Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុងឆ្នាំ២០១៨ ប្រភពផលិតអគ្គិសនី ក្នុងស្រុកមានអានុភាព ២.២០៧,៧៦ មេហ្គាវ៉ាត់

spot_img

ភ្នំពេញ ៖ ត្រឹមចុងឆ្នាំ២០១៨ នេះ អាជ្ញាធរអគ្គិសនីកម្ពុជាបានផ្តល់ដែនអាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនរដ្ឋ និងឯកជនចំនួន ១៤.០៧២ភូមិ ស្មើ ៩៩,៣២ភាគរយ នៃចំនួនភូមិសរុប ១៤.១៦៨ ខណៈការសាងសង់បណ្តាញចែកចាយអគ្គិសនី បានទៅដល់ភូមិចំនួន ១២.៣០៥ ស្មើ ៨៦,៨៥ភាគរយ ដោយក្នុងនោះ នៅចុងឆ្នាំ២០១៨ ប្រភពផលិតអគ្គិសនី ក្នុងស្រុកមានអានុភាព ២.២០៧,៧៦ មេហ្គាវ៉ាត់ ហើយនឹងលុបបំបាត់ការផលិតអគ្គិសនី ប្រើម៉ាស៊ីនម៉ាស៊ូត របស់អ្នកកាន់អាជ្ញាប័ណ្ណអស់ ៣៦,២៣មេហ្គាវ៉ាត ។

លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានអញ្ជើញជាអធិបតី ក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំ របស់អាជ្ញាធរអគ្គិសនីកម្ពុជា ដែលមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងអង្គភាព ស្ថាប័នពាក់ព័ន្ធ អ្នកធ្វើសេវាកម្មអគ្គិសនីគ្រប់ប្រភេទ និងតំណាងអ្នកប្រើប្រាស់អគ្គិសនីនៅរាជធានី-ខេត្តមួយចំនួន សរុបទាំងអស់ប្រមាណ ៦០០នាក់ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩ ។

តាមរបាយការណ៍បូកសរុបរបស់លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា នៅចុងឆ្នាំ២០១៨ ប្រភពផលិតអគ្គិសនី ក្នុងស្រុកមានអានុភាព ២.២០៧,៧៦ មេហ្គាវ៉ាត់ ដោយនៅអាណត្តិទី៥ (២០១៤-២០១៨) ការអភិវឌ្ឍប្រភពអគ្គិសនី បានបន្ថែមអានុភាព ១០៩៩,២មេហ្គាវ៉ាត់ ទន្ទឹមនឹងនេះ ក៏បានបញ្ឈប់ដំណើរការប្រភពអគ្គិសនី ប្រើប្រេងខ្មៅ ៥២,៧មេហ្គាវ៉ាត់ និងលុបបំបាត់ការផលិតអគ្គិសនី ប្រើម៉ាស៊ីនម៉ាស៊ូត របស់អ្នកកាន់អាជ្ញាប័ណ្ណអស់ ៣៦,២៣មេហ្គាវ៉ាត។ ចំណែកប្រភពនាំចូលពីប្រទេសជិតខាង បានកាត់បន្ថយមកនៅត្រឹម ១៤,៥៥ភាគរយ នៅឆ្នាំ២០១៨ ដែលបានថយចុះជាបន្តបន្ទាប់ពី ៤០,០៦ភាគរយ នៅឆ្នាំ២០១៤ ។ នៅចុងឆ្នាំ២០១៨ បរិមាណថាមពលអគ្គិសនី ដែលបានផ្តល់សរុបមាន ៩.៣០៧,៤៤លានគីឡូវ៉ាត់ម៉ោង គឺកើនឡើង ១,៩១ដង ក្នុងអំឡុងឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ ។

តាមរបាយការណ៍របស់លោកយឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ថា គិតត្រឹមចុងឆ្នាំ​២០១៨ នេះ អាជ្ញាធរអគ្គិសនីកម្ពុជា បានផ្តល់ដែនអាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនរដ្ឋ និងឯកជនចំនួន ១៤.០៧២ភូមិ ស្មើ ៩៩,៣២ភាគរយ នៃចំនួនភូមិសរុប ១៤.១៦៨ ខណៈការសាងសង់បណ្តាញចែកចាយអគ្គិសនីបានទៅដល់ភូមិចំនួន ១២.៣០៥ ស្មើ ៨៦,៨៥ភាគរយ ហើយវឌ្ឍនភាពនៃការភ្ជាប់ចរន្តអគ្គិសនីឲ្យអ្នកប្រើប្រាស់គ្រប់ប្រភេទមានចំនួន ២.៦៤៥.៦៣០កន្លែង ដែលក្នុងនោះ លំនៅដ្ឋានមានចំនួន ២.៥៣៧.២៨២ខ្នងផ្ទះ អាជីវកម្មនិងឧស្សាហកម្មមានចំនួន១០២.៣៧៦ កន្លែង និងស្ថាប័នរដ្ឋមានចំនួន ៥.៩៧២កន្លែង ។

អង្គសន្និបាតក៏បានលើកឡើង នូវបញ្ហាប្រឈមដើម្បីពិភាក្សាដោះស្រាយសម្រាប់ជាទិសដៅ អនុវត្តបន្តមានដូចខាងក្រោម ៖

១- ជំរុញការផ្តល់សេវាអគ្គិសនី មានគុណភាព ស្ថេរភាព សុវត្ថិភាព និងភាពអាចទុកចិត្តបាន ២. ចូលរួមជាមួយក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា ដើម្បីអនុវត្តការសន្យាបន្ថយថ្លៃអគ្គិសនី របស់សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ឆ្នាំ២០១៩ និង២០២០ និងដើម្បីរៀបចំផែនការ និងទិសដៅបន្ថយថ្លៃលក់អគ្គិសនីសម្រាប់ឆ្នាំបន្តបន្ទាប់ ។ ៣.បន្តសកម្មភាពនានា ដើម្បីផ្តល់ភាពយុត្តិធ៌មក្នុងការវាស់វែង និងការកត់ត្រាថាមពលអគ្គិសនីរបស់អ្នកប្រើប្រាស់អគ្គិសនី ។ ៤.បន្តដោះស្រាយឲ្យបានល្អប្រសើរ នូវបញ្ហាការស្នើសុំឲ្យមានអគ្គិសនីប្រើប្រាស់នៅតំបន់មិនទាន់មានអគ្គិសនីទៅដល់ និងការស្នើសុំឲ្យមានការផ្គត់ផ្គង់ពីប្រភពបណ្តាញជាតិ ។ ៥.បន្តត្រួតពិនិត្យ និងចាត់វិធានការណ៍បញ្ហាយកថ្លៃលើសការកំណត់ ទាំងថ្លៃអគ្គិសនី ថ្លៃភ្ជាប់ចរន្ត ប្រាក់កក់ បង្ខំឲ្យអ្នកប្រើប្រាស់ទិញខ្សែដែលមានថ្លៃខ្ពស់ ការបំភ័ន្តអ្នកប្រើប្រាស់អំពីកម្លាំងភ្ជាប់អគ្គិសនី ។
៦.បន្តដោះស្រាយបញ្ហាអ្នករស់នៅក្នុងដីឡូត៍ដែលគេពុះលក់ជាឡូត៍ បញ្ហាអ្នករស់នៅក្នុងបុរី និងខុនដូ បញ្ហាបន្ទប់ជួល និងបញ្ហាតូបលក់ក្នុងផ្សារ ទាំងតំបន់របស់អគ្គិសនីកម្ពុជា និងឯកជន។ ៧.បន្តជំរុញអ្នកកាន់អាជ្ញាប័ណ្ណ ឲ្យពង្រីកបណ្តាញចែកចាយទៅកាន់ភូមិដែលនៅសល់ ។ ៨.ចំពោះតំបន់ ៩៦ភូមិ ឬស្មើ ០,៦៨​ភាគ​រយ ដែលមិនទាន់មានអ្នកទទួលចែកចាយ ដោយតំបន់ទាំងនេះឋិតក្នុងដែនអាជ្ញាបណ្ណឯកជន និងមានលក្ខខណ្ឌពិបាកក្នុងការពង្រីកការផ្គត់ផ្គង់ទៅដល់ អាជ្ញាធរអគ្គិសនីកម្ពុជានឹងសហការជាមួយអគ្គិសនីកម្ពុជា ដើម្បីសិក្សាលម្អិតរកដោះស្រាយសមរម្យ ៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×