Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ស្នើ​ឲ្យ​កងទ័ព ទប់ស្កាត់​អំពើ ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​

spot_img

​ភ្នំពេញ ​៖ ដើម្បី​ចូលរួម​ពង្រឹង​វិស័យ​ការពារជាតិ ឲ្យ​កាន់តែ​មាន​ភាពល្អប្រសើរ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ផ្តល់​អនុសាសន៍​សំ​ខាន់ៗ​ចំនួន​១០​ចំណុច​រួមមាន ត្រូវ​អនុវត្ត​ឲ្យ​ខ្ជាប់ខ្ជួន​នូវ​ខឿន​ការពារជាតិ​របស់​ប្រជាជន ព្រោះ​កងទ័ព​កើតចេញ​ពី​ប្រជាជន និង​ដើម្បី​ប្រជាជន ត្រូវ​ចូលរួម​ជាមួយ​កម្លាំង​ផ្សេងៗ​ទៀត ដើម្បី​រក្សា​សន្តិភាព ដើម្បី​ឲ្យ​ប្រទេស​ជាតិ​មាន​សេចក្តីសុខ ជាពិសេស​រួម​គ្នា​រក្សា​សន្តិភាព និង​ខិតខំ​ប្រយុទ្ធប្រឆាំង​អំពើ​ភេ​វរ​កម្ម ទប់ស្កាត់​អំពើរ​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​មករា ឆ្នាំ ២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​នាយ​ឧត្តមសេនីយ៍ផុត​លេខ​ផ្កាយ​មាស​៥ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​ប្រារព្ធ​ខួប​២០​ឆ្នាំ នៃ​ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​កង​ទ័ព​ជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ២៤ មករា ឆ្នាំ​(១៩៩៩ – ២០១៩)​។ ពិធី​អបអរសាទរ​ខួប​លើក​ទី ២០​ឆ្នាំនេះ គឺ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ទីបញ្ជាការដ្ឋាន​កងទ័ព​ជើងគោក ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដែល​មាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា មន្ត្រី​តំណាង​អង្គទូត​នានា ព្រមទាំង​មន្ត្រី​សេនានុព័ន្ធ​យោធា​របស់​បណ្តា​ប្រទេស​ជាច្រើន និង​នាយទាហាន ពលទាហាន អម​ដោយ​យុទ្ធោបករណ៍​ទំនើបៗ​ជាច្រើន​ដែល​បាន​បង្ហាញ​ក្នុង​ពិធី​អបអរ​នេះ​យ៉ាង​អាធិកអធម​។​

​ថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សប្បាយរីករាយ និង​មាន​មោទនភាព​យ៉ាងខ្លាំង ចំពោះ​កា​រីក​ធំធាត់​នៃ​កម្លាំង​កងយោធពល​ខេមរភូមិន្ទ​។ ទន្ទឹមនឹងនេះ​ដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​កោតសរសើរ​ចំពោះ​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស លោកនាយ​ឧត្តមសនីយ៍ មាស សុភា ដែល​បាន​ចូលរួម​ក្នុង​សកម្មភាព នៃ​កងទ័ព​ជើងគោក​កន្លង​មក​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​រំលឹក ពី​ប្រវត្តិ​កម្ពុជា​នៃ​ការបង្កើត​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​បង្កើត​ក្រោយពី​កម្ពុជា ទទួលបាន​ឯករាជ្យ​ពេញលេញ​បរិបូរ​នៅ​ឆ្នាំ​១៩៥៣ ហើយ​កងកម្លាំង​យោធពលខេមរភូមិន្ទ ក៏​បាន​បង្កើតឡើង​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ នោះ​តែម្តង​។​

​ក្រោយពី​កម្ពុជា​ទទួលបាន​ឯករាជ្យ គឺ​ប្រទេស​ជាតិ​បាន​ធ្លាក់ ក្នុង​សង្គ្រាម​ស៊ីវិល​ជា​បន្តបន្ទាប់​រួម​ទាំង​របប​ប្រល័យពូជសាសន៍​ប៉ុលពត នៅ​ឆ្នាំ​១៩៧៥ ដល់​១៩៧៩​។ ក្រោយពី​កម្ពុជា​បាន​ដាក់ចេញ​នូវ​នយោបាយ ឈ្នះ ឈ្នះ នៅ​ឆ្នាំ​១៩៩៨ គឺ​បាន​ធ្វើ​ប្រទេស​ជាតិ​ទទួល​បាន​នូវ​សុខសន្តិភាព​ពេញលេញ ហើយ​ការកែសម្រួល​តួនាទី​ភារកិច្ច និង​រចនាសម្ព័ន្ធ​ចាត់តាំង​កងទ័ព ក៏​បាន​កំណែទម្រង់​ជា​បន្ត​បន្ទាប់​​រួម​ទាំង​កា​រៀបចំ​បង្កើត​ទីបញ្ជាការដ្ឋាន​កងទ័ព​ជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​បង្កើតឡើង​នៅ​ថ្ងៃ​ទី ២៤ ខែ​មករា ឆ្នាំ​១៩៩៩ ដែល​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​កិច្ច​ការពារ​ឯករាជ្យ អធិបតេយ្យ​បូរណភាព​ទឹកដី ព្រមទាំង​ការពារ​ផលប្រយោជន៍​របស់​ប្រទេសជាតិ ចូលរួម​ថែរក្សា​ការពារ​សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​ចូល​រួមចំណែក​ពង្រឹង​និង​ពង្រីក​នូវ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ចូលរួម​កសាង និង​អភិវឌ្ឍ​ប្រទេសជាតិ ព្រមទាំង​ត្រៀមលក្ខណៈ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ពេល​មាន​គ្រោះមហន្តរាយ​ផ្សេងៗ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​វាយ​តំលៃ​ខ្ពស់ ចំពោះ​ការវិវឌ្ឍ​រីកចម្រើន នៃ​ការងា​បញ្ជាការដ្ឋាន​កង​ទ័ព​ជើងគោក ដែល​បាន​រួម​ចំណែក​យ៉ាងសំខាន់ ក្នុង​កិច្ច​ការពារ​ជាតិ និង​រួម​ការអភិវឌ្ឍន៍​សង្គម​ជាតិ​ផង​ដែរ​។ បច្ចុប្បន្ន​យើង​មាន​បញ្ជាការដ្ឋាន សំខាន់ៗ​ដូចជា បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក បញ្ជាការដ្ឋាន​កងទ័ព​ជើង​ទឹក និង​បញ្ជាកា​រដ្ឋា​កងទ័ព​ជើង​អាកាស​។​

​ក្នុង​ឱកាស​នេះ ដើម្បី​ចូលរួម​ពង្រឹង​វិស័យ​ការពារ​ជាតិ​ឲ្យ​កាន់តែ​មាន​ភាពល្អប្រសើរ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ផ្តល់​អនុសាសន៍​សំ​ខាន់ៗ​ចំនួន​១០​ចំណុច​រួមមាន ​៖

១) ត្រូវ​អនុវត្ត​ឲ្យ​ខ្ជាប់ខ្ជួន​នូវ​ខឿន​ការពារជាតិ​របស់​ប្រជាជន ព្រោះ​កងទ័ព​កើតចេញ​ពី​ប្រជាជន និង​ដើម្បី​ប្រជាជន​។​

២) ត្រូវ​ចូលរួម​ជាមួយ​កម្លាំង​ផ្សេងៗ​ទៀត​ដើម្បី​រក្សា​សន្តិភាព ទប់ស្កាត់​អំពើ​អសកម្ម គ្រឿងញៀន ចោរកម្ម ការពារ​សុវត្ថិភាព​ភូមិ​ឃុំ ដើម្បី​ឲ្យ​ប្រទេស​ជាតិ​មាន​សេចក្តីសុខ ជាពិសេស​រួម​គ្នា​រក្សា​សន្តិភាព​។​

៣) ខិតខំ​ប្រយុទ្ធ​ប្រឆាំង​អំពើរ​ភេ​វរ​កម្ម ទប់ស្កាត់​អំពើ​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ទប់ស្កាត់​មិនឲ្យ​មាន​ការ​ធ្វើប​ដិ​វត្ត​ព័ណ៌ តាម​រូបភាព​ណាក៏ដោយ បើ​ឃើញ​ថា​ខុស​ច្បាប់​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ គឺ​ត្រូវតែ​បង្ក្រាប​ឲ្យទាន់​ពេលវេលា​។​

៤) កងទ័ព​ទាំងអស់​មិន​ថា​នៅក្នុង ឬ​នៅ​ក្រៅប្រទេស​ទេ គឺ​ត្រូវ​ចូលរួម​ជាមួយ​ប្រជាពលរដ្ឋ ដែល​ជួប​ការលំបាក ក្រីក្រ​ខ្វះខាត កុំ​ធ្វើឲ្យ​ប្រជាជ​នស្រក់​ទឹកភ្នែក ដោយសារ​ទង្វើ​អាក្រក់​អ្វី​មួយ​ពី​កងទ័ព​យើង​។​

៥) កងទ័ព​ត្រូវ​គាំទ្រ​ដល់​ផ្នែក​ច្បាប់ ដូចជា​ចូលរួម​ការពារ​ថែរក្សា​ព្រៃឈើ រក្សា​ធនធានធម្មជាតិ​ផ្សេងៗ និង​ចូលរួម​ទប់ស្កាត់​បទល្មើស​នានា​។​

៦) គាំទ្រ​ការប្រមូល​ចំណូល​ថិ​វ​ការ​ជាតិ ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ទប់ស្កាត់​អំពើរ​ពុករលួយ ដើម្បី​ជា​ប្រយោជន៍​ជាតិ និង​ប្រទេស​រីកចម្រើន ព្រមទាំង​ចូលរួម​បង់ពន្ធ​បង្កើន​ដល់​ចំណូល​ជាតិ ។​

៧) ខិតខំ​បង្កើន​វិន័យ​កងទ័ព​ឲ្យបាន​ខ្ជាប់ខ្ជួន ជា​ពិសេស​ពេល​ដែល​យើង​មាន​ឧបករណ៍​សម្ភារ​គ្រប់គ្រាន់​ហើយ តែ​បែរ​ជ​
​ា​យើង​មិនចេះ​ប្រើប្រាស់ ត្រូវអនុវត្ត​តាម​បទបញ្ជា និង​ត្រូវ​បង្កើន​ការហ្វឹកហាត់ ទាំង​តាម​ក្បួនខ្នាត​ទ័ព​ត្រឹមត្រូវ និង​ហាត់ប្រាណ​ដើម្បី​រក្សា​សុខ​ភាព​។​

៨) ត្រូវ​យកចិត្តទុកដាក់​ថែទាំ​សម្ភារៈ​ដែល​យើង​មាន ដើម្បី​ធានា​ថា អាវុធ​របស់​យើង នៅតែ​អាច​ប្រើប្រាស់​បាន នៅពេល​ដែល​ត្រូវការ​បន្ទាន់​។ អង្គភាព​ទាំងអស់ ត្រូវតែ​ថែទាំ​សម្ភារ​យុទ្ធភណ្ឌ​របស់​ខ្លួន​ឲ្យបាន​ល្អ ដើម្បី​ធានា​ថា​អាវុធ​យើង​ប្រើប្រាស់ បាន​ចំ​គោលដៅ​នៅពេល​ត្រូវការ​។​

៩)​យកចិត្តទុកដាក់​ដល់​ជីវភាព​កងទ័ព ដូច​ជា​ជំរក​ស្នាក់នៅ ចំណីអាហារ សម្ភារ ត្រូវ​ផ្គត់ផ្គង់​សព្វបែបយ៉ាង​សម្រាប់​កងទ័ព ជា​ពិសេស​ត្រូវ​បង្កើន​ការសាងសង់​ផ្ទះ ដល់​កងទ័ព​ដែល​កំពុង​ឈរជើង តាម​ព្រំដែន និង​ផ្តល់​សេវា​ថែទាំ​សុខភាព និង​បង្កើន​ការយកចិត្តទុកដាក់​ចំពោះ​អតីតយុទ្ធជន​។​

១០)​កងទ័ព​ត្រូវ​ដើរតួនាទី​ជា​អ្នកការទូត​យ៉ាងសំខាន់ ជាមួយ​ប្រទេស​ជិតខាង គឺ​រក្សា​ទំណាក់ទំនង​ជាមួយ​មិត្ត​ចាស់ និង​បង្កើន​ទំនាក់​ទង និង​សហប្រតិបត្តិការ​ល្អ ជាមួយ​ដៃគូ​ថ្មីៗ​ជាមួយ​អង្គភាព​ប្រទេជិតខាង តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច គ្នា​ទៅវិញទៅមក និង​តាមរយៈ​ការផ្លាស់ប្តូរ​ចំណេះដឹង និង​យុទ្ធវិធី​ផ្សេងៗ ជាមួយ​យ​កងទ័ព​នៃ​បណ្រាល​ប្រទេស​នានា​។​

​នៅក្នុង​ឱកាស​នេះ​ដែរ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ផ្ដល់​កិត្តិយស ដ៏​ខ្ពង់ខ្ពស់​បំពាក់​គ្រឿង​ឥស្សរិយយស ជូន​ដល់​អង្គភាព និង​នាយទាហាន និង​ពលទាហាន​ជាច្រើនរូប ដែល​មាន​គុណបំណាច់ ចំពោះ​ជាតិ​មាតុភូមិ​កន្លងមក ៕ ដោយ ​៖ ​កូឡាប​

 

spot_img
×