែល​បាន​ចូល​ចត នៅ​ខេត្ត​ព្រះសីហនុ​ចំនួន​៣​លើក នៅក្នុង​ឆ្នាំ​២០១៨​កន្លងទៅ​។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អរគុណ​ឯកឧត្តម លី ខឺ​ឈាង ចំពោះ​ការ​ផ្តល់ជំនួយ ៨៤០​លាន​យ័ន សម្រាប់​វិស័យ​យោធា​នាពេល​កន្លងទៅនេះ​។ សម្តេច​តេ​ជោ បានបង្ហាញ​ការចង់​ឃើញ រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន បន្ត​ជួយ​ដល់​វិស័យ​ផ្សេងៗ​ទៀត រួមទាំង​វិស័យ​នគរបាល​ផងដែរ សម្រាប់​ការ​គ្រង់​គ្រង​សន្តិសុខ​។​

​ជា​ចុងក្រោយ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គោរព​អញ្ជើញលោក លី ខឺ​ឈាង បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ក្នុង​ពេលវេលា​សមស្រប​ណាមួយ​។ លោក នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា រដ្ឋាភិបាល​ចិន នឹង​បង្កើន​ការ​នាំចូល​អង្ករ​ពី​កម្ពុជា ដើម្បី​ជួយ​ដល់​កម្ពុជា​។ រីឯ​គម្រោង​ជួសជុល​ប្រាសាទព្រះវិហារ និង​ប្រាសាទ​ផ្សេងៗ​ទៀត កម្ពុជា និង​ចិន អាច​បន្ត​សហការគ្នា​។ ចិន​នឹង​បន្ត​នាំចូល​កសិផល​ពី​ប្រទេស​កម្ពុជា​ផងដែរ ហើយ​សង្ឃឹមថា កម្ពុជា​នឹង​បន្ត​នាំចេញ​កសិផល​ផ្សេងៗ​ទៀត ទៅកាន់​ប្រទេស​ចិន និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​។ លោកនាយក​រដ្ឋមន្ត្រី ក៏បាន​ស្នើ​ឲ្យ​កម្ពុជា និង​ចិន​បន្ត​ប្រើប្រាស់​យន្តការ ដែលមាន​រួមមាន​យន្ត​ទ្វេភាគី និង​យន្តការ​តំបន់​។ លោកនាយក​រដ្ឋមន្ត្រី​ចិន បានលើកឡើង​ដែរ​ថា លោក​នឹង​រក​ពេលវេលា​សមស្រប​ណាមួយ នឹង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​៕ ដោយ ​៖​ កូ​ឡាប​

spot_img
×