Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាំខ្លួន​លោក ឡាយ វណ្ណៈ អតីត​ចៅហ្វាយខេត្ត​តាកែវ ឡើង​សវនាការ លើ​សំណុំរឿង​សម្លាប់​ស្រី​ម្នាក់​

spot_img

​ភ្នំពេញ​ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០១៩​នេះ បានចាប់ផ្តើម​លើកយក​សំណុំរឿង លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ ដែល​ជាប់ចោទ​លើ​ករណី​ឃាតកម្ម សម្លាប់​ស្ត្រី​ម្នាក់​ដែល​ជា​សង្សារ​របស់​ខ្លួន មក​ជំនុំជម្រះ​។​

​បើ​តាម​មន្ត្រី​តុលាការ​បញ្ជាក់ថា សវនាការ​នេះ ធ្វើឡើង បន្ទាប់ពី​បើក​ការ​ស៊ើបសួរ អស់​រយៈពេល​ជាង​៩​ខែ​រួច​មក ក្នុង​សំណុំរឿង​ឃាតកម្ម​សម្លាប់​នារី ចេវ សុ​វឌ្ឍនា ហើយ​មាន​លោក​ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ​និង​បក្ខពួក​៣​នាក់​ជា​ជនជាប់ចោទ​បាន​ត្រូវ​តុលាការ​លើក​យកមក​បើក​សវនាការ​ជំនុំជម្រះ​នៅ​ថ្ងៃ​ទី​២៣​ខែ​មករា​ឆ្នាំ​២០១៩​នេះ​។​

​លោក កូយ សៅ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០១៨ បាន​សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ និង បក្ខពួក​៣​នាក់​ទៀត ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​។​

​ជនសង្ស័យ​ត្រូវ​ចោទ​ទាំង​៤​នាក់​រួមមាន​៖ ទី​១៖ លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ​, ទី​២៖ លោក ឡាយ ណា​រិទ្ធ ស្នងការរង​នគរបាល​ខេត្តតាកែវ ត្រូវជា​បងប្រុស លោក ឡាយ វណ្ណៈ​, ទី​៣៖​ឈ្មោះ ម៉េន សា​ម៉ៃ អ្នក​បើក​ឡាន​ឲ្យ​លោក ឡាយ វណ្ណៈ និង​ទី​៤៖ ឈ្មោះ ជឹម វុ​ធ ហៅ ថូត ជា​អ្នកបំរើ​នៅ​ផ្ទះ​នាង ចេវ សុ​វឌ្ឍនា​។ ចំណែក​មនុស្ស​ពីរ​នាក់​ទៀត​ត្រូវបាន​អនុញ្ញាត​ឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​មានឈ្មោះ ចាន់ រី ភេទ​ស្រី និង​ឈ្មោះ តាក់ រតនា ជា​អ្នក​បើក​ឡាន​ឱ្យ​លោក ឡាយ ណា​រិទ្ធ​។ លោក ឡាយ វណ្ណៈ អាយុ​៤៥​ឆ្នាំ និង លោក ឡាយ ណា​រិទ្ធ អាយុ​៤៦​ឆ្នាំ ជាប់​ចោទប្រកាន់​ពីបទ​ឃាតកម្ម ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះជួល ភូមិ​ផ្សារ​តា​កោ សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៨ តាម​មាត្រា​១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ​។ ឈ្មោះ ម៉េន សា​ម៉ៃ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ និង ឈ្មោះ ជឹម វុ​ធ ហៅ​ថូត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជាប់​ចោទប្រកាន់​ពីបទ​លាក់​បំបាំង​តម្រុយ ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះជួល ភូមិ​ផ្សារ​តា​កោ សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៨ តាម​មាត្រា​៥៣២ នៃ​ក្រម​ព្រហ្មទណ្ឌ​៕ ដោយ​៖​រចនា​

 

spot_img
×