Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​-​ចិន ចេញ​សេចក្តីថ្លែងការណ៍​រួម​ចំនួន​១៤​ចំណុច​សំខាន់ៗ ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេជោ ហ៊ុន សែន នៅលើ​ទឹកដី​មហាអំណាច​ចិន​

spot_img

​ភ្នំពេញ​ ៖ បន្ទាប់​ពី​បញ្ចប់​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នៅលើ​ទឹកដី​មហាអំណាច​ចិន រយៈពេល​៣​ថ្ងៃ ដោយ​នៅ​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៩​នេះ កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ចេញ​សេចក្តី​ថ្លែង​កាណ៍​រួម​មួយ​ដែល​មាន​ចំនួន​១៤​ចំណុច​សំខាន់ៗ ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​។​

​ជាថ្មី​ម្ដងទៀត​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា មហាអំណាច​លេខ​១ នៅ​ទ្វីបអាស៊ី គឺ​មហា​យក្ស​ចិន បាន​ប្រកាស​ពី​ការគោរព​ចំពោះ ឯករាជ្យភាព អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​កម្ពុជា និង​បាន​បញ្ជាក់​ឡើងវិញ​ពី​ការគាំទ្រ​ចំពោះ​គោលនយោបាយ​ឯករាជ្យ និង​ការអភិវឌ្ឍ​របស់​កម្ពុ​ជា ស្រប​ទៅ នឹង​ផលប្រយោជន៍​របស់​ប្រជាជន​កម្ពុជា​។​

​សេចក្ដីថ្លែងការណ៍​រួម​រវាង កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​បង្ហាញ​ជា​ផ្លូវការ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៩​នេះ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ភាគី​ចិន​បាន​លើក​ជាថ្មី ពី​ការគោរព​ចំពោះ​ឯករាជ្យភាព អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​កម្ពុជា និង​បាន​បញ្ជាក់​ឡើងវិញ ពី​ការគាំទ្រ​ចំពោះ​គោលនយោបាយ​ឯករាជ្យ និង​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​ស្រប​ទៅ នឹង​ផលប្រយោជន៍​របស់​ប្រជាជន​កម្ពុជា​»​។​

​ភាគី​កម្ពុជា វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ធំធេង​ជាច្រើន តាមរយៈ​កំណែទម្រង់ និង​ការ​បើកទូលាយ​របស់​ប្រទេស​ចិន និង​សូម​ជូនពរ ដោយ​ស្មោះ​ចំពោះ​ភាគី​ចិន ក្រោម​ការដឹកនាំ​របស់​គណៈកម្មាធិការ​មជ្ឈឹមបក្ស​កុម្មុយនីស្ត​ចិន ដែលមាន អគ្គលេខាធិការ ស៊ី ជីន​ភីង ជា​ស្នូល​សំខាន់​ក្នុង​ការដឹកនាំ នឹង​សម្រេច​បាន​ដោយ​ជោគជ័យ​នូវ​គោលដៅ​សតវត្ស​ទាំងពីរ​។​

​ភាគី​កម្ពុជា ជឿជាក់ថា ប្រជាជន​ចិន នឹង​អភិវឌ្ឍ​ប្រទេស​ចិន ទៅ​ជា​ប្រទេស​សង្គមនិយម​ដ៏​ទំនើប រុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌​ជឿនលឿន សុខដុមរមនា និង​ស្រស់ស្អាត ។​

​ជាមួយគ្នានេះ ភាគី​ចិន ក៏​បាន​ជូនពរ​ដោយស្មោះ​ឲ្យ​ប្រជាជន​កម្ពុជា​បន្ដ​សម្រេច​បាន​នូវ​សមិទ្ធផល​ថ្មីៗ និង​ធំធេង​ក្នុង​ការអភិវឌ្ឍ​ជាតិ ក្រោម​ម្លប់ព្រះបារមី ព្រះមហា​ស្វេត​ឆ័ត្រ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណា​ចក្រ​​កម្ពុជា និង​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​ថ្មី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ ។​

​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​គ្នា​កម្ពុជា​-​ចិន បានឲ្យដឹងថា ព្រះរាជាណាចក្រ​កម្ពុជា ប្រកាស​ប្រឆាំង​ចំពោះ​ការប្រកាស​ឯករាជ្យ​របស់​តៃវ៉ាន់​​គ្រប់​ទម្រង់ និង​អះអាង​ទៀតថា តៃវ៉ាន់​គ្រាន់តែ​ជា​ផ្នែក​សំខាន់​មួយ របស់​ចិន​តែប៉ុណ្ណោះ​។ «​ភាគី​កម្ពុជា សូម​បញ្ជាក់​សាជាថ្មីនូវ​ការ​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​ចិន​មួយ ព្រមទាំង​ទទួលស្គាល់​រដ្ឋាភិបាល សាធារណរដ្ឋ ប្រជាមានិត​ចិន ជា​រដ្ឋាភិបាល​ស្រប​ច្បាប់​តែមួយគត់ តំណាង​ឲ្យ​ប្រទេស​ចិន​ទាំងមូល ហើយ​តៃវ៉ាន់​ជា​ផ្នែក​សំខាន់​មួយ នៃ​បូរណភាព​ដែនដី​របស់​ចិន​»​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ កម្ពុជា​បាន​ប្រកាស​នៅ​ចំពោះ​ថ្នាក់ដឹកនាំ​កំពូលៗ របស់​ប្រទេស​មហាអំណាច​មួយ​នេះ​ទៀត​ថា «​ភាគី​កម្ពុជា​សូម​ប្រឆាំង ចំពោះ​ការប្រកាស​ឯករាជ្យ របស់​តៃវ៉ាន់​គ្រប់​ទម្រង់ ព្រមទាំង​បន្ត​គាំទ្រ​ការអភិវឌ្ឍ​ដោយ​សន្តិភាព​នូវ​ទំនាក់ទំនង​ចិន និង​តៃវ៉ាន់ និង​បុព្វហេតុ​ក្នុង​ការបង្រួបបង្រួម​ចិន​»​។​

​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន បាន​សម្តែង​នូវ​ការពេញចិត្ត ចំពោះ​ស្ថិរភាព និង​ការវិវត្ត​ដ៏​ប្រសើរ​នៃ​សភាពការណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​សូម​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​បន្ត​ការអនុវត្តឲ្យ​ពេញលេញ និង​មាន​ប្រសិទ្ធភាព​នូវ​សេចក្តីថ្លែងការណ៍ ស្តីពី​ការ​ប្រតិបត្តិ​របស់​ភាគី នៅ​សមុទ្រ​ចិន​ខាងត្បូង (DOC) ធ្វើ​ឲ្យ​ស៊ីជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ វិស័យ​សមុទ្រ​ជាក់ស្តែង និង​លើកកម្ពស់​ការពិគ្រោះ​យោបល់ ស្តី​ពី​ក្រម​ប្រតិបត្តិ​នៅ​សមុទ្រ​ចិន​ខាងត្បូង (COC) ។​

​ការបង្ហាញ​សេចក្តី​ពេញចិត្ត​នៃ​ការវិវត្តន៍​សភា​ការណ៍ នៅ​សមុទ្រ​ចិន​ខាងត្បូង​នេះ បាន​បញ្ជាក់​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​រវាង កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន ទើប​ចេញ​ផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៩​នេះ ដែល​ជា​លទ្ធផល​នៃ​ដំណើរ​ទស្សន​កិច្ច​ផ្លូវការ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ទៅ​ប្រទេស​ចិន ចាប់ពី​ថ្ងៃ​ទី​២០ ដល់​២៣ ខែ​មករា ឆ្នាំ​២០១៩​។​

​សេចក្តីថ្លែងការណ៍​រួម​ក៏​បាន​បញ្ជាក់ទៀតថា «​ភាគី​កម្ពុជា​វាយតម្លៃ​ខ្ពស់ និង​គាំទ្រ​សំណើ​របស់​ភាគី​ចិន សូម​ឲ្យ​បញ្ចប់​កិច្ច​ពិគ្រោះ​យោបល់​សី្ត​ពី COC ក្នុង​រយៈពេល​៣​ឆ្នាំ ហើយ​នឹង​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​រក្សា​ការវិវត្ត​ជា​វិជ្ជមាន នៃ​កិច្ច​ពិគ្រោះ​យោបល់ ខិតខំ​សម្រេច​ឲ្យបាន​ឆាប់​នូវ​កិច្ច​ពិគ្រោះ​យោបល់​នេះ ដោយ​ឈរ​លើ​មូលដ្ឋាន​កុងសង់ស៊ីស​ទៅវិញទៅមក និង​កសាង​សមុទ្រ​ចិន​ខាងត្បូង ឲ្យទៅ​ជា​សមុទ្រ​សន្តិភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​»​។​

​ជាមួយគ្នានេះ ក្នុង​សេចក្តីថ្លែងការណ៍​របស់​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ភាគី​ទាំង​ពីរ​កម្ពុជា​-​ចិន បាន​ឯកភាព​បន្ត​ពង្រឹង​ការសម្រប​សម្រួល និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​មេគង្គ​-​ឡាន​ឆាង អាស៊ាន​-​ចិន អាស៊ី​បូព៌ា កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប និង​បណ្តា​ក្របខ័ណ្ឌ​ពហុភាគី រួមទាំង​អង្គការសហប្រជាជាតិ​។​ ​លើសពីនេះ ភាគី​ទាំងពីរ​នឹង​រួមគ្នា​ប្រកាន់ខ្ជាប់ នូវ​ពហុភាគី​និយម និង​ការពារ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ដែលមាន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ជា​ស្នូល​។ ភាគី​ទាំងពីរ​នឹង​ជំរុញ​ការបង្កើត​ទំនាក់ទំនង​អន្តរជាតិ ដែល​មាន​ការគោរព​គ្នា​ទៅវិញទៅមក មាន​យុត្តិធម៌ និង​សមធម៌ និង​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ ដើម្បី​កសាង​សហគមន៍ ដែល​មាន​ជោគវាសនា​រួម​សម្រាប់​មនុស្សជាតិ​។​

​ក្នុង​សេចក្តីថ្លែងការណ៍ បានបញ្ជាក់​ថា «​ភាគី​ទាំង​ពីរ​សម្តែង​ការពេញចិត្ត​ចំពោះ​លទ្ធផល នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​យល់ស្រប​គ្នា​ថា ដំណើរ​ទស្សនកិច្ច​នេះ បាន​បន្ថែម​កម្លាំង ចលករ​ថ្មី ក្នុង​ការអភិវឌ្ឍ​កិច្ចសហ​ប្រតិ​បត្តិការ ក្នុង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​ចិន​»​។​

​សេចក្តីថ្លែងការណ៍ បាន​បន្ថែមទៀតថា សម្ដេច​តេជោ ហ៊ុន សែន សូម​ថ្លែងអំណរគុណ​ចំពោះ​ភាគី​ចិន ដែល​បាន​ផ្តល់​បដិសណ្ឋារកិច្ច​ដ៏​កក់ក្តៅ និង​ស្និទ្ធស្នាល​ក្នុងអំឡុងពេល​ទស្សនកិច្ច​នេះ​។​

​ក្នុងអំឡុងពេល​ទស្សន​កិច្ច របស់​សម្តេច​តេជោ ហ៊ុន សែន នៅលើ​ទឹកដី​មហាអំណាច​ចិន រយៈពេល​៣​ថ្ងៃនេះ ភាគី​ទាំងពីរ​ក៏​បាន​ចុះហត្ថលេខា លើ​ឯកសារ​កិច្ចសហប្រតិបត្តិការ​លើ វិស័យ​នានា ស្តីពី ការលើកកម្ពស់​ជីវភាព​ប្រជាជន ការដឹកជញ្ជូន និង​ហេដ្ឋា​រចនាសម្ព័ន្ធ​ជាដើម​ ៕ ​ដោយ ៖ ​កូឡាប​

​ខាងក្រោម​នេះ​ជា​សេចក្តីថ្លែងការណ៍​រួម​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​៖

 

   

spot_img
×