Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ប្រធាន​ធនាគារ​ចិន ទៅ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ពិនិត្យ​គម្រោង​វិនិយោគ​នានា​

spot_img

​ប៉េកាំង ​៖ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​មានប្រសាសន៍​ដែរ​ថា សម្តេច​ចង់ឃើញ​ឲ្យ​មាន​ការចុះ​កិច្ចព្រមព្រៀង នៃ​គម្រោង​ទាំងឡាយ​ដែល​ស្ថិតនៅក្រោម​គម្រោង​នយោបាយ​ខ្សែក្រវាត់ និង​ផ្លូវ​ជាពិសេស​សម្តេច បាន​ចាត់តាំង​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែលជា​ស្ថាប័ន​របស់​រដ្ឋ​ធ្វើការ​ជាមួយ​ធនាគារ​ចិន​។​

​នៅ​ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ឆេន សុ​ី​ឈី​ង (Chen Siqing) តំណាង​ធនាគារ​ចិន​។ ក្នុងជំនួប​នោះ Chen Siqing បានបង្ហាញ​នូវ​ក្តី​រីករាយ ដែល​ទទួលបាន​ការអនុញ្ញាត​ពី​សម្តេចនាយក​រដ្ឋមន្ត្រី​ចូលជួប​សម្តែង​ការគួរសម ជាពិសេស​បាន​អរគុណ​សម្តេចនាយករ​ដ្ឋ​មន្ត្រី ដែល​បាន​ថ្លែង​ប្តេជ្ញា​ជំរុញ​ការវិនិយោគ​បន្ថែមទៀត​។​

​លោក Chen Siqing បាន​មានប្រសាសន៍ថា ធានា​គារ​របស់លោក​បាន​ធ្វើការ​ជាច្រើន​ឆ្នាំ​មកហើយ​នៅក្នុង​ប្រទេស​កម្ពុជា​។​លោក​បាន​លើកឡើងថា នៅក្នុង​ប្រទេស​ចិន បានចាត់ទុក​សម្តេច​តេ​ជោ ហ៊ុន សែន ជា​មិត្ត​ភ័ក្តិ​ចាស់​របស់​ប្រទេស​ចិន ហើយ​កន្លងមកនេះ​ភាគី​ចិន​តែងតែ​ចាត់ទុក​ទំនាក់ទំនង​សម្តេចនាយក​រដ្ឋមន្ត្រី ជាមួយ​ឯកឧត្តម​ប្រធានាធិបតី ស៊ី ជីន​ពីង មាន​លក្ខណៈ​ជិតស្និទ្ធ និង​ស្និទ្ធស្នាល​។ លោក​បាន​អរគុណ​ចំពោះ​ការគាំទ្រ​កន្លងមក​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក៏ដូចជា​រាជរដ្ឋាភិបាល លោក​នឹង​ប្រឹងប្រែង​ធ្វើយ៉ាងណា​ឲ្យ​គំនិត​ផ្តួចផ្តើម​នយោបាយ​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា មានការ​ស៊ីសង្វាក់ និង​ប្រទាក់ក្រឡា​គ្នា​។​

​លោក Chen Siqing បាន​លើកឡើងថា ក្រោយពេល​បាន​ស្តាប់​ប្រសាសន៍​របស់​សម្តេច​ហើយ លោក​បាន​វាយតម្លៃ​កម្ពស់​ចំពោះ​ចក្ខុវិស័យ​ដឹកនាំ​របស់​សម្តេច ពោល​សម្តេច​ដែលមាន​ចក្ខុវិស័យ​ដឹកនាំ​ច្បាស់លាស់​ក្នុងការ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍ​ន៍​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។ លោក​បន្តថា ធនាគារ​របស់លោក នឹង​បន្ត​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស គឺ​ផ្តល់ទុន​ដល់​ក្រុមហ៊ុន​វិនិយោគ​នានា​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​មានប្រសាសន៍​ផងដែរ អំពី​តម្រូវការ​នៃ​ទុន​ជាច្រើន ហើយ​សព្វថ្ងៃនេះ​ធនាគារ​ចិន មាន​ទុន​ច្រើន ហើយ​មាន​សាខា​ច្រើន​នៅលើ​ពិភពលោក ដូច្នេះ​ធនាគារ​ចិន​អាចជួយ​សម្រេច​នូវ​តម្រូវការ​មួយ​នេះ​។ ឆ្នាំនេះ​ប្រទេស​ចិន​នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​នៃ​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ នា​ខែមេសា ខាងមុខនេះ ធនាគារ​ចិន នឹងមាន​ការចុះ​កិច្ចព្រមព្រៀង​មួយចំនួន ដើម្បី​ផ្តល់​ឥណទាន​ដល់​ក្រុមហ៊ុន​នានា ដែល​ស្ថិតនៅក្នុង​គម្រោង​នយោបាយ​ខ្សែក្រវាត់ និង​ផ្លូវ​។​

​លោក​ប្រធាន​ធនាគារ ក៏បាន​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ ដែល​បានអនុញ្ញាត​ឲ្យ​រូបលោក​បាន​ជួប​កាលពី​ឆ្នាំ​២០១៥​កន្លងទៅ ដោយ​សម្តេច​បានផ្តល់​អ​នុ​សាសន៍​ជាច្រើន​សម្រាប់​ការវិនិយោគ​នៅ​កម្ពុជា ហើយ​ធនាគារ​របស់លោក ក៏បាន​ចូលរួម​បណ្តុះបណ្តាល​ជាច្រើន​ដល់​មន្ត្រី​របស់​កម្ពុជា​ផងដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អញ្ជើញ​ប្រធាន​ធនាគារ​ចិន ទៅ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ពិនិត្យ​គម្រោង​វិនិយោគ​នានា ដែល​គាំទ្រ​ដោយ​ធនាគារ​ចិន​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​មានប្រសាសន៍​ដែរ​ថា សម្តេច​ចង់ឃើញ​ឲ្យ​មាន​ការចុះ​កិច្ចព្រមព្រៀង​នៃ​គម្រោង​ទាំងឡាយ​ដែល​ស្ថិតនៅក្រោម​គម្រោង​នយោបាយ​ខ្សែក្រវាត់ និង​ផ្លូវ​ជាពិសេស​សម្តេច​បាន​ចាត់តាំង​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែលជា​ស្ថាប័ន​របស់​រដ្ឋ​ធ្វើការ​ជាមួយ​ធនាគារ​ចិន​។ សម្តេច​តេ​ជោ បាន​ចាប់អារម្មណ៍​ចំពោះ​ការប្រកាស​របស់​ឯកឧត្តម​ប្រធានាធិបតី ស៊ី ជីន​ពីង ក្នុងការ​បង្កើត​វិថី​សូត្រ​សតវត្សរ៍​ទី​២១​នេះ​ឡើង ដែលជា​ចំណុច​ដ៏​សំខាន់​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​ជា​សមាជិក​។​

​សម្រាប់​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា អាទិភាព​របស់​កម្ពុជា​ទាំងអស់​ទាំង​រដ្ឋ និង​ឯកជន គឺ​ផ្តោត​សំខាន់​ទៅលើ​វិស័យ​ធំៗ​ចំនួន​៤ គឺ​ការអភិវឌ្ឍ​ធនធានមនុស្ស ទឹក ផ្លូវ និង​ភ្លើង ដែលជា​វិស័យ​សំខាន់ៗ​សម្រាប់​រាជរដ្ឋាភិបាល​។ សម្រាប់​ការអភិវឌ្ឍ​ធនធានមនុស្ស​នេះ សម្តេច​តេ​ជោ ចង់​ឲ្យ​ចិន​ផ្តល់នូវ​ជំនួយឥតសំណង ដើម្បី​ចូលរួម​បណ្តុះបណ្តាល​ធនធានមនុស្ស សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ មាន​ផ្លូវ ស្ពាន ព្រលានយន្តហោះ និង​កំពង់ផែ​ជាដើម​ដែល​ត្រូវការ​ទុន​ជាច្រើន​ពី​មិត្ត​ចិន​។ សម្តេច​តេ​ជោ ស្នើ​ឲ្យ​ធនាគារ​ចិន​ផ្តល់ទុន​សម្រាប់​ក្រុមហ៊ុន​ទាំងឡាយ ដែល​វិនិយោគ​ទៅលើ​ការបណ្តុះបណ្តាល ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជា​លើ​វិស័យ​កសិកម្ម​ជាដើម ដើម្បី​ជំរុញ​ការកែច្នៃ​កសិផល​របស់​កម្ពុជា​។​

​សម្តេច​តេ​ជោ ក៏បាន​គូស​បញ្ជាក់ដែរថា ថាមពល​អគ្គិសនី ក៏​ជា​រឿង​សំខាន់​ផងដែរ​សម្រាប់​កម្ពុជា​។ ក្នុងន័យនេះ​សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ​ធនាគារ​ចិន​បន្ត​គាំទ្រ​ដល់​ការកសាង​ខ្សែបណ្តាញ​ចែកចាយ​អគ្គិសនី បន្តទៀត​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​បញ្ជាក់​ផងដែរ​ថា កម្ចី​របស់​កម្ពុជា​នាពេល​កន្លងទៅ គឺមាន​គោលដៅ​សំខាន់បំផុត​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ដូច្នេះ​សម្តេច​ស្នើ​ធនាគារ​ចិន​ផ្តល់​ការប្រាក់​ឲ្យ​បាន​ទាប​ទៅលើ​កម្ចី​នោះ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានបង្ហាញ​គាំទ្រ​ឲ្យ​មានការ​ចុះហត្ថលេខា​រវាង​ធនាគារ​ចិន ជាមួយ​ស្ថាប័ន​របស់​កម្ពុជា​នូវ​រាល់​គម្រោង​ទាំងឡាយ ដែល​ស្ថិតក្រោម​នយោបាយ​ខ្សែក្រវាត់ និង​ផ្លូវ ក៏ដូចជា​ស្ថិតនៅក្នុង​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ បើ​គម្រោង​វិនិយោគ​ស្ថិតនៅក្រោម​នយោបាយ​​ខ្សែក្រវាត់ និង​ផ្លូវ​ទទួលបាន​ជោគជ័យ នោះ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ របស់​ឯកឧត្តម​ប្រធានាធិបតី​ចិន ក៏​ជោគជ័យ​ផងដែរ​៕ ដោយ​ ៖​ កូ​ឡាប​

spot_img
×